loader

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ក្នុងការជជែកវែកញែកពីផលប្រយោជន៍នៃសង្គ្រាមពាណិជ្ជកម្ម ខណៈដែលក្រុមហ៊ុន APPLE របស់សហរដ្ឋអាមេរិកកំពុងពិចារណាផលិតIPhone ជំនាន់ក្រោយនៅលើទឹកដីអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកថា ឥរិយាបទជំនួញវៀតណាមគឺជាប្រទេសដែលពូកែឆាបយកអត្ថប្រយោជន៍ នៅពេលដែលប្រទេសចិនកំពុងជួបវិបត្តិ ។

ជូនសេចក្តីប្រែសម្រួលដោយ៖ សេរី វឌ្ឍនៈ

ក្រោយជំនួបចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រួចមក របាយការណ៍ជាច្រើនរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនប្រមាណ ៤០០​ បានសម្រុកវិនិយោគលើវិស័យបច្ចេកវិទ្យា និង ប្រព័ន្ធអគ្គីសនី ជាមួយរដ្ឋកម្មុយនីស្តមួយនេះ។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ២២​ ខែ កក្កដា ឆ្នាំ ២០១៩។

Image result for Vietnam apple company

របាយការណ៍ដដែលនេះបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនជាង ១៥០ មកពីប្រទេសកូរ៉េខាងត្បូងដែលក្រុមហ៊ុនទាំងនោះផ្តោតលើការវិនិយោគនៅក្នុងកណ្តាលទីក្រុងហូជីមិញតែម្តង។

អគ្គកុងស៊ុលកូរ៉េខាងត្បូងនៅវៀតណាម លោក លីម ជែហ៊ូន បានប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងតំបន់ថា លោកបានមើលឃើញពីសក្តានុពល និង តម្រូវការចាំបាច់របស់វៀតណាម លើប្រព័ន្ធអគ្គីសនី ដែលក្នុងមួយឆ្នាំៗ កើនឡើងប្រមាណ ១០​ភាគរយក្នុងមួយឆ្នាំ។

លោកថាក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុននៅវៀតណាមលើចំណុចបីសំខាន់នោះគឺ ឧបករណ៍អេឡិចត្រូនិច និង ប្រព័ន្ធប្រើប្រាស់ភ្ជាប់ពីអគ្គីសនីទៅឧបករណ៍អេឡិចត្រូនិច។

សូម្បីតែក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង​ Samsung ក៏មានវត្តមាននៅលើទឹកដីភាគខាងជើងប្រទេសនេះផងដែរ។

បើតាមការចុះផ្សាយរបស់កាសែតអាមេរិក The New York Time បានចុះផ្សាយថា ប្រសិនបើឃើញ Iphone របស់អ្នកដាក់ថាផលិតនៅវៀតណាម កុំចាំបាច់ឆ្ងល់អី ពោលមានន័យថាវៀតណាមបានក្លាយជាគោលដៅទីផ្សារទី២ បន្ទាប់ពីចិនដែលពិភពលោកសម្លឹងឃើញ។

ក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកសេដ្ឋកិច្ចវៀតណាមក៏យល់ឃើញថាការដែលពិភពលោកហក់មកចាប់អារម្មណ៍វិនិយោគជាមួយវៀតណាមគឺជារឿងត្រឹមត្រូវបំផុត។ ទាំងសមត្ថភាពកម្លាំងពលកម្ម និង ភូមិសាស្រ្តនយោបាយសមុទ្រចិនខាងត្បូង គឺវៀតណាមមានប្រៀបជាងគេ។ ​

អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោក បណ្ឌិត មាស នី បានប្រាប់មកកាន់វិទ្យុស្រ្តីថា ឥរិយាបទវៀតណាមដ៏ឆ្លាតវៃទាំងវិស័យពាណិជ្ជកម្ម និង ទំនាក់ទំនងការទូត បានផ្លាស់ប្តូវៀតណាម ៣៦០ដឺក្រេ បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនបានចាប់ផ្តើមកាលពីឆ្នាំមុន។

លោកថាកត្តាភូមិសាស្រ្តនយោបាយ គឺជាចំណុចលេចធ្លោសម្រាប់ប្រទេសវៀតណាម ដែលអាមេរិកសម្លឹងឃើញពីការទាញយកឥទ្ធិពលនយោបាយលើដែនសមុទ្រចិនខាងត្បូង។

លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖ តាមរយៈសង្គ្រាមពាណិជ្ជកម្មនេះ យើងឃើញថាសូម្បីតែប្រទេសថៃដែលជាដៃគូសម្ព័ន្ធមិត្តរបស់អាមេរិកក៏រអ៊ូថាខាតដែរ តែលើកលែងតែវៀតណាមប៉ុណ្ណោះដែលទទួលបានឱកាសយកផលចំណេញកាន់តែច្រើនឡើងៗពីសង្គ្រាមពាណិជ្ជកម្មនេះ។

លោកបណ្ឌិតបានបន្តសរសើរដល់បរិយាកាស និង ភាពឆ្លាតវៃរបស់វៀតណាមដែលចាប់យកបស្ចឹមប្រទេសមកធ្វើជាខ្នងបង្អែក ខណៈដែលកម្ពុជាហាក់រអិលខ្លួនកាន់តែជ្រៅជាមួយនយោបាយចិននិយម នៅរយៈពេលចុងក្រោយនេះ។

លោកបណ្ឌិតបន្តថា៖ វាជានយោបាយការបរទេសរបស់គេមួយដែលមានភាពរឹងមាំហើយគេបត់បែនទៅតាមកាលះទេសះរបស់គេបាទ! ហើយយើងដឹងឹហើយថា បើប្រៀបវៀតណាមនឹងកម្ពុជា គឺគេមានប្រៀបជាងដែលគេរក្សាទំនាក់ទំនងការទូត ហើយវៀតណាមគឺគេមានភាពឆ្លាតវៃរហូតបាទ។

គួររម្លឹកថា របាយការណ៍រដ្ឋាភិបាលវៀតណាមបាននៅក្នុងខែកក្កដានេះ ក្រៅពីក្រុមហ៊ុនកូរ៉េខាងត្បូង ក៏មានក្រុមហ៊ុនជាង ៣០០ផ្សេងទៀត មកពីអាល្លឺម៉ង់ បារាំង ស្វីស ហូឡង់ ជប៉ុន តៃវ៉ាន់ និង ហុងកុង។

ឥរិយាបថមួយទន់ភ្លន់ជាមួយលោកខាងលិច ត្រូវបានអ្នកវិភាគយល់ថាគឺជាឥរិយាបទដ៏ឆ្លាតវៃក្នុងការរក្សាកំណើនសេដ្ឋកិច្ចក្នុងប្រទេស។  

ថ្មីៗនេះ គេសង្កេតឃើញថា វៀតណាមហាក់ដូចជាឆក់យកឱកាស ប្រឹងប្រែងក្នុងការពង្រឹងពាណិជ្ជកម្មជាមួយលោកសេរី។ នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ចុះបញ្ចូលទាក់ទាញអ្នកវិនិយោគ ជប៉ុន និង អាមេរិកកាន់តែច្រើនថែមទៀត។

វៀតណាមត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជារដ្ឋសង្គមនិយម មួយដែលមានសេដ្ឋកិច្ចខ្លាំងក្លា ហើយ ជារដ្ឋសមាជិកអាស៊ាន ឆ្លាតជាងគេ ដោយចាប់យក ប្រទេសអាមេរិក សហភាព អឺរ៉ុប និងជប៉ុនជាដៃគូសេដ្ឋកិច្ច មិនអាចអត់បាន។ ប្រទេសសង្គមនិយមមួយ នេះ មានភាពបត់បែនជឿនលឿន ដោយគិតថា ដៃគូសេដ្ឋកិច្ចដោយស្មើភាព គឺជាដៃគូយូរអង្វែង សម្រាប់សេដ្ឋកិច្ចវៀតណាម៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

រយៈពេល ៦ ខែឆ្នាំ ២០១៩ កម្ពុជាប្រមូលពន្ធបានជាង ១៥០០ លានដុល្លារអាមេរិក ​

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋា[...]

តើអ្វីជាភាពខុសគ្នារវាងពន្ធអនុគ្រោះ EBA និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម FTA?

ក្រុងភ្នំពេញ៖ នារយៈពេលខ្លីនេះ សហភាពអឺរ៉ុបទើបត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត