en     km
en     km

ចិនសន្យាបន្តនាំចូលអង្ករពីកម្ពុជាឱ្យបាន៤០ម៉ឺនតោនតែអ្នកវិភាគមិនរំពឹងថាអាចទៅរួច

Share

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់សម្ដេច ហ៊ុន សែន ថា ប្រទេសខ្លួនសន្យាបន្តទទួលការនាំចូលអង្ករពីកម្ពុជាសម្រាប់ឆ្នាំ ២០១៩ នេះចំនួន ៤០ ម៉ឺនតោន ។ ការបញ្ជាក់បែបនេះនៅក្នុងកិច្ចជំនួបរវាងប្រធានាធិបតីកម្ពុជារូបនេះ ជាមួយនឹងសម្ដេច ហ៊ុន សែន ដែលធ្វើទស្សនៈកិច្ចនៅប្រទេសចិន ខណៈដែលសហភាពអឺរ៉ុបបានដកការអនុគ្រោះពន្ធការនាំចូលអង្ករពីកម្ពុជា ។

រាយការណ៍ដោយ លោក សោម លាភ !

 

បើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ​ហ៊ុន សែន បញ្ជាក់ថា មុននឹងប្រធានាធិបតីចិនបញ្ជាក់ទទួលយកការនាំចូលអង្ករពីកម្ពុជា គឺលោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ទំនាក់ទំនងរវាង សម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន ចាត់ទុកថាបានឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត ។

ប្រធានាធិបតីរូបនេះដដែលថា ចិន និងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍ ដើម្បីរៀបចំផែនការធ្វើកិច្ចសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជននិងប្រជាជន ។

ក្នុងទំព័រហ្វេសបុកសម្ដេច ហ៊ុន សែន បញ្ជាក់ដែលថា ប្រទេសចិននឹងបន្តទទួលនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជានៅឆ្នាំ ២០១៩  និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ហើយលោក នឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា ។

ជាងនេះទៅទៀត សម្ដេចហ៊ុនសែនថា ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ឬស្មើនឹងប្រមាណជា ៦០០ លានដុល្លារ សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដល់កម្ពុជា ។

លោក បុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ដំណើរ​ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រទេសចិន នៅត្រង់ចំណុចទីបី ដោយបានសេចក្ដីថា  «ធ្វើឡើងប្រហែលជាដើ​ម្បីស្វះស្វែង​រក​កម្ចី​ ឥត​លក្ខខណ្ឌ​ដើម្បី​ចិញ្ចឹម​ទី​ប្រឹក្សា​ក្រសួង​នានា​ បក្ស​ពួក​និយម​ ក៏​ដូចជា​ ការ​វិនិយោគ​រយៈ​ពេល​ខ្លីៗ​ ដើម្បី​ដង្ហើម​អំណាច​»

ដោយឡែកលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយជើងចាស់ម្នាក់បានប្រមើលមើថា ទំនងជាចិនមិនអាចសម្រេចបានគោលដៅនាំយកអង្ករចេញពីកម្ពុជា ៤០ ម៉ឺនតោន ក្នុងរយៈពេល១ ឆ្នាំនេះទេ តែលោកថា បើត្រឹមតែយកអង្ករពីកម្ពុជាដែលសេះសល់ គឺអាចទៅរួច ។

កាលពីថ្ងៃសុក្រ ទី ១៨ ខែ មករា សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរក្នុងការដកការអនុគ្រោះពន្ធពីកម្ពុជាលើការនាំចូលអង្ករទៅប្រទេសដែលជាសមាជិករបស់ខ្លួន ។

មានន័យថា រាល់ការនាំអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុប គឺត្រូវបង់ពន្ធប្រហែលជា ២០០ ដុល្លារក្នុងមួយតោន ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា នឹងបង្កើនសេដ្ឋកិច្ចប្រទេសនេះឱ្យបន្តដំណើរទៅមុខទៀត បើសហភាពអឺរ៉ុប ឬអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលើទំព័រហ្វេសបុករបស់លោកកាលពីថ្ងៃទី២១ មករាម្សិលមិញថា លោកបានពិភាក្សាការងារជាមួយលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ។

ដោយឡែក នៅក្នុងបណ្ដាញសង្គម Tweeter របស់លោកស្រី Cecilia Malmstrom បានសរសេរ នោះថា ក្នុងជំនួបរវាងលោកស្រី និងលោក ប្រាក់ សុខុន គឺបានពិភាក្សាទៅលើ កិច្ចព្រមព្រៀង និងលទ្ធភាពនៃការដកពន្ធការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA ។

អ្នកស្រីបានរំលឹកថា មានការខ្វាយខ្វល់ចំពោះបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ។ យ៉ាងណាអ្នកស្រីថា សហភាពអឺរ៉ុប នៅតែរក្សាជំហរក្នុងការបន្តសន្ទនាជាមួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហានេះ ។

សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសខ្លាំងៗថា ប្រទេសណា ដែលដាក់ទណ្ឌកម្មលើកម្ពុជា ប្រទេសនោះគ្មានសិទ្ធិនិយាយ និងប្រដៅកម្ពុជាពាក់ព័ន្ធនឹងប្រធាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទេ ។

ការយកពន្ធអង្ករពីកម្ពុជារបស់សហភាពអឺរ៉ុប ធ្វើឱ្យកម្ពុជាចំណាយលើពន្ធជាង ៥៤ លានដុល្លារក្នុងមួយឆ្នាំ ។

មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុប ក៏កំពុងដំណើរការរៀបចំការដកការអនុគ្រោះពន្ធ EBA ពីកម្ពុជា  ដែលធ្វើឱ្យកម្ពុជាខាងបង់ប្រាក់ប្រមាណ ៧០០ លានដុល្លារក្នុងមួយឆ្នាំ ។

តែសូមជម្រាបថាកម្ពុជាបាននាំអង្ករទៅប្រទេសចិន មានទំហំ១៧ម៉ឺនតោន ទៅ​សហភាពអឺរ៉ុប ជាង២៧ម៉ឺនតោន ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image