loader

ក្រសួងបរិស្ថានព្រមានផ្លូវច្បាប់ លើម្ចាស់អាជីវកម្មលក់វត្ថុអនុ ស្សាវរីយ៍ធ្វើពីភ្លុកដំរីនិងកុយរមាស

ភ្នំពេញ៖ ក្រសួងបរិស្ថានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ទាំងអស់ ដោយព្រមានវិធានការផ្លូវច្បាប់ចំពោះការលួចលាក់លក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ព្រោះផ្ទុយពីច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ ចំណុចទី ១០ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា ៥៩ ចំណុចទី ៥។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃនេះលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

វត្ថុអនុស្សាវរីយ៍ដែលច្នៃពីភ្លុកដំរីបានដាក់លក់នៅលើទីផ្សារ។

លោក នេត្រ ភក្ត្រា ជំរុញឱ្យម្ចាស់អាជីវកម្មដែលលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាស ត្រូវប្រគល់ជូនសមត្ថកិច្ច ពុំនោះសោត ពេលសមត្ថកិច្ចរកឃើញនិងចាប់បាន នោះនឹងប្រឈមមុខចំពោះផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះឱ្យដឹងថា ជំហានដំបូងក្រសួងបរិស្ថានជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២ កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ពីការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន

ការហាមឃាតអាជីវកម្មលក់គ្រឿងវត្ថុអនុវស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ កើតឡើងបន្ទាប់ពីរបាយការណ៍អង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចបានបង្ហាញថា មានហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ។

សូមបញ្ជាក់ថាកន្លងមក សមត្ថកិច្ចបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាបបាន។

ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ បរទេស មួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀត ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានរក្សាទុកដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ ការរក្សាទុកនេះ ព្រោះវត្ថុទាំងនេះជារបស់កម្រហើយវាជារបស់ដែលជិតដាច់ពូជទៀតផង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

លោក កឹម សុខាថាភស្ដុតាងរបស់លោកគ្រប់គ្រាន់ថាលោកអាចរួចខ្លួន តែមេធាវីរដ្ឋាភិបាលថាមិនអាចទេ

ភ្នំពេញ៖ លោក កឹម សុខាថាភស្ដុតាងរបស់ខ្លួនដែលមេ[...]

សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតថាកម្ពុជាគ្មានអធិបតេយ្យភាព

ភ្នំពេញ៖ សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត