en     km
en     km

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

Share

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់ប្រធានាធិបតីប្រទេសប៊ុលហ្ការី  អំពីប្រព័ន្ធពន្ធអនុគ្រោះ EBA ដែលជិតដល់ការដកហូតជាផ្លូវការ និងចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ដល់កម្ពុជា។ តែអ្នកសង្កេតការណ៍យល់ថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតគ្មានឥទ្ធិពលក្នុងការសម្រេច​លើ EBA នោះទេ។

នៅក្នុងជំនួបជាមួយនឹង ប្រធានាធិបតីប៊ុលហ្ការី លោក រ៉ូមែន រ៉ាដែវ នៅទីក្រុងសូហ្វីយ៉ា នាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានជជែកពីបញ្ហាEBA ដោយស្នើឲ្យផ្តល់យុត្តិធម៌ក្នុងនាមជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប។ សម្តេចបានរៀបរាប់ពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបញ្ជាក់ថាមិនមានការដើរថយក្រោយណាបន្តិចឡើយ។

សម្តេច ហ៊ុន សែនថា ការបោះឆ្នោតឆ្នាំ​ ២០១៨កន្លងទៅ គឺជាដំណើការការបោះឆ្នោតយ៉ាងល្អប្រសើរ ដែលមានគណបក្សនយោបាយដល់ទៅ ២០ បានចូលរួម ហើយមានអ្នកទៅបោះឆ្នោតដល់ទៅ ៨៣ភាគរយ។ នេះបើយោងតាមការចុះផ្សាយពីលទ្ធផលនៃជំនួបតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេច ហ៊ុន សែន។

បើតាមប្រភពដដែលបានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីនៃប្រទេសប៊ុលហ្ការីបានបញ្ជាក់ពីជំហរគាំទ្រ និង ចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ តែមិនបានពន្យល់លម្អិតថា ប៊ុលហ្ការីធ្វើ ការគាំទ្រតាមវិធីណាមួយនោះទេ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​ប្រាំថ្ងៃ​នៅ​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុបខាង​កើត។​ ក្នុង​នោះ​មាន​សាធារណរដ្ឋ​ឆេក ប្រទេស​ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី។ ដំណើរ​ទស្សកិច្ច​ក្នុង​គោល​ដៅ​រឹត​ចំណង​កិច្ច​សហការ​លើឆាក​អន្តរជាតិ ប៉ុន្តែក៏ជាផ្នែក​មួយ​នៃ​ការ​ព្យាយាម​តាមរយៈ​ការ​ទូត​ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​«អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​»​ ឬ ​EBA។

ប៉ុន្តែ លោក ឃុន ថារ៉ូ មន្រ្តីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតក្នុងស្រុកថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតមិនមានឥទ្ធិពលនោះទេ ក្នុងការសម្រេចលើករណី EBA។

សហភាពអឺរ៉ុប បានបញ្ជប់ការសិក្សារយៈពេល ៨ខែរបស់ខ្លួនអំពីលទ្ធភាពដែលត្រូវដកយកទៅវិញនៅប្រព័ន្ធពន្ធអនុគ្រោះ EBA ដោយឲ្យកម្ពុជាស្តារមកវិញនូវលក្ខខណ្ឌមួយចំនួន ដូចជាការស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ និង ធ្វើឲ្យមានភាពប្រសើរឡើងលើការគោរពសិទ្ធិមនុស្ស និង សិទ្ធិនយោបាយ។

ការដកប្រព័ន្ធអនុពន្ធនេះ នឹងសម្រេចក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២០។

ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងហើយថា ខ្លួននឹងមិនអោនក្បាលដាច់ខាតចំពោះលក្ខខណ្ឌទាំងនេះ ដោយអះអាងថាជាការរក្សាឲ្យបាននូវអធិបតេយ្យភាពរបស់ខ្លួន។

មតិមួយចំនួនពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍យល់ថាប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះមែននោះ កម្ពុជានឹងប្រឈមទៅនឹងផលវិបាកក្នុងការនាំចូលទំនិញទៅសហភាពអឺរ៉ុប ហើយអាចប៉ះពាល់ដល់ល្បើនប្រេកង់សេដ្ឋកិច្ចផងដែរ។ ការបាត់បង់ប្រព័ន្ធនេះ គឺកម្ពុជា ត្រូវបំពេញ​លក្ខខណ្ឌ បង់ពន្ធចូលទីផ្សារអឺរ៉ុប ប្រមាណជា៧០០លានដុល្លារ ដោយអាស្រ័យលើទំហំពាណិជ្ជ​កម្ពុជា និងសហភាពអឺរ៉ុប ដែលកើនឡើងជាង៥ពាន់លានដុល្លារ​អាមេរិក។​

យ៉ាងណាសម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងហើយថា កម្ពុជាមានមាសជាង ៣០ តោន និងប្រាក់បម្រុងអន្តរជាតិជាង ១៥ពាន់លានដុល្លារ បម្រុងទុកក្នុងករណីបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះពីសហភាពអឺរ៉ុប និង អាមេរិក៕

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចទៅអឺរ៉ុបខាងកើតចំនួន ៣ ប្រទេសនេះ គឺគ្របជំនួបជាមួយនឹងមេដឹកនាំទាំងសាធារណរដ្ឋឆេក មេដឹកនាំប៊ុលហ្ការី និង ហុងគ្រី គឺសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន សុទ្ធតែបានលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នៅចំពោះមេដឹកនាំទាំងបីប្រទេសនេះ៕

Share

Image
Image
Image