loader

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន និងអតីតកងកម្លាំងប្រដាប់អាវុធ ចំនួន ៩០៦ គ្រួសារ ក្នុងភូមិចំនួន៤ ឃុំចំនួន ៣ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទទួលបវិញ្ញាបនបត្រសម្គាល់អចលនវត្ថុពី មន្ទីររៀបចំដែនដី និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

ពលរដ្ឋក្រីក្រ អតីតយោធិន និងកងកម្លាំងប្រដាប់អាវុធបានទទួលប័ណ្ណកម្មសិទ្ធិលើដីសម្បទានក្នុងស្រុកសាមគ្គីមានជ័យ។

ការទទួលបានប័ណ្ណកម្មសិទ្ធិជាសម្បទានិកនេះ​ធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក និងសម្ភោធសមិទ្ធផលនានារបស់គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន ២ (LASED II) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋទាំង ៩០៦ ស្មើនឹង ១ ៥០៦ ប័ណ្ណ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ក្នុងនោះជូនសម្បទានិកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចំនួន ៧៣២ គ្រួសារ ស្មើនឹង ១ ១៧៩ ប័ណ្ណ។ និង ​៤១ ប័ណ្ណ សម្រាប់ដីរដ្ឋបាលសាធារណៈ​ដែលស្ថិតនៅភូមិសុខសែនជ័យ ឃុំពាម ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែក អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ១៧៤គ្រួសារ ស្មើនឹង ២៧៤ ប័ណ្ណ និងចំនួន ១២ ប័ណ្ណ សម្រាប់ដីរដ្ឋ នៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏ទទួលបានប័ណ្ណកម្មសិទ្ធិជាសម្បទានិកផងដែរ ។

ពួកគេទទួលបានប័ណ្ណសម្គាល់កម្មសិទ្ធិជាសម្បទានិកនេះ ​បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានប្រគល់សិទ្ធិជូនប្រជាពលកាប់ឆ្កាប់ព្រៃអាស្រ័យផលតាំងពីឆ្នាំ ២០១២ មក។

រដ្ឋមន្រ្តីដែនដីកាត់ខ្សែបូសម្ភោធអគារសហគមន៍ សាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព ផ្សារសហគមន៍ និងផ្លូវជនបទ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទីតាំងដីសម្បទានសង្គមកិច្ចទាំង ៤ ទីតាំងស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ត្រូវបានស្នើសុំធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ដោយកាត់កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភាពីម៉ិច លើផ្ទៃដីសរុបជាង ៥ ពាន់ហិកតា(៤ ៨១៥,៦៧ហិកតា)កាលពីឆ្នាំ២០១១ ក្នុងនោះដីសម្បទានសង្គមកិច្ចសម្រាប់ជនក្រីក្រមានចំនួនជាង ៣ ពាន់ហិកតា(២ ៧២៧,៦៧ហិកតា)។ លោកអភិបាលខេត្តកំពង់ឆ្នាំងបន្ថែមថា អាជ្ញាធរពាក់ព័ន្ធបានបែងចែកដីជូនសម្បទានិកចំនួន ៨៩៣គ្រូសារកាលពីឆ្នាំ២០១២ ដោយក្នុងគ្រួសារនីមួយៗទទួលបានដីសង់លំនៅឋានទំហំ​៣០ម៉ែត្រ គុណ ៤០ម៉ែត្រ និងដីសម្រាប់ធ្វើកសិកម្មទំហំ ១ ហិកតា។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដល់សម្បទានិក។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ក្នុងពិធីនោះថា តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រក្រីជូនប្រជាជន។ លោករដ្ឋមន្រ្តីដែនដីបន្ថែមថា រដ្ឋាភិបាលបាននឹងកំពុងបន្តផែនការកម្មវិធីដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រឱ្យមានលំនៅឋានសមរម្យនិងមានដីសម្រាប់បង្កបង្កើនផលនៅទូទាំង​ប្រទេស ដែលជាក្តីសង្ឃឹមចំពោះពលរដ្ឋបន្តជីវភាពរស់នៅកាន់តែប្រសើរ។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

លោក ចាន់ ​កុសល ពលរដ្ឋរស់នៅភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យប្រាប់ឱ្យដឹងថា ក្រោយមករស់នៅលើដីសម្បទាននេះធ្វើឱ្យជីវភាពក្រុមគ្រួសារកាន់តែល្អប្រសើរជាងមុន ព្រោះមានដីអាចដាំដុះបង្កបង្កើនផលនិងចិញ្ចឹមសត្វ ហើយមានស្ថាប័ននិងអង្គការនានាចុះបង្រៀនវគ្គកសិកម្មផ្សេងៗដល់ពលរដ្ឋផងដែរ។ លោកបន្តថា នៅលើដីថ្មីនេះមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ មានមន្ទីរពេទ្យ សាលារៀន ទីផ្សារ និងផ្លូវងាយស្រួលធ្វើដំណើរ។

លោក ចាន់ ​កុសល មករស់នៅលើដីសម្បទានសង្គមកិច្ចនេះជិត៨ឆ្នាំហើយ ដោយបានដាំដុះនិងចិញ្ចឹមសត្វអាចរកប្រាក់ចំណូលបានល្អប្រសើរ។

គិតមកដល់បច្ចុប្បន្នគម្រោង LASED បានអនុវត្តនៅខេត្តគោលដៅចំនួន៥ មានខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ លើផ្ទៃដី ១៤ ១២០ហិកតាសម្រាប់ ៥ ០១០គ្រួសារ។ ក្នុងផ្ទៃដីប្រហែល ៧០០ហិកតាប្រឈមនឹងការដកហូតយកដីត្រឡប់មកវិញទុកជាសម្បត្តិសហគមន៍ដោយសារមិនគោរពតាមលក្ខចណ្ឌនៃសម្បទានដីសង្គមកិច្ច។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ស ខេងថានគរបាលជាតិមិនមែននគរបាលបក្សទេ ត្រូវអនុវត្តន៍ច្បាប់មិនរើសមុខ

ភ្នំពេញ៖ សម្ដេច ស ខេង ថ្លែងថានគរបាលជាតិ ជានគរ[...]

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោប[...]

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត