en     km
en     km

មន្រ្តីក្រសួងសេដ្ឋកិច្ច៖គម្រោងកាត់ជំនួយ ឬការដាក់ទណ្ឌកម្មណាមួយពីបរទេសលើកម្ពុជាគឺគ្មានប្រសិទ្ធភាពនោះទេ

Share

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហរិញ្ញាវត្ថុបានលើកទ្បើងថា ប្រសិនបើមានការកាត់ជំនួយ ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណា មួយនោះមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកម្ពុជានោះទេ។ តែអ្នកវិភាគសេដ្ឋកិច្ចម្នាក់ថាបើបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា មែននោះអាចនឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជា។ ការថ្លែងនេះធ្វើទ្បើងក្នុងវេទិកាសាធារណៈស្តីពី ថវិកាឆ្នំា ២០១៨ ព្រឹកថ្ងៃទី១៥ មករា ឆ្នំា២០១៨ នាក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

នាពេលចុងក្រោយនេះគេសង្កេតឃើញស្ថានភាពនយោបាយនៅកម្ពុជាមិនសូវមានភាពល្អប្រសើរនោះទេបន្ទាប់ពីមានការចាប់ខ្លួនអតីមេបក្សសង្គ្រោះជាតិ ការំលាយគណបក្សសង្គ្រោះជាតិ ការបិទអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើឱ្យប្រទេសដែលផ្តល់ជំនួយមកកម្ពុជា រៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬកាត់ជំនួយមកលើប្រទេសកម្ពុជាជាដើម។ តែករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថាប្រសិនបើមានមែននោះនឹងមិនធ្វើឱ្យប៉ះពាល់កម្ពុជានោះទ្បើយ។

ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពី ថវិកា ឆ្នំា២០១៨ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក    វង្សី វិស្សុត បានលើកទ្បើងថាកម្ពុជាជាប្រទេសដែលអាចដើរដោយខ្លួនឯងបាន ព្រោះកម្ពុជាជាប្រទេសដែលមានភាពរឹងមំាក្នុងការគ្រប់គ្រងសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។

ការណ៍នេះលោកថាទោះបីមានការគំរាមណាមួយពីបរទេសដែលចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ឬកាត់ជំនួយមកកម្ពុជាក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់កម្ពុជានោះដែរ។ លោកអះអាងថាការមិនប៉ះពាល់នេះព្រោះកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ច និងមានភាពរឹងមំាក្នុងការត្រៀមខ្លួនរួចជាស្រេចពីបញ្ហាទំាងអស់នេះ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះសង្កត់ធ្ងន់ថាបើមានការគំរាមកំហែងដូចនេះនឹងធ្វើឱ្យកម្ពុជាកាន់តែខ្លំាងក្នុងការពង្រឹងកំណែទម្រង់របស់ខ្លួនបន្ថែមទៀត។

លោក    វង្សី វិស្សុត៖«ការគំរាមកំហែងណាមួយវាអាចជាឱកាសធ្វើឱ្យយើងខ្លំាងខ្លួនឯង​ ទណ្ឌកម្មសេដ្ឋកិច្ចឯកឧត្តមអស់លោកសូមមើលទៅ នៅលើពិភពលោកគ្មានអ្នកធ្វើឱ្យការដាក់ទណ្ឌកម្មនោះមានប្រសិទ្ធភាព មានប្រទេសណាដែលធ្វើទណ្ឌកម្មដាក់ប្រទេសមួយមានប្រសិទ្ធភាពអាចស៊ែបានទេ បើធ្វើទៅប៉ះអ្នកណាប៉ះអ្នកក្រីក្រ អ្នកតូចតាចមិនអញ្ចឹង»។

តែអ្នកជំនាញខាងសេដ្ឋកិច្ច និងជាអ្នកវិភាគពីបញ្ហាសេដ្ឋកិច្ច លោក ច័ន្ទ សុផល បានលើកទ្បើងថា ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋពីបណ្តាប្រទេសក្រៅមួយចំនួនមកលើកម្ពុជានោះ ប្រាកដណាស់កម្ពុជានឹងរងផលប៉ះពាល់។ យ៉ាងនេះក្ដីលោកយល់ឃើញថាផលប៉ះពាល់នេះកម្ពុជាអាចដោះស្រាយបាន។ លោកថាកម្ពុជាមានភាពខ្លំាងក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ឬក៏អាចមានការពឹងពាក់លើដៃគូបន្ថែមទៀតដូចជាប្រទេសចិនជាដើមដើម្បីរកទុនបន្ថែមបំពេញចំនុចដែលខ្វះខាត។

លោក ច័ន្ទ សុផល ផ្តល់ជាអនុសាសន៍ថាកម្ពុជាត្រូវត្រៀមខ្លួនឱ្យបានច្រើនដើម្បីទប់ស្កាត់ពីការគំរាមកំហែងណាមួយពីបរទេស។ ក្នុងនោះលោកសង្កត់ធ្ងន់ថាកម្ពុជាត្រូវតែកែទម្រង់របស់ខ្លួនឱ្យបានច្រើនទាក់ទងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានខ្លំាងជាងនេះបន្ថែមទៀត នោះកម្ពុជានឹងអាចទប់ស្កាត់បាននូវអត្រាប្រឈមនានាពីការគំរាមកំហែងពីបរទេស។

លោក ច័ន្ទ សុផល ៖«មានសក្តានុពលច្រើនដែលកម្ពុជាអាចពង្រឹងខ្លួនតាមរយៈការបម្រើសេវាសាធារណៈឱ្យមានប្រសិទ្ធភាព ជំរុញឱ្យធុរកិច្ចទំាងអស់មានភាពចំណេញជាងមុន និងបង្កើតបរិស្ថានល្អក្នុងការវិនិយោគ និងពាណិជ្ជកម្ម។ ហើយសេវាសាធារណៈរបស់រដ្ឋហ្នឹងក៏ត្រូវខិតខំធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ទៅទំាងក្នុងការប្រមូលថវិកា ប្រមូលពន្ធពីអ្នកមាន ហើយបញ្ចេញទៅវិញក្នុងការជួយទៅដល់អ្នកក្រ និងវិស័យអទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់យើង»។

តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឱ្យដឹងនាថ្ងៃទី ១៥ មករា ឆ្នំា២០១៨នេះថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ កាលពីឆ្នំា២០១៦ មានចំនួន១ពាន់៣០២ដុល្លារក្នុងមួយឆ្នាំ។ ដោយទ្បែក ការប៉ាន់ស្មានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នំា២០១៧ មានចំនួន ១៤៣៥ ដុល្លារ និងឆ្នាំ២០១៨ នេះការព្យាករណ៍ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នឹងកើនបាន ១៥ ៦៨ ដុល្លារក្នុងមួយឆ្នំា។

ទន្ទឹមនឹងការកើនទ្បើងនៃកំណើរប្រាក់ចំណូលយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ចក៏បានឱ្យដឹងពីបព្ហាប្រឈម និងហានិភ័យមួយចំនួនផងដែរក្នុងការអនុវត្តផែនការថវិកាឆ្នំា២០១៨របស់ខ្លួន។ បញ្ហាប្រឈម និងហានិភ័យទំាងនោះកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅ។

កត្តាខាងក្នុង សម្ពាធចំណាយថវិកា បន្ទុកបុគ្គលិក ក្នុងខណៈចំណូលថវិកាកៀកនឹងពិដាននៃសក្តានុពលសេដ្ឋកិច្ច និន្នាការកើនទ្បើងនៃថ្លៃប្រេងសាំង និងសម្ពាធនៃថ្លៃម្ហូបអាហារ ថ្លៃអគ្គីសនីខ្ពស់ ប្រព័ន្ធដឹកជញ្ជូន និងទ្បូជីស្ទីកនៅទន់ខ្សោយ ផលិតផលទាប និងកង្វះជំនាញ។

ដោយទ្បែកកត្តាខាងក្រៅ កំណើនសេដ្ឋកិច្ចប្រទេសអភិវឌ្ឍមានកម្រិតទាប និន្នាការនៃគោលនយោបាយគំាពារនិយមនៅបន្ត ការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ និភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក ការថមថយកំណើនសេដ្ឋកិច្ចរបស់ចិន និងហានិភ័យនៃកំណើនខ្ពស់នៃឥណទានជាដើម៕

Share

Image
Image
Image