loader

«ឈ្នុលឫស្សី»ឧបករណ៍ជួស មង សំណាញ់ ខ្សត់អ្នកចេះធ្វើ

ខេត្តកំពង់ធំ៖ ដៃម្ខាងកាន់កាំបិត ដៃម្ខងទៀតកាន់ចម្រៀកឫស្សី រីណា ហៅស្រីតូចអាយុ ២៧ឆ្នាំ បានចិតច្រៀកចោះចម្រៀកឫស្សីប្រវែងប្រហែលមួយចំអាមក្នុងដៃនោះចេញជា«ឈ្នុល»ដោយភាពពិនប្រសប់។

សកម្មភាពស្រីតូចកំពុងធ្វើឈ្នុល។ រូបភាព កាមីឡះ យុវជនខេត្តកំពង់ធំ

«ឈ្នុល»ជាឧបករណ៍ម្យ៉ាងធ្វើពីឫស្សីសម្រាប់ជួសសំណាញ់ និងមង ដែលជាឧបករណ៍នេសាទត្រី។ វាមានសណ្ឋានតូច ឬធំទៅតាមការជួសក្រឡាសំណាញ់ ឬមង ដែលគេត្រូវការ។

ងាកមក រីណា ជាឈ្មោះស្រ្តីខាងលើដែលចេះធ្វើឧបករណ៍«ឈ្នុលឫស្សី»នេះវិញ នាងរស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ស្រ្តីរូបនេះនាងចូលចិត្តតែងតួដូចជាបុរស ថែមទាំងកាត់សក់ខ្លីផងដែរ។ រីណាមិនអាចនិយាយ និងស្តាប់បានដូចមនុស្សទូទៅនោះទេ ព្រោះនាងពិការការនិយាយ និងស្តាប់(គ និង ថ្លង់)។

បើទោះបីនិយាយមិនបានក្តី តែកាយវិការរបស់រីណាបានប្រាប់អ្នកសារព័ត៌មានដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាតាំងពីតូចនោះអាចយល់បានថា កញ្ញាចេះធ្វើឈ្នុលនេះពីមនុស្សចាស់ៗក្នុងភូមិ​តាំងពីកុមារមកម្ល៉េះ។

សកម្មភាពស្រីតូចកំពុងធ្វើឈ្នុល។ រូបភាព កាមីឡះ យុវជនខេត្តកំពង់ធំ

រីណា ដែលមានបងប្អូនចំនួន ៣នាក់ តែឳពុកម្តាយបានរស់នៅឆ្ងាយពីកូនៗ នាងបានប្រើកាយវិការប្រាប់ពីវិធីធ្វើថា ដើម្បីធ្វើឈ្នុលបាន កញ្ញាត្រូវទៅទិញដើមឫស្សីណាចាស់ៗ ដែលមានតម្លៃប្រហែល ៣ពាន់រៀលក្នុងមួយដើម។ ការយកឫស្សីចាស់មកធ្វើគឺអាចធានាពីភាពរឹងមាំរបស់ឈ្នុលបាន។

កញ្ញាបន្តថា នាងអាចធ្វើឈ្នុលនេះបានប្រហែល ១៥ ដើមក្នុងមួយថ្ងៃ ហើយលក់បានក្នុងតម្លៃមួយពាន់រៀលក្នុងមួយដើម។ មុននឹងចាប់ផ្តើមធ្វើឈ្នុលនេះ កញ្ញាត្រូវយកចម្រៀកឫស្សីទៅត្រាំទឹកត្រីដើម្បីឱ្យឈ្នុលដែលធ្វើចេញមកមានភាពស្វិត និងរឹងមាំល្អ។

តាមការអង្កេតឃើញថា របរធ្វើឈ្នុលពីឫស្សីស្ទើរតែអស់អ្នកចេះធ្វើទៅហើយក្នុងស្រុក និងខេត្តកំពង់ធំនេះ ព្រោះគេនិយមប្រើឈ្នុលជ័រដែលនាំចូលពីវៀតណាម។

តែយ៉ាងណា រីណាដែលមានកម្រិតសិក្សាត្រឹមថ្នាក់ទី ២ រូបនេះ មិនដែលបោះបង់ការធ្វើឈ្នុលឫស្សីនេះឡើយ ព្រោះនាងស្រលាញ់ និងចូលចិត្តធ្វើវា ហើយការងារនេះអាចរកប្រាក់ចំណូលបានបន្ទាប់ពីរបរបង់សំណាញ់ និងរបររកផ្សិតក្នុងព្រៃ។

ក្នុងអត្ថបទក្រោយយើងខ្ញុំនឹងនាំយកព័ត៌មានទាក់ទងពីរបររកផ្សិតក្នុងព្រៃរបស់ រីណាឬស្រីតូច មកជូននាងកញ្ញាជ្រាបបន្តទៀត៕

អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនស្រុកមោងឫស្សីសម្តែងក្តីរីករាយពេលបានសិក្សាផ្នែកព័ត៌មាន(MIL)

បាត់ដំបង៖ យុវជនស្រុកមោងឫស្សី ខេត្តបាត់ដំបងចំន[...]

បាត់ដំបង៖សិស្សនិទ្ទេសAបីរូបក្នុងស្រុកមោងឫស្សីទទួលបានម៉ូតូជារង្វាន់លើកទឹកចិត្ត

បាត់ដំបង៖ សិស្សប្រឡងជាប់និទ្ទេស A ក្នុងសម័យប្[...]

វត្តទាំង៧ក្នុងឃុំឈូកខ្សាច់បានត្រៀមកម្លាំងប្រជាការពារសម្រួល សណ្តាប់ធ្នាប់អំឡុងពិធីកាន់បិណ្ឌ

កំពង់ធំ៖ ខណៈរដូវកាលកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត