en     km
en     km

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

Share

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២២ មានអ្នកចូលរួមជាង ១ម៉ឺននាក់ មកពីជិត៧០ប្រទេស បានប្រព្រឹត្តទៅយ៉ាងរលូន និង បញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ កាល ពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៧ នៅទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុងវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងនេះ មានបែងចែកជាបីកម្រិត វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ដែលមានលក្ខណៈជំនាញ, វិញ្ញាសារត់ចំងាយ ១០គីឡូម៉ែត្រ មានលក្ខណៈជំនាញលាយសប្បាយ, និងវិញ្ញាសារត់ចំងាយ ៣គីឡូម៉ែត្រ លក្ខណៈគ្រួសារ ដើម្បីអប់រំ និងសប្បាយ។ វិញ្ញាសាទី១ និងទី២ ភាគច្រើន កីឡាកររត់បែបអាជីព មានជំនាញច្បាស់លាស់។ រីឯវិញ្ញាសាទី៣ រត់៣គីឡូម៉ែត្រ រត់លក្ខណៈគ្រួសារ សប្បាយ អប់រំ មានអ្នកចូលរួមគ្រប់វ័យ រួមទាំងកុមារផងដែរ។

 

 

ក្រុមយុវជនចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ

 

ជាលទ្ធផល សម្រាប់វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុន ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅលើកីឡាករជនជាតិចិន Qi Bian ជាអតីតម្ចាស់ជើងឯកក្នុងវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុនអង្គរ កាលពីឆ្នាំ២០១៦ បានបន្តគ្រងតំណែងជើងឯក សម្រាប់ការប្រកួតនៅឆ្នាំ២០១៧ នេះ ដោយប្រើថេរវេលា ១ម៉ោង ១២នាទី ២៤វិនាទី ។ លេខ២ បានទៅលើកីឡាករ ជនជាតិជប៉ុន Takizaki Kuniaki ប្រើថេរវេលារត់ ១ម៉ោង ១៤នាទី ៤២វិនាទី និងលេខ៣ បានទៅលើកីឡាករកម្ពុជា ម៉ា វីរ៉ូ ប្រើថេរវេលា ១ម៉ោង ១៥នាទី ៣៥វិនាទី ។ 

សម្រាប់វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុន ២១គីឡូម៉ែត្រ ផ្នែកនារីលេខ១ បានទៅកីឡាការិនីជនជាតិហូឡង់ Nic Amhlaoibh Maine ដោយប្រើថេរវេលា ១ម៉ោង ២៨នាទី ៤៥វិនាទី, លេខ២ បានទៅកីឡាការិនីជនជាតិបារាំង Messina Veronique ប្រើពេល ១ម៉ោង ៣១នាទី ២៩វិនាទី និងលេខ៣ បានទៅកីឡាការិនីអាល្លឺម៉ង់ Clarke Lyndsay ដោយប្រើថេរវេលា ១ម៉ោង ៣៣នាទី ៤០វិនាទី។ 

 

 

 

 

 

 

 

 

 

 

 

 

លោក សែម ផល្លា ប្រធានបច្ចេកទេសរៀបចំព្រឹត្តិការណ៍អន្តរជាតិរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ផ្តល់សម្ភាសដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា

លោក សែម ផល្លា ប្រធានបច្ចេកទេសរៀបចំព្រឹត្តិការណ៍អន្តរជាតិរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ ចាប់អារម្មណ៍ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកីឡាការិនី មានការចូលរួមកាន់តែច្រើន។ ជាក់ស្ដែងចុងឆ្នាំ២០១៧នេះ ស្រ្តីចូលរួមប្រមាណ៣០ភាគរយ ហើយចំនួនលើសលុបគឺជាស្រ្តី យុវតីជាជនជាតិខ្មែរ។ លោក សែម ផល្លា រំឭកថា កម្មវិធីរត់ម៉ារ៉ាតុងនេះ អាចដំណើរការទៅបានដោយមានការគាំទ្រពីវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ៍​ផងដែរជាអ្នកឧបត្ថម្ភធំ ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ឈរខាងឆ្វេងដៃឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

 

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ​ និងនាយក​ចាត់ការ​ទូ​ទៅនៃ​ក្រុមហ៊ុន​ មេនូ​ឡាយហ្វ៍​​ ខេមបូ​ឌា​ មានប្រសាសន៍ថា ឆ្នាំក្រោយក្រុមហ៊ុន​ មេនូឡាយហ្វ៍ នឹងឧបត្ថម្ភព្រឹត្តិការណ៍​រត់ប្រ​ណាំងអន្តរ​ជាតិ​​ពាក់កណ្ដាលម៉ារ៉ាតុងនៅ​អង្គរ​វត្ត​ជាបន្តទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ចាប់ផ្តើមមានវត្តមានសម្រាប់ប្រជាជនកម្ពុជា តាំងពីឆ្នាំ ១៩៩៦ ក្នុងគោលបំណងប្រមូលមូលនិធិដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ជនរងគ្រោះដោយសារគ្រាប់មីនដែលបានរួចជីវិតបន្ទាប់ពីសង្គ្រាមស៊ីវិល។

ទន្ទឹមគ្នានេះ ការរត់ម៉ារ៉ាតុងនៅកម្ពុជានេះ⁣⁣ មានគោលបំណងបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សទាំងអស់នៅក្នុងពិភពលោក ព្រមទាំងបង្ហាញពីភាពអស្ចារ្យនៃសម្រស់ប្រាសាទអង្គរ រាជធានីបុរាណនៃអាណាចក្រខ្មែរ 

អត្ថបទដោយ⁣លោក រស់ ⁣គង់ និងម៉ៅ សំណាង

Share

Image
Image
Image