en     km
en     km

​សហ​ចៅក្រម​ខ្មែរ​៖​ លោក​ មាស​ មុត​ ពុំ​មែន​ជា​អ្នក​ទទួលខុសត្រូវ​នៃឧក្រិដ្ឋ​ប្រល័យពូជសាសន៍​

Share

ភ្នំពេញ​៖​ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ សម្រេច​ចេញ​ដីកា​ដំណោះស្រាយ​ លើកលែង​ការ​ចោទប្រកាន់​លោក ​មាស​ មុត​ ជា​អតីត​កម្មាភិបាល​ខ្មែរក្រហមមួយ​ រូប​ ​ពុំ​មែន​ជា​អ្នក​ទទួលខុសត្រូវ​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​នោះ​ទេ​។​ តែ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់​ថា​ លោក​ មាស​ មុត​ ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​ផ្សេង​ទៀត​ ​ត្រូវ​ទទួលខុសចំពោះ​ការ​សម្លាប់​រង្គាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ របប​ខ្មែរក្រហម​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​លម្អិត​!

មាស មុត ជាមេបញ្ជាការកងពលលេខ ៣ ដែលក្រោយមក មាស មុត ក្លាយជា កងពលមជ្ឈិមលេខ ១៦៤ ទទួលបន្ទុកកងទ័ពជើងទឹក ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាជនសង្ស័យក្នុងសំណុំរឿង ០០៣ ។ រូបភាព៖ ECCC



យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ វិច្ឆិកា​ ម្សិលមិញ​ ឱ្យ​ដឹង​ថា​ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​សម្រេច​ចេញ​ដីកា​ដំណោះស្រាយ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​សំណុំរឿង​ លោក​ មាស​ មុត​ ជាអតីតមេបញ្ជាការកងទ័ពជើងទឹក ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។​

​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​យល់​ឃើញ​ថា​ លោក​​ ​មាស​ មុត​ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ក្នុង​ការ​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​។​ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​យល់​ឃើញ​ទៀត​ថា​ លោក​មាស​ មុត​ មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ទេ​ ហើយ​ត្រូវ​លើកលែង​ការ​ចោទប្រកាន់​។​

​ក្នុង​ខ្លឹមសារ​ដើម​ដូច្នេះ​៖ «​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​យល់​ឃើញ​ថា​ មាស​ មុត​ មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អ​.​វ​.​ត​.​ក​ ក្នុង​នាម​មេដឹកនាំ​ជាន់ខ្ពស់​ ឬ​ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នោះ​ទេ​ ហើយ​លើកលែង​ការ​ចោទប្រកាន់​លើ​ មាស​ មុត​ដោយ​មូលហេតុ​នេះ​»​។​

​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​ពិចារណា​លើ​កម្រិត​នៃ​ការ​ចូលរួម​ និង​ស្ថាន​ទម្ងន់ទោស​នៃ​ឧក្រិដ្ឋកម្ម​។​
​ដោយឡែក​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់​ឃើញ​ថា​ លោក​មាស​ មុត​ ជា​បុគ្គល​មួយ​រូប​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​អំពើ​មនុស្សឃាត​គិត​ទុកជា​មុន​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ព្រោះ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​។​

​ក្នុង​ខ្លឹមសារ​ដើម​៖«​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់​ឃើញ​ថា​ មាស​ មុត​ ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អ​.​វ​.​ត​.​ក​ ក្នុង​នាម​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ហើយ​ មាន​ភស្តុ​តាង​គ្រប់គ្រាន់​ ដើម្បី​ចោទ​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ​ចំពោះ​ បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​អំពើ​មនុស្សឃាត​គិត​ទុកជា​មុន​ បើ​តាម​ច្បាប់​កម្ពុជា​»​។​

​តែ​បែប​នេះ​ក្តី​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ យល់​ឃើញ​ថា​ ចំពោះ​បទ​ចោទ​ខ្លះ​មិន​អាច​មាន​ភស្តុ​តាង​បញ្ជាក់​ទេ​នៅ​ក្នុងអំឡុងពេល​ស៊ើបសួរ​ ។​ហេតុនេះ​ មាស​ មុត​ ត្រូវ​លើកលែង​បទ​ចោទ​ទាំង​នោះ​។​

​លោក​ មាស​ មុត​ ជា​មេបញ្ជាការ​កងពល​លេខ​ ៣​ ដែល​ក្រោយមក​ លោក​ មាស​ មុត​ ក្លាយជា​ កងពល​មជ្ឈិម​លេខ​ ១៦៤​ ទទួល​បន្ទុក​កងទ័ពជើងទឹក​ដោយ​គ្រប់គ្រង​លើ​ដែន​កោះ​ក្នុងភូមិ​សាស្ត្រ​កំពង់សោម​ និង​ដែនទឹក​ក្នុង​ខេត្តកោះកុង​។​ លោក​ មាស​ មុត​ ទទួលខុសត្រូវ​សំខាន់​លើ​កិច្ច​ការងារ​នយោបាយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​ក្នុង​សេចក្តី​សង្ខេប​ប​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​យល់​ថា​ តំណែង​ និង​ តួនាទី​ របស់​ លោក​មាស​ មុត​ ផ្តោត​លើ​ការងារ​សម្របសម្រួល​ និង​មិន​សកម្ម​ក្នុង​ការ​តាក់តែង​គោលនយោបាយ​ ហើយ​ការ​ចូលរួម​របស់​គាត់​ មិន​កៀក​កិន​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​មិន​សកម្ម​ក្នុង​ការ​ ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​បន្ថែម​ថា​ ដើម្បី​គោរព​តាម​គោលនយោបាយ​ដ៏​តឹង​រឹង​ មាស​ មុត​ នៅ​ពេល​នោះ​ជា​ កងពល​មជ្ឈិម​លេខ​ ១៦៤​ ត្រូវ​តែ​សហការ​ជាមួយ​មន្ទីរ​សន្តិសុខ​ ស​ ២១​ ដើម្បី​ ឃាតខ្លួន​ និង​បញ្ជូន​សត្រូវ​ទៅ​គុក​ ស​ ២១​ ឬ​ គុក​ទួល​ស្លែង​។​

​ក្នុង​សេចក្តី​ស​ង្ខ​ប​នេះ​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​មន្ទីរ​សន្តិសុខ​ ស​ ២១​ មាន​ចំនួន​ ១​ម៉ឺន​ ២​ ពាន់​នាក់​។​ ក្នុង​ចំណោម​នោះ​ ទាហាន​ជាង​ ៥​ ពាន់​នាក់​ ត្រូវ​បាន​សម្លាប់​ ប៉ុន្តែ​មិន​មាន​ជន​រង​គ្រោះជា​កងទ័ព​ច្រើន​ទេពី​កងពល​ ១៦៤​ ។​

​ដោយឡែក​ ក្នុង​សេចក្តី​សង្ខេប​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ យល់​ថា​ ទាំង​តួនាទី​ និង​អំពើ​របស់​ មាស​ មុត​ បាន​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អ្នកមាន​តួនាទី​យ៉ាង​សំខាន់​ម្នាក់​ក្នុង​រចនាសម្ព័ន្ធ​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​អ្នកចូលរួម​ដោយ​ឆន្ទៈ​ ដោយ​កម្លាំង​ចិត្តការ​អនុវត្ត​យ៉ាង​ព្រៃផ្សៃ​លើ​គោលនយោបាយ​ឧក្រិដ្ឋកម្ម​ និង​អមនុស្សធម៌​ ដោយ​ លោក​មាស​ មុត​ គួរ​ត្រូវ​ជំនុំជម្រះ​ចំពោះ​ឧក្រិដ្ឋកម្ម​នេះ​។​

​ក្នុង​សេចក្តី​សង្ខេប​នេះ​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ឱ្យ​ដឹង​ថា​ យ៉ាងតិច​ជនជាតិ​ថៃ​ចំនួន​ ១២០០​ នាក់​ និង​ជនជាតិ​វៀតណាម​ ៣២៧៦​ នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ចាប់ខ្លួន​ របស់​កងទ័ពជើងទឹក​កម្ពុជា​ប្រជាធិបតេយ្យ​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ មាស​ មុត​៕​

Share

Image
Image
Image