loader

ចិនយល់ព្រមទិញអង្ករពីកម្ពុជាចំនួន ៤០ ម៉ឺនតោនតាមការសន្យា

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី២៧ មេសា ខាងមុខនេះ កម្ពុជា-ចិន នឹងចុះអនុស្សរណៈ(MoU) ដែលភាគីចិននឹងទិញអង្ករពីកម្ពុជាក្នុងបរិមាណ ៤០ម៉ឺនតោន ​ជាអ្វីដែលចិនធ្លាប់បានសន្យាថា នឹងតំឡើងកូតានាំចូលអង្ករពីកម្ពុជាឱ្យបានលើស៣០ម៉ឺនតោននោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម ពិធីចុះហត្ថលេខាលើសេចក្តីព្រាងអនុស្សរណៈនេះ ដឹកនាំដោយប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៧ មេសាខាងមុខនេះ ។

សម្រាប់ក្រសួងពាណិជ្ជកម្ម ការចុះអនុស្សរណៈលើការនាំយកអង្ករទៅចិននេះ ជាផ្នែកមួយនៃការជំរុញការនាំចេញអង្ករទៅកាន់ ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។

ក្រសួងពាណិជ្ជកម្មតាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្មCOFCO ប្រទេសចិនកាលពីថ្ងៃទី១២ មេសា លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាការនាំចូលអង្ករទៅប្រទេសចិន។

តាមរយៈMoUនេះ ភាគីចិនបានយល់ព្រមទិញអង្ករប្រភេទ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករពីប្រទេសកម្ពុជា ក្នុងបរិមាណ ៤០ ម៉ឺនតោន ចាប់ពីខែសីហា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។

អនុស្សរណៈនេះនឹងត្រូវអនុវត្តភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូង ដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០១៨ ស្តីពីការនាំចូលអង្ករចំនួន ៣០ ម៉ឺនតោន។

ចិនបានឈរលើលំដាប់ទី១ ក្នុងការនាំអង្ករចេញច្រើនជាងគេពីកម្ពុជា ដែលមានចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ ភាគរយក្នុងឆ្នាំ ២០១៨។ ​

តែយ៉ាងណាការនាំចេញអង្ករនៅឆ្នាំ២០១៨បានធ្លាក់ចុះ១.៥% បើធៀបនឹងឆ្នាំ២០១៧ ពោលគឺជាង ៦៣ម៉ឺនតោនធ្លាក់មកត្រឹម ៦២ម៉ឺនតោន។

ជាការកត់សម្គាល់ ការនាំអង្ករចេញច្រើនទៅកាន់ប្រទេសចិននេះ ធ្វើឡើងស្របពេលដែលសហគមន៍អឺរ៉ុបបានសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជាជាង ២០០ដុល្លារក្នុងតោន។ ការសម្រេចយកពន្ធអង្ករនេះ បន្ទាប់ពីកសិករប្រទេសអ៊ីតាលី និងអេស្ប៉ាញប្តឹងតវ៉ាថា ការឲ្យនាំចូលអង្ករកម្ពុជាទៅអឺរ៉ុប ធ្វើឱ្យប៉ះពាល់ដល់កសិកររបស់ប្រទេសពួកគេ។

តែយ៉ាងណាភាគីកម្ពុជា ឆ្លើយតបថា ការយកពន្ធអង្ករកម្ពុជានេះ គឺជារឿងអយុត្តិធម៌ ព្រោះសហគមន៍អឺរ៉ុបបានយកពន្ធលើប្រភេទអង្ករក្រអូបរបស់កម្ពុជា ទាំងដែលកសិករអឺរ៉ុបដាំមិនបានផងនោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្ត[...]

រយៈពេល ៦ ខែឆ្នាំ ២០១៩ កម្ពុជាប្រមូលពន្ធបានជាង ១៥០០ លានដុល្លារអាមេរិក ​

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត