en     km
en     km

បច្ចុប្បន្នចំនួនកសិករកប្រកបរបរកសិកម្មមានការថយចុះជាលំដាប់

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក​ វេង សាខុន បានលើកទ្បើងថា ចំនួនកសិករកម្ពុជាដែលប្រកបរបរកសិកម្ម បានថយចុះជាលំដាប់នៅក្នុងឆ្នំា២០១៧ នេះ។ ការឱ្យដឹងដូចនេះធ្វើទ្បើងក្នុងជំនួបការងារមួយនាយកគម្រោងផ្នែកកសិកម្ម អភិវឌ្ឍជនបទ និងចម្រុះរបស់ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៏នៅទីក្រុងប៉ារីស។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មចុះផ្សាយនាល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នំា២០១៧។

កម្ពុជា ជាប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ដោយសារពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។ តែបែបនេះក្តីរដ្ឋមន្រ្តីក្រសួងកសិកម្មអះអាងថា ចំនួនកសិករដែលប្រកបរបរកសិកម្មដោយប្រើកំលំាងបានថយចុះជាលំដាប់ នាពេលបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដូចនេះខណៈលោកបានជួបពិភាក្សាការងារមួយជាមួយ លោក Vatche PAPAZIAN និងលោកស្រី Alexia HOFMANN នាយកគម្រោងផ្នែកកសិកម្ម អភិវឌ្ឍជនបទ និងចម្រុះរបស់ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៏នៅទីក្រុងប៉ារីស។

ការជួបពិភាក្សាការងារនេះក្នុងគោលបំណងដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍវិស័យកសិកម្ម ជំហ៊ានថ្មី និងស្នើសុំការណែនំាពីក្រសួងដើម្បីជំរុញឱ្យការអនុវត្តគម្រោងនេះមានប្រសិទ្ធិភាព និងនិរន្តរភាព។

លោកស្រី Alexia HOFMANN បានលើកទ្បើងថា ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៏កំពុងរៀបចំគម្រោងអភិវឌ្ឍកសិកម្មថ្មី ដែលផ្តោតលើការវិនិយោគប្រព័ន្ធធារាស្រ្តកាត់បន្ថយផលប៉ះពាល់បរិស្ថានពង្រឹងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ បង្កើនតម្លៃបន្ថែមទៅលើផលិតផលកសិកម្ម ការគាំទ្រសហគមន៏ និងចងក្រងជាសហភាពសហគមន៏ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការធ្វើពិពិធកម្មកសិកម្មដែលមានភាពវៃឆ្លាតទៅនឹងស្ថានភាពអាកាសធាតុ។

ជុំវិញរឿងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានបញ្ជាក់ថាកម្លាំងកសិករដែលប្រកបរបរកសិកម្មសុទ្ធសាធ បានថយចុះជាលំដាប់នៅក្នុងឆ្នំា២០១៧ ដែលអាចថយមកត្រឹមជាង៤២ភាគរយ ហើយនៅក្នុងឆ្នំា២០៣០ ខាងមុខនឹងថយមកត្រឹម ២៩ភាគរយ។

បើតាមការបញ្ជាក់បន្ថែមពីអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទ្បោ រស្មី បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងថា មូលហេតុដែលកម្លាំងកសិករប្រកបរបរកសិកម្មមានការថយចុះជាលំដាប់នេះ គឺដោយសារប្រជាកសិករបានកាត់បន្ថយការប្រើប្រាស់កំលំាងរបស់ខ្លួនទៅប្រើប្រាស់កំលំាងគ្រឿងយន្តជំនួសវិញរហូតទៅដល់ជាង៩០%។​​

លោក ទ្បោ រស្មី បន្តការធ្លាក់ចុះកំលាំងពលកម្មកសិករនេះនឹងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់ប្រជាកសិករ។ «ទី០១គាត់ចំណេញពេលវេលា អញ្ចឹងខ្លះមានដីស្រែតូចតាចគាត់ប្រើប្រាស់គ្រឿងយន្តបន្តិចទៅចប់បាត់អញ្ចឹងហើយគាត់យកកំលាំងហ្នឹងទៅធ្វើការនៅក្រៅប្រទេសបានកម្រៃបន្ថែម ក្នុងនោះយើងគិតគូរទំាងអស់កាត់បន្ថយកំលំាងពលកម្មប៉ុន្តែយើងជួយបង្កើនបច្ចេកទេសកសិកម្មសមស្របទៅដល់បងប្អូនកសិករដើម្បីធ្វើយ៉ាងណាឱ្យទទួលបានផលច្រើន​»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៏កសិកម្មកម្ពុជា លោក សម វិទូ គាំទ្រការលើកទ្បើងនេះ។ លោកអះអាងថាជាទូទៅការធ្វើកសិកម្មនៅក្នុងសម័យទំនើបគឺត្រូវតែជំរុញឱ្យមានការប្រើប្រាស់កំលំាងគ្រឿងយន្តច្រើនជាងកំលំាងមនុស្ស។ ការណ៍នេះលោកសង្កត់ធ្ងន់ថាការថយចុះកំលាំងពលកម្មរបស់កសិករ ជំនួយដោយប្រើកំលំាងគ្រឿងយន្តពិតជាផ្តល់ប្រយោជន៏ដល់ប្រជាកសិករច្រើន។ «ជាទូទៅគឺគាត់អាចយកពេលហ្នឹងទៅប្រើប្រាស់ទៅលើការធ្វើការងារផ្សេងទៀតហើយវាលឿនជាង វាអាចថាបើសិនជាឧទាហរណ៍ជាធម្មតាបើគាត់ព្យួរក្នុងមួយហិចតាវាត្រូវការប្រើរយៈពេល២-៣ថ្ងៃ ហើយគាត់មកព្យួរមួយហិចតារយៈ ៣-៤ ម៉ោង ចឹងគាត់នៅសល់ពេលផ្សេង គាត់អាចទៅធ្វើការងារផ្សេងដូចជាទៅប្រមូលជី ការធ្វើការផ្សេងៗទៀតដែលបម្រើផលប្រយោជន៏ដល់ពួកគាត់»

ដើម្បីសម្រេចបានគោលដៅក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនេះ​ ក្រសួងកសិកម្មក៏មានគោលនយោបាយជំរុញការអភិវឌ្ឍន៏វិស័យកសិកម្មដោយផ្អែកទៅតាមតម្រូវការទីផ្សារនិងការអនុវត្តកិច្ចសន្យាកសិកម្ម ដើម្បីធានាដល់និរន្តភាពនៃការដំាដុះ និងបង្កើនកម្រិតជីវភាពប្រជាកសិករ។

ដោយមើលឃើញពីការវិវឌ្ឍនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញឱ្យមានការពង្រីកការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងប្រព័ន្ធធារាស្រ្តបែបទំនើបដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការប្រើប្រាស់កំលំាងពលកម្ម និងផ្តល់ភាពងាយស្រួលដល់កសិករក្នុងការបង្កបង្កើនផល។

អ្នកនំាពាក្យក្រសួងកសិកម្ម លោក ទ្បោ រស្មី ឱ្យដឹងថានាពេលកន្លងមកមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៨០%ប្រកបរបរកសិកម្ម តែនាពេលបច្ចុប្បន្នេះប្រជាពលរដ្ឋប្រមាណតែជាង៦០%ប៉ុណ្ណោះប្រកបរបរកសិកម្មដោយសារតែពួកគេផ្លាស់ប្តូរពីការងារកសិកម្មទៅប្រកបការងារផ្សេងៗទៀតដែលមាននៅក្នុងប្រទេសកម្ពុជា៕

Share

Image
Image
Image