en     km
en     km

ឯកអគ្គ​រដ្ឋ​អា​មេ​រិ​ក​លើកទឹកចិត្ត​ស្ត្រី​ចៅសង្កាត់​អូ​ចារ​ ខេត្ដបាត់ដំបង​ ក្នុង​តួនាទី​ជា​អ្នកគ្រប់គ្រង​ថ្នាក់​មូលដ្ឋាន​

Share

​ភ្នំពេញ​៖​ ជា​លើក​ដំបូង​ហើយ​ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ធ្វើ​ដំណើរ​ទៅ​ខេត្ដបាត់ដំបង​ដោយ​ផ្ទាល់​ដើម្បី​ជួប​ជាមួយ​ ចៅសង្កាត់​អូរ​ចា​ដែល​ជា​ស្ដ្រី​ទើប​ឡើង​កាន់​តំណែង​ថ្មី​ដើម្បី​ស្ដាប់​ ពី​អ្វី​ដែល​ពួក​គាត់​បាន​អនុវត្ដ​ និង​ផល​លំបាក​ដែល​បាន​ជួប​ប្រទះ​។​ ក្នុង​ទស្សនកិច្ច​នេះ​ លោក​ ក៏​បាន​ជួប​ ជាមួយ​លោក​ អភិបាល​ ខេត្តបាតដំបង​ផង​ដែរ​។​

​ការ​ទៅ​ដល់​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក​ William​ A.​ Heit​ លើ​ទឹកដី​ ដែល​ជា​ជង្រុក​ស្រូវ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុ​ជានា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ស្រប​ពេល​ដែល​បណ្ដាញ​សង្គម​បាន​បង្ហោះ​ជា​ហូ​ហែរ​នូវ​វី​ដេ​អូ​ឃ្លី​ប​ពី​សកម្មភាព​ការងារ​របស់​ចៅសង្កាត់​ថ្មី​ ជា​ស្ដ្រី​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​កាលពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ទៅ​ដល់​ខេត្ដបាត់ដំបង​ កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៧​ នេះ​បើ​យោង​តាម​ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។​ លោក​ William​ A.​ Heit​ ក្រោយ​ពី​ទៅ​ដល់​ខេត្ដបាត់ដំបង​លោក​បាន​ជួប​ជាមួយ​លោក​អភិបាលខេត្ដ​ ចាន់​ សុផល​ និង​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ ចៅសង្កាត់​អូ​ចារ​ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ជិត​ពីរ​ខែ​កន្លង​មកនេះ​។​ តាម​គេហទំព័រ​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ការ​ជួប​ពិភាក្សា​គ្នា​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ និង​អភិបាលខេត្ដ​ រួម​ជាមួយ​ចៅសង្កាត់​នា​ពេល​នេះ​ គឺ​ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន​។​ ក៏​ប៉ុន្ដែ​ចំពោះ​ខ្លឹមសារ​ទាំងស្រុង​ នៃ​កិច្ច​ពិភាក្សា​នេះ​មិន​ត្រូវ​បាន​សរសេរ​លម្អិត​នោះ​ទេ​។​
​វិទ្យុ​ស្ដ្រី​បាន​ព្យាយាម​សុំ​សេចក្ដី​លម្អិត​ពី​អភិបាលខេត្ដ​បាត់ដំបង​ លោក​ ចាន់​ សុផល​ ក៏​ប៉ុន្ដែ​ទូរស័ព្ទ​រោ​ទិ៍​ពុំ​មាន​អ្នក​ទទួល​។

​ដោយឡែក​ចៅសង្កាត់​អូ​ចារ​ កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ថា​ ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ជួប​កញ្ញា​ដោយ​លោក​ចង់​ដឹង​ពី​ការ​អនុវត្ដ​ការងារ​ក្រោយ​ពេល​ឡើង​កាន់​តំណែង​ជា​ក្បាល់​ម៉ា​ស៊ិ​ន​ដឹកនាំ​សង្កាត់​ និង​ចង់​ដឹង​ពី​ផល​លំបាក​ដែល​កញ្ញា​បាន​ជួ​ប្រទះ​ខណៈ​បំពេញការងារ​ជាង​ពីរ​ខែ​កន្លង​មក​។​

​ជំនួប​នេះ​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ បាន​លើកយក​ ប្រាំ​ ចំណុច​ជម្រាប​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ពី​ទុក្ខ​កង្វល់​របស់​កញ្ញា​ស្ដី​ពី​កង្វះ​ការ​សហការ​រវាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ មេ​ភូមិ​មិន​សហការ​ជាមួយ​កញ្ញា​ ស្មៀន​មិន​អនុវត្ដ​ការងារ​បម្រើ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។​

​ស្ដ្រី​ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ បាន​អះអាង​ថា​ នាង​មិន​រា​ថយ​នោះ​ទេ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​រូប​នាង​ ក៏​ប៉ុន្ដែ​នាង​មិន​ព្រម​ឲ្យ​មាន​ករណី​បង្ក​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​ និង​បាត់បង់​ផលប្រយោជន៍​ជា​ដាច់ខាត​។​ កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​៖«​ក្នុង​នាម​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ដែល​ជា​ស្ដ្រី​ដែល​បាន​ទៅ​ដឹកនាំ​នៅ​សង្កាត់​អូ​ចារ​ខ្ញុំ​មិន​ទោមនស្ស​ទេ​សម្រាប់​ផ្ទាល់ខ្លួន​នាង​ខ្ញុំ​ អាច​ធ្វើបាប​ខ្ញុំ​បាន​ក៏​ប៉ុន្ដែ​ពេល​ណា​ដែល​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្ញុំ​មិន​សប្បាយចិត្ដ​ តែ​ខ្ញុំ​នឹង​ខំ​បម្រើ​ពលរដ្ឋ​នៅ​សង្កាត់​អូ​ចារ​ឲ្យ​បាន​ល្អ​»​។​

​ក្រោយ​ពី​បាន​លើក​ពី​ផល​លំបាក​ដែល​បាន​ជួប​ប្រទះ​ប្រាប់​ទៅ​លោក​ William​ A.​ Heit​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​លើកទឹកចិត្ដ​ដល់​កញ្ញា​ឲ្យ​ថែរក្សា​សុខភាព​ដើម្បី​បន្ដការងារ​ជួយ​បម្រើ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ជា​បន្ដ​ទៀត​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ គឺជា​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​។​

​យោង​តាម​លទ្ធផល​ ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​ឡើង​កាន់​តួនាទី​ជា​មេឃុំ​ និង​ចៅសង្កាត់​ កើន​បាន​ចំនួន​ ៣៣​រូប​នៅ​ឆ្នាំ​២០១៧​នេះ​ បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ប្រាំ​ឆ្នាំ​មុន​។​ ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​ជាប់​ឆ្នោត​ក្នុង​ចំណោម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​ធ្លាក់​ចុះ​វិញ​។​ គឺ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ២០៣៨​ នាក់​ កាលពី​ឆ្នាំ​២០១២​ មក​ត្រឹម​ចំនួន​ ១៩៤០​ នាក់​ នៅ​ឆ្នាំ​២០១៧​។​ ពោល​គឺ​ចំនួន​ស្ត្រី​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​ធ្លាក់​ចុះ​ចំនួន​ ៩៨​នាក់​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ក្នុង​ការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ដែល​បាន​ដាក់​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៧​ ក្នុង​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image