en     km
en     km

ពលរដ្ឋ ៥០០ នាក់ប្រមូលផ្តុំគ្នា ប្រារព្វទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យថ្មី

Share

ក្រុងភ្នំពេញ៖ ក្រុមសមាគមយុវជន ប្រជាសហគមន៍ដីធ្លី បណ្តាញយុវជន ព្រះសង្ឃ សហជីពកម្មករ ក្រុមរឺម៉កទេសចរណ៍ និង អង្គការសង្គមស៊ីវិលចម្រុះវិស័យប្រមាណជាង ៥០០ នាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅព្រឹកនេះ ដើម្បីធ្វើការប្រារព្វពិធីសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបលើកទី ៧០ ក្រោមប្រធានបទ«រូមគ្នាធ្វើឲ្យប្រសើរឡើងនូវសិទ្ធិជាមូលដ្ឋាននិងប្រជាធិបតេយ្យ» ក្នុងគោលបំណងសម្តែងមតិ ឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្ស និង សិទ្ធិកម្មករនានា។

ក្បួនយុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានបរាជ័យក្នុងការដាក់សំណើរសុំដើរហែរក្បួននៅក្នុងរាជធានីភ្នំពេញ ដោយត្រូវក្រុមអាជ្ញាធរបដិសេធក្រោមហេតុផល ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់។

បើយោងទៅតាមលិខិតរបស់សាលារាជធានីភ្នំពេញ ដែលបានផ្ញើទៅកាន់សមាគមបណ្តាញយុវជនកម្ពុជា សហព័ន្ធសហជីពកម្មករ ចំនីអាហារ និង សេវាកម្មកម្ពុជា ដែលចុះនៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ បានឲ្យដឹងថា នៅក្នុងទិវាសិទ្ធិមនុស្សខួបលើកទី ៧០ នេះ ពួកគេអាចរៀបចំពិធីអបអរសាទរ បាននៅតែចំពោះមុនបរិវេនទីលានប្រជាធិបតេយ្យថ្មីតែប៉ុណ្ណោះ។ ក្នុងករណីនេះ ប្រសិនបើពួកគេ នៅតែរៀបចំការដើរហែរក្បួនតាមផ្លូវ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាព និង របៀបរៀបរយនោះ សមាគមជាអ្នករៀបចំត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងយុទ្ធនាការដើរក្បួននេះ គេសង្កេតឃើញថាមានការដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីហាមឃាត់មិនឲ្យមានការចេញដើរក្បួនណាមួយពីសួនច្បារនោះទេ ដោយពង្រាយកម្លាំងយាមល្បាតដែលមានចំនួនច្រើនជាងចំនួននៃអ្នកចូលរួម។

សូមបញ្ជាក់ថា ក្បួនយុទ្ធនាការនេះ គឺធ្វើឡើងចំថ្ងៃទី ១០ ធ្នូ ដែលត្រូវនឹងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ យុទ្ធនាការនេះធ្វើឡើងនៅលើបរិវេនទីលានប្រជាធិបតេយ្យថ្មី៕ 

 

 

Share

Image
Image
Image