en     km
en     km

វិភាគសេដ្ឋកិច្ច៖ តើអនាគតវិស័យវាយនភណ្ឌកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា?  

Share

ក្រុងភ្នំពេញ៖ យុគសម័យមាសនៃវិស័យវាយនភណ្ឌកម្ពុជា បានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ ១៩៩៦ គឺនៅពេលដែលកម្ពុជាទទួលបានពន្ធអនុគ្រោះក្នុងការនាំចេញផលិតផលនេះទៅកាន់ប្រទេសមួយចំនួននៅលើឆាកអន្តរជាតិ។

វិស័យនេះបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឲ្យរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ បង្កើតការងារបានប្រមាណ ៧០ ម៉ឺនកន្លែង ដែលជាចំណែកយ៉ាងធំក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ យ៉ាងណាកំណើនសេដ្ឋកិច្ចឆ្នាំនេះ ហាក់ជួបឧបសគ្គ និង ហានិភ័យ ដែលថ្មីៗនេះស្ថានភាពនយោបាយកម្ពុជានៅរយៈពេលចុងក្រោយនេះ មិនមានភាពនឹងនរ បន្ទាប់ពីសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបព្រមានដកពន្ធអនុគ្រោះវិញ ដែលការណ៍នេះ អ្នកជំនាញបានដាក់ក្តីបារម្ភថាអនាគតវិស័យនេះគឺស្ថិតនៅក្នុងភាពស្រពេចស្រពិល។ អ្នកជំនាញបានដាក់ក្តីបារម្ភថា មានវិស័យមួយចំនួន ដែលទទួលបានពន្ធអនុគ្រោះក៏អាចរងផលប៉ះពាល់ដែរ។​

បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២នៃធនាគារជាតិកម្ពុជា បានបង្ហាញថា វិស័យវាយនភណ្ឌនៅកម្ពុជាគឺ ជាកម្លាំងចលករមួយដ៏ធំបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញប្រហែល ៧២ ភាគរយទៅក្រៅប្រទេស។ វិស័យនេះ សំដៅដល់ផ្នែកកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង កាបូប។

ស្ថិតនៅក្នុងស្ថិរភាព កំណើនសេដ្ឋកិច្ចពិភពលោក ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រសើរ ដោយការបន្តកើនឡើងនៃការនាំចេញយ៉ាងស្វាហាប់នៃវិស័យវាយនភណ្ឌ​ដែលជាចំណែកមួយយ៉ាងធំនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។ របាយការណ៍ដដែលនេះ បានបង្ហាញពីការកើនឡើងប្រមាណ ១១,១ភាគរយ នៃការនាំចេញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​២០១៧។

របាយការណ៍ដដែលនេះ បញ្ជាក់ថា បរិយាកាសនៃការកើនឡើងនៃកំណើននៃការនាំចេញ​វិស័យវាយនភណ្ឌគឺបណ្តាលមកពី ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរីកចម្រើនសមត្ថភាពជំនាញ ភូមិសាស្រ្តល្អ និង ពន្ធអនុគ្រោះដែលជម្រុញការនាំចេញផលិតផលវាយនភណ្ឌកម្ពុជាទៅកាន់ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា និង ជប៉ុន។

របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ការនាំចេញ៦ខែដំបូងនៅឆ្នាំ ២០១៧ គឺកម្ពុជានាំចេញទៅអឺរ៉ុបជាង៤០% នាំចេញទៅអាមេរិកជាង២០%និងនាំទៅជប៉ុនជាង ១០%។

អត្ថប្រយោជន៍ ដែលកម្ពុជា ទទួលបាន ពីកត្តាអនុគ្រោះ 

ស្របពេលនៃកំណើនកើនឡើងក្នុងការនាំចេញវិស័យវាយនភណ្ឌទាំងនេះ របាយការណ៍មួយរបស់ធនាគារពិភពលោកបានបង្ហាញពីហានិភ័យ ៣ ដែលជាឧបសគ្គក្នុងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

ភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយកម្ពុជា ដែលថ្មីៗនេះ ប្រទេសនៅលើឆាកអន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបដែលមាន២៨ប្រទេសគំរាមបិទកូតាពន្ធអនុគ្រោះក្នុងការនាំចូល ដែលនេះគឺជាមូលហេតុចំបងដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិអាចថមថយនាថ្ងៃអនាគត។

ការនាំចូលទីផ្សារអឺរ៉ុប មិនមានលក្ខខណ្ឌនោះគឺអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)ដែល ត្រូវបាន សភាសហភាពអឺរ៉ុប អនុម័តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA  អនុញ្ញាតឱ្យ នាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅទីផ្សារសហភាពអឺរ៉ុបដោយការអនុគ្រោះសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច គឺការអនុព័ន្ធ។សម្រាប់កម្ពុជា ជាប្រទេសមួយក្នុងចំណោម៤៨ប្រទេសដែលទទួលបាន អាទិភាពបែបនេះ។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០ប្រភេទ ក្នុងនោះ ៩១៩ប្រភេទ គឺជាផលិតផលកសិកម្ម។

បើតាមការចុះផ្សាយលើគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា គឺថា EBA ផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យវាយនភណ្ឌ កសិកម្ម ជាពិសេស អង្ករ។

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងទៀតថា ការនាំសម្លៀកបំពាក់ទៅអឺរ៉ុបក៏កើនឡើងដែរ ដោយសារតែការបន្ធូរបន្ថយលើតម្លៃដើម ដែលកំណត់ធាតុផ្សំក្នុងស្រុក  ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។

តាមរយៈការផ្ដល់ពន្ធអនុគ្រោះនេះ កម្ពុជាទទួលបានផលប្រយោជន៍ប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។

ចំណែកឯស្ថានភាពនយោបាយកម្ពុជាថ្មីៗនេះ ហាក់ពុំសូវមានភាពនឹងនរ ដោយសារតែអន្តរជាតិសំដែងពីក្តីកង្វល់ពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីអវត្តមានគណបក្សប្រឆាំងក្នុងការចូលរួមប្រកួតប្រជែង។ ការណ៍នេះ សហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប បានដាក់ការគំនាបទៅលើរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ បើពុំនោះទេ ប្រទេសទាំងនោះនឹងពិចារណាដកពន្ធអនុគ្រោះនោះវិញ។

ផលវិបាកប្រសិនបើបាត់បង់ពន្ធអនុគ្រោះ

វិស័យវាយនភណ្ឌ បានដើរតួនាទីយ៉ាងស្វាហាប់ដែលជាផ្នែកមួយក្នុងការជួយកម្លាំងសេដ្ឋកិច្ចជាតិកម្ពុជា។ វិស័យវាយនភណ្ឌបាននាំចេញផលិតផលវាយនភណ្ឌប្រមាណ ៤០ ភាគរយនៃចំនួនសមាមាត្រ ៧២ ភាគរយ នៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ប្រសិនបើគ្មានពន្ធអនុគ្រោះ  កម្ពុជាអាចប្រឈមនឹងផលលំបាកជាច្រើន ដែលឧបជាសគ្គរាំងស្ទះដល់សំទុះនៃសេដ្ឋកិច្ចជាតិ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ មក សហភាពអឺរ៉ុប​បានធ្វើសកម្មភាពជា បន្តបន្ទាប់តាមរយៈសេចក្តីថ្លែងការណ៍ផ្សេងៗលើស្ថានភាពនៅប្រទេសកម្ពុជា ពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យជាដើម​។​

នៅដើមខែកក្កដាឆ្នាំ២០១៨ក្រុមបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបបានបំពេញ កម្ពុជា ហើយជួបភាគីរាជរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគ អ្នកស្រាវជ្រាវ។

ក្រោយការបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃគឺនៅថ្ងៃទី១២ខែកក្កដា ក្រុមការងាររបស់អឺរ៉ុប ធ្វើសេចក្ដីសន្និដ្ឋានមួយ ដោយធ្វើការព្រមាន ថាជាជម្រើសចុងក្រោយបើ គ្មានដំណោះស្រាយនយោបាយនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។​

នេះជា ចំណោទមួយ ដែល កម្ពុជាត្រូវប្រុងប្រយ័ត្ន បើ ​វិធានការនេះ ត្រូវបានអនុវត្តគឺ កម្ពុជា អាចប្រឈមនឹង ការបាត់ប្រាក់ចំណូល ដោយកម្ពុជាត្រូវបំពេញ កាតព្វកិច្ច គឺបោះពន្ធសម្រាប់ ទីផ្សារ អន្តរជាតិជាពិសេស គឺទីផ្សារសគមន៍អឺរ៉ុប។ ផលវិបាកមុនគេអាចជះទៅលើ វិស័យណាដែលត្រូវអោយបង់ពន្ធអនុគ្រោះ។

កំណើនសេដ្ឋកិច្ចដែលទទួលបានពីវិស័យនេះ ក្នុងរង្វង់ ៧ ភាគរយ ក៏ជាការរួមផ្សំនឹងអត្ថប្រយោបានជន៍មកពីពន្ធអនុគ្រោះ ដែលជាប្រាក់ចំណេញហូរចូលថវិការដ្ឋមួយផ្នែកដែរ ។ តែជួបផលលំបាកមែនគឺ ​ សំទុះសេដ្ឋកិច្ចធ្លាក់ចុះផងដែរក៏បានថាបាន។

អ្នកវិភាគ ឯករាជ្យ ដែលជំនាញ កិច្ចការទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ច ព្រមានថា ករណីបាត់ពន្ធអនុគ្រោះ គឺជាការដើមអោយវិនិយោគបរទេស គិតទៅរក ប្រទេសផ្សេងទៀត។

ពួកគេអាច ពិចារណាសារជាថ្មី ក្នុងការដកការវិនិយោគរបស់ខ្លួនទៅដាក់នៅប្រទេសទី ៣ ដែលជាប្រទេសមានការអនុគ្រោះពន្ធជំនួសកម្ពុជា។ កត្តានេះ អាចបណ្តាលឲ្យ កម្ពុជាប្រឈមនឹងផលវិបាកមួយចំនួន ដូចជាវិបតិ្តឱកាសការងារ និង វិបត្តិប្រាក់ចំណូលដល់ពលរដ្ឋទាំងប្រយោលនិងមិនប្រយោល។

ពលរដ្ឋដែលទទួលចំណូលពីវិស័យនេះ អាចនឹងត្រូវប្រឈមក្នុងការបាត់បង់ឱកាសការងារ ចំណែកឯពលរដ្ឋមួយចំនួនដែលទទួលចំណូលប្រយោល ដូចជាការលក់សេវាកម្មទៅដល់កម្មករកម្មការនីរោងចក្រកាត់ដេរ ក៏ត្រូវបាត់បង់ឱកាស ព្រោះបាត់បង់តម្រូវការពីអតិថិជន។

គេអាចគិតថាការបាត់បង់ឱកាសការងារទាំងនេះ នឹងបង្ករជាភាពលំបាកដល់រដ្ឋាភិបាល។

សរុបមកវិញការបាត់បង់ពន្ធអនុគ្រោះនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យវាយនភណ្ឌ តែវាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ចុះផ្សាយកាលពីថ្ងៃទី១២ ខែមេសា បាន​ព្យាករ​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន​ ៦.៨​​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​​ត្រឹម​តែ ៤​ភាគរយ​ប៉ុណ្ណោះ។ ចំណែក ស្ថានភាពក្រីក្រវិញ គឺរហូតមកដល់ឆ្នាំ២០១៧  ភាពក្រីក្របានធ្លាក់ចុះមកដល់​១៤ភាគរយ ដែលកាលពី ជាង២០ឆ្នាំ ជាង២០ភាគរយ។

ប្រសិនស្ថានការណ៍នយោបាយនៅកម្ពុជាពុំធូរស្បើយនោះទេ គឺកម្ពុជាប្រាកដជាត្រូវប្រឈមនឹងការដកពន្ធអនុគ្រោះពីសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។

មើលទៅ វិស័យវាយនភណ្ឌមួយនេះ ហាក់ដូចជាបង្ហាញពីតម្រុយ ស្រពិចស្រពិល មិនច្បាស់លាស់ដែលជាហានិភ័យ និង ក្តីកង្វល់សម្រាប់រដ្ឋាភិបាលកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល។

តើរាជរដ្ឋាភិបាលត្រូវទប់ទល់ដោយ របៀបណា?

ប្រទេសណាមួយដែល មិនចង់បានការអនុគ្រោះពន្ធនេះ គឺសូម្បីប្រទេសឥណ្ឌូនេស៊ី ដែលបានស្គាល់សន្តិភាព និងភាពរីកចម្រើនយូរឆ្នាំជាងកម្ពុជា ក៏សុំអាមេរិក បន្តអនុគ្រោះពន្ធដែរ ។ នៅក្នុង ដំណើរទស្សនកិច្ចមួយកាលពីសប្ដាហ៍មុន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី  លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងពីស្ថានភាពអនុគ្រោះពន្ធ ខណៈសមភាគីឥណ្ឌូនេស៊ី ស្នើសុំអាមេរិក បន្តអនុគ្រោះពន្ធបន្តទៀត។ សមភាគីឥណ្ឌូនេស៊ី ថាការអនុគ្រោះពន្ធ ក៏ជាផ្នែកមួយជួយ កាត់បន្ថយស្ថានភាពក្រីក្រមួយដែរ។​ប៉ុន្តែ សម្រាប់កម្ពុជា ហាក់មិនសូវជាខ្វល់ ប៉ុន្មានទេ រឿងនេះ  ព្រោះកម្ពុជា អះអាងថា ដល់ពេលប្រទេស កាន់តែចាកផុតពីភាពក្រីក្រ ហើយ សេដ្ឋកិច្ច បន្តកើនឡើង គឺប្រទេសដែល ផ្ដល់ពន្ធអនុគ្រោះរមែងចង់ដកវិញ។ កម្ពុជាថានេះគឺជាសិទ្ធិរបស់ប្រទេសនោះ ។

បើដូចនេះមែន គឺកម្ពុជា ត្រូវតែមានជំហរដោយខ្លួនឯង គឺត្រូវធ្វើអោយទីផ្សាររបស់ខ្លួនកាន់តែមានតម្លៃនិងគុណភាពធ្វើអោយធនធានមនុស្ស កាន់តែសំបូរ ដែលគេមិនអាចចោលបានគឺពេលនោះហើយ​ទំនិញកម្ពុជា ត្រូវតែមានលើទីផ្សារអន្តរជាតិ ហើយកាន់តែ ថ្លៃក៏ថាបានដែរ។ នេះជាផ្នែកមួយ ត្រូវធ្វើអោយបាន។ ចំណែកមួយទៀត កម្ពុជាត្រូវតែបើកចំហទីផ្សារសម្រាប់​ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំ គឺមិនត្រូវរួញរានោះទេ បើវិនិយោគទុនបន្តចូលមក ហើយបានឆ្លើយតប នឹងជីវភាពរបស់ពលរដ្ឋទាំងនៅទីក្រុងនិងជនបទគឺកាន់តែប្រសើរ។ គេថាគំរោងវិនិយោគដល់ទីណាគឺពលរដ្ឋត្រូវតែទទួលបាន អត្ថប្រយោជន៍នៅទីនោះ ដែរ។ គំរោងវិនិយោគទុនបន្ថែមហើយថ្មីៗ គឺជាថាមពលមួយ នៃសេដ្ឋកិច្ច មូលដ្ឋាន ហើយ ការងាររបស់អ្នកស្រុកនឹងកាន់តែសម្បូរ។ ប្រាក់ចំណូលក៏កើនដែរ។ មើលទៅអាទិភាពនេះ ហើយ ដែល រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា កាន់តែសកម្ម ក្នុងការទទួលគំរោងវិនិយោគ បរទេស ពីប្រទេសចិន និងប្រទេសច្រើនទៀត ក្នុងតំបន់៕

(អត្ថបទវិភាគដោយ៖ សេរី វឌ្ឍនៈ)

Share

Image
Image
Image