en     km
en     km

យុវជនបោះជំរុំនៅសហគមន៍នេសាទខេត្តកំពតចាត់ទុកកម្មសិក្សាបាននាំនូវបទពិសោធន៍ល្អៗ

Share

ត្រពាំងសង្កែ៖ ក្រុមយុវជន ១០០ នាក់ ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានធ្វើការបោះជំរុំរួមគ្នា្ននៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់និងឈ្វេងយល់បន្ថែមពីគោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល ព្រៃឈើ ក្នុងបរិបទនៃសន្តិសុខស្បៀងជាតិ។ ភាគច្រើនពួកគាត់ ទទួលបានការយល់ដឹងថែមទៀតពីរបៀបនៃការរស់នៅជាមួយបរិស្ថានធម្មជាតិដែលមិនអាចខ្វះបាន។ 

កម្មវិធីនេះ រៀបចំដោយ អង្គការ ActionAid បានធ្វើឡើងរយៈពេល ៣ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ រាយការណ៍ ៖

កម្មវិធីបោះជំរុំយុវជនស្តីពីគោលការណ៍ ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល ព្រៃឈើ ក្នុងបរិបទនៃសន្តិសុខស្បៀងជាតិ ឬ ហៅកាត់ថា VGGT មានការចូលរួមពីនិស្សិតមកពីគ្រប់សាកលវិទ្យាល័យប្រមាណ ១០០ នាក់ ដែលកម្មវិធីនេះ ធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុក ទឹកឈូខេត្តកំពត។

នៅក្នុងព្រឹត្តិការណ៍បោះជំរុំនេះ ក៏មានការអញ្ជើញចូលរួមពី មន្រ្តីជលផលខេត្តកំពត ប្រធានប្រឹក្សាសហគមន៍នេសាទត្រពាំងសង្កែ និង តំណាងយុវជនស្ម័គ្រចិត្តជាច្រើនរូបដែលមកពីខេត្តផ្សេងៗ តំណាងអង្កការ និង ដៃគូពាក់ព័ន្ធនានា ដោយលើកយកចែករំលែកបទពិសោធន៍ទាក់ទងទៅនឹង បញ្ហា ការតស៊ូមតិ និងការប្រឈមនានា ជុំវិញបរិបទនៃការគ្រប់គ្រងដៃធ្លី ធនធានធម្មជាតិ ដែលធ្លាប់បានកើតឡើងលើសហគមន៍មួយនេះ។

យុវជន ហង្ស ម៉េងស្រៀក ដែលជានិស្សិតសិក្សាឯកទេសវិទ្យាសាស្រ្តជលផល មកពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បានលើកឡើងថា បទពិសោធន៍អំពីការចែករំលែកចំណេះដឹងនានា អំពីធនធានធម្មជាតិ និង ការគ្រប់គ្រងអភិបាលកិច្ចនេះ គឺជាឱកាសល្អមួយដល់ល្អក្នុងការបណ្តុះគំនិតយុវជនឲ្យងាកមកស្រឡាញ់បរិស្ថាន។

យុវជនម្នាក់នេះ បានបន្តបន្ថែមថា បញ្ហាអភិបាលកិច្ចដីធ្លី និង ការរំលោភបំពានដីព្រៃលិចទឹក និង ព្រៃកោងកាងពីសំណាក់ក្រុមហ៊ុនឯកជននានា គឺជាក្តីកង្វល់ និង ហានិភ័យពីការបំផ្លាញធនធានធម្មជាតិកម្រទាំងនេះ។

យុវជន ហង្ស ម៉េងស្រៀក៖ «នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គឺបានផ្តល់នូវផលប្រយោជន៍មួយជាច្រើន ចំពោះនិស្សិតទូទៅយើង ឲ្យយល់ដឹងអំពីការគ្រប់គ្រងនិងគោលការណ៍ VGGT ជាក់ស្តែងគឺព្រៃកោងកាងនេះផងដែរ គឺវាមានគុណប្រយោជន៍ជាច្រើន គឺវាជួយទប់ស្កាត់កម្លាំងខ្យល់ផង ទប់ស្កាត់នីវ៉ូទឹកសមុទ្រ និង ចម្រោះយកគុណភាពទឹកផងដែរ។»

 

នាយិកាអង្គការ ActionAid កម្ពុជា លោកស្រី ហ៊ុន បូរមីដែលដឹកនាំក្រុមយុវជនបោះជំរុំ មានប្រសាន៍ថា ការរៀបចំកម្មវិធីបោះជំរុំនេះឡើងគឺក្នុងគោលបំណង ឲ្យយុវជនយល់ដឹងពីបញ្ញាតិ្ត គោលការណ៍ និង ការអនុវត្ត VGGT ឬ គោលការណ៍ ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល ព្រៃឈើ ក្នុងបរិបទនៃសន្តិសុខស្បៀងជាតិ បណ្តុះគំនិតយុវជនឲ្យចេះស្រលាញ់ធនធានធម្មជាតិ និង លើកកម្ពស់ ការគោរព ការការពារ និង បំពេញសេរីភាពបញ្ចេញមតិរបស់យុវជនក្នុងការចូលរួមការពារធនធានធម្មជាតិ។

លោកស្រី មានសុទិដ្ឋិនិយមថា យុវជនគឺជាអនាគតនៃអ្នកដឹកនាំ ហើយការបណ្តុះបណ្តាល យុវជនឲ្យចេះស្រលាញ់បរិស្ថាន យល់ដឹងពីអភិបាលកិច្ច ជម្លោះវិវាទ ការរំលោភបំពានលើដីធនធានធម្មជាតិ នឹង ធ្វើឲ្យពួកគេក្លាយជាទំពាំងស្នងមួយដែលមានគុណភាព ចេះស្រលាញ់ និង អភិរក្សបរិស្ថានធនធានធម្មជាតិ ទៅថ្ងៃអនាគត។

លោកស្រី ហ៊ុន បូរមី៖ «ខ្ញុំជឿជាក់ថា ពួកគាត់នឹងក្លាយជាអ្នកដឹកនាំប្រកបទៅដោយចំណេះ ដឹង យល់ដឹងពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋតាមជនបទ ក៏ដូចជាបរិស្ថាន នៅក្នុងអាជីពរបស់ពួកគេនៅថ្ងៃអនាគតធ្វើយ៉ាងម៉េចការពារផលប្រយោជន៍សម្រាប់ប្រជាជនយើង«។

តាមការកត់សម្គាល់យុវជនដែលបានទៅចូលរួមបោះជំរុំនេះ ភាគច្រើន ពួកគាត់ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ចំពោះដំណើរកម្មសិក្សាបែបធម្មជាតិនេះ ។ ពួកគាត់ចាត់ទុក កម្មសិក្សានេះ បាននូវបទពិសោធន៍ជាក់ស្ដែង ដែលជាកត្តាមួយ ជួយលើកទឹកចិត្ត និងជំរុញអារម្មណ៍ពួកគាត់កាន់តែស្វែងយល់ថែមទៀតពីតម្លៃនៃការគ្រប់គ្រងបរិស្ថានធម្មជាតិផ្កួបផ្សំនឹងជិវិតពិតៗរបស់ពួកគាត់ ដែល ស្ថិតនៅក្នុងវ័យជានិសិ្សតកំពុងក្រេបជញ្ជក់ចំណេះដឹងផ្នែកទ្រឹស្ដី។

សូមបញ្ជាក់ថា កម្មវិធី បោះជំរុំ នេះ ត្រូវបាន រៀបចំ ដោយ អង្គការ ActionAid ដែលផ្តល់ការគាំទ្រមូលនិធិដោយសហភាព អឺរ៉ុប (EU) ដឹកនាំ យុវជន ១០០ នាក់ ទៅ ឈ្វេងយល់ តំបន់ អេកូ ទេសចរណ៍ នៅ ភូមិ កំពង់ កេស ឃុំ ត្រពាំង សង្កែ ស្រុក ទឹកឈូរ ខេត្តកំពត ៕ 

 

 

 

 

 

 

 

 

Share

Image
Image
Image