en     km
en     km

សម្ដេច ស ខេង៖ បើអាមេរិកដកបម្រាមទិដ្ឋាការពីមន្ត្រីកម្ពុជា វាជាការផ្ដល់កាដូដល់កម្ពុជា

Share

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងអំណរគុណដល់លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ក្នុងការស្នើឱ្យរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ ការដាក់ទណ្ឌកម្មលើទិដ្ឋាការដល់មន្ត្រីកម្ពុជា។

សម្ដេចថា ​បើរដ្ឋាភិបាលអាមេរិកដកការហាមឃាត់នេះ គឺជាកាដូមួយសម្រាប់កម្ពុជា។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា​ ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក William A. Heidt ជួបជាមួយសម្ដេច ស ខេង នៅទីស្ដីការក្រសួងមហាផ្ទៃ នៅពេលលោកបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ។  

បន្ទាប់ពីជំនួបនេះ លោក ផា​ត សុផានិត អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ ប្រាប់អ្នកសារព័ត៌មានថា លោក William A. Heidt អះអាងថា លោកបានស្នើឲ្យរដ្ឋាភិបាលអាមេរិកពិចារណាដកការដាក់ទណ្ឌកម្មទិដ្ឋាការពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន តែមិនទាន់មានការឆ្លើយតប។ជាងនេះ លោក William A. Heidt នឹងបន្តជជែកលើរឿងនេះជាមួយអាមេរិកនៅពេលដែលលោកទៅដល់អាមេរិក។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណទៅលោក William A. Heidt ដែលបានស្នើឲ្យរដ្ឋាភិបាលអាមេរិកពិចារណាដកការដាក់ទណ្ឌកម្មនេះ។ សម្ដេចថា ប្រសិនបើអាមេរិកលុបចោលនូវបំរាមនេះមែន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 ប្រភេទទេសចរណ៍ និងជំនួញដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។

កន្លងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិក ចេញផ្សាយកាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៨ បញ្ជាក់ថា សភាអាមេរិកបានអនុម័តច្បាប់ « ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨»។ ច្បាប់នេះ គឺហាមមន្ត្រីជាខ្ពស់របស់កម្ពុជាចំនួន ១៧នាក់៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image