loader

ទស្សនៈ៖វិនិយោគទុន និង ប្រាក់បំណុលចិនពាន់លានដុល្លារ អាចនាំឱ្យកម្ពុជារងឥទ្ធិពលនយោបាយចិន

ក្រុងភ្នំពេញ៖ នៅក្នុងប្រវតិ្តសាស្រ្តសម័យថ្មីនេះ ចិនកាន់តែពង្រីកមាឌ និង ឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ទាំងទ្វីបអាហ្រ្វិក និង អាស៊ី។ នៅអាស៊ីអាគ្នេយ៍ ចិនក៏កំពុងបង្កើនល្បឿនរបស់ខ្លួនវាតទី ហើយកម្ពុជាជាប្រទេសតូចមួយនៅក្នុងតំបន់ក៏មិនអាចគេចរួចពីចំហាយឥទ្ធិពលចិនបានដែរ។ សម្រាប់កម្ពុជា បើផ្អែកលើកត្តាធនធានធម្មជាតិ និង បរិយាកាសនយោបាយ ចិនហាក់់មានប្រៀបជាងប្រទេសណាទាំងអស់ក្នុងការចាប់យកទំនាក់ទំនងការទូត និង សេដ្ឋកិច្ចជាដើម។ ហេតុផលនេះហើយទើបធ្វើឲ្យពលរដ្ឋកម្ពុជាមានក្តីកង្វល់ពីអនាគតប្រទេសជាតិរបស់ខ្លួន។ លោកសមរង្ស៊ីអ្នកនយោបាយ​តំណាង​អោយ​ក្រុមប្រឆាំង  និងសម្ដេចនាយករដ្ឋមន្ត្រី កំពុងតែខ្វែងគំនិតគ្នាជាខ្លាំង ជុំវិញទស្សនៈ​នយោ​បាយ​សេដ្ឋ​កិច្ច​ចិននៅកម្ពុជា ។

លោក សេរីវឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖

នៅក្នុងតំបន់អាស៊ាន ចិនមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់ ដោយប្រទេសធំនេះ ពង្រីកឥទ្ធិពលសេដ្ឋកិច្ច នយោបាយ យោធា និង ទំនាក់ទំនងការទូត ។ ក្នុងចំណោម​សមាជិក​អាស៊ាន ទាំង១០ប្រទេស  ចិនចាប់យកកម្ពុជា ជាគោលដៅនៃការអនុវត្តមាន​ប្រសិ​ទ្ធ​ភាព​នៃ​យុទ្ធសាស្ត្រ ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ -One Belt and One Road initiatives – ។

Image result for one belt one road cambodia

តាមរយៈយុទ្ធសាស្ត្រនេះ  ចិននិងកម្ពុជា ដូចជាបងប្អូននឹងគ្នា ហើយចំណងទាក់ទងរឹងដូចដែកថែប។  

ដោយមើលឃើញដូចនេះ ទំនាក់ទំនងកម្ពជា -ចិន កាន់តែ រឹងមាំ ទោះជាមានក្រុមប្រឆាំង វាយប្រហារ ក៏ដោយ។

តំលៃវិនិយោគទុននិងប្រាក់បំណុលពាន់លានដុល្លារអាចនាំអោយកម្ពុជារងឥទ្ធិពលនយោបាយចិន  

Image result for Hun sen and xi

សមុទ្រកម្ពុជា មានភូមិសាស្ត្រ ជាមួយនឹងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ជាមួយ​ប្រទេស​ក្នុង​​​តំបន់អាស៊ាន និង សហរដ្ឋអាមេរិក។ ក្នុងដែនកោះ នៃប្រជុំកោះស្ព្រាតលី  ចិនបានស្ថាបនា កោះ​សិប្បនិម្មិត យ៉ាងតិចដប់កោះ ហើយកោះទាំងនោះ ក្លាយជាទីតាំងកងទ័ពរបស់ចិន។ ខណៈ​មាន​ការសង្ស័យ ថាកម្ពុជា គឺនៅឆ្នេររាមក៏អាចជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិនផងដែរ។ ករណីនេះនាំអោយអាមេរិក មានការព្រួយបារម្ភជាខ្លាំង។

Image result for Cambodia navy

កាលពីពេលថ្មីៗនេះ ឧបការីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ លោក Joseph Felter បានសរសេរលិខិតផ្ញើទៅរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ ដោយដាក់ការសង្ស័យថា ចិនអាចសង់មូលដ្ឋានទ័ពជើងទឹកនៅក្បែរឆ្នេរសមុទ្ររាម។ ការសង្ស័យរបស់អាមេរិក ក៏បានកើតឡើង នឹងការចុះផ្សាយរបាយការណ៍ស៊ើបអង្កេតមួយ​របស់កា​សែត​អាមេរិក The Wall Street Journal ចង្អុលបង្ហាញថា ទីតាំងឆ្នេររាមកម្ពុជា អនាគត គឺជាមូលដ្ឋាន​ទ័ព​ជើង​ទឹករបស់ចិន ។ ដោយកំហឹងនឹងសារព័ត៌មាន ធ្វើអោយកម្ពុជា សឹងតែ ប្ដឹងសារព័ត៌មាននេះ​ទៅ​ហើយ ។

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការដោយការពារថា កម្ពុជាគឺគ្មានវត្តមានកងទ័ពចិននោះទេ។ សម្តេចបានអះអាងថា កម្ពុជាគ្មានហេតុផលណាមួយក្នុងការយល់ព្រមឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងការពារថា កម្ពុជាជាប្រទេសដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយក៏គ្មានហេតុផលណាមួយដែលតម្រូវឲ្យមានវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជានោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថា នៅពេលកម្ពុជា ជួបការលំបាក​ ចិនគឺជាប្រទេស ដែលជួយកម្ពុជាទាន់ពេលវេលា។ សំណង់ធំៗជាច្រើនរាប់ទាំងស្ពានថ្នល់ផងគឺ កម្ពុជា មិនអាចខ្វះអ្នកជំនាញចិនបានឡើយ។ សម្ដេច ប្រាប់ថា អ្នកជំនាញចិនមកកម្ពុជា គឺដើម្បីបង្គ្រប់ធនធានមនុស្សអោយកម្ពុជា។

សម្តេចក៏បានថ្លែងការពារពីវត្តមានជនជាតិចិននៅកម្ពុជារួមទាំងការវិនិយោគរបស់ចិនគឺជាភព្វសំណាងទៅវិញដែលកែប្រែមុខមាត់ក្រុងព្រះសីហនុឲ្យក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ច នឹងជាតំបន់ឆ្នេរដ៏ធំជាងនៅអាស៊ីអាគ្នេយ៍។

សម្តេច ហ៊ុន សែនបានថ្លែងយ៉ាងជឿជាក់ថា បញ្ហាវិនិយោគរបស់ចិនកំពុងក្លាយជារបៀបវារៈនយោបាយដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាល បាញុះញង់ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចបានថ្កោលទោសយ៉ាងខ្លាំង ទៅកាន់បក្សប្រឆាំង ដែលព្យាយាមបំផ្លាញទំនាក់ទំនង និង ការវិនិយោគរបស់ចិននៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេចហ៊ុនសែន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩នេះនៅខេត្តព្រះសីហនុ។

Image result for Hun sen

សម្តេច ហ៊ុន សែន បន្តថា៖ «អ្នកដែលមិនចង់ឃើញការអភិវឌ្ឍ និង ការរីកចម្រើន ខ្លះគេថានេះគឺជាអន្ទាក់របស់ចិន នេះគឺជាអាណានិគមរបស់ចិន នេះជាការលក់ដីឲ្យចិន ប៉ុន្តែខ្ញុំសូមសួរបញ្ជាក់ថា តើអ្នកដែលរស់នៅខេត្តកំពង់សោមនេះទទួលយកនូវអត្ថប្រយោជន៍ប៉ុណ្នា? ហើយនៅពេលការសាងសង់ត្រូវបានបញ្ចប់ នោះក្រុងព្រះសីហនុនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចនឹងជាឆ្នេរសមុទ្រដ៏ធំជាងគេ! »

ចំណែកប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្សី ក៏ធ្លាប់បានសម្តែងក្តីកង្វល់ ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះផងដែរ។ លោកថា ចិនកំពុងប្រើនូវយុទ្ធសាស្រ្តវាតទី ដោយយកកម្ពុជា ជាមូលដ្ឋានយោធាក្នុងការបម្រើនូវផលប្រយោជន៍នយោបាយលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Related image

លោក សម រង្សីបន្តថា៖ «ចិនចូលមកឥឡូវនេះ ធ្វើចៅហ្វាយខ្មែរ មើលងាយខ្មែរ ធ្វើបាបខ្មែរ យកដីខ្មែរឲ្យចិនធ្វើអីតាមចិត្ត ហ៊ុនសែនទទួលលុយពីចិន ហ៊ុន សែនការពារចិន ប្លន់ដីប្លន់ស្រែប្លន់ចំការ ឥឡូវនេះមកសង់មូលដ្ឋានយោធាចិន ព្រោះចិនកំពុងតែអនុវត្តនយោបាយវាតទីប្រទេសជិតខាង ដោយយកកម្ពុជា ជាឈ្នាន់គឺវាគ្រោះថ្នាក់ណាស់»។

ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលសេដ្ឋកិច្ចក៏អាចនិយាយបានថា ជាចំណុចមួយដែលជួយរក្សាប្រជាប្រិយភាពដល់បក្សកាន់អំណាច។

កម្ពុជាស្រូបបានទាំងវិនិយោគនិងប្រាក់កម្ចីពាន់លានដុល្លារពីចិន

Image result for china investment in cambodia

ចិនបានផ្ដល់ជំនួយជាច្រើនពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩៤  ដោយផ្តោតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសរសៃឈាមនៃការអភិវឌ្ឍមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏ក្លាយជាប្រទេសដែលដាក់ទុនរកស៊ីយ៉ាងច្រើនសំបើមនៅកម្ពុជាទៀតផង គឺប្រមាណជា ៦៩០០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា។

ក្រៅពីជំនួយ មិត្តចិនក៏ជាម្ចាស់បំណុលដ៏ធំជាងគេសម្រាប់កម្ពុជាដែលគិតមកត្រឹមឆ្នាំ ២០១៩ នេះ កម្ពុជាជំពាក់ចិនប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចស្តីពីបំណុលសារធារណៈកម្ពុជា។

អ្នកវិភាគបារម្ភថា ការខ្ចីបុលពីប្រទេសចិនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះអាចជាភាពគ្រោះថ្នាក់មួយ ឬ អាចហៅបានថាជាអន្ទាក់បំណុលដែលស្រាយមិនរួច ដូចករណីប្រទេសស្រីលង្ការ ដែលគ្មានប្រាក់ក្នុងការសងទៅប្រទេសចិន ហើយប្រទេសនេះក៏សម្រេចត្រូវប្រគល់ទឹកដីនៅតាមឆ្នេរសមុទ្រទៅឲ្យប្រទេសចិនគ្រប់គ្រងក្រោមរូបភាពសម្បទានរយៈពេល ៩៩ ឆ្នាំ។

Image result for china investment in cambodia

ក្រុងព្រះសីហនុ កំពុងប្រែក្លាយជា China Town  ជាក្រុងម៉ាកាវមួយនៅកម្ពុជា

ប្រមាណ ១៥០ កាស៊ីណូជាទីតាំងលេងល្បែងស្របច្បាប់កំពុងបើកដំណើរនៅកម្ពុជា ។នេះបានតាមសារព័ទ៌មាន AsiaNews ចុះផ្សាយកាលពី ខែមករា។ នៅខេត្តជាប់ឆ្នេរនៃភាគនិរតី គឺក្រុងព្រះសីហនុមានដល់ទៅ៨៨កាស៊ីណូ គឺជានិយ័តកម្មជំនួញល្បែងនៅកម្ពុជា។នេះបើតាមសម្ដីរបស់លោក ភីរុម អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច។

កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណចំនួន ៥២ នៅកាស៊ីណូនៅឆ្នាំ ២០១៩ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរាយការណ៍ថាចំនួនកន្លែងលេងល្បែងកើនឡើង ៥៣ ភាគរយធៀបនឹងឆ្នាំមុន។

ទិន្នន័យនេះបានធ្វើឱ្យមជ្ឍដ្ឋានទាំងឡាយកំពុងប្រដូចថា ខេត្តជាប់ឆ្នេរកម្ពុជាប្រៀបខ្លួននឹងក្រុងម៉ាកាវប្រទេសចិន។ ទន្ទឹមនឹងនេះគេក៏ឃើញសំណង់អាគារដោយលំហូរវិនិយោគចិន និង កំណើនអចលនទ្រព្យពិតជាកើនឡើងជាខ្លាំងនៅក្នុងខេត្តនេះ។

Image result for chinese construction in cambodia

យ៉ាងណាមិញ​ គេវាយតម្លៃថា វត្តមានកើនឡើងឥទ្ធិពលចិន និង វិនិយោគនេះ ជាពិសេសនៅភូមិភាគនិរតីនៃប្រទេសកម្ពុជាកើតមាននូវអស្ថេរភាព និង​ឧក្រិដ្ឋកម្មជាញឹកញាប់។ 

ក្រុមអ្នកសិក្សាសង្គម យល់ថា វត្តមាននៃកន្លែងបនល្បែងបង្កឱ្យមាននូវការព្រួយបារម្ភជាពិសេសអ្នកក្នុងតំប​ន់តែម្ដង បើទោះបី ប្រជាជនកម្ពុជាមិនអនុញ្ញាតឱ្យទៅរកសេវាកម្មល្បែងកម្សាន្ដនៅកាស៊ីណូ។ តែរបាយការណ៍របស់អង្គការទាំងឡាយស្វែងរកគណនេយ្យភាពសង្គម មើលឃើញថា ប្រជាពលរដ្ឋរស់នៅទីនោះធ្លាក់ក្នុងភាពក្រីក្រ។

ក្រុមអ្នកសិក្សាសង្គម ថាក្រុងព្រះសីហនុ គឺជាតំបន់អភិវឌ្ឍធំមួយ ដែលកំពុងវាយលុកដោយជនជាតិចិន ក្រុមហ៊ុនចិន កាន់កាប់ដីធ្លី អាគារធំៗ និង អាជីវកម្មនានា ដែលបានគម្រាមកំហែង បង្ខំឱ្យពលរដ្ឋ អាជីវករក្នុងស្រុក បរទេសមួយចំនួន ធ្វើចំណាកស្រុក លក់ផ្ទះសំបែង និង ទៅរកស៊ីនៅខេត្តផ្សេងៗ ។

Image result for chinese construction in cambodia

ការវិនិយោគយ៉ាងសំបើមរបស់ចិន ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តព្រះសីហនុដែលជាខេត្តជាប់ឆ្នេរមួយកំពុងទទួលយកនូវលំហូរយ៉ាងគំហុកនៃជនជាតិចិនដែលកំពុងក្រសោបយកទាំងអស់នូវអាជីវកម្មក្នុងខេត្តឆ្នេរដ៏ល្បីនេះ រាប់ចាប់តាំងពីកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់មុខរបរតូចតាចទៀតផង ជារួមគឺជនជាតិចិនជាម្ចាស់អាជីវកម្ម ៩៥ ភាគរយ។ នេះបើយោងទៅតាមទិន្នន័យរបស់អាជ្ញាធរ ខេត្តព្រះសីហនុ។

Image result for chinese construction in cambodia

ម្លោះហើយ តាមរយៈជំនួយ និង ការវិនិយោគរបស់ចិន ទើបកម្ពុជាទទួលរងនូវឥទ្ធិពលនយោបាយ និង សេដ្ឋកិច្ចយ៉ាងខ្លាំងដែលជាកត្តាមួយធ្វើឲ្យប្រទេសនៅលើឆាកអន្តរជាតិបានលើកឡើងថា កម្ពុជាជាប្រទេសចិននិយម ឬ មានទំនោរទៅរកចិន។

កម្ពុជា អាចត្រូវទាញចូលក្នុងជម្លោះភូមិសាស្ត្រ តំបន់ ករណីសង្ស័យ មូលដ្ឋានទ័ពចិននៅកម្ពុជា

ទោះជានាយករដ្ឋមន្ត្រី និងក្រសួងការបរទេសកម្ពុជា ច្រានចោល ការចុះផ្សាយរបស់ សារព័ត៌មាន អាមេរិក The Wall Street Journal ថាកម្ពុជា កំពុងស្ថាបនា មូលដ្ឋានទ័ពជើងទឹកអោយប្រទេសចិន នៅឆ្នេររាម សម្រាប់មជ្ឈដ្ឋានខ្លះ ជាពិសេស អាមេរិក មិនអាចទទួលយកបានឡើយ។  នៅក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២សីហា   រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeoបានសរសើរ កម្ពុជា ដែលអះអាងថា នឹងមិនអនុញ្ញតិអោយមានកងទ័ពចិននៅកម្ពុជាឡើយ ។ លោកសូមអោយសមាជិកអាស៊ាន ជួយដឹងជួយលឺរឿងនេះ ហើយយកគំរូតាមកម្ពុជា។

ក្នុងន័យនេះ​ សម្រាប់ អាមេរិក កំពុងសិក្សាថែមទៀត ថាតើកម្ពុជាអះអាងមានការពិតដែរឬទេ។តែលោក  Pompeo ព្រមាន ថាចិនអាចនឹងយកតំបន់អាស៊ីអាគ្នេយ៌ បើសមាជិកណាមួយមានអនុញ្ញតិអោយ មានមូលដ្ឋានទ័ពចិនតាំងនៅ។

Image result for Mike pompeo cambodia

អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា​ មានប្រសាសន៍ថា កម្ពុជាគួរបង្កើតក្រុមជំនាញអន្តរជាតិមួយ ចុះស្រាវជ្រាវរឿងនេះ ហើយធ្វើកំណត់ត្រា ច្បាស់លាស់។

នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកវិភាគរូបនេះ  មើលឃើញថា ការវិនិយោគយ៉ាងគំហុករបស់ចិនគឺស្របតាមទិសដៅរបស់គម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយដែលគេផ្តោតយ៉ាងពិសេសនៅតំបន់អាស៊ី។ លោកបន្តថា កម្ពុជាគឺជាប្រទេសដែលមានទីតាំងនៅចំកណ្តាលអាស៊ីតែម្តង ហើយជាប្រទេសមួយដែលចិនកំពុងយកចិត្តទុកដាក់ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ព្រោះកម្ពុជាជាប្រទេសមានដែនជាប់សមុទ្រចិនខាងត្បូងដែលចិនកំពុងវាតទីកាន់កាប់។

លោកបន្តថាប្រសិនបើកម្ពុជា ប្រកាន់ខ្លួនយកតាមគោលនយោបាយរបស់មហាអំណាចណាមួយខ្លាំងពេកនោះកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិមនោគមន៍វិជ្ជានយោបាយ។ លោកបានផ្តល់អនុសាសន៍ថា ប្រសិនបើកម្ពុជាចង់រក្សាតុល្យភាពទទួលយកផលចំណេញនយោបាយពីមហាអំណាចទាំងលោកខាងលិច និង ចិន គឺកម្ពុជាត្រូវរក្សាជំហររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនព្រោះចិនមិនមែនជាអ្វីដែលកម្ពុជាអាចពឹងទាំងស្រុងបានទេនៅថ្ងៃអនាគត។

Image result for Em Sovannara

លោក ឯម សុវណ្ណារ៉ា៖«ដើម្បីរក្សានូវតុល្យភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ កម្ពុជាត្រូវរក្សាឲ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិចឲ្យបានល្អ គឺលោកខាងលិច រក្សាជំហរខ្លួនឯងឲ្យអព្យាក្រិត្យ សំខាន់គោលនយោបាយច្បាប់កម្ពុជាយើងមានហើយ នយោបាយអព្យាក្រិត្យមិនចូលបក្សសម្ព័ន្ធ តែឥរិយាបទនយោបាយកម្ពុជាបច្ចុប្បន្នហ្នឹង គឺធ្វើឲ្យគេយល់ច្រឡំថាយើងនៅក្រោមឥទ្ធិពលរបស់ចិនហើយ អាហ្នឹងជាអ្វីដែលកម្ពុជាគួរតែគិតពិចារណាសារជាថ្មី! »។

យ៉ាងណា ក៏ដោយ ឥទ្ធិពល នយោបាយចិន នៅកម្ពជា តាមរយៈការវិនិយោគដ៏គំហុកនៅ ខេត្តព្រះសីហនុ បានកំពុងប្រែក្លាយមុខមាត់ ឆ្នេរសមុទ្រកម្ពុជា ជាសំណង់ស្គឹមស្គៃ រីកដូចផ្សិត ខណៈពលរដ្ឋចិន ចាប់យកទីនោះ ជាក្រុងម៉ាកាវទី២របស់ខ្លួនដែលនាំអោយ ​មជ្ឈដ្ឋាននៃក្រុមប្រឆាំងនៅកម្ពុជា បានហៅចិន ធ្វើ​អាណានិគមថ្មីហើយទំនើប លើដែនដីកម្ពជា ក្រោយពីអាណានិគមបារាំងដកចេញពីវិញនៅឆ្នាំ ១៩​៥៣៕ 

អត្ថបទដោយ៖ សេរីវឌ្ឍនៈ

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត