loader

តើអ្វីជាភាពខុសគ្នារវាងពន្ធអនុគ្រោះ EBA និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម FTA?

ក្រុងភ្នំពេញ៖ នារយៈពេលខ្លីនេះ សហភាពអឺរ៉ុបទើបតែចុះហត្ថលេខាថ្មីៗ ជាមួយវៀតណាមក្នុងការកាត់បន្ថយពន្ធនាំចូលរវាងប្រទេសទាំង២ ដែលគេស្គាល់ថា ប្រព័ន្ធពន្ធពាណិជ្ជកម្មសេរី (FTA) ខណៈដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបគ្រោងនឹង ដកប្រព័ន្ធពន្ធអនុគ្រោះ (EBA) ឬ កម្មវិធីអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលជាក្តីកង្វល់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ តែបើសង្កេតឲ្យម៉ត់ចត់ទៅ តើប្រភេទនៃប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះខុសគ្នាយ៉ាងណា?

នៅអាស៊ីអាគ្នេយ៍វៀតណាមគឺជាប្រទេសទី២ បន្ទាប់ពីសឹង្ហបុរី​ដែលទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីវៀតណាមបានខ្នះខ្នែងយ៉ាងមមាញឹកក្នុងការបញ្ចុះបញ្ចូលឲ្យ សហភាពអឹរ៉ុបចុះជាធរមានលើប្រព័ន្ធពន្ធមួយនេះ។ ជាការពិតណាស់ ប្រព័ន្ធពន្ធអនុគ្រោះពន្ធទំនិញស្ទើរ ៩៩ ភាគរយ ពិតជាមានសារៈសំខាន់សម្រាប់វៀតណាម ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជើងក្រោម និង មហិច្ចតាចង់ដណ្តើមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងតំបន់ផងដែរ។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកការទូតអន្តរជាតិ និង អ្នកជំនាញសេដ្ឋកិច្ចមួយបានចំនួនបានព្យាករណ៍ថា ប្រសិនបើវៀតណាមទទួលបានកិច្ចព្រមព្រៀងនេះ នោះរដ្ឋកុម្មុយនីស្តខ្លាំងប្រៀបបានទៅនឹងខ្លារដុះស្លាប ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និង កសិកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

បើគេនិយាយដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ ហៅថា FTA មានន័យថា គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសនិងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថាជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យការរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

យន្តការកាត់បន្ថយពន្ធនេះ គឺជាទស្សនៈវិស័យតែមួយគត់ដែលគេយល់ថា គឺជាកំណែទម្រង់សេដ្ឋកិច្ច ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហភាពអឺរ៉ុបមានគោលការណ៍លក្ខខណ្ឌជាច្រើនដើម្បីផ្តោះផ្តូរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាមួយបណ្តារប្រទេសនៅលើពិភពលោក។ សហភាពអឺរ៉ុបចង់បានការគោរពសិទ្ធិមនុស្ស នយោបាយ និង ការការពារបរិស្ថាន និង ផលិតផលដែលផលិតក្នុងស្រុក មិនយកពីប្រទេសទី ៣ មកធ្វើពាណិជ្ជកម្មជាមួយ ដែលនេះគឺជាចំនុចមួយជាផលប្រយោជន៍សម្រាប់មនុស្សជាតិ។

សម្រាប់វៀតណាម និង សហភាពអឺរ៉ុប នៅមុន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ទំហំដោះដូរ​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម មាន​ប្រមាណ ៥០ពាន់​លាន​អឺរ៉ូ។ តាម​លោកស្រី ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក ពាណិជ្ជកម្ម Cecilia Malmström វៀតណាម​ជាទីផ្សារ​សំខាន់ និង​មាន​សន្ទុះខ្លាំង ជាមួយ​អតិថិជន ប្រើប្រាស់ ប្រមាណ​៩៥លាននាក់។

សម្រាប់សហភាពអឺរ៉ុប កិច្ចព្រមព្រៀងដែលទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៧ ឆ្នាំ គឺដោយសារកត្តាការពិចារណាលើបញ្ហាសិទ្ធិមនុស្ស នយោបាយ ដែលវៀតណាមមានកំណត់ត្រាមិនល្អប៉ុន្មាននោះទេ។

ប៉ុន្តែ សម្រាប់​ស្នងការ​អឺរ៉ុប លើស​ពីផលប្រយោជន៍​សេដ្ឋកិច្ច សហភាព​អឺរ៉ុប សម្លឹង​ចង់​បាន​ផងដែរ ការគោរព សិទ្ធិមនុស្ស ការការពារ​បរិស្ថាន ហើយ​និង​សិទ្ធិ​របស់​ពលករ នៅទឹកដី​វៀតណាម។

កាលពីថ្ងៃ​អង្គារ ថ្លែង​ពីទីក្រុង​ហាណូយ រដ្ឋមន្រ្តី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ ស្វាគមន៍កិច្ចព្រមព្រៀង ដ៏សំខាន់ ជាមួយ​សហភាពអឺរ៉ុប។ សម្រាប់​វៀតណាម អំណើះតទៅ អ្នកវិនិយោគ​ពី​សហភាព​អឺរ៉ុប​នឹង​ទទួល​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​ដ៏រីកចម្រើន​របស់​វៀតណាម។ វៀតណាម​ជា​ប្រទេស​ដំបូងគេ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ដែល​សហភាពអឺរ៉ុប​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយ។ ក្រៅតែ​ពីវៀតណាម អឺរ៉ុប​កំពុង​សម្លឹង និង​ចរចា​ចង់​បង្កើតផងដែរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដូចជា ម៉ាឡេស៊ី និង​ថៃជាដើម។

សហភាពអឺរ៉ុបបាននិយាយបន្ថែមថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី នៅក្នុងតំបន់អាស៊ាន ។ ពាណិជ្ជកម្មរវាងវៀតណាម និង សហភាពអឺរ៉ុបគឺមានតម្លៃ ៤៧.៦ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ និង មាន៣,៦ ពាន់លានអឺរ៉ូ សម្រាប់សេវាកម្ម។

លោក ង្វៀន ដេញឆុង នាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចកណ្តាលប្រទេសវៀតណាម បានពន្យល់ថា វៀតណាមនឹងចំណេញច្រើនពីកិច្ចព្រមព្រៀងនេះដែលលោកហៅថាជាឱកាសមាស ឱកាសពេជ្រ​ទៅវិញ។ លោកវិភាគឃើញថា ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ នោះ វៀតណាមនឹងអាចរកចំណូល ប្រមាណ ២.៥ ភាគរយ បូកបញ្ចូលជាមួយ GDP សរុប នៅក្នុងឆ្នាំ ២០២០ ហើយ ៤.៦​ ភាគរយ នៅឆ្នាំ ២០២៥។

លោក ង្វៀន ដេញឆុង ថា៖ «ជាធម្មតាប្រសិនបើកិច្ចព្រមព្រៀងនេះ ជោគជ័យ នោះវៀតណាមនឹងក្លាយជាប្រទេសដែលអាចអភិវឌ្ឍ វិស័យបច្ចេកវិទ្យា ហើយក៏អាចបង្កើតការងារបានរាប់ម៉ឺនកន្លែងសម្រាប់ជីវភាពប្រជាជនក្នុ្ងងស្រុក ជាពិសេស គឺតំបន់ដាច់ស្រយ៉ាលផងដែរ។»

យ៉ាងណាក៏ដោយ ក្រុមអ្នកសេដ្ឋកិច្ចបានពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA គឺខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារតែវាមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងសងខាង ហើយក្រោយមកពីការទទួលបានផលពីពន្ធអនុគ្រោះ EBA។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមានលក្ខណៈភ្ជាប់គ្នាគឺដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង អ្នកទទួលបានអនុគ្រោះពន្ធ EBA ត្រូវតែគោរពលក្ខ័ណ្ឌសិទ្ធមនុស្ស។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)

EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក  (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។

កម្មវិធី​អនុគ្រោះ​ពន្ធ EBA ក៏ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ទាំងមូល​ដែរ មាន​គោលដៅ​ជួយ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​​កិច្ច​ប្រឹងប្រែង​​ឈាន​​ទៅ​​កាត់​បន្ថយ​​ភាព​​ក្រីក្រ លើក​កម្ពស់​​អភិបាលកិច្ច​​ល្អ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ដោយ​​ជួយ​​ជ្រោមជ្រែង​​ក្រុម​​ប្រទេស​​ទាំង​នោះ ឱ្យ​​បង្កើត​​ចំណូល​​បន្ថែម​​តាម​រយៈ​​ការ​​ធ្វើ​​ពាណិជ្ជកម្ម ឬ​​ជំនួញ​​អន្តរជាតិ។

ចំពោះកម្ពុជា ប្រព័ន្ធអនុគ្រោះពន្ធនេះបានជួយសម្រាលបន្ទុកសេដ្ឋកិច្ចជាច្រើន ក្នុងការនាំចេញវិស័យវាយនភណ្ឌ អង្ករ និង ជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ជជាតិ។  

ប៉ុន្តែនារយៈពេលចុងក្រោយនេះ កម្ពុជាកំពុងប្រឈមនឹងសម្ពាធពីការដកហូតទៅវិញ។ ករណីនេះ បើកម្ពុជារបូត EBA គឺកម្ពុជាត្រូវបំពេញកាតព្វកិច្ចបង់ពន្ធចូលទីផ្សារអឺរ៉ុប យ៉ាងតិច ជិត ៧០០ លានដុល្លារក្នុងមួយឆ្នាំៗ។ នេះ បើតាមទំហំពាណិជ្ជកម្មកម្ពុជា និង អឺរ៉ុប ដែលហក់ឡើងខ្ពស់នៅឆ្នាំ ២០១៨ គឺជាង ៥០០០ លានដុល្លារ ហើយក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារអឺរ៉ុបកើនឡើងជាង ៤០០០ លានដុល្លារ។ ប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ច និង ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចនឹងឈរទ្រឹង  ឬ ធ្លាក់មកក្រោម ៧ ភាគរយវិញ ប្រសិនបើបាត់បង់ EBA ។ អ្នកជំនាញសេដ្ឋកិច្ច ក៏បានប្រមើរមើលដែលថា រយៈពេល ១៥ ឆ្នាំ ទៅមុខទៀត ប្រទេសវៀតណាមដែលទទួលបាន FTA ជាមួយនឹងសហភាពអឹរ៉ុបនោះ គឺនឹងរុញសេដ្ឋកិច្ចវៀតណាមក្លាយជាសសរស្តម្ភនៅអាស៊ាន ហើយចំណែកកម្ពុជានឹងឈរទ្រឹងនៅរយៈពេល ១៥ ឆ្នាំទៀត។ តែយ៉ាងណាក៏ដោយទាំងសម្តេចនាយករដ្ឋមន្រ្តី និង អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា បើទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជានៅតែរក្សាជំហរសេដ្ឋកិច្ចបាន និងមិនស្លាប់ទេ៕

ព័ត៌មានទាក់ទង

សញ្ញាណមួយចំនួនបញ្ជាក់ថាឆ្នាំ 2020 ជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចពិភពលោក

ក្រុងភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជាវិប[...]

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ ក្រុងភ្នំព[...]

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត