loader

អង្ករកម្ពុជានឹងបាញ់ឆ្ពោះទៅទីផ្សារចិន ប្រសិនអឺរ៉ុបរឹតបន្តឹងពន្ធនាំចូល

ភ្នំពេញ៖ អង្ករក្រអូបកម្ពុជាត្រូវបាន អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) ជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារលើការនាំចូលអង្ករកម្ពុជា ស្របពេល អីតាលី និង អេស្ប៉ាញត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សាររបស់ពួកគេ។  ប្រសិនបើសេចក្តីសម្រេចនេះត្រូវបានអនុវត្ត គឺអង្ករកម្ពុជាប្រឈមនឹងការបង់ពន្ធលើការនាំចូលទីផ្សារសហភាពអឺរ៉ុប។ តែអ្នកនាំពាក្យក្រសួងកសិកម្មថាទីផ្សារចិននឹងជំនួសទីផ្សារអឺរ៉ុប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សេចក្តីរំពឹងលើសហភាពអឺរ៉ុប ឲ្យពិនិត្យឡើងវិញនូវវិធានការការពារលើការនាំចូលអង្ករពីកម្ពុជា ដែលវាជាបញ្ហារសើប ទាមទារឲ្យមានការពិនិត្យជាក់លាក់ចំពោះឧស្សាហកម្មអង្ករកម្ពុជា។

ការដាក់សេចក្តីរំពឹងនេះ បន្ទាប់ពីអង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប បានជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារ លើការនាំចូលអង្ករពីកម្ពុជា និង មីយ៉ាន់ម៉ា ដើម្បីបង្កើនល្បឿនការអនុវត្តវិធានការការពារនេះ។

អង្គការមួយនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃទី ៤ ខែធ្នូ អគ្គនាយកដ្ឋានពាណិជ្ជកម្មបានដាក់ឲ្យមានការបោះឆ្នោតនៅក្នុងគណៈកម្មាធិការអនុគ្រោះពន្ធ នូវសំណើមួយដើម្បីអនុវត្តវិធានការការពារ ស្តីពីការនាំចូលអង្ករពីប្រទេសកម្ពុជា និង មីយ៉ានម៉ា ដោយគណៈកម្មាធិការនេះ អាចនឹងចាត់វិធានការលើបញ្ហានេះ។

Copa Cogeca បាននិយាយថា៖ «គណៈកម្មាធិការនេះ មិនបានបញ្ចេញគំនិតនោះទេ ដែលអនុញ្ញាតឲ្យគណៈកម្មការបន្តការសម្រេចនេះ ឆ្ពោះទៅមុខ ដោយអនុម័តលើសំណើច្បាប់នេះ»

អង្កការនេះបន្ថែមថា៖ «​ការស៊ើបអង្កេត​​ការពារ ដែលបានអនុវត្តឡើងដោយគណៈកម្មការនេះ បានឈានដល់ការសន្និដ្ឋានដូចគ្នា គឺថា ការបង្កើនការនាំចូលអង្ករពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា បានបណ្ដាលឲ្យមានការពិបាកធ្ងន់ធ្ងរសម្រាប់វិស័យស្រូវអង្កររបស់ EU ទាំងមូល»​

លោក មូល សារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាបានធ្វើកិច្ចអន្តរាគមន៍លើរឿងនេះជាច្រើនលើកជាច្រើនសារលើឯកសារផ្លូវច្បាប់ ក្នុងការដោះស្រាយបញ្ហានេះ។

លោកសង្កត់ធ្ងន់ថា ការទាមទារឲ្យមានការពិចារណាលើអង្ករកម្ពុជាគឺជារឿងដែលមិនត្រឹមត្រូវ ព្រោះអង្ករកម្ពុជាជាអង្ករក្រអូបនិងអង្ករប្រណីត ចំណែកឯពូជស្រូវអង្ករអឺរ៉ុបគឺពូជអង្ករយីប៉ុននីការទេ ។

លោក មូល សារិទ្ធលើកឡើងថា៖ អង្ករយើងភាគច្រើនគឺជាអង្ករក្រអូបទេ ដែលចូលទៅកាន់សហភាពអឺរ៉ុប វាខុសពីអង្ករអីតាលី និង អេស្ប៉ាញ ដែលគាត់ជាអង្ករពូជយីប៉ុននីការទេ ហើយវាមិនសមហេតុផលទេបើសហភាពអឺរ៉ុបយកបញ្ហានេះ ត្រឹមតែ ២ ប្រទេសឡើងទៅប្តឹងដល់ ២៨ ប្រទេសនោះ។

លោកថាកន្លងមកសហភាពអឺរ៉ុបគឺជាអ្នកជ្រោមជ្រែងលើវិស័យកសិកម្មកម្ពុជា ប្រសិនបើការអនុវត្តច្បាប់នេះមានភាពអយុត្តិធម៌នោះ មានន័យថាសហភាពអឺរ៉ុបខ្លូនឯងគឺបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។

បើ​សេចក្តី​សម្រេច​នេះ​​ត្រូវ​អនុវត្ត​ ​អង្ករ​របស់​​កម្ពុជា​​នឹង​ប្រឈម​នឹង​ការ​យក​ពន្ធ​ ១៧៥ អឺរ៉ូ (​១៩៨ ដុល្លារ​អាមេរិក​) ក្នុង​ ១ ​​តោន​​នៅ​ឆ្នាំ​ដំបូង ​និង ១៥០ អឺរ៉ូ​នៅ​​ ឆ្នាំ​ទី ២ ហើយ ១២៥​ អឺរ៉ូ​ នៅ​ឆ្នាំ​បន្ទាប់។

កសិករ​​ប្រទេស​ អីុ​តាលី​ បាន​ត្អូញត្អែរ​ពី​បញ្ហា​នៃ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ​និង​មីយ៉ាន់ម៉ា​តាំង​​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ​​ដោយ​ពួក​គេ​​បាន​បញ្ជាក់​ថា ​ការ​នាំចូល​បែប​នោះ​ កំពុង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​​កសិករ​អឺរ៉ុប។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានបង្ហាញសុទិដ្ឋិនិយម និង យល់ថាកម្ពុជានឹងមិនជួបនឹងហានិភ័យនៃការនាំចេញនោះទេ។ លោកមាន ជំនឿជឿជាក់លើសហភាពអឺរ៉ុបថា អង្ករកម្ពុជានឹងមិនត្រូវបានដក និង គិតពន្ធលើការនាំចូលក្នុងសហភាពអឺរ៉ុបនោះទេ ដោយសំអាងលើហេតុផលថាអង្ករកម្ពុជាជាអង្ករដែលឆ្ងាញ់ និង ប្រណីតនៅលើពិភពលោក ហើយការគិតពន្ធលើអង្ករកម្ពុជាគឺធ្វើឲ្យអង្ករកម្ពុជារិតតែមានតម្លៃថ្លៃ នៅលើទីផ្សារសហភាពអឺរ៉ុប។

អ្នកនាំពាក្យរូបនេះបន្តថា ពេលនេះកម្ពុជាកំពុងសំឡឹងមើលទីផ្សារធំថ្មី ដែលជាគោលដៅក្នុងការលក់ចេញទីផ្សារអង្ករកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបធ្វេសប្រហែសកាត់ក្តីដោយអយុត្តិធម៌នោះ ចិនគឺជាគោលដៅធំជាងគេដែលកម្ពុជាសំឡឹងទុកជំនួសតំណែងសហភាពអឺរ៉ុប។

លោកស្រី វុទ្ធី៖ «ខ្ញុំគិតថាពេលនេះ យើងកំពុងសំឡឹងមើលច្រកទីផ្សារថ្មី! ក្នុងនោះយើងបានសិក្សាហើយថា មានទីផ្សារមួយដែលកំពុងប្រកួតប្រជែង ក្នុងនោះប្រទេសចិនគឺជាប្រទេសដែលមានសក្តានុពល ហើយឥឡូវនេះយើងអត់ទាន់ធ្វើគ្រប់កូតាប្រទេសចិននោះទេ ហើយពេលនេះយើងកំពុងតែពិចារណាបាទ!»

អ្នកជំនាញផ្នែកកសិកម្ម និង ជាស្ថានិកនៃអង្គការសេដាក លោក បណ្ឌិត យ៉ង សាំងកុមារ មិនយល់ស្របនឹងអ្វីដែលអ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងនោះទេ។

លោកថា បញ្ហានៃការពិចារណាជាថ្មីលើការនាំចូលអង្ករកម្ពុជាទៅសហភាពអឺរ់ុប នឹងធ្វើឲ្យអង្ករកម្ពុជាកាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារ។ លោកថាអង្ករកម្ពុជាអាចនឹងឈរជើងនៅលើទីផ្សារសហភាពអឺរ៉ុប លុះត្រាតែ កម្ពុជាត្រូវប្រកដថាអង្ករនោះជាអង្កររបស់កម្ពុជាមិនមែនជាអង្កររបស់ប្រទេសដទៃហើយវាយពុម្ភថាជាអង្ករកម្ពុជា។

លោកលើកឡើងថា ចំពោះថាទីផ្សារចិនគឺជាទីផ្សារដែលអាចជំនួសទីផ្សារសហភាពអឺរ៉ុបនោះ គឺកម្ពុជាមិនអាចពិឹងផ្អែកលើតែប្រទេសចិនមួយមុខទេ ព្រោះប្រទេសចិនគឺជាប្រទេសនៅក្នុងតំបន់អាស៊ី ហើយក៏ជាប្រទេសដែលផលិតអង្ករដែរ។

លោកបណ្ឌិត យ៉ង សាំងកុមារ៖ «តាមពិតទៅវាគឺជាជំរើសមួយទៀតហើយ ប៉ុន្តែត្រូវចាំថាការនាំចូលអង្កររបស់សហភាពអឺរ៉ុប និង ចិនគឺខុសគ្នា! ចិនគឺមានគោលនយោបាយក្នុងការនាំចូលក្នុងចំណួននិងការកំណត់បរិមាណមួយ ហើយប្រទេសចិនគឺជាប្រទេសដែលផលិតស្រូវអង្ករផងដែរ អញ្ជឹងគេត្រូវការពារផលប្រយោជន៍ទីផ្សារក្នុុងស្រុករបស់គេដែរ លើកលែងតែប្រទេសចិនចង់ជួយខ្មែរ តែខ្ញុំមិនជឿទេ ព្រោះគេប្រាកដជាមានជាតិនិយមផ្សេងៗ បាទ!»

បន្ទាប់ពីការប្រទាញប្រទង់លើជំលោះផលប្រយោជន៍រវាង អង្ករកម្ពុជា មីយ៉ាន់ម៉ា និង ប្រទេសអីុតាលី និង អេស្ប៉ាញមក។ ការនាំចេញស្រូវអង្ករកម្ពុជានារយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់មិនរីកចម្រើន មានន័យថា ការនាំចេញស្រូវអង្ករកម្ពុជាបានធ្លាក់ចុះប្រមាណ ១៤ ភាគរយ បើធៀបទៅនឹងការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍នៃការនាំចេញស្រូវអង្ករដែលចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្ម។

កម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការដកប្រព័ន្ធការអនុគ្រោះពន្ធEBA នៅដើមឆ្នាំក្រោយនេះ។ បើករណីនេះ កើតមានមែន គឺកម្ពុជានឹងខាតបង់ប្រាក់ពន្ធទំនិញចូលអឺរ៉ុបប្រមាណជាជិត ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ទំនិញដែលកម្ពុជានាំចូលទីផ្សាយអឺរ៉ុបធំជាងគេ គឺសំលៀកបំពាក់និងផលិតផលស្បែកជើង៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើកម្ពុជាទទួលបានសមិទ្ធផលអ្វីខ្លះក្រោយនាយករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនៅចិន?

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋ[...]

កម្ពុជានាំចេញចេកអំបូងលឿង​ក្រោយបោះទុនវិនិយោគជាង ៨ លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនកៅស៊ូបឹងកេតបានវេចខ្ចប់ចេកអំ[...]

សហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករកម្ពុជាជាង២០០ដុល្លារក្នុងមួយតោននៅជំហានដំបូង

ភ្នំពេញ៖ សហភាពអឺរ៉ុបបានសម្រេចតម្រូវឱ្យកម្ពុជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត