loader

កម្មករ​រោងចក្រ​ ត្អូញត្អែរ​ពី​ឈ្នួល​ផ្ទះ​ឡើងថ្លៃ​ ខណ​:​ពេល​ប្រាក់ខែ​ឡើង​ ១៤០​ ដុល្លារ​

Cover-garment-worker2
កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ជា​ផ្លូវការ​នូវ​ប្រាក់​ឈ្នួល​អប្បរ​មា​ ដែល​បាន​ដំឡើង​ប្រាក់ខែ​ជួន​កម្មករ​ កម្ម​ការ​នី​ រោងចក្រ​ចាប់ពី​ ១២៨​ ដុល្លារ​ រហូត​ដល់​ ១៤០​ ដុល្លារ​ក្នុង​មួយ​ខែ​។​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ​ នឹង​ធ្វើ​ឡើង​ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​តទៅ​។​ ថ្វីបើ​មានការ​ដំឡើង​ប្រាក់ខែ​បែប​នេះ​ក៏​ដោយ​ ក៏​មាន​កម្មករ​ កម្មការិនី​រោងចក្រ​មួយ​ចំនួន​ បាន​ត្អូញត្អែរ​ពី​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ជា​ពិសេស​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ ជាដើម​។​

​បន្ទាប់​ពី​មានការ​សម្រេច​ដំឡើង​ប្រាក់ខែ​គោល​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ ដល់​កម្មករ​ កម្មការិនី​រោងចក្រ​ ចាប់ពី​ដើមឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ មាន​កម្មករ​មួយ​ចំនួន​នៅ​តែ​ត្អូញត្អែរ​ពី​ការ​ចំណាយ​ ច្រើន​ជាង​ចំណូល​ពី​ប្រាក់ខែ​ដែល​ពួក​គេ​ទទួល​បាន​។​

​ជាក់ស្ដែង​កម្មការិនី​ម្នាក់​មក​ពី​ខេត្តព្រៃវែង​អ្នកស្រី​ នាង​ និយាយ​ថា​ ថ្វីបើ​ប្រាក់ខែ​ឡើងថ្លៃ​ ប៉ុន្ដែ​តម្លៃ​ទំនិញ​ក៏​ឡើងថ្លៃ​ដែរ​ ជា​ពិសេស​ថ្លៃ​ផ្ទះ​ជួល​ ទឹក​ ភ្លើង​ក៏​ឡើងថ្លៃ​ដែរ​។​ អ្នកស្រី​ថា​ អ្នកស្រី​ត្រូវ​ចំណាយ​ផ្សេងៗ​ និង​ត្រូវ​ទិញ​ទឹកដោះគោ​ឱ្យ​កូន​ក្នុង​មួយ​ខែៗ​ អស់​ប្រហែលជា​ ១២០​ ដុល្លារ​ ហើយ​ប្រាក់​នៅ​សល់​បន្ដិចបន្ដួច​ ចាយវាយ​មិន​គ្រប់គ្រាន់​ ថែម​ទាំង​ត្រូវ​ជំពាក់​បំណុល​គេ​ថែម​ទៀត​។​ «​យើង​ឡើង​ប្រាក់ខែ​ពិតមែន​ តែ​តម្លៃ​ទំនិញ​អី​ វា​ចេះ​តែ​ឡើង​លើស​ហ្នឹង​ទៀត​ ដល់​អ៊‍ីចឹង​ធម្មតា​ទេ​បង​ ដូច​គ្មាន​អារម្មណ៍​ថា​អរ​អី​ទេ​ ព្រោះថា​ទំនិញ​ក៏​ឡើង​ ថ្លៃ​ផ្ទះ​ក៏​ឡើង​ទៀត​ ទឹក​ក៏​ឡើង​ ភ្លើង​ក៏​ឡើង​ ដល់​អ៊‍ីចឹង​ដូច​ហ្នឹង​បង​ គ្មាន​សល់​ដដែល​ហ្នឹង​។​ ខ្ញុំ​រាល់ថ្ងៃ​ ចំណាយ​មួយ​ខែ​អី​អស់​៦០​រៀល​ [​ដុល្លារ​]​ អី​វិ​ន​ ទាំង​ទឹកដោះគោ​កូន​ ១២០​ [​ដុល្លារ​]​ អី​នោះ​ ដល់​អ៊‍ីចឹង​មួយ​ខែ​អី​សល់​តែ​ ៣០​ ឬ​ ៤០​រៀល​ [​ដុល្លារ​]​ ហ្នឹង​ ហើយ​នៅ​ចាយ​រាល់​ខែ​អី​ទៀត​គ្មាន​ទេ​។​ ជួនកាល​ខ្ចី​លុយ​គេ​ចាយ​អ៊‍ីចឹង​ទៅ​ រក​លុយ​អត់​ទាន់​អ៊‍ីចឹង​ ប្ដី​រក​មិន​បាន​អ៊‍ីចឹង​ខ្ចី​លុយ​គេ​អ៊‍ីចឹង​ទៅ​»​។​

​អ្នកស្រី​សំណូមពរ​ សូមកុំ​ឱ្យ​មានការ​ដំឡើង​ថ្លៃ​ទំនិញ​ខ្ពស់​ពេក​ និង​ជា​ពិសេស​ផ្ទះ​ជួល​ កុំឱ្យ​មានការ​ដំឡើង​ថ្លៃ​។​ អ្នកស្រី​ថា​៖​
«​ខ្ញុំ​ចង់​សំណូមពរ​ថា​ អីវ៉ាន់​កុំឱ្យ​ឡើងថ្លៃ​ នៅ​ធម្មតា​ដដែល​ ហើយ​សំខាន់​ថ្លៃ​ផ្ទះ​ហ្មង​ ។​ ថ្លៃ​ផ្ទះ​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ប្រាក់ខែ​ផង​ ឥឡូវ​គេ​ទារ​ឡើង​ទៀត​ ទារ​ឡើង​ ៥​ រៀល​ [​ដុល្លារ​]​ ទៀត​ ៣០​ណា៎​!​ ឥឡូវ​គេ​ទារ​ឡើង​ ៥​ រៀល​ [​ដុល្លារ​]​ ទៀត​ ៣៥​ [​ដុល្លារ​]​។​ ដល់​អ៊‍ីចឹង​ ខ្ញុំ​សំណូមពរ​ថា​ កុំឱ្យ​ឡើងថ្លៃ​ផ្ទះ​អ៊‍ីចឹង​ណា៎​!​ កុំឱ្យ​កម្មករ​ឡើង​ប្រាក់ខែ​ តិចតួច​ហើយ​ឡើងថ្លៃ​ផ្ទះទឹក​ភ្លើង​ទៀត​ ដល់​អ៊‍ីចឹង​បង​ផ្គត់ផ្គង់​ម៉េច​កើត​»​។​
​    ​

កម្មករ កម្មការិនី ជាង ៤០០​នាក់នៅមុខរោងចក្រជីមលី

រីឯ​កម្មការិនី​ម្នាក់​ទៀត​មក​ពី​ខេត្តកណ្ដាល​ អ្នកស្រី​ ពៅ​ និយាយ​ថា​ ប្រាក់ខែ​ឡើងថ្លៃ​ ច្រើន​ជាង​មុន​វា​ជា​ការ​ល្អ​ ពី​ព្រោះថា​បច្ចុប្បន្ន​ប្រាក់ខែ​បាន​តិចតួច​ ថែម​ទាំង​ត្រូវ​បង់ថ្លៃ​ទឹក​ ភ្លើង​ក៏​ឡើងថ្លៃ​ថែម​ទៀត​ប្រាក់​នៅ​សល់​បាន​តិចតួច​ប៉ុណ្ណោះ​។​

​អ្នកស្រី​បន្ត​ថា​៖​ «​បើ​ឡើង​រាង​ច្រើន​ជាង​មុន​ទៀត​ក៏​ល្អ​ដែរ​ ព្រោះ​អី​ប្រាក់ខែ​ឥឡូវ​បាន​តែ​ ទប់​ ម៉ា​ចាយៗ​ តែ​វា​មិន​ សល់​ផង​ហ្នឹង​ ថ្លៃ​ផ្ទះ​ក៏​ឡើង​ ទឹក​ ភ្លើង​ ហើយ​ឥឡូវ​អីវ៉ាន់​ឡើង​ទៀត​ ដល់​ពេល​អ៊‍ីចឹង​ ពួក​ខ្ញុំ​បាន​ត្រឹមតែ​ម៉ា​ចាយៗ​ វា​មិន​សល់​។​ បើ​ថា​អីវ៉ាន់​ ថ្លៃ​ផ្ទះ​អី​ ដូច​មុន​អ៊‍ីចឹង​ អត់​សូវ​អី​ទេ​ រាង​សប្បាយចិត្ត​ មាន​អារម្មណ៍​ថា​ចង់​ធ្វើការ​ ដល់​ពេល​ថ្លៃ​ផ្ទះ​ឡើង​ អីវ៉ាន់​ក៏​ឡើង​ គ្មាន​ចង់​ធ្វើការ​ទេ​រាល់ថ្ងៃ​។​ វា​សល់​តែ​ម៉ា​ចាយ​ វា​មិន​សល់​ បាន​ត្រឹមតែ​ផ្គត់ផ្គង់​ទឹកដោះគោ​កូន​រាល់ថ្ងៃ​»​។​

​អ្នកស្រី​ពៅ​ ក៏​បាន​សំណូមពរ​ផង​ដែរ​ថា​ សូមកុំ​ឱ្យ​ម្ចាស់ផ្ទះ​ឡើងថ្លៃ​ឈ្នួល​ខ្ពស់​ពេក​ ព្រោះថា​ប្រាក់ខែ​កម្មករ​បាន​ឡើង​តិចតួច​ប៉ុណ្ណោះ​ ចំណែកឯ​ផ្ទះ​ជួល​ក៏​តូច​ ស្រាប់តែ​មក​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​មុន​ ថែម​ទៀត​។​ «​សូម​ឱ្យ​ចុះថ្លៃ​ផ្ទះ​ផង​ អីវ៉ាន់​ឡើងថ្លៃ​អ៊‍​‍ី​ចឹ​ង​ ហើយ​ថ្លៃ​ផ្ទះ​ឡើង​អ៊‍ីចឹង​ពិបាក​ណាស់​ មួយ​ឆ្នាំ​ឡើង​ តាម​ប្រាក់ខែ​ដែរ​ ចប់​ហើយ​ពួក​ខ្ញុំ​ ផ្ទះ​តូច​ហើយ​ប្រាក់ខែ​ ថ្លៃ​ផ្ទះ​ឡើង​ទៀត​ចប់​ហើយ​»​។​

​ចំណែកឯ​កញ្ញា​ ប៉ង់​ ស្រី​ចាន់​ ជា​កម្មការិនី​រោងចក្រ​មក​ពី​ខេត្តតាកែវ​ កញ្ញា​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ឮ​សូរ​ថា​ រដ្ឋាភិបាល​មានការ​ដំឡើង​ ប្រាក់ខែ​ឱ្យ​ខ្ញុំ​អ៊ីចឹង​។​ ប៉ុន្ដែ​ខ្ញុំ​យល់​ឃើញ​ថា​ កាលពីមុន​ប្រាក់ខែ​តិច​អ៊ីចឹង​ អីវ៉ាន់​ចាប់ហួយ​ក៏​ ថោក​ ហើយ​ឥឡូវ​ពេល​ដំឡើង​ប្រាក់ខែ​រោងចក្រ​អី​អ៊ីចឹង​ អីវ៉ាន់​ទំនិញ​អី​ក៏​ឡើងថ្លៃ​ ហើយ​ផ្ទះ​ ជួល​ក៏​ឡើងថ្លៃ​ទៀត​ ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​ចាយវាយ​ ព្រោះ​ស្អីៗ​ក៏​ឡើងថ្លៃ​ទៅ​តាម​ហ្នឹង​។​ ហើយ​ខ្ញុំ​គិត​ថា​ ប្រាក់ខែ​ប៉ុណ្ណឹង​មិន​អាច​សល់​បាន​ច្រើន​ដែរ​»​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​រៀបចំ​គ្រប់គ្រង​ពី​តម្លៃ​ផ្ទះ​ជួល​ហើយ​ ទោះបី​មិន​ទាន់​មានច្បាប់​នេះ​ដើម្បី​អនុវត្ត​ក៏​ដោយ​ តែ​លោក​ជឿជាក់​លើ​សហជីព​គួរតែ​នាំ​គ្នា​ធ្វើ​ចលនា​ ដើម្បី​ពន្យល់​ម្ចាស់ផ្ទះ​ទាំងអស់​ កុំឱ្យ​មានការ​ដំឡើង​ថ្លៃ​ឈ្នួល​។​

លោក​ថា​៖«​ទី​មួយ​យើង​ កំពុង​រៀបចំ​គ្រប់គ្រង​តម្លៃ​ផ្ទះ​ហើយ​ ទី​ពីរ​ខ្ញុំ​ជឿ​ថា​ យើងខ្ញុំ​អត់​មានការ​អនុវត្ត​ ឬ​ចាត់វិធានការ​ ដែល​យើង​មិន​ទាន់​មានច្បាប់​នេះ​ ក៏​ប៉ុន្ដែ​ខ្ញុំ​ជឿ​លើ​ខាង​សហជីព​ គួរតែ​នាំ​គា្ន​ ធ្វើ​ចលនា​ពន្យល់​ឱ្យ​ម្ចាស់ផ្ទះ​ទាំងអស់​ហ្នឹង​កុំឱ្យ​ដំឡើង​ថ្លៃ​ ឬ​ក៏​ចំពោះ​ការ​ដំឡើង​ប្រាក់បៀវត្ស​ជា​ការ​ខំប្រឹង​ប្រែង​របស់​និយោជក​ ហើយ​និង​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​ពង្រឹង​ប្រាក់​ចំណូល​ បន្ថែម​ទៅ​លើ​កម្មករ​ មិនមែន​ជា​ឱកាស​សម្រាប់​អ្នក​ដទៃ​នោះ​ទេ​។​

លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​
លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​

​ចំណែកឯ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​គឺ​លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ១៤០​ ដុល្លារ​នេះ​ គឺ​មិន​ទាន់​អាច​ធានា​ទៅ​លើ​ការ​រស់នៅ​ របស់​កម្មករ​បាន​ទេ​ ដោយ​សហជីព​កំពុងធ្វើការ​ទាមទារ​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ ដើម្បី​បង្កើន​ផលប្រយោជន៍​ជូន​កម្មករ​។​

«​តាម​ពិត​ទៅ​ ប្រាក់​ឈ្នួល​អប្បបរមា​ហ្នឹង​គឺ​ទើបតែ​ឡើង​បាន​ ១៤០​ ដុល្លារ​ នេះ​បើ​យើង​ពិនិត្យ​មើល​តាម​ជាក់ស្ដែង​ យើង​មិន​ទាន់​អាច​ធានា​ទៅ​លើ​ការ​រស់នៅ​របស់​កម្មករ​បាន​ទេ​ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ សហជីព​កំពុង​តែ​ធ្វើការ​ទាមទារ​ នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ ដើម្បី​បង្កើន​ផលប្រយោជន៍​កម្មករ​ ប៉ុន្ដែ​យើង​មិន​ដែល​គិត​ថា​ ម្ចាស់ផ្ទះ​ជួល​ហ្នឹង​គាត់​ អឺ​!​ ក្នុង​ពេល​ហ្នឹង​គាត់​ឆ្លៀតពេល​ដំឡើង​ថ្លៃ​ ដើម្បី​យក​ផលប្រយោជន៍​ពី​ការ​ឡើង​ប្រាក់​ឈ្នួល​ដ៏​តិចតួច​នេះ​ទេ​។​ យើង​អត់​ដែល​គិត​អ៊ីចឹង​ទេ​!​ ប៉ុន្ដែ​ដល់​យើង​ឮ​អ៊ីចឹង​ យើង​មានការ​សោកស្ដាយ​មែនទែន​»​។​

«​ប៉ុន្ដែ​សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ខែ​ប្រាំបួន​កន្លង​ទៅ​គឺ​ ខាង​សភា​បាន​អនុមតិ​ទៅ​លើ​ច្បាប់​ មួយ​ដែល​និយាយ​ថា​ ជា​ច្បាប់​ភតិសន្យា​ពិសេស​ នេះ​គឺជា​ច្បាប់​ជួល​ផ្ទះ​នេះឯង​ គឺ​មិនមែន​ អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​ហ្នឹង​ យក​ថ្លៃ​អី​ទៅ​លើ​បន្ទប់​ជួល​ហ្នឹង​បន្ថែម​ទៀត​ទេ​ ។​ អ​ញ្ចឹ​ង​ក្នុង​ ករណី​ដែល​គាត់​កំពុង​តែ​ធ្វើការ​យក​ថ្លៃ​ទៅ​លើ​បន្ទប់​ជួល​បន្ថែម​ នេះ​មាន​ន័យ​ថា​គាត់​រំលោភ​លើ​ច្បាប់​ ហ្នឹងហើយ​។​ ក្នុង​ករណី​ដែល​កម្មករនិយោជិត​ ឬ​ក៏​អ្នក​ជួល​ហ្នឹង​អាច​តវ៉ា​ ហើយ​និង​ការ​ប្ដឹង​ទៅ​ អា​ជា្ញ​ធរ​ដោះស្រាយ​ ខ្ញុំ​គិត​ថា​ប្រហែលជា​គាត់​មិន​អាច​យក​ថ្លៃ​ទៅ​លើ​បន្ទប់​ជួល​បន្ថែម​ទៀត​ ទេ​បាទ​»​។​ នេះ​គឺជា​ការ​លើក​ឡើង​បន្ថែម​ លោក​ អាត់​ ធន់​។​

​កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ រដ្ឋសភា​កម្ពុជា​បាន​អនុមតិ​ច្បាប់​ភតិសន្យា​ពិសេស​ មាន​ ៤​ជំពូក​ ១១​ មាត្រា​ ហើយ​គោលបំណង​នៃ​ការ​ធ្វើ​ច្បាប់​នេះ​ គឺ​ដើម្បី​ធានា​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ភ​តិ​បតី​ និង​ភ​តិកៈ​ ដែល​បាន​បង្កើត​ឡើង​ដោយ​ភតិសន្យា​ពិសេស​ ដើម្បី​ស្ថិរភាព​ក្នុង​ជីវភាព​រស់នៅ​សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត