en     km
en     km

ពលរដ្ឋជនបទខ្លះសង់បង្គន់ពីស្លឹកត្នោតនិងស័ង្កសីចាស់ៗបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

Share

ខេត្តកំពង់ធំ៖ ជាគំរូមួយដ៏ល្អប្រសើរ ប្រជាពលរដ្ឋក្នុងភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មួយចំនួនបានសង់បង្គន់អនាម័យបិទបាំងដោយស្លឹកត្នោត និងស័ង្កសីចាស់ៗ ជំរុញអនាម័យរស់នៅ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

អ្នកស្រី ឡេង រ៉ុម រស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ  បានប្រាប់ថា កាលពីមិនទាន់មានបង្គន់អនាម័យប្រើ អ្នកស្រីនិងសមាជិកគ្រួសារតែងតែបន្ទោបង់ពាសវាលពាសកាលតាមកម្ពោតព្រៃ។

អ្នកស្រី ឡេង រ៉ុម ធ្វើបង្កន់អនាម័យដោយប្រើស័ង្កសីជាជញ្ជាំង។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

អ្នកស្រីបន្តថា គ្រួសារខ្លះប្រើបង្គន់ចាក់ផេះ ​ខ្លះ​កាប់​ដី​បន្ទោបង់​ហើយ​លប់​វិញ ខ្លះទៀតមានផ្ទះជាប់មាត់ទឹកក៏សង់បង្គន់បន្ទោបង់ដាក់ក្នុងទឹកតែម្ដង។ អ្នកស្រីបញ្ជាក់ទៀតថា ការបន្ទោបង់ពាសវាលពាសកាល ធ្វើឱ្យអ្នកស្រីនិងគ្រួសារមានសុខភាពមិនល្អ កូនៗជួបបញ្ហារាករូស ប្រឈមក្លិនស្អុយ បណ្តាលឱ្យប្រភពទឹកកង្វក់មិនអាចយកមកប្រើប្រាស់បាន។

បង្គន់អនាម័យរបស់អ្នកនៅជនបទស្រុកស្រែធ្វើតាមលទ្ធភាព។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

អ្នកស្រីបន្ថែមថា ការសង់បង្គន់អនាម័យប្រើ ព្រោះអ្នកស្រីបានយល់ដឹងច្រើនពីបញ្ហាសុខភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារក្រសួងសុខាភិបាលដែលបានចុះមកបង្រៀន អប់រំណែនាំ។ អ្នកស្រី ឡេង រ៉ុម ​បន្តទៀតថា ការងាកមកប្រើបង្គន់អនាម័យ គឺមានភាពងាយស្រួល ជាពិសេសមានសុវត្ថិភាពសម្រាប់ស្ត្រីៗ និងក្មេងស្រី ធ្វើឱ្យបរិយាកាសល្អបរិសុទ្ធ មិនមានជម្ងឺរាករូសដូចមុន និងមិនប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់។ 

បង្គន់អនាម័យធ្វើពីស្លឹកត្នោតរបស់អ្នកភូមិបាណក ដែលសង់តាមលទ្ធភាពដែលខ្លួនមាន។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

ជាចុងក្រោយអ្នកស្រី  ឡេងរ៉ុម សុំអំពាវនាវដល់ប្រជាជនក្នុងសហគមន៍ទាំងអស់ បែរមកប្រើបង្គន់អនាម័យអោយបានគ្រប់ៗគ្នា និងសង់បង្គន់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image