en     km
en     km

ក្រសួងដែនដីទទួលជួបតំណាងប្រជាពលរដ្ឋតវ៉ាករណីវិវាទដីសម្បទានចំការកៅស៊ូមេម៉ត់

Share

ក្រុងភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ រួមជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលខេត្តក្រចេះ និង តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានទទួលជួបតំណាងប្រជាពលរដ្ឋដែលមកតវ៉ាករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចមួយនៅខេត្តក្រចេះ។

ដីសម្បទានសេដ្ឋកិច្ចនេះ ត្រូវបានរដ្ឋាភិបាលបានប្រគល់ជូនទៅក្រុមហ៊ុនចំការកៅស៊ូ​មេម៉ត់ ស្ថិតនៅឃុំ ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ​២០១៨ នាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ដែលបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នា​២០១៨។

បើតាមសេចក្តីប្រកាសព័ត៌មាន តំណាងប្រជាពលរដ្ឋទទួលស្គាល់ថាបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋដែលបានផ្តល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន មេមត់ពិតប្រាកដមែន ដោយសារកង្វះដីបង្កបង្កើនផល។ ក្រោយមកក៏បានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្តសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដៅពន្លឿនការធ្វើអត្ថសញ្ញាណកម្មពីមូលដ្ឋានដើមដែលប្រជាពលរដ្ឋ រស់នៅអចិន្រ្តៃយ៍ឲ្យបានច្បាស់លាស់ ហើយយល់ព្រមទទួលយកភាគី តាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្តក្រចេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានសន្យាសហការជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការចូលទន្រ្ទានដីរដ្ឋ ការញុះញង់ នងិ ការក្លែងបន្លំផ្តល់ព័ត៌មានមិនពិត ដែលបង្ករឲ្យមានភាពយឺតយ៉ាវដល់ដំណើរការដោះស្រាយ។ ក្នុងករណីមានការបន្តទទ្រ្ទានដី នោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕  

Share

Image
Image
Image