en     km
en     km

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកើនឡើង ជាង៣ពាន់លានដុល្លារនៅដំណាក់កាលប្រឈមនឹងការដាក់ទណ្ឌកម្ម

Share

ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហារបាយការណ៍ថា នៅរយៈពេល៩ខែដំបូង ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានជាង៣ពាន់ ១៨៦លានដុល្លារ ដោយ កើនឡើង៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។តែមេដឹកនាំសហជីពមួយបង្ហាញការ បារព្ធពីការធ្លាក់ចុះវិញ បើអាមេរិកដាក់ទណ្ឌកម្មដូចគំរោងការរបស់សហភាពអឺរ៉ុបដែលចង់ដកការអនុពន្ធEBA ។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ជូនសេចក្ដីរាយការណ៍៖ 

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញទៀតថា រយៈពេលខែ៩ ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញរបស់កម្ពុជាទៅអាមេរិក មានចំនួន២ពាន់ ៨៦៤លានដុល្លារ គឺ កើនឡើង២៧ភាគរយ។ ចំណែកអាមេរិកនាំចេញមកកម្ពុជាវិញ មានចំនួនជាង ៣២២ លានដុល្លារអាមេរិក កើតឡើង១២ភាគរយ។

កាលពីខែមេសា  ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជា បាន ជូនដំណឹង ថា រដ្ឋាភិបាលអាមេរិក របស់ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០ ដល់កម្ពុជា បន្ទាប់ពីកម្មវិធីនេះ បានបញ្ចប់កាលពីចុងឆ្នាំ២០១៧។

នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានជាង ៣ពាន់ ៤រយលាន ដុល្លារអាមេរិក។ ក្នុងនោះការនាំចេញទៅអាមេរិកមានជាង៣ពាន់លានដុល្លារហើយអាមេរិកនាំចេញចូលមកម្ពុជាមានជាង៤០០លានដុល្លារ។​ ផលិតផល ដែលកម្ពុជានាំចេញទៅអាមេរិកភាគច្រើនជាងគេគឺសម្លៀកបំពាក់។

កាលពីថ្ងៃទី២៦កញ្ញា សភាពាណិជ្ជកម្មអាមេរិក ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ក្រោមប្រធានបទ ឱកាសធុរកិច្ចនៅក្នុងវិស័យពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅសណ្ធាគារ Rosewood ភ្នំពេញ។ នៅក្នុងព្រឹត្តការណ៍នេះ តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហាញថា ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេទាំង ១៦ របស់សហរដ្ឋអាមេរិក គ្រោងនឹងបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារ ដោយផ្តោតលើវិស័យកសិកម្ម ស្រូវអង្ករ។

លោក Willem Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកសិកម្ម ក៏ដូចជាវិស័យស្រូវអង្ករគឺមានភាពប្រកួតប្រជែងខ្លាំងនៅលើឆាកអន្តរជាតិ។

តែយ៉ាងណាលោកថា សក្តានុពលនៃការនាំចេញ និង ការផលិតស្រូវអង្ករមានភាពវិជ្ជមាន ដែលជាហេតុទាក់ទាញឲ្យក្រុមហ៊ុនធ្វើការលើវិស័យនេះមានវត្តមានសហការជាមួយក្រុមហ៊ុនកម្ពុជា។

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបាន ធនាគាពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យួរករណ៍ កាលពីថ្ងៃនេះថា កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តថេរក្នុងរង្វង់៧ភាគរយ។

កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ក៏ជាការរួមផ្សំនឹងអត្ថប្រយោបានជន៍មកពីពន្ធអនុគ្រោះ ដែលជាប្រាក់ចំណេញហូរចូលថវិការដ្ឋមួយផ្នែកដែរ ។​តែយ៉ាងនេះក្ដីកម្ពុជា កំពុងប្រឈមនឹងការធ្លាក់កំណើនសេដ្ឋកិច្ចនេះវិញ បើ សហភាពអឺរ៉ុបនិងអាមេរិក ដកឬព្យួរការអនុគ្រោះពន្ធEBAពីកម្ពុជា ដូចស្ថាប័នអន្តរជាតិនេះកំពុងសិក្សាពីការដកប្រព័ន្ធEBA។

អ្នកវិភាគ ឯករាជ្យ ដែលជំនាញ កិច្ចការទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ច ព្រមានថា ករណីបាត់ពន្ធអនុគ្រោះ គឺជាការដើមហេតុនាំអោយវិនិយោគបរទេស គិតទៅរក ប្រទេសផ្សេងទៀត។

ពួកគេអាច ពិចារណាសារជាថ្មី ក្នុងការដកការវិនិយោគរបស់ខ្លួនទៅដាក់នៅប្រទេសទី ៣ ដែលជាប្រទេសមានការអនុគ្រោះពន្ធជំនួសកម្ពុជា។ កត្តានេះ អាចបណ្តាលឲ្យកម្ពុជាប្រឈមនឹងផលវិបាកមួយចំនួន ដូចជាវិបតិ្តឱកាសការងារ និង វិបត្តិប្រាក់ចំណូលដល់ពលរដ្ឋទាំងប្រយោលនិងមិនប្រយោល។

ពលរដ្ឋដែលទទួលចំណូលពីវិស័យនេះ អាចនឹងត្រូវប្រឈមក្នុងការបាត់បង់ឱកាសការងារ ចំណែកឯពលរដ្ឋមួយចំនួនដែលទទួលចំណូលប្រយោល ដូចជាការលក់សេវាកម្មទៅដល់កម្មករកម្មការនីរោងចក្រកាត់ដេរ ក៏ត្រូវបាត់បង់ឱកាស ព្រោះបាត់បង់តម្រូវការពីអតិថិជន។

គេអាចគិតថាការបាត់បង់ឱកាសការងារទាំងនេះ នឹងបង្កជាភាពលំបាកដល់រដ្ឋាភិបាល។ កាលពីសប្ដាហ៍មុន ក្រោយពីសហភាពអឺរ៉ុប បានធ្វើការព្រមានដូចនេះ ក្រុមសហភាពជីពឯករាជ្យ ដូចជា សហភាពសហជីព កម្ពុជាសម្ដែងការព្រួយបារម្ភពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ច កម្ពុជា នៅពេលសហភាពអឺរ៉ុប ការដកការអនុគ្រោះពន្ធEBA ចូលជាធរមាន។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ប្រសិនបើសហភាពអ៊ឺរ៉ុប ដាក់ទណ្ឌកម្មករមកលើកម្ពុជាដោយផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងធ្វើឲ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់កម្មកររាប់ម៉ឺននាក់ និងប៉ះពាល់ដល់អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។ ប្រធានសហជីពរូបនេះក៏ព្រមានពីការផ្ទុះអតិផរណា ករណីសេដ្ឋកិច្ចកម្ពុជារងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។

កាលពីប៉ុន្មានសប្ដាហ៍មកនេះ សមាគមរោងចក្រកាត់ដេរ​  ហៅកាត់ថាGMAC បានព្យាករណ៍ថា ករណីEBA អាចធ្វើឱ្យប៉ះពាល់ការងារកម្មករ ជាង ៧០ម៉ឺននាក់និង អ្នកទទួលផលប្រយោជន៍ ជាង២លាននាក់។

តែមិនថាឡើយ សហភាពអឺរ៉ុប ដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធ គឺកម្ពុជា ក៏ទទួលបានការអនុគ្រោះពន្ធពី សហរដ្ឋអាមេរិកដែរ។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយនៅខែធ្នូឆ្នាំ២០១៦ ​មានប្រហែល៣០០លានដុល្លារ លើពន្ធនៃទំនិញកម្ពុជានាំចូលទីផ្សារអាមេរិក។ 

ជារួមទៅ កម្ពុជាទទួលបានការអនុគ្រោះពីសហភាពអឺរ៉ុប ជិត៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

តែយ៉ាងនេះក្ដី កាលពីថ្ងៃទី២៩សីហា សម្តេច ហ៊ុន សែន បានបង្ហាញជំហររឹងមាំនៃសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

សម្តេច ហ៊ុន សែន លើកឡើងថា​ រដ្ឋាភិបាលបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរក្សាបាននូវកម្លាំងសេដ្ឋកិច្ចមួយរឹងមាំ ពិសេសគឺរក្សាបានតម្លៃទំនិញលើទីផ្សារមិនឱ្យឡើងខ្ពស់ ដែលជាផ្នែកមួយនៃការទប់ស្កាត់អតិផរណា។

សម្តេច ហ៊ុន សែន បន្តថា រដ្ឋាភិបាលកំពុងតែគិតគូរពីកម្រិតប្រាក់បៀវត្តន៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនានានៅឆ្នាំក្រោយ ពិសេសគឺប្រាក់ឈ្នួលកម្មករកាត់ដេរ ធ្វើយ៉ាងណាឱ្យសមាមាត្រនឹងតម្លៃទំនិញលើទីផ្សារ។ សម្តេចបានអះអាងថា អត្រាអតិផរណានៅកម្ពុជាបានរក្សានៅក្នុងកម្រិតមួយល្អជាងប្រទេសជិតខាង ហើយថាកម្ពុជាគឺមិនអាចមានហានិភ័យនៃអតិផរណាដូចនៅប្រទេស វេណេហ្សូអេឡា នោះដែរ។

ប្រទេស វេណេហ្សូអេឡា ក្រោមការដឹកនាំរបស់ប្រធានាធបតី នីកូឡាសម៉ាឌូរ៉ូ បានស្គាល់នូវវិបត្តិអតិផរណាយ៉ាងធ្ងន់ធ្ងរ គឺមាន់មួយក្បាលតម្លៃ ១៤លាន ៤សែនBolivar កាហ្វេមួយកែវតម្លៃ២លាន៤សែន Bolivar អង្ករ មួយគីឡូក្រាម តម្លៃ២លាន ៨សែន Bolivar នៅលើទីផ្សាររដ្ឋធានីការាកាស ។ តាមការចុះផ្សាយរបស់ សារព័ត៌មានIndependent Journal Review ក្រដាសអនាម័យមួយដុំក៏មានតម្លៃ ២លាន៦សែន Bolivarផងដែរ៕

 

 

 

Share

Image
Image
Image