loader

ការ​ប្រើ​ប្រាស់​ឡេ​លាយ​ដែលគ្មានគុណភាពអាច​ផ្តល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ស្លាប់​

​ភ្នំពេញ​៖ ​នារី​នៅ​កម្ពុជា​ភាគ​ច្រើន​និយម​ប្រើ​ប្រាស់​ឡេ​លាប​ស្បែក​ណា​ ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​ខ្លួន​សរ​ស្អាត​ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​។ ​ជាក់​ស្តែង​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ ​២០១១​ សារ​ព័ត៌​​មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ពី​ករណី​ស្រី្ត​វ័យ ​២១ ​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​ បាន​ស្លាប់​បន្ទាប់​ពី​ប្រើ​ឡេ​លាយ​លាប​ស្បែក​បាន​រយៈ​ពេល ​៦ ​ម៉ោង ​ដោយ​ចង់​ឱ្យ​ស្បែក​ស្អាត​នៅ​ថ្ងៃ​រៀប​ការ​។ ​ចំណែក​ នា​ពេល​បច្ចុ​ប្បន្ន​វិញ​ ការ​បង្ហោះ​រូប​​​ភាព​​ប្រតិ​កម្ម​​ឡេ​​លើ​​ស្បែក​​គួរ​​ឲ្យ​​តក់​​ស្លុត​​មាន​​យ៉ាង​​ច្រើន​​នៅ​តាម​​បណ្តាញ​​សង្គម​​ យើង​​មនុស្ស​​ទាំង​​ឡាយ​​ ក៏​​បាន​​ដឹង​​ពី​​ផល​​ប៉ះ​ពាល់​​នៃ​​ការ​​ប្រើ​ប្រាស់​ឡេ​លាយ​ឆាប់​ធ្វើ​ឱ្យ​ស្បែក​សរ​នេះ​ដែរ​។ ​ប៉ុន្តែ ​បើ​ទោះ​ជា​មាន​ករណី​ស្លាប់​ មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ប្រតិ​កម្ម​ឡេ​យ៉ាង​ណា​ក្តី​ ក៏​នារី​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ជ្រើស​រើស​ផលិត​ផល​ឡេ​លាយ​គ្មាន​ក្បួន​ត្រឹម​ត្រូវ​មក​ប្រើ​ដដែល​។ ​តើ​ហេតុ​អ្វី ​បាន​ជា​នារី​នៅ​តែ​បន្ត​លាប​ប្រើ​ឡេ​ប្រភេទ​នេះ​? ​តើ​សម្ជស្ស​ និង​សុខ​ភាព​មួយ​ណា​សំខាន់​ជាង​?​

ទាំងនេះជាឡេលាយសម្រេចដែលលាយដោយអ្នកលក់គ្រឿងសំអាងពីផលិតផលផ្សេងៗ ដាក់លក់នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន
ទាំងនេះជាឡេលាយសម្រេចដែលលាយដោយអ្នកលក់គ្រឿងសំអាងពីផលិតផលផ្សេងៗ ដាក់លក់នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន

​បើ​តាម​អ្នក​ប្រើ​ប្រាស់​ឡេ​លាប​ស្បែក​ម្នាក់ ​ដែល​ធ្លាប់​មាន​ប្រតិកម្ម​ស្បែក​ជា​មួយ​ឡេ ​កញ្ញា ​ផន ​សេរីរ័ត្ន​ បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​មុន​ថា​ នាង​ធ្លាប់​មាន​ប្រតិ​កម្ម​ម្តង​ ដោយ​ប្រើ​ឡេ​លាយ​គ្នា​ច្រើន​មុខ​ ទិញ​ពី​ស្ថាប័ន​មួយ​ដែល​នាង​ជឿ​ថា​ជា​ស្ថាប័ន​ជំនាញ​។ ​កញ្ញា ​ជឿ​ជាក់​ថា​ជា​ស្ថាប័ន​មាន​ជំនាញ​ ដោយ​សារ​កញ្ញា​មើល​ឃើញ​ស្ថាប័ន​នោះ​ មាន​ដាក់​បង្ហាញ​ស្លាក​យី​ហោ​ធំ​ៗ ​ព្រម​ទាំង​មាន​ផ្តល់​សេវា​ពិនិត្យ​ស្បែក​ ពិសេស​មិត្ត​ភក្តិ​ជិត​ស្នឹទ្ធ​របស់​នាង​ក៏​ប្រើ​ឡេ​ឱ្យ​ស្បែក​ឆាប់​សរ​ដែរ​។ ​បន្ទាប់​ពី​ប្រើ​បាន ​២ ​ថ្ងៃ ​ស្បែក​ក៏​ឡើង​កន្ទួល​ក្រហម​ហើយ​រមាស់ ​ក្រោយ​ពេល​ទៅ​មន្ទី​ពេទ្យ​ទើប​ដឹង​ថា​ជា​ប្រតិ​កម្ម​ឡេ​។​

​«​ដោយ​ខ្ញុំ​ជឿ​ការ​បញ្ចុះ​បញ្ចូល​ពី​អ្នក​លក់​ថា​ឡេ​មិន​ដាក់​សារ​ធាតុ​កាត់​ច្រើន​ ព្រម​ទាំង​ស្រលាញ់​ស្បែក​សរ​ ហើយ​មើល​ឃើញអ្នក​នៅ​ជុំវិញ​ខ្លួន​មាន​ស្បែក​សរ​ច្រើន​នាក់​ផង​នោះ ធ្វើ​ឱ្យ​ខ្ញុំ​មិន​ដាច់​ចិត្ត​បោះ​បង់​ការ​ប្រើ​ប្រាស់​ឡេ​លាយ​នោះ​ទេ​…​ ខ្ញុំ​តែង​ទៅ​ទិញ​ឡេ​លាយ​នៅ​តាម​កន្លែង​ធ្វើ​សក់​តូច​ៗ​ដែល​ចេះ​រូប​មន្ត​លាយ​ត​ៗ​មក​ប្រើ​»​។ ​កញ្ញា ​សេរីរ័ត្ន ​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​ដំបូង​អ្នក​លក់​គេ​ឲ្យ​សាក​ដប​តូច​សិន​ ហើយ​គេ​ប្រាប់​ថា​ឡេ​ទាំង​នោះ​មិន​ដាក់​ថ្នាំ​កាត់​ខ្លាំង​ទេ ​ប្រើ​ទៅ​ល្អ​ហើយ​…​ ប៉ុន្តែ​សរុប​ទៅ​កន្លែង​ជំនាញ​ដែល​ខ្ញុំ​ជឿ​ជាក់​ខាង​លើ ​សុទ្ធ​តែ​ដូច​តែ​គ្នា​ហ្នឹង​ គ្មាន​ច្បាស់​ត្រង់​ណា​ទេ​»​។​

​កញ្ញា ​សេរីរ័ត្ន ​បាន​និយាយ​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​ការ​ប្រើ​ប្រាស់​ឡេ​ថា​ កន្លង​ទៅ​កញ្ញា​ធ្លាប់​ឃើញ​រូប​ភាព​បង្ហោះ​ត​ៗ​គ្នា​តាម​បណ្តាញ​សង្គម​ ពី​អ្នក​ប្រតិ​កម្ម​ឡេ​ ប៉ុន្តែ​កញ្ញា​គិត​ថា​ការ​ប្រតិកម្ម​នោះ​ អាច​​បណ្តាល​មក​ពី​ប្រភេទ​ឡេ​ប្រើ​ ៣ ​ថ្ងៃ ​ឬ ​៧ ​ថ្ងៃ​សរ​ មិន​មែន​ឡេ​ដែល​នាង​កំពុង​លាយ​ប្រើ​ដូច​សព្វ​ថ្ងៃ​ឡើយ​។​

150826-Lotion-Samnang-Feature-01-Kimoug-ed_cover

​«​ខ្ញុំ​គិត​ថា​គ្រាន់​តែ​ប្រើ​ឡេ​ មិន​ដល់​ថ្នាក់​ស្លាប់​ឡើយ​» ​នេះ​បើ​តាម​សម្តី​អ្នក​កំពុង​ប្រើ​ប្រាស់​ឡេ​លាយ​ម្នាក់​ទៀត​ គឺ​យុវតី​ រិទ្ធ ​ស្រី​និច្ច​ ជា​សិស្ស​ថ្នាក់​ទី​ ១២ ​នៃ​វិទ្យា​ល័យ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​។ ​យុវតី​រូប​នេះ ​​បាន​និយាយ​ថា ​រូប​គេ​មិន​មាន​ការ​ភ័យ​ព្រួយ​អ្វី​ឡើយ​ នៅ​ពេល​ឃើញ​រូប​ភាព​ប្រតិកម្ម​សើ​ស្បែក​ធ្ងន់​ធ្ងរ​នៅ​លើ​ហ្វេស​ប៊ុក​ ព្រោះ​គេ​បាន​ប្រើ​ប្រាស់​ឡេ​លាយ​រយៈ​ពេល ​២ ​ឆ្នាំ​មក​ហើយ​មិន​ធ្លាប់​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ស្បែក​សរ​សម​តាម​បំណង​ទៀត​ផង​។ ​ចំពោះ​ការ​លាយ​ឡេ​វិញ ​នាង​មិន​ដឹង​ថា​គេ​ដាក់​សារ​ធាតុ​អ្វី​ខ្លះ​ឡើយ​ ដឹង​ត្រឹម​ប្រើ​តែ​ប៉ុណ្ណោះ​។​

​នៅ​ពេល​សួរ​ថា​ តើ​នាង​ធ្លាប់​មាន​គំនិត​បោះ​បង់​ការ​ប្រើ​ប្រាស់​ឡេ​ដែរ​ទេ​? ​យុវតី​ដែល​ប្រើ​ឡេ​លាយ​ផង ​រួម​ទាំង​ប្រើ​ឡេ​ខាត់​ស្បែក​ផង​រូប​នេះ​ បាន​និយាយ​ដោយ​សម្តី​លះ​ៗ​ទៀត​ថា ​៖ ​«​ប្រើ​មិន​ប្រើ​ស៊ី​សង​លើ​ថា​មាន​លុយ​ឬ​អត់​ មាន​លុយ​ទើប​ប្រើ​ តែ​បើ​គ្មាន​លុយ​ទេ ​គឺ​មិន​ប្រើ​ទេ​»​។​

ជា​អ្នក​លាយ​ឡេ​លក់ផង​ និង​ប្រើ​ខ្លួន​ឯង​ផង​ ព្រម​ទាំង​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​សក់​ដែរ​នោះ​ កញ្ញា​ វណ្ណា ​ធាលី​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ពេល​ខ្លះ​កញ្ញា​ ត្រូវ​លាយ​ឡេ​ដោយ​មាន​ដាក់​សារ​ធាតុ​កាត់​ខ្លាំង​ខ្លះ​ដែ​រ​ ដើម្បី​បំពេញ​តម្រូវ​ចិត្ត​អតិថិជន​ដែល​ចង់​សរ​ខ្លាំង​ តែ​ជួន​ខ្លះ​ទៀត​ក៏​មិន​ដាក់​ដែរ​ព្រោះ​ប្រើ​ខ្លួន​ឯង​។​ «​អ្នក​ទិញ​ភាគ​ច្រើន​មើល​ឃើញ​ ខ្ញុំមាន​ស្បែក​សរ​ស្អាត​ ទើប​ចង់​ទិញ​ឡេ​ពីខ្ញុំ​»​។​ បើ​ទោះ​ជា​ខ្លួន​ជា​អ្នក​លាយ​ឡេ​ក្តី​ យុវតី​សម្បុរ​សរ​រូប​នេះ​ មិន​សូវ​ហ៊ាន​ប្រើ​ឡេ​លាយ​ច្រើន​ទេ ​ព្រោះ​ដឹង​ថា​ក្នុង​ឡេ​ប្រភេទ​នេះ​មាន​សារ​ធាតុ​គីមី​ច្រើន​ ធ្វើ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​។​

150826-Lotion-Samnang-Feature-01-Kimoug-ed_4តើ​ឡេ​លាយ​ ឬ​ឡេ​សុទ្ធ​ផលិត​តាម​រូប​មន្ដ​ត្រឹម​ត្រូវ​មួយ​ណា​ល្អ​ជាង​?​ កញ្ញា ​ធាលី ​និយាយ​អម​ដោយ​សំណើច​ថា ​លាប​ឡេ​សុទ្ធ​មាន​រូប​មន្ដ​ត្រឹម​ត្រូវ​ល្អ​ជាង​ ព្រោះ​ឡេ​លាយ​មាន​សារ​ធាតុ​គីមី​ច្រើន​។ ​បើ​ទោះ​ជា​ដឹង​ថា​វា​មិន​ល្អ​សម្រាប់​សុខ​ភាព​ ប៉ុន្តែ​កញ្ញា​នៅ​តែ​នៅ​តែ​បន្ត​ធ្វើ​ឡេ​លាយ​លក់​ដដែល​ ដោយ​អ្នក​ទិញ​ចង់​បាន​ស្បែក​សរ​។ ​កញ្ញា​បាន​បន្ថែម​ទៀ​​ត​ថា ​កញ្ញា​ធ្លាប់​លឺ​ព័ត៌​មាន​ពី​ប្រតិកម្ម​ឡេ​ដែរ​ ហេតុ​នេះ​បច្ចុប្បន្ន​កញ្ញា​បាន​កាត់​បន្ថយ​មក​ប្រើ​តិច​តួច​វិញ​ ដោយ​លាប​ត្រឹម​តែ​ដៃ​និង​ជើង​ប៉ុណ្ណោះ ​ដើម្បី​គ្រាន់​តែ​កុំ​ឲ្យ​ស្បែក​ស្ងួន​តែ​ប៉ណ្ណោះ​។​

​ងាក​ទៅ​មើល​មុខ​របរ​លាយ​បន្ទាប់​បន្សំ​តែ​អាច​ទាញ​ចំណូល​បាន​យ៉ាង​ក្រាស់​ក្រែល​ របស់​អ្នក​ធ្វើ​សក់​ម្នាក់​ទៀត​វិញ​ កញ្ញា​ វណ្ណា ​ស្រីតូច​ បាន​និយាយ​ថា​ ការ​លាយ​ឡេ​លក់​ចំណេញ​ច្រើន​ជាង​ធ្វើ​សក់​ដល់​ទៅ​ពីរ​ដង​ឯណោះ​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ការ​វាយ​ល្បាយ​ឡេ​ឲ្យ​ម៉ត់​ចូល​គ្នា​ដែល​ត្រូវ​ការ​ប្រើ​ពេល​យូរ​។ ​ឡេ​ដែល​កញ្ញា​លក់​ក្នុង​កន្លះ​គីឡូ​ក្រាម​តម្លៃ​ ១៧ ​ដុល្លារ ​ហើយ​អតិ​ថិ​ជន​អាច​ប្រើ​បាន​ពី​មួយ​ខែ​ទៅ​ពីរ​ខែ​។​

បើ​និយាយ​ពី​វិធី​សាស្ត្រ​ និង​ចំណេះ​ដឹង​នៃ​ការ​លាយ​ឡេ​វិញ​ ជាង​ធ្វើ​សក់​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​ បាន​រៀប​រាប់​ឱ្យ​ដឹង​ទៀត​ថា​ នាង​រៀន​ចេះ​ពី​បង​ស្រី​របស់​នាង​ដែល​រៀន​ពី​សាលា​កែ​សម្ជស្ស​ បូក​ផ្សំ​នឹ​ង​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​ខ្លះ​ ដើម្បី​តម្រូវ​ចិត្ត​អតិ​ថិជន​ដែល​ចង់​បាន​ស្បែក​ឆាប់​សរ​។​ ​ចំណែក​ឯការ​លាយ​ឡេ​វិញ​ កញ្ញា​ស្រី​តូច ​បាន​បង្ហើប​ដោយ​រីក​រាយ​ថា ​ក្នុង​ការ​លាយ​ឡេ​ម្តង​ ៥ ​គីឡូ​ក្រាម​ គេ​ត្រូវ​ប្រើ​ម៉្សៅ​ភេ​សាត់ ​៨ ​ទៅ ​៩ ​ដប ​ម៉្សៅ​ល្មៀត​វ៉ា​សូ​លីន (​Vasoline​)​ ​ថ្នាំ​​សា​​​ឡេះ​​ ​(ប្រភេទ​ក្រែម​ធ្វើ​ឱ្យ​បាត់​ស្នាម​) ​ម៉្សៅ​​មី​ណា ​(​Mena​​)​ ​​ម៉្សៅប៉ប​​​ (​POP​)​ ​ព្រម​ទាំង​មេឡេ​តិច​តួច​ដែល​ទិញ​ពី​ទីផ្សា​រ​នៅ​ក្នុង​ស្រុក​។​

​អ្នក​ធ្វើ​សក់​ដែល​អង្គុយ​ចាំ​ភ្ញៀវ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​៖ ​«​ដើម្បី​ឲ្យ​ឆាប់​សរ​គេ​ត្រូវ​ខាត់​ស្បែក​ជា​មុន​សិន​ ទើប​ឡេ​ឆាប់​ជ្រាប​ចូល​ក្នុង​ស្បែ​…​ អ្នក​ទិញ​ភាគ​ច្រើន​ខ្ជិល​ខាត់​ច្រើន​សារ ​ហើយ​និយម​ផ្លូវ​កាត់​ដោយ​ប្រើ​ថ្នាំ ​ខាត់​អន់​ ដែល​មាន​ជាតិ​កាត់​ខ្លាំង​ ងាយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ខូច​ជំនួស​វិញ​។​ ការ​ខាត់​ស្បែក​ញាប់​ពេក​ក៏​អាច​ធ្វើ​ឲ្យ​ខ្យល់​ចាប់ ​សន្លប់ ​និង​ស្លាប់​បាន​ដែរ​ ដោយ​សា​រ​វា​ក្តៅ​និង​ហប់​ខ្លាំង​ពេក​ ចំណែក​អ្នក​លក់​ខ្លះ​ក៏​លាយ​ឡេ​ដោយ​បន្ថែម​ថ្នាំ​សក់​ និង​ប្រភេទ​ឡេ​វៀត​ណាម​ ដែល​មាន​សារ​ធាតុ​កាត់​ខ្លាំង​ដែរ ​​ដើម្បី​ឲ្យ​ឆាប់​សរ​»​។​

ល្បាយឡេលាយដោយគ្មានរូបមន្តត្រឹមត្រូវ កំពុងរក្សាទុកសម្រាប់លក់ នៅជាហាងអ៊ុតសក់តូចៗមួយរាជធានីភ្នំពេញ
ល្បាយឡេលាយដោយគ្មានរូបមន្តត្រឹមត្រូវ កំពុងរក្សាទុកសម្រាប់លក់ នៅជាហាងអ៊ុតសក់តូចៗមួយរាជធានីភ្នំពេញ

​បើ​តាម​លោក​វេជ្ជ​បណ្ឌិត ម៉ី ​ស៊ីថាច ​ប្រធាន​ផ្នែក​រោគ​សើ​ស្បែក​និង​កាមរោគ​នៃ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ​បាន​ឱ្យ​ដឹង​ថា ​ការ​ប្រើ​ប្រាស់​ឡេ​លាយ​ដោយ​គ្មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ​ ដែល​ផ្សំ​ឡើង​ពី​វី​តា​មីន​ រួម​ទាំង​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ អាស្ពីរីន​ ឬ​ថ្នាំ​អរ​ម៉ូន​កក​ទី​កូ​អ៊ីត​ ជា​ដើម ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​សរ​ នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ស្តើង​ឆាប់​ជ្រួញ​ ព្រម​ទាំង​កើត​អាឡែក​ស៊ី​ស្បែក​ដោយ​មាន​អាការៈ​រមាស់​និង​កើត​មាន​កន្តៀល​ត្រអាក​ ងាយ​ដល់​ការ​ឆ្លង​រោគ​ផ្សេង​ៗ​។​ ដោយ​សារ​សារ​ធាតុ​ កក​ទី​កូ​អ៊ីត​ នៅ​ក្នុង​ឡេ​ជ្រាប​ចូល​ជ្រៅ​ក្នុង​ស្បែក ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ស្បែក​ចុះ​ខ្សោយ​ ហើយ​កើត​ជំងឺ​ផ្សិត​ព្រម​ទាំង​បាក់​តេរី​ងាយ​ជ្រៀត​ចូល​តាម​ស្បែក​។ ​

​លោក​វេជ្ជ​បណ្ឌិត​ បាន​ពន្យល់​ទៀត​ថា​៖ ​​«​ការ​ប្រើ​ប្រាស់​ឡេ​លាយ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ ​ព្រោះ​ពេល​ប្រព័ន្ធ​ការ​ពារ​ចុះ​ខ្សោយ​ វា​ងាយ​ឲ្យ​ពពួក​បាក់​តេរី​ជ្រៀត​ចូល​ខ្លួន​ ​ពេល​ឃើញ​មាន​កើត​បូស​ និង​ការ​រលាក​គល់​រោម​ បើ​មិន​បាន​ស្វែង​រក​ការ​ព្យា​បាល​ទាន់​ពេល​ទេ​ នោះ​ជាតិ​ពុល​មាន​ក្នុង​ឈាម​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ជីវិត​បាន​»​។​

​លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា ​ស្បែក​ស្តើង ​មាន​រលាក​គល់​រោម​ ងាយ​ឆាប់​ឆ្លង​រោគ​ ប៉ុន្តែ​វា​អា​ស្រ័យ​នឹង​ប្រភេទ​បាក់​តេរី​ បើ​ជា​បាក់​តេរី​កាច​សាហាវ​ នោះ​ត្រឹម​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​នឹង​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន​។ ​ចំណែក​អ្នក​ខ្លះ​ទៀត​ត្រឹម​តែ​ពី ​២៤ ​ទៅ ​៤៨ ​ម៉ោង​ ក៏​អាច​បាត់​បង់​ជីវិត​បាន​ដែរ​ ដូច្នេះ​ពេល​ឃើញ​មាន​ខ្ទុះ ​ឬ រោគ​សញ្ញា​ក្តៅ​ខ្លួន​ កម្លាំង​ល្ហិត​ល្ហៃ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ​លោក​វេជ្ជ​បណ្ឌិត​​ បាន​បន្ថែម​ដោយ​ពុំ​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រើ​ប្រាស់​ឡេ​លាយ​គួប​ផ្សំ​មក​លាប​ស្បែក ​ការ​ខាត់​ស្បែក​ ​ឬ​បក​ស្បែក​ឡើយ​ ​ព្រោះ​ការ​ប្រើ​ផលិត​ផល​របៀប​នេះ​ វា​មិន​បាន​ផល​យូរ​អង្វែង​ដល់​អ្នក​ប្រើ​ ដោយ​ឃើញ​ល្អ​មួយ​ភ្លែត​ តែ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត