loader

ឌឹ​ម​ សុភា​រ័​ត្ន​ ៖​ «​ខ្ញុំ​ហាត់​ល្បុក្កតោ​ដើម្បី​អភិរក្ស​មរតក​ក្បាច់គុន​បុរាណ​ខ្មែរ​»

150922-Samnang-Feature-kimoan-ed-01-7
កញ្ញា ឌឹម សុភារ័ត្ន ថ្វាយគ្រូគុនដំបងមុនឡើងប្រកួត

​ភ្នំពេញ​៖​ ការ​ហ្វឹកហាត់​ល្បុក្កតោ​ នា​ពេល​បច្ចុប្បន្ន​ក្រៅពី​បុរស​ តាម​ការ​សម្គាល់​មាន​នារី​  ឬ​យុវតី​ខ្មែរ​តិច​ណាស់​ដែល​ចាប់អារម្មណ៍​ នឹង​បាន​ចូលរួម​ហ្វឹកហាត់​មរតក​គុន​បុរាណ​ខ្មែរ​មួយ​នេះ​។​ កញ្ញា​ ឌឹ​ម​ សុភា​រ័​ត្ន​ វ័យ​ ២៤​ ឆ្នាំ​ ជា​អ្នក​ហាត់​ល្បុក្កតោ​ម្នាក់​ក្នុង​ចំណោម​អ្នក​ហាត់​ល្បុក្កតោ​ជានា​រី​ដែល​មាន​ចំនួន​តិចតួច​នៅឡើយ​ក្នុង​ពេល​សព្វថ្ងៃ​ ​បាន​ចាត់​ទុក​ការ​ហាត់​ល្បុក្កតោ​របស់​ខ្លួន​ ជា​ការ​ចូលរួម​ចំណែក​អភិរក្ស​មរតក​គុន​បុរាណ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​ ព្រមទាំង​ផ្ទេរ​ចំណេះដឹង​ទាំងនេះ​បន្ត​ ទុក​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ ឱ្យ​ស្គាល់​ពី​ល្បុក្កតោ​របស់​ដូនតា​ខ្មែរ​។​

ទឹកមុខ​ញញឹម​ និយាយ​អម​ដោយ​កាយវិការ​លើកដៃ​ពន្យល់​មួយៗ​ ដោយ​ទន់ភ្លន់​ កញ្ញា​ ឌឹ​ម​ សុភា​រ័​ត្ន​ បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ឱ្យ​កញ្ញា​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ថា​ ការ​ហ្វឹកហាត់​ល្បុក្កតោ​ក្រៅពី​ជួយ​ឱ្យ​ខ្លួន​មាន​សុខភាព​ល្អ​ រាង​ការ​មាំមួន​ និង​មាន​ភាព​រហ័ស​ហួ​ន​គ្រប់​សកម្មភាព​នោះ​ ការ​ហាត់​ល្បុក្កតោ​ ក៏​ជា​ការ​ចូលរួម​ចំណែក​អភិរក្ស​មរតក​គុន​បុរាណ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​ផង​ដែរ​។​ កញ្ញា​ សុភា​រ័​ត្ន​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​ គង់រ​ង្ស​បានជា​រៀង​រហូត​នោះ​ រូបគេ​នឹង​បន្ត​ចែករំលែក​ចំណេះដឹង​ល្បុក្កតោ​ដល់​យុវជន​ យុវតី​ខ្មែរ​ឱ្យ​បាន​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ​ និង​ចង់​បង្ហាញ​ទៅ​កាន់​សាធារណជន​ថា​ ស្ត្រី​ក៏​មាន​សមត្ថភាព​ហ្វឹកហាត់​ បង្ហាញ​ ព្រមទាំង​ប្រើប្រាស់​គុន​ល្បុក្កតោ​បាន​ល្អ​ដូច​បុរស​ដែរ​។

150922-Samnang-Feature-kimoan-ed-01-
សុភារ័ត្ន និង ថារ័ត្ន មុនឡើងសម្តែង

«​ដំបូង​ឡើយ​ ខ្ញុំ​មិន​ស្គាល់​ល្បុក្កតោ​ហ្នឹង​ជា​អ្វី​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មិត្តភក្តិ​ខ្ញុំគេ​បបួល​ទៅ​មើល​គេ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ ស្រាប់តែ​មាន​អារម្មណ៍​ថា​ភ្ញាក់ផ្អើល​ អស្ចារ្យ​មែនទែន​សម្រាប់​ខ្ញុំ​ ហើយ​ក៏​ចាប់ផ្តើម​ចង់​ហាត់​ដូច​គេ​ដែរ​។​ បន្ទាប់​មក​ ខ្ញុំ​បាន​ទៅ​មើល​គេ​ហាត់​ដោយ​ផ្ទាល់​នៅ​សាលា​ល្បុក្កតោ​ លោកគ្រូ​បង្ហាត់​គាត់​និយាយ​ថា​ គាត់​លើកទឹកចិត្ត​ដល់​ស្ត្រី​ បើ​មាន​នារី​ហាត់​លោកគ្រូ​មិន​យក​ថ្លៃ​ ខ្ញុំ​ក៏​ចាប់ផ្ដើម​ចាប់​សាកល្បង​តែ​ម្តង​ទៅ​…​ »​។​ នេះ​ជា​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​ សុភា​រ័​ត្ន​ ទាក់ចិត្ត​ចាំ​ផ្តើម​ហាត់​ល្បុក្កតោ​។

យុវតី​វ័យ​ ២៤​ ឆ្នាំ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​៖​ «​ខ្ញុំ​ចាប់ផ្ដើម​ហាត់​ល្បុក្កតោ​ដំបូង​នៅ​ឆ្នាំ​ ២០០៨​ ដោយ​មិន​បានឱ្យ​ក្រុម​គ្រួសារ​ដឹង​នោះ​ទេ​ ហាត់រៀន​ដោយ​ស្ងាត់ៗ​ជាមួយ​មិត្តភក្តិ​រហូត​ដល់​ចេះ​ស្ទាត់​ ឡើង​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​ជម្រើសជាតិ​ ទើប​ម្តាយ​ឪពុក​ដឹង​…​  នៅ​ពេល​ដែល​ទាំងអស់​គ្នា​បានដឹង​ គាត់​មិន​ចង់ឱ្យ​ខ្ញុំ​ហាត់គុន​ ហត់​លោត​កាន់​ដាវ​ដំបង​នោះ​ទេ​ ពួក​គាត់​សុំ​ឱ្យ​ខ្ញុំ​ឈប់​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ប្រាប់​ហេតុផល​មួយ​ចំនួន​ដល់​គាត់​ គូប​ផ្សំ​ពួក​គាត់​បានឃើញ​ការ​សម្តែង​របស់ខ្ញុំ​ ក៏​ឈប់​ជំទាស់​តាំងពី​ពេល​នោះ​…​ ខ្ញុំ​ក៏​នៅ​តែ​បន្ត​ហាត់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​»​។​

150922-Samnang-Feature-kimoan-ed-03
សុភារ័ត្ន និងមិត្តរួមក្រុមទៅចូលរួមប្រកួតកីឡាល្បុក្កតោនៅប្រទេសកូរ៉េខាងត្បូង

បច្ចុប្បន្ន​នេះ​ កញ្ញា​ ឌឹ​ម​ សុភា​រ័​ត្ន​ មិនមែន​ជា​កីឡា​ការី​នី​ល្បុក្កតោ​មានមុខ​ឡើង​ប្រកួត​នៅ​លើ​ទីលាន​ប្រកួត​ញឹកញាប់​នោះ​ទេ​ ប៉ុន្តែ​ សុភា​រ័​ត្ន​ ជា​ស្ត្រី​ហាត់​ល្បុក្កតោ​ម្នាក់​មាន​សមត្ថភាព​អាច​សម្តែង​ក្បាច់គុន​ល្បុក្កតោ​បាន​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​។​ លើស​ពី​នេះ​ទៀត​ ក្រៅពី​មាន​សមត្ថភាព​ជា​អ្នក​សម្តែង​ក្បាច់គុន​ល្បុក្កតោ​ សុភា​រ័​ត្ន​ ក៏​ជា​អ្នក​បង្ហាត់​គុន​ល្បុក្កតោ​នៅ​វិទ្យាស្ថាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។

​និយាយ​ពី​ការ​លំបាក​មួយ​ចំនួន​នៅ​ក្នុង​ការ​ហ្វឹកហាត់​វិញ​ យុវតី​ដែល​មិន​មាន​សាច់ញាតិ​មាន​ឈាមជ័រ​ជា​អ្នកកីឡា​រូប​នេះ​ បានឱ្យ​ដឹង​ថា​ ដំបូង​ឡើយ​អ្វី​ដែល​លំបាក​ជាងគេ​ក្នុង​ការ​ហាត់​ល្បុក្កតោ​ចំពោះ​ស្ត្រី​ គឺ​ភាព​ខ្មាស​អៀន​។​ អារម្មណ៍​ខ្មាស​អៀន​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នៅ​ពេល​ហ្វឹកហាត់​តែង​កើត​មាន​ជា​និច្ច​  ព្រោះ​អ្នក​ហាត់​ភាគច្រើន​ជា​បុរស​…​ ស្ត្រី​កម្លាំង​ខ្សោយ​មិន​ដូច​បុរស​ កំហុសឆ្គង​កើត​មាន​ច្រើន​ដង​នៅ​ក្នុង​ការ​ហាត់​ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ដែល​ជា​ឧបសគ្គ​សម្រាប់​នារី​ក្នុង​ការ​ហ្វឹកហាត់​ ត្រូវ​បាន​ សុភា​រ័​ត្ន​ ជំនះ​ដោយ​មិន​ស្តាប់​រាល់​ការ​និយាយ​បន្ដុះបង្អាប់​ ការ​រិៈ​គន់​ និង​ភាព​ខ្មាស​អៀន​ដែល​ខ្លួន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក​។​

មិន​បាន​បង្អង់​សម្តី​ និយាយ​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ អ្នកមាន​កំណើតកើតជា​ ជា​កូន​អ្នក​ទីក្រុង​ភ្នំពេញ​រូប​នេះ​ បាន​និយាយ​ថា​បន្ត​ទៀត​ថា​ ៖​ «​សម្រាប់​ខ្ញុំ​អត់​ខ្វល់​ពី​រឿង​អ្នក​រិៈ​គន់​អី​នោះ​ទេ​ ព្រោះ​មិនមែន​ជា​រឿង​អ្វី​ខុសឆ្គង​ឡើយ​…​ ហាត់គុន​ល្បុក្កតោ​ គឺ​ដើម្បី​សុខភាព​ ហាត់​ដើម្បី​ការពារ​ខ្លួន​ យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​ចូលរួម​ជួយ​ថែរក្សា​ក្បាច់គុន​របស់​ខ្មែរ​បាន​ដែរ​ ហើយ​យើង​ក៏​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដែរ​…​ ខ្ញុំ​រីករាយ​ហាត់​និង​បង្ហាត់​គ្រប់ពេល​ដែល​ខ្ញុំ​ទំនេរ​ពី​ការងារ​ និង​ការ​សិក្សា​»​។

150922-Samnang- Feature-kimoan-ed-05​អ្នកស្រី​ គង់​ ម៉េ​ង​ថូ​ ជា​ម្តាយ​របស់​កញ្ញា​ សុភា​រ័​ត្ន​ បាន​និយាយ​ថា​ អ្នកស្រី​មិន​ចង់ឱ្យ​កូនស្រី​ហាត់គុន​ល្បុក្កតោ​ វាយ​ដោយ​ដៃ​ ជើង​ គុនដំបង​នោះ​ទេ​ ព្រោះ​អ្នកស្រី​យល់​ថា​ នារី​ធ្វើ​បែប​នេះ​ មើលទៅ​មិន​សម​ទំនងជា​នារី​នោះ​ទេ​ ទុក​ភារៈ​ទាំងនេះ​ទៅ​ឱ្យ​បុរស​ប្រសើរ​ជាង​។​ ម្យ៉ា​វិញទៀត​ កូនស្រី​ហាត់​ល្បុក្កតោ​ អាច​ប្រឈម​នឹង​ការ​បាត់បង់​ភាព​ទន់ភ្លន់​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​។

​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​យល់​ឃើញ​ខាងលើ​ អ្នកស្រី​ គង់​ ម៉េ​ង​ថូ​ ជា​ម្តាយ​បានឱ្យ​ដឹង​ទៀត​ថា​៖​ «​ខ្ញុំ​ពុំ​អាច​ហាមឃាត់​ចិត្ត​កូន​មិន​ឱ្យ​គេ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ដាច់ខាត​បាន​ឡើយ​…​ ចេះ​តែ​ភ័យ​ខ្លាច​មាន​ស្នាម​របួស​នៅ​លើ​មុខ​ មាត់​ ដៃ​ ជើង​អីហ្នឹង​ !​ ព្រោះ​យើង​ជា​ស្រី​។​ ដំបូង​ខ្ញុំ​មិនសូវ​សប្បាយចិត្ត​ឱ្យ​កូន​ហាត់​ល្បុក្កតោ​នោះ​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​មើល​ការ​សម្តែង​ បន្ទាប់​ពី​មានការ​ពន្យល់​ហេតុផល​ផ្សេងៗ​ពី​កូន​ ខ្ញុំ​បែរជា​គិត​ថា​ ស្ត្រី​ខ្មែរ​បើ​ចេះ​គុន​ល្បុក្កតោ​ជា​រឿង​សំខាន់​ ជា​រឿង​ល្អ​សម្រាប់​ស្ត្រី​ និង​សង្គម​ជាតិ​ ព្រោះ​គេ​ហាត់​នេះ​ មាន​ន័យ​ថា​ គេ​អាច​ចូលរួម​ថែរក្សា​កីឡា​ដែល​ដូនតា​ខ្មែរ​ធ្លាប់​មាន​ឱ្យ​បាន​គង់វង្ស​…​ ។​ ពេល​នេះ​ ខ្ញុំ​មិន​ជំទាស់​កូន​នោះ​ទេ​ ក្នុង​ការ​លេង​កីឡា​របស់​ខ្មែរ​មួយ​នេះ​»​ ។

​កញ្ញា​ សំ​ ថា​រ័​ត្ន​ ជា​កីឡាការិនី​ល្បុក្កតោ​ឆ្នើម​របស់​កម្ពុជា​ ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ សុភា​រ័​ត្ន​ ចាប់​ដៃគូ​ហាត់​ជាមួយ​គ្នា​តាំងពី​ដំបូង​ បាន​និយាយ​ថា​ សម្រាប់​ស្ត្រី​ការ​ហាត់​ល្បុក្កតោ​ មានការ​លំបាក​ជាង​បុរស​ ព្រោះ​នារី​ក្រៅពី​កម្លាំង​ខ្សោយ​ គាត់​នៅ​មាន​ភាព​ខ្មាស​អៀន​ច្រើន​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​នារី​ខ្លួនឯង​ ត្រូវ​ចេះ​ប្តេជ្ញា​ចិត្ត​ថា​ ហាត់​កីឡា​នេះ​ ដើម្បី​សុខភាព​ ហាត់​ដើម្បី​ការពារ​ខ្លួន​។​ កីឡាការិនី​រូប​នេះ​ បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ ឬ​យុវតី​ខ្មែរ​គ្រប់​រូប​ថា​ ប្រសិនបើ​អាច​ នារី​គួរ​ណាស់​យក​ពេលវេលា​ហាត់​ល្បុក្កតោ​ ឬ​ហាត់​កីឡា​ប្រភេទ​ផ្សេងៗ​ឱ្យ​បាន​ច្រើន​។​ ស្ត្រី​ហាត់​កីឡា​ដើម្បី​សុខភាព​ ហាត់​កីឡា​ដើម្បី​មិត្តភាព​មិនមែន​ហាត់​កីឡា​ដើម្បី​បង្ហាញ​ពី​ភាព​ច​រឹត​ក្អេងក្អាង​ដាក់​គេឯង​នោះ​ទេ​។

ក្បាច់ជង្គង់ហោះ
ក្បាច់ជង្គង់ហោះ

​ទន្ទឹម​នឹង​ការ​ យល់​ឃើញ​ពី​សារៈសំខាន់​នៃ​កីឡា​ប្រភេទ​នេះ​ លោកគ្រូ​តា​ក្រមា​មាស​ សាន​ គឹ​ម​ស៊ា​ន​ ប្រធាន​រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា​  បាន​លើក​ឡើង​៖​ «​ជា​ការ​ពិត​ស្ត្រី​បើ​និយាយ​ពី​ការ​ហាត់​ពិតជា​លំបាក​សម្រាប់​គាត់​ កន្លង​ទៅ​មាន​សិស្ស​ជា​នារី​តិចតួច​ណាស់​ ដែល​បាន​ចូលរួម​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ ។​ ចំនួន​នារី​ហាត់​តិច​នេះ​ អាច​បណ្តាល​មក​ពី​ការ​យល់​ឃើញ​របស់​ស្ត្រី​ថា​ ជា​ការ​ហាត់​ល្បុក្កតោ​ស្មុគស្មាញ​លំបាក​ មាន​ភាព​ខ្មាស់​អៀន​ ខ្លាច​គ្រោះថ្នាក់​ មានការ​រិៈ​គន់​ជាដើម​ …​ ប៉ុន្តែ​ការ​ពិត​មិនមែន​បែប​នេះនោះ​ទេ​ ស្ដ្រី​នឹង​បុរស​ហាត់​បាន​ដូច​គ្នា​ ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​រាង​កាយ​ ឬ​សុខភាព​ឡើយ​…​ ហ្វឹក​ហាត់គុន​ល្បុក្កតោ​គឺ​ដើម្បី​ជួយ​ដល់​សុខភាព​ ហើយដោយ​សារ​តែ​ល្បុក្កតោ​នេះ​ហើយ​ ទើប​ខ្មែរ​មាន​ប្រាសាទ​អង្គរ​ ខ្មែរ​ជំនាន់​នោះ​មាន​មេទ័ព​ការពារ​ទឹកដី​ អ៊ីចឹង​កូន​ខ្មែរ​ ពិសេស​ស្ត្រី​ហាត់​ល្បុក្កតោ​ក៏​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ថែរក្សា​វប្បធម៌​របស់​ខ្មែរ​ដែរ​»​។

​លោកគ្រូ​តា​ក្រមា​មាស​ សាន​ គឹ​ម​ស៊ា​ន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ស្ត្រី​ដើម្បី​ឱ្យ​រាង​កាយ​របស់​ខ្លួន​រឹង​មាំ​ រូបរាង​កាយ​ស្រស់​ស្អាត​ មាន​សុខភាព​ល្អ​ កីឡា​ជា​ឱសថ​ដ៏​ពូកែ​បំផុត​សម្រាប់​ជួយ​រក្សា​សម្រស់​ ព្រោះ​ការ​ហាត់​កីឡា​បាន​ខ្ជាប់ខ្ជួន​ធ្វើ​ឱ្យ​អ្នក​ហាត់​អាច​រក្សា​រាង​កាយ​ វ័យ​នៅ​ចាំ​បាន​ល្អ​ ។​ លោក​ថា​ គុន​ល្បុក្កតោ​ ជា​សិល្បៈ​នៃ​ក្បាច់គុន​ មាន​ភាព​ស្រស់​ស្អាត​ រឹង​មាំ​ ទន់​ភ្លន​ មិនមែន​ជា​ក្បាច់​សម្រាប់​វាយ​គ្នា​ស្លាប់​រស់​នោះ​ទេ​ ហើយ​ការ​ចូលរួម​ហ្វឹកហាត់​របស់​ស្ត្រី​ពិតជា​សំខាន់​សម្រាប់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​។

​នៅ​ក្នុង​ទឹកចិត្ត​ស្រឡាញ់​គុន​ល្បុក្កតោ​ ក្រៅពី​ការ​សម្ដែង​ក្បាច់គុន​បែប​សិល្បៈ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ បង្ហាញ​ដល់​សាធារណជន​ក្នុងស្រុក​ជា​ច្រើន​លើក​ ចូលរួម​ប្រកួត​កីឡា​ល្បុក្កតោ​ជម្រើសជាតិ​នារី​ កញ្ញា​ សុភា​រ័​ត្ន​ ក៏​បាន​ចូលរួម​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​ផង​ដែរ​។​ រហូត​មក​ដល់​ពេល​នេះ​ សុភា​រ័​ត្ន​ នៅ​តែ​ប្រកាន់​គោល​ជំហរ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ថា​ រូបគេ​នឹង​ធ្វើ​ឱ្យ​វិស័យ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ កាន់តែ​ល្បីឈ្មោះ​ មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន​ ជា​ពិសេស​បង្ហាញ​ពី​សារៈសំខាន់​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​ល្បុក្កតោ​។​

ម សុភារ័ត្ន លោកគ្រូបង្ហាត់ និងក្រុមកីឡាហាត់ល្បុក្កតោមុនឡើងសម្តែង
សុភារ័ត្ន លោកគ្រូបង្ហាត់ និងក្រុមកីឡាហាត់ល្បុក្កតោមុនឡើងសម្តែង

​រយៈពេល​ ៨​ ឆ្នាំ​មក​ហើយ​ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដែល​កញ្ញា​ ឌឹ​ម​ សុភា​រ័​ត្ន​ បាន​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​។​ ទន្ទឹម​គ្នា​នឹង​ការ​ហ្វឹកហាត់​នេះ​ បច្ចុប្បន្ន​ សុភា​រ័​ត្ន​ កំពុង​បំពេញការងារ​ជា​មន្ត្រី​ធនាគារ​ម្នាក់​ ក្នុង​ធនាគារ​ធំ​មួយ​នៅ​កម្ពុជា​។​

សូម​បញ្ជាក់​ថា​ ល្បុ​ក្ត​តោ​ គឺជា​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​ប្រកបដោយ​អនុភាព​ឬ​ជា​ក្បាច់គុន​ខ្លាំង​ដូច​សត្វ​តោ​ ការ​ហាត់​ល្បុក្កតោ​មានការ​ប្រឡង​ ប្រើ​គ្រប់​ស្នៀត​ ដើម្បី​ឱ្យ​គ្រូ​ដាក់​ពិន្ទុ​ឡើង​ថ្នាក់​ក្រមា​។​ ក្នុង​នោះ​ក្រមា​ទាំង​ ៦​ ប្រភេទ​ ធ្វើ​ឡើង​ដើម្បី​ឱ្យ​ជាតិ​សាសន៍​ដទៃ​ស្គាល់​កាន់តែ​ច្បាស់​ពី​ល្បុក្កតោ​ខ្មែរ​ មាន​ក្បួន​ មាន​ថ្នាក់​ត្រឹមត្រូវ​ ដូច​ប្រភេទ​ក្បាច់គុន​ដទៃ​ដែរ​។​ នេះ​ជា​ការ​បញ្ជាក់​របស់​ លោកគ្រូ​តា​ក្រមា​មាស​ សាន​ គឹ​ម​ស៊ា​ន​ ប្រធាន​រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត