en     km
en     km

គ្រឹះស្ថានសិក្សា​មួយ​នាំយកកម្ម​វិធីសិក្សា​ ALOHA​ ជំនាញ​គិតលេខរ​ហ័សសម្រាប់​កុមារ​កម្ពុជា​លើកដំបូង

Share

ភ្នំពេញ៖​⁣ គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​មួយ​បាន​នាំ​យក​កម្មវិធី​សិក្សា​កម្រិត​បឋម​សិក្សា​ឈ្មោះ​ថា ​ALOHA​ Metal​ Arithmetic​ ដែល​ជា​មុខ​វិជ្ជា​ផ្នែក​គណិត​វិទ្យា​ ដើម្បី​អភិវឌ្ឍ​ការ​លូតលាស់​ខួរក្បាល​កុមារ​ក្នុង​គណ​នា​​លេខ​ឱ្យ​បាន​ឆាប់រហ័ស​និង​សុ​ក្រឹត្យ​ត្រឹមត្រូវ​ដោយ​មិន​ប្រើ​ឧបករណ៍​ជំនួយ​អេ​ឡិច​ត្រូ​និ​ច​។ ​អ្នក​ជំនាញការ​អប់រំ​ថា ​កម្មវិធី​នេះ​គួរ​ត្រូវ​ដាក់​បង្រៀន​នៅ​សាលារៀន​របស់​រដ្ឋ​ផង​ដែរ​។​

ស្តាប់ព័ត៌មានជាសំឡេង៖

 

លោក Loh Mun Sung ស្ថាប​និកនិងជាប្រធានALOHA international បានបង្ហាញសុទិដ្ឋិនិយមថាកម្មវិធីសិក្សានេះនឹងជួយអភិវឌ្ឍន៍ខួរក្បាលកុមារកម្ពុជាក្នុងការគណនាលេខបានឆាប់រហ័យនិងត្រឹមត្រូវ។ រូបភាព៖ ធូ វិរៈ

​គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​ឈ្មោះ​ សាលា​អប់រំ​កុមារ​ឆ្នើម​កម្ពុជា ​ឬ Super​ Children​ Education​ ដែល​សហ​ការណ៍​ជាមួយ​មជ្ឈមណ្ឌល​ ALOHA​ Metal​ Arithmetic​ បាន​នាំ​យក​កម្មវិធី​សិក្សា​ជំនាញ​គណនា​លេខ​បាន​ឆាប់រហ័ស ​និងមាន​សុ​ក្រឹត្យ​ភាព​ក្នុង​កម្រិត​បឋម​សិក្សា​ ​ចាប់ពី​អាយុ​ប្រាំឆ្នាំ​រហូត​ដល់​អាយុ​ ១៣​ឆ្នាំ​។​ នេះ​បើ​តាម​លោក​ អ៊ូច​ អាន​ភក្តី​ នាយក​សាលា​អប់រំ​កុមារ​ឆ្នើម​កម្ពុជា​។​

​នៅ​ក្នុង​សន្និសីទកាសែត​ស្ដី​ពី​កិច្ចព្រមព្រៀង​យោគយល់​គ្នា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​នេះ​ ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ លោក​ អ៊ូច​ អាន​ភក្តី​ នាយក​សាលា​អប់រំ​កុមារ​ឆ្នើម​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​សិក្សា​ ALOHA ​គ្រោង​នឹង​ដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាលា​របស់​លោក​នៅ​រយៈ​ពីរ​ខែ​មុខ​ទៀត​។​

​លោក​ អាន​ភក្តី​ បន្ថែម​ថា​ កម្មវិធី​សិក្សា ​ALOHA​ (Abacus​ Learning​ of​ Higher​ Arithmetic)​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដោយ​អ្នកជំនាញ​អប់រំ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​លោក​ Loh​ Mun​ Sung​។​ បច្ចុប្បន្ន​កម្មវិធី​សិក្សា​នេះ​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ជិត​៤០​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​យល់​ឃើញ​ថា​ កម្មសិក្សា​នេះ​ គួរ​ត្រូវ​ដាក់​ឱ្យ​សិក្សា​ទាំង​ក្នុង​សាលា​សាធារណៈ​របស់​រដ្ឋ​និង​ឯកជន​ដែល​ជា​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ទោះបី​យ៉ាងណា​លោក​ថា​ ការ​ដាក់​កម្មវិធី​នេះ​នៅ​គ្រឹះស្ថាន​ឯកជន​អាច​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ ដែល​ក្រីក្រ​មិន​អាច​ទទួល​ចំណេះដឹង​ពី​កម្មវិធី​នេះ​បាន​ទេ​។​

​បើ​តាម​លោក​ Loh​ Mun​ Sung​ ស្ថាបនិក​និង​ជា​ប្រធាន ​ALOHA​ international​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ កម្មវិធី​សិក្សា​នេះ​នឹង​ជួយ​អភិវឌ្ឍន៍​ខួរក្បាល​កុមារ​កម្ពុជា​ក្នុង​ការ​គណនា​លេខ​បាន​ឆាប់រ​ហ័យសនិង​ត្រឹមត្រូវ​ ដោយ​មិន​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​កជំនួយ​ឡើយ។​

​លោក​ Loh​ Mun​ Sung​ បន្ថែម​ថា ​កុមារ​ដែល​សិក្សា​កម្មវិធី​ ALOHA​ Metal​ Arithmetic​ មាន​សិស្ស​ជាង​ ៤​លាន​នាក់​និង ​៤ពាន់សាខា​នៅ​ទូ​ទាំង​ពិភពលោក​៕

Share

Image
Image
Image