en     km
en     km

​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​នៅ​លេខ​រៀង​ទី​១​ខណៈ​បក្ស​យុវជន​កម្ពុជា​នៅ​លេខ​រៀងទី២​នៃ​សន្លឹក​ឆ្នោត​ព្រឹទ្ធសភា​

Share

ភ្នំពេញ៖គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​ខណៈ​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ​ពេជ្រ ​ស្រស់ ​ឈរ​នៅ​លេខ​រៀង​ទី​២​ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៤​នឹង​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​នីតិកាល​ទី​៤​ឆ្នាំ​២០១៨​។​​អ្នក​សង្កេតការណ៍​កិច្ចការ​បោះ​ឆ្នោត​យល់​ថា​អាសនៈ​ព្រឹទ្ធសភា​ទាំង​៥៨​គឺគណបក្សកាន់អំណាចនឹងយកទំាងអស់។

                                         មន្រ្តីគ.ជ.បបង្ហាញសន្លឹកឆ្នោតនៃគណបក្សប្រជាជនកម្ពុជា។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)នៅថ្ងៃទី០៨ ខែមករានេះ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ ឆ្នាំ​២០១៨​ដែល​ក្នុង​ឱកាស​នោះ​គណបក្សកាន់អំណាច​ឈរ​លំដាប់​លេខ​រៀង​ទី​១​ គណបក្ស​យុវជន​កម្ពុជា​ឈរ​លំដាប់​លេខ​រៀង​ទី​២ ​គណបក្ស​ខែ្ម​រ​រួបរួម​ជាតិ​នៅ​លេខ​រៀង​ទី​៣​និង​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច​ឈរ​លេខ​រៀង​ចុង​ក្រោយ​។​

​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដោយ​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី​ បួរ ​គ្រី ​និង​សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ន​ន្ទ​ ង៉ែត​។​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​ចំនួន​៥៨​អាសនៈ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ គឺជា​ការ​បោះ​ឆ្នោត​អ​សកល​ដោយ​តួអង្គ​បោះ​ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​មុខ​តំណែង​ចំនួន​១២៣​រូប​និង​តួ​អង្គជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ចំនួន​១១៥៧២​រូប​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ថា​ការ​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​ឃោសនាបោះឆ្នោត​ ការបោះឆ្នោតនិង​ជួយ​ឲ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បន្ថែម​ថា​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​លើ​សន្លឹក​ឆ្នោត​នេះ​មាន​ភាព​ត្រឹមត្រូវ​ ច្បាស់លាស់​ យុត្តិធម៌​ និង​តម្លាភាព​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ៖«​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​នីតិកាល​ទី​៤​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ជោគជ័យ​និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​គណបក្ស​នយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះ​ឆ្នោត​ទាំង​៤​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ខាង​មុខ​។​»

​លោក​ អ៊​ក​ គី​មហា​ន​ អនុប្រធាន​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចូលរួម​ក្នុង​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ថា​គណបក្សកាន់អំណាច​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​១​ជា​លទ្ធផល​គួរ​ឲ្យ​ពេញចិត្ត​។​លោក​បង្ហាញ​ជំនឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បានអាសនៈ​ច្រើន​លើសលុប​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ ឆ្នាំ​ ២០១៨​នេះ​។​

​លោក​ អ៊​ក​ គី​មហា​ន​ ៖«​គណបក្ស​ប្រជាជន​កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ព្រោះថា​ការ​បោះ​ឆ្នោត​នេះ​សំខាន់​ទៅ​លើ​អង្គ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​តំណែង​ឃើញ​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​វា​មាន​អង្គ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​១​ម៉ឺន​នាក់​ហើយ​។​»

​ខណៈ​នេះ​គ​.​ជ​.​ប​កំពុង​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នៅ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​និង​ទីប្រជុំជន​កាលពី​ថ្ងៃ​ទី​៣០​ ធ្នូ​ ឆ្នាំ​២០១៧​។​គ​.​ជ​.​ប​នឹង​ផ្តល់​សុពលភាព​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

                តំណាងគណបក្សនយោបាយនីមួយៗចុះហត្ថលេខាទទួលស្គាល់លំដាប់លេខរៀងនៅលើសន្លឹកឆ្នោត។

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​នីតិកាល​ទី​៤​នេះមាន​៨​មណ្ឌល​ទូ​ទាំង​ប្រទេស​។ក្នុង​នោះ​គណបក្សកាន់អំណាច​និងគណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈរឈ្មោះ​ទាំង​៨​មណ្ឌល​។​គណបក្ស​ គណបក្ស​ខ្មែរ​រួបរួមជាតិ​ឈរឈ្មោះ​៧​មណ្ឌល​និង​យុវជន​កម្ពុជា​ឈរឈ្មោះ​៣​មណ្ឌល​។​

​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​គណបក្ស​របស់​លោក​មិន​ទាន់​ហ៊ាន​វាយតម្លៃ​អំពី​លទ្ធផល​មុន​ការ​បោះ​ឆ្នោត​មក​ដល់​នោះ​ទេ​។​ទោះបី​យ៉ាងណា​លោក​ថា​ គណបក្ស​លោក​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​តាម​ឆន្ទៈ​របស់​អ្នកគាំទ្រ​របស់​លោក​។​

​លោក​ ពេជ្រ​ ស្រស់​ ៖«​ការ​ពិត​យើង​មាន​៣​អាសនៈ​រួច​ទៅ​ហើយ​ប៉ុន្តែ​បើ​យើង​ធៀប​ថា​សំឡេង​៣​អាសនៈ​បាន​ព្រឹទ្ធ​ភាព​អត់​សមាជិក​មួយ​យើង​អត់​ធៀប​អ​ញ្ចឹ​ង​ទេ​ព្រោះ​កាល​យើង​មិន​ឈរ​តើ​សំលេង​៣​យើង​ទៅ​បោះ​ឲ្យ​នរណា​ឬ​សម្រេចចិត្ត​លក់​ដូច​បក្ស​ដទៃ​ដូច្នេះ​បាន​យើង​ឈរ​ដើម្បី​កុំ​ឲ្យ​បងប្អូន​មាន​សិទ្ធិ​៣​សំឡេង​លក់​ឲ្យ​គេ​ឬ​ក៏​មានការ​បង្ខំ​បោះ​ឲ្យ​អ្នក​ផ្សេង​អ​ញ្ចឹ​ង​យើង​មាន​បក្ស​មួយ​ដែរ​យើង​ឈរ​ឲ្យ​គាត់​ប្រើ​សិទ្ធិ​របស់​គាត់​ស្រលាញ់​នយោបាយ​គណបក្ស​គាត់​»​។​

​តែ​បែប​នេះ​ក្ដី​សម្រាប់​ លោក​ សំគ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​សង្គម​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថា​ NICFEC​ យល់​ថា​គណបក្សកាន់អំណាច​នឹង​ ទទួល​បាន​អាសនៈ​ទាំងអស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ដោយ​គណបក្ស​៣​ផ្សេង​ទៀត​នឹង​មិន​ទទួល​បាន​សំឡេង​សូ​ម្បី​មួយ​អាសនៈ​ព្រោះ​សំឡេង​នៅ​តាម​មណ្ឌលរបស់ពួកគេ​មិន​គ្រប់គ្រាន់​។​

​លោក​ សំគ​ន្ធា​មី​ ៖«​គណបក្ស​ប្រជាជន​កម្ពុជា​លោក​នឹង​ទទួល​អាសនៈ​ទាំងអស់​ព្រឹទ្ធសភា​អង្គ​បោះ​ឆ្នោត​មាន​តែ​ពីរ​ពីរ​ក្រុម​ទី​១​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អង្គ​មួយទៀត​រដ្ឋសភា​តំណាងរាស្ត្រ​។​ខ្ញុំ​ធ្វើការ​គណនា​ចំនួន​ក្រុមប្រឹក្សា​ ចំនួន​អង្គ​បោះ​ឆ្នោត​៣​លើកលែង​គណបក្ស​ប្រជាជន​។​គណបក្ស​៣​នោះ​មិន​បាន​មួយ​អាសនៈ​ទេ​។​»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បញ្ចា​ក់ថា​បន្ទាប់​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​លេខ​រៀង​លើ​សន្លឹក​ឆ្នោត​ហើយ​គ​.​ជ​.​ប​នឹង​ចាប់​បោះពុម្ព​សន្លឹង​ឆ្នោត​នៅ​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

Share

Image
Image
Image