loader

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា គឺលោក Wang Wentian បានអះអាងថា ប្រទេសកម្ពុជាមានកម្លាំងខាងក្រៅបានប្រឌិតពាក្យចចាមអារ៉ាមទាក់ទងទៅនឹងកិច្ចការផ្ទៃក្នុងរវាងកម្ពុជា និងចិនរឿងមូលដ្ឋានទ័ព ។ អ្នកវិភាគថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន ជាការត្រឹមត្រូវ ក៏ប៉ុន្តែគេគួរពិចារណា ថាតើហេតុអ្វីបានជាបណ្ដាប្រទេសទាំងនោះឈឺឆ្អាលលើករណីនេះ ។

រាយការណ៍ដោយលោក សោម លាភ

សំណេរកម្រាស់៤ ទំព័រ សរសេរដោយលោក Wang Wentian ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ត្រូវបានបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសបុកនៃស្ថានទូតប្រទេសនេះប្រចាំកម្ពុជានៅព្រឹកថ្ងៃទី ១៦ សីហានេះ ។

លោក Wang Wentian សរសេរដោយដាក់ចំណងជើងថា ប្រឆាំងដាច់ខាតភាពចលាចលនៅហុងកុង រំពឹងថ្ងៃស្អែកនៅហុងកុងនឹងកាន់តែល្អ ។

បើទោះបីជាសំណេរដែលមានកម្រាស់ ៤ ទំព័រនេះ មានចំណងជើងពាក់ព័ន្ធតែទៅលើទីក្រុងហុងកុងនៃប្រទេសចិនក៏ពិតមែន ប៉ុន្តែនៅកថាខ័ណ្ឌចុងក្រោយនៃសំណេរនេះ បានរំលេចឡើងអំពីស្ថានភាពកម្ពុជា ដែលលោកថា ត្រូវបានកម្លាំងខាងក្រៅជ្រៀតចូលកិច្ចការផ្ទៃក្នុងតាមរយៈការបង្កើតព័ត៌មានបំភ្លើស ។

ចំពោះអត្តន័យដែលលោកសរសេរមកលើកម្ពុជា ដែលមានកម្លាំងខាងក្រៅជ្រៀតកិច្ចការផ្ទៃក្នុងនោះ លោកមិនបានបញ្ជាក់ថា កម្លាំងខាងក្រៅនោះជាប្រទេសណាមួយឱ្យបានជាក់លាក់នោះទេ ។

ប៉ុន្ទែទន្ទឹមនឹងលោកបានលើកថា កម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែក ក៏លោកថា ទីក្រុងហុងកុង មានកម្លាំងខាងក្រៅជ្រៀតជ្រែកដូចគ្នា ។ ក្នុងនោះលោកថា សហរដ្ឋអាមេរិក បានដើរតួក្នុងស្ថានភាពចលាចលនៃទីក្រុងហុងកុង ។

លោកថា សហរដ្ឋអាមេរិកចាត់ទុកខ្លួនឯងថាជាប៉មបំភ្លឺសេរីភាព ដោយអះអាងថាខ្លួននឹងដោះស្រាយបញ្ហាពិភពលោក ។ ប៉ុន្តែលោកថា នេះជាយុទ្ធសាស្ត្ររបស់អាមេរិកដែលតែងតែយកមកអនុវត្តដើម្បីកំបាំងសកកម្មភាពបង្កចលាចលរបស់ខ្លួន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការផ្លាស់ប្ដូរអំណាចនយោបាយក្នុងប្រទេសដទៃ ។

ទំនងជាកម្លាំងខាងក្រៅជ្រៀតជ្រែកចូលកម្ពុជានេះ លោក Wang Wentian សម្ដៅទៅលើសហរដ្ឋអាមេរិកហើយ ព្រោះលោកថា ប្រទេសទាំងនោះ បានប្រឌិតព័ត៌មានឡើងទាក់ទងថា​កម្ពុជា និង​ចិន​បាន​ព្រមព្រៀងគ្នា​ឱ្យមាន​មូលដ្ឋានទ័ព​ចិន​នៅលើ​ទឹកដី​កម្ពុជា ចិនចង់សាងសង់ព្រលានយន្តហោះយោធាជាដើម ។

ឯកអគ្គរដ្ឋទូតចិនរូបនេះបន្ថែមទៀតថា ប្រទេសទាំងនោះបានប្រឌិតព័ត៌មានឥតឈប់ឈរបែបនេះគឺពោពេញទៅដោយចេតនាល្បិចកលផ្សេងៗ ។

លោក​ Wang Wentian ថា​ប្រទេស​ទាំងនោះ​មិន​បានចាត់ទុក​កិច្ចសហប្រតិបត្តិការ​បើក​ចំហរ និង​តម្លាភាព​រវាង​ចិន និង​កម្ពុជា​ក្នុង​កែវភ្នែករបស់ពួកគេនោះទេ ។

លោកថា នេះជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ។ លោក សរសេរក្នុងន័យដើមថា «នេះជាគន្លងនៃការជ្រៀតជ្រែកដោយកម្រោលទៅលើកិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាទង្វើជាន់ឈ្លីជាសាធារណៈទៅលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ យើងសូមប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ»

សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក និងសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានចុះផ្សាយថា​ កម្ពុជាបង្កើតកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីបើកលទ្ធភាពឱ្យចិន ដាក់មូលដ្ឋានកងទ័ពនៅឆ្នេររាម ខេត្តព្រះសីហនុ ។

អនុប្រធានាធិបតីអាមេរិក ក៏ធ្លាប់ផ្ដល់កិច្ចសម្ភាសន៍ដល់កាសែតអន្តរជាតិថា កម្ពុជាកំពុងមានការសាងសង់មូលដ្ឋានទ័ពចិននៅខេត្តកោះកុង ដែលជាចំណុចកណ្ដាលនៃសង្គ្រាមសង្រ្គាមត្រជាក់រវាងចិន និងអាមេរិក ។

កម្ពុជាច្រាន​ចោលព័ត៌មានទាំងនេះម្ដងហើយម្ដងទៀត ដោយថាទោះជាមានហេតុផលណាក៏ដោយ ក៏មិនឱ្យមានវត្តមានទ័ពចិនមានលើទឹកដីកម្ពុជានោះទេ ។ មន្ត្រីរាជរដ្ឋាភិបាលថា ការធ្វើបែបនេះជាការខុសទៅនឹងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគោរពរដ្ឋធម្មនុញ្ញជាចាំបាច់ ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ តាមរយៈលោកផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានដឹកនាំអ្នកសារព័ត៌មានជាង ៧០ នាក់ ចុះទៅដោយផ្ទាល់នៅឆ្នេររាមនៃខេត្តព្រះសីហនុ ។

អ្នកវិភាគ និងមតិមហាជនលើកឡើងថា កម្ពុជាគួរតែបើកឱ្យអ្នកសារព័ត៌មានអន្តរជាតិ និងអ្នកជំនាញចុះទៅដោយផ្ទាល់ដល់កន្លែងដែលមានការសង្ស័យនោះ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគឯករាជ្យនៅកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៦ សីហាថា ការលើកឡើងរបស់ចិននេះជាការត្រឹមត្រូវ ។

លោកបន្ថែមថា កម្ពុជាបើច្បាស់ថា មិនបើកឱ្យមានវត្តមានទ័ពចិននៅកម្ពុជាទេនោះ នោះកម្ពុជាគួរតែប្ដឹងទៅការសែតទាំងនោះ ។

កម្ពុជាបាននឹងកំពុងបង្កើនទំនាក់ទំនងជាមួយប្រទេសកុម្មុយនីស្តចិន ខណៈមានការបារម្ភថា កម្ពុជាកំពុងមានទំនាក់ទំនងការទូតជាមួយអាមេរិកមានការថយចុះ ។

ចរន្តនយោបាយបែបនេះ កើតឡើងក្រោយពេលមានការបោះឆ្នោតសភានីតិកាលទី ៦ ដែលអាមេរិកមិនទទួលស្គាល់ ហើយទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីជាថ្នូរទៅនឹងការទទួលបានការអនុគ្រោះពន្ធ និងការមិនដាក់ទណ្ឌកម្មតាមរយៈការបង្កកទ្រព្យសម្បតិ្ត និងបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា ។

តែយ៉ាងណា កម្ពុជាហាក់បង្ហាញការមិនព្រួយបារម្ភចំពោះអ្វីដែលអាមេរិកទទួចនោះទេ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត