loader

រីណា ស្រ្តីពិការការនិយាយនិងស្តាប់តស៊ូដើរដកផ្សិតក្នុងព្រៃរកប្រាក់ផ្គត់ផ្គង់គ្រួសារ

ក្នុងអត្ថបទមុនវិទ្យស្ត្រីបានបង្ហាញពីរបរធ្វើ«ឈ្នុល»ពីឫស្សីរបស់ រីណា ហៅស្រីតូច។ ថ្ងៃនេះយើងសូមលើកយកការងារមួយទៀតរបស់ រីណា ស្រ្តីខ្មែរឥស្លាម គឺការដើររកផ្សិតក្នុងព្រៃក្បែរភូមិមកចែកជូននាង កញ្ញាលោក លោកស្រី ជ្រាបដូចតទៅ។

ព្រលឹមស្រាងៗមាន់រងាវ រីណា ហៅស្រីតូច ចាប់យកថង់ និងកាំបិតផ្គាក់ ដើរសំដៅទៅក្នុងព្រៃក្បែរជើងភ្នំ ឆ្ងាយពីភូមិប្រហែល ២ គីឡូម៉ែត ដើម្បីដកផ្សិតមកលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

រីណា ចេះធ្វើកិច្ចការច្រើនដូចមនុស្សប្រុស មានដើរដកផ្សិតក្នុងព្រៃ ធ្វើឈ្នុល ធ្វើលប ទ្រូ និងដើរបង់សំណាញ់រកត្រីជាដើម។ រូបភាព ទៀត កាមីឡះ យុវេជនខេត្តកំពង់ធំ

ស្រ្តីវ័យ ២៧ឆ្នាំ តែងខ្លួនដូចបុរសរូបនេះ មានពិការភាពតាំងពីកំណើត គឺពិការការនិយាយ និងស្តាប់(គ និងថ្លង់) ហើយនាងសិក្សាបានត្រឹមថ្នាក់ទី ២ ប៉ុណ្ណោះ។

រីណា បានប្រើកាយវិការជាភាសាសញ្ញាប្រាប់អ្នកសារព័ត៌មានថា រីណា មានបងប្អូន ៣នាក់ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេតុ្តកំពង់ធំ តែឳពុកម្តាយវិញទៅរស់នៅរកស៊ីនៅស្រុកឆ្ងាយ។

រីណា ប្រាប់បន្តដោយប្រើកាយវិការរៀបរាប់ថា ការដកផ្សិតនេះ គឺទៅរកនៅរដូវភ្លៀង យប់ណាដែលមានភ្លៀងធ្លាក់ខ្លាំង នោះគឺសំបូរផ្សិតដុះច្រើន។ រីណា បន្តថា ផ្សិតច្រើនដុះនៅតាមដីដំបូកសើមៗ។

ផ្សិតកញ្ចូរដែល រីណា ដកពីក្នុងព្រៃក្បែរភូមិ។ រូបភាព ទៀត កាមីឡះ យុវេជនខេត្តកំពង់ធំ

រីណា បានលើកដៃខ្វែងចុះ ខ្វែងឡើងជាភាសាកាយវិការប្រាប់ថា​ ការរកផ្សិតក្នុងព្រៃនេះមិនមែនជារឿងងាយស្រួលនោះទេ ត្រូវកាប់ឆ្ការព្រៃមានដោយបន្លាផង ជួនពេលខ្លះមានសត្វពស់ ឬក្អែបវាលចេញមកផងដែរ។

រីណា គូសបញ្ជាក់ទៀតថា នាងធ្លាប់ប្រឈមមុខនឹងបុរសពីរបីនាក់ដែលប៉ិនប៉ងចងចាប់រំលោភនាង។ តែសំណាងល្អ រីណា មានកាំបិតផ្គាក់ក្នុងដៃ គួបផ្សំជាមួយកាយសម្បទានិងកម្លាំងដូចបុរសផង រីណា បានតស៊ូរហូតជនទាំងនោះរត់ផាសក្រញាំអស់។

សកម្មភាពធ្វើឧបករណ៍នេសាទរបស់ រីណា ដែលជាខ្មែរឥស្លាមរស់នៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាពពី ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

សម្រាប់ការរកផ្សិតវិញ រីណា បញ្ជាក់ថា នាងអាចរកបានផ្សិត ២គីឡូ ហើយតម្លៃវិញ​អាចលក់បាន ២៥០០០រៀលក្នុងមួយគីឡូ។ ក្រៅពីការរកផ្សិត និងធ្វើឈ្នុលឫស្សី រីណា ក៏ចេះធ្វើ លប និងទ្រូ ដាក់ត្រីផងដែរ។ ប្រាក់ដែល រីណា ទទួលបានគឺសម្រាប់ចំណាយក្នុងជីវភាពរស់នៅ និងការសិក្សារបស់ប្អូន៕

អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋឃុំបារាយណ៍ទទួលបានអំពូលសូឡាបំភ្លឺក្នុងគេហដ្ឋាន

កំពង់ធំ៖ ប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកបារាយណ៍ ខ[...]

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩

នាងកញ្ញា លោក លោកស្រី ប្រិយមិត្តអ្នកស្តាប់ជាទី[...]

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩

MC៖ យុវជនកម្ពុជាកំពុងពេញនិយមក្នុងការប្រើបណ្តា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត