en     km
en     km

កំពង់ធំ៖ របរលក់ដូរនៅតំបន់ដាច់ស្រយាលទទួលបានចំណូលសមរម្យ

Share

កំពង់ធំ​៖ អង្គុយក្នុងតូបតូចមួយមានអីវ៉ាន់ចាប់ហួយ នំនេក បន្លែត្រីសាច់មួយចំនួនផង នេះជាតូបលក់របស់អ្នកស្រី ឌិន សុខភឿន​ ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍។ អ្នកស្រី ឌិន សុខភឿន ប្រកបរបរលក់ដូរនៅតំបន់ដាច់ស្រយាលនេះជាង ៤ ឆ្នាំមកហើយដោយអាចរកប្រាក់ចំណូលពីការលក់ដូរនេះបានប្រមាណ ១០ម៉ឺនរៀលឡើងទៅក្នុងមួយថ្ងៃ។

អ្នកស្រី ឌិន សុខភឿន កំពុងលក់ដូរជូនប្រជាពលរដ្ឋក្នុងភូមិដែលភាគច្រើនជាអ្នកនេសាទ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ចំណែកតម្លៃលក់វិញអ្នកស្រីឱ្យដឹងថា គឺថ្លៃជាងនៅទីផ្សារឬក្នុងភូមិបន្តិចបន្តួចព្រោះជាតំបន់ដាច់ស្រយាលពីទីប្រជុំជន ប្រហែលជាជាង ១០ គីឡូម៉ែត្រពីខាងលិចភូមិចតុលោក។

​ជា​រៀងរាល់​ព្រឹក​អ្នក​ស្រី​តែងតែធ្វើដំណើរទៅ​​ផ្សារ​ដើម្បី​លក់​ត្រី​ដែល​ប្ដី​របស់​គាត់​រក​បាន ហើយ​គាត់​ក៏​ទិញ​របស់​របរ​បន្លែ​ដើម្បី​យក​មក​លក់​វិញ ដែល​អ្នក​ភូមិមក​ទិញ​​ភាគច្រើន​ជា​អ្នក​ធ្វើ​ស្រែ ជា​ពិសេស​​អ្នក​នេសាទ​ត្រី​តែ​ម្ដង។

ប្រជាពលរដ្ឋតែងមកទិញអីវ៉ាន់ទីនេះជាប្រចាំព្រោះផ្សារនៅឆ្ងាយ។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អ្នកស្រីប្រាប់បន្តថា អ្នកភូមិនៅទីនេះតែងមកទិញអីវ៉ាន់នៅតូបអ្នកស្រី ព្រោះ​​ផ្សារ​នៅ​ឆ្ងាយ​​។ ​អ្នក​ស្រី​ប្រាប់​ថា ​​ផ្ទះរបស់អ្នកស្រី​នៅ​ក្នុង​ភូមិ​ចតុលោក តែ​អ្នកស្រី​បាន​មក​ធ្វើ​រោង​លក់​អីវ៉ាន់​នៅ​តំបន់​ដាច់​ស្រយាល​នេះ ព្រោះ​មុខ​របរ​នេះ​ជួយ​ឲ្យ​គាត់​រក​ប្រាប់​ចំនូល​បន្ថែម​ពី​ការ​ធ្វើ​ស្រែ​និង​រក​ត្រី​របស់​ប្ដី​គាត់។

អ្នកស្រី សុខភឿន បញ្ជាក់ថា​មិន​បោះបង់​មុខ​របរ​នេះ​នោះឡើយ ដោយ​សារ​មុខ​របរ​នេះ​ហើយ​ដែល​ធ្វើ​អោយ​អ្នកស្រីមានជីវភាពធូធារ ​និង​អាចផ្គត់ផ្គង់​កូន​ៗ​រៀនសូត្រ​បាន ​ពិសេស​ជា​មុខ​របរ​ស្រាល​ដែល​គាត់​ចាស់​អាច​ធ្វើ​បាន​៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image