loader

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេទាំង ១៦ របស់សហរដ្ឋអាមេរិក គ្រោងនឹងបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារ ដើម្បីបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា ឲ្យមានទីផ្សារប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ខណៈនេះក្រុមហ៊ុនឯកជនក្នុងស្រុកសាទរ និងវត្តមានរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីរួមគ្នាវាយលុកទីផ្សារអន្តរជាតិ។

លោក សេរីវឌ្ឍនៈ លម្អិតពីព័ត៌មាននេះ៖

សភាពាណិជ្ជកម្មអាមេរិក ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយនៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ ក្រោមប្រធានបទ ឱកាសធុរកិច្ចនៅក្នុងវិស័យពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅសណ្ធាគារ Rosewood ភ្នំពេញ។

នៅក្នុងព្រឹត្តការណ៍នេះ តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហាញថា ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេទាំង ១៦ របស់សហរដ្ឋអាមេរិក គ្រោងនឹងបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារ ដោយផ្តោតលើវិស័យកសិកម្ម ស្រូវអង្ករ។

លោក Willem Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកសិកម្ម ក៏ដូចជាវិស័យស្រូវអង្ករគឺមានភាពប្រកួតប្រជែងខ្លាំងនៅលើឆាកអន្តរជាតិ។

តែយ៉ាងណាលោកថា សក្តានុពលនៃការនាំចេញ និង ការផលិតស្រូវអង្ករមានភាពវិជ្ជមានដែលជាហេតុទាក់ទាញឲ្យក្រុមហ៊ុនធ្វើការលើវិស័យនេះមានវត្តមានសហការជាមួយក្រុមហ៊ុនកម្ពុជា។

លោកបន្តថា វត្តមានរបស់ក្រុមហ៊ុនពាណិជ្ជកម្មអាមេរិកនៅកម្ពុជានឹងនាំយកបច្ចេកវិទ្យាទំនើបៗ ដែលកម្ពុជាមិនធ្លាប់​មានពីមុនមក ដោយប្រែមុខមាត់ថ្មីក្នុងវិស័យនេះ ប្រកួតប្រជែងលើឆាកអន្តរជាតិ។លោកបានបញ្ជាក់តាមអ្នកបកប្រែថា៖ «នៅក្នុងវិស័យនេះ គឺមានការប្រកួតប្រជែងច្រើន ហើយវាត្រូវហើយដែលក្រុមហ៊ុនអាមេរិកមកកម្ពុជា ហើយក្រុមហ៊ុនអាមេរិកគឺថាមានជំនាញបច្ចេកទេសខ្ពស់ ល្អៗ ដែលជួយក្រុមហ៊ុនកម្ពុជាក្នុងការប្រកួតប្រជែង។ ហើយក្នុងរយៈពេល ១០ ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនខាងកសិកម្ម វិស័យកសិកម្មរបស់កម្ពុជាក៏មានការរីកចម្រើនដែរ ដូច្នេះយើងឃើញថា ក្រុមហ៊ុនខ្មែរយើងជាដៃគូរដ៏ល្អសម្រាប់អាមេរិក។ »

ឯកអគ្គរដ្ឋទូតរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីជាកន្លងមកមានបញ្ហាចម្រូងចម្រាស់ផ្នែកនយោបាយ ដោយសេតវិមានបានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនៅកម្ពុជា យ៉ាងណាក្តី ក៏បញ្ហានេះពុំទាន់ដឹងច្បាស់ថា អាចនឹងមានវិធានការណ៍យ៉ាងណាលើកម្ពុជានោះទេ តែលោកសង្ឃឹមថានឹងមានផលវិជ្ជមានសម្រាប់រដ្ឋាភិបាលកម្ពុជា។

លោក William Heidt៖ «ចំពោះបញ្ហានេះ ខ្ញុំអត់មានអីត្រូវនិយាយទេ ហើយក៏មិនទាន់មានវិធានការណ៍យ៉ាងណាដែរ ហើយចំពោះទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យយ៉ាងជាក់លាក់ ហើយខ្ញុំរំពឹងថានឹងមានលទ្ធផលវិជ្ជមានសម្រាប់កម្ពុជា។​»

ទាក់ទងនឹងវត្តមាន ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក តំណាងក្រុមហ៊ុនឯកជនបានសម្លឹងឃើញឱកាសដ៏ល្អ ចំពោះវត្តមានរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice កម្ពុជា បានផ្តល់បទសម្ភាសន៍ខ្លីជាមួយវិទ្យុស្រ្តីថា វត្តមានរបស់ក្រុមហ៊ុនអាមេរិកល្បីទាំងនេះ នឹងបើកចំហរទីផ្សារកម្ពុជាកាន់តែទូលាយ ដោយពាំនាំយកបច្ចេកវិទ្យាទំនើបៗ មកកែប្រែមុខមាត់វិស័យកសិកម្ម ក៏ដូចជាស្រូវអង្ករកម្ពុជាបានទៀតផង។

លោក សុង សារ៉ន៖ «គឺយើងមានសេចក្តីសង្ឃឹមទៅវិញទេ ហើយក៏សង្ឃឹមថាគាត់នឹងបើកទីផ្សារឲ្យយើងហា៎ ហើយបញ្ជូនអ្នកបច្ចេកទេសមកលើកទី២ ទី ៣ ទៀត ព្រោះវាទើបតែជាលើកទី ១ ទេ ជាពិសេស Wallmart គឺជាទីផ្សារដែលធំជាងគេរបស់សហរដ្ឋអាមេរិកហ្នឹង! ដែលគាត់មានឥទ្ធិពលខ្លាំងលើសង្វាក់ផលិតកម្ម កែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាគាំទ្រផលិតផលខ្មែរបាទ!។»

ដោយឡែកនាយកប្រតិបត្ដិ ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា CEDAC លោក សម វិទូ យល់ថា ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកគឺជាផលវិជ្ជមានដ៏ល្អសម្រាប់ការបើកចំហរទីផ្សារកម្ពុជា។

យ៉ាងណាក៏ដោយ លោកនៅតែបង្ហាញពីក្តីបារម្ភថា ប្រសិនបើក្រុមហ៊ុនអាមេរិកទាំងនោះវិនិយោគដោយធ្វើកំណែទម្រង់សេន GMO លើផលិតផលកសិកម្ម នោះគឺជាហានិភ័យមួយដែលអាចឲ្យកម្ពុជាបាត់បង់ពូជខ្លួនឯង។

លោក សម វិទូ៖ «ខ្ញុំមានការព្រួយបារម្ភមួយថា គឺទាក់ទងនឹងរឿង ការបញ្ចូលសារធាតុGMO សម្រាប់មកផលិតនៅស្រុកខ្មែរ មានដូចជាគ្រាប់ពូជ មានដូចជាផលិតផល ដែលមានការប៉ះពាល់ ជាពិសេសការផលិតដែលមានសារជាតិគីមីអីចឹងបាទ! វាធ្វើឲ្យខ្មែរយើងអាចបាត់បង់ពូជដើមនៅថ្ងៃអនាគតបាទ! »

វិស័យកសិកម្ម និង ការនាំចេញស្រូវអង្ករទៅលក់លើទីផ្សារអន្តរជាតិ គឺជាសរសរស្តម្ភដ៏សំខាន់ដែលជ្រោងសេដ្ឋកិច្ចកម្ពុជា។ បើតាមរបាយការណ៍ របស់ធនាគារពិភពលោកបានផ្ដល់អនុសាសន៍ថា វិស័យនេះត្រូវការរក្សាកំណើនយ៉ាងហោចណាស់ ៥ ភាគរយក្នុងរយៈពេល ១៥ ឆ្នាំក្រោយ ដើម្បីរក្សាកំណើនប្រាក់ចំណូលកសិកម្ម។ ជាមួយកំណើននេះប្រាក់ឈ្នួលកសិករ ត្រូវបានព្យាករថានឹងកើនឡើង ៣ ដងពី ១ ២០០ ដុល្លារនៅពេលបច្ចុប្បន្ន ដល់ ៣ ៧៦០ ដុល្លារក្នុងឆ្នាំ។

ការនាំចេញស្រូវអង្ករកម្ពុជាសរុបបាន ៦៣៥ ៧០០ តោនកាលពីឆ្នាំទៅ ក្នុងនោះជាង ៤០ ភាគរយនាំចេញទៅសហភាពអឺរ៉ុប ( EU) ខណៈដែល ដៃគូដែលនាំចេញស្រូវអង្ករពីកម្ពុជាមានប្រទេសចិន នាំចេញ ៣០ ម៉ឺនតោនក្នុងមួយឆ្នាំៗ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោ[...]

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត