loader

តាន់​ គី​ម​ហេង ​៖​ «​ការ​ស្វែង​យល់​រឿងរ៉ាវ​នយោបាយ​ក្នុង​សង្គម​ធ្វើ​ឱ្យ​ជីវិត​ខ្ញុំ​រឹង​មាំ​»​

ភ្នំពេញ​៖​ «​ខ្ញុំ​មើលឃើញ​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​គ្មាន​ផ្ទះ​នៅ​ត្រឹមត្រូវ​ គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​ អ្នកខ្លះ​គ្មាន​ដីស្រែ​ធ្វើ​កសិកម្ម​ អ្នកខ្លះ​មានកូន​តូច​បី​នៅ​នឹង​ដៃ​ គ្មាន​មុខរបរ​អ្វី​សម្រាប់​ចិញ្ចឹមជីវិត​ ខ្ញុំ​យល់​ថា​ពួក​គាត់​រស់នៅ​គឺ​ដើម្បី​កំដរ​តែ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ​…​ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​ចម្ងាយ​ ៧៥​ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​សោះ​ ប្រជាពលរដ្ឋ​កម្ពុជា​ជួប​រឿង​បែប​ហ្នឹង​?​ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​ គឺ​នៅ​ពេល​មាន​បាតុកម្ម​ មានការ​តវ៉ា​ផ្សេងៗ​ ម្ដេច​ខ្មែរ​ហ៊ាន​លើកដៃ​វាយ​ខ្មែរ​គ្នា​ឯង​ ដែល​ជា​ជាតិ​សាសន៍​មាន​ឈាម​ខ្មែរ​តែ​មួយ​?​ តើ​ហេតុ​អ្វី​ខ្មែរ​ហ៊ាន​ធ្វើ​បែប​ហ្នឹង​?​ តើ​យុត្តិធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​មាននៅ​ទីណា​»?​

នេះ​ជា​ការ​រៀបរាប់​ពី​ច​ម្ង​ល់​របស់​កញ្ញា​ តាន់​ គឹ​ម​ហេង​ មាន​វ័យ​ ២២​ ឆ្នាំ​ នៅ​ពេល​កញ្ញា​ចាប់ផ្តើម​មើលឃើញ​បញ្ហា​ជា​ច្រើន​កើត​ឡើងនៅ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​ ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន​។​

កញ្ញា តាន់ គីមហេង ចូលរួមក្នុងវេទិកាយុវជនអាស៊ានក្នុងឆ្នាំ ២០១៥ នៅប្រទេស ឥណ្ឌូណេស៊ី
កញ្ញា តាន់ គីមហេង ចូលរួមក្នុងវេទិកាយុវជនអាស៊ានក្នុងឆ្នាំ ២០១៥ នៅប្រទេស ឥណ្ឌូណេស៊ី

​សំណួរ​ខាងលើ​ទាំង​អស់នេះ​ បាន​ជំរុញ​ចិត្ត​ គឹ​ម​ហេង​ ឱ្យ​ចាប់ផ្តើម​ស្វែងរក​ចម្លើយ​តា​មក​រយៈ​ការ​ចូលរួម​ស្ដាប់​ ជជែក​ ពិចារណា​រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ក្នុង​សង្គម​ និង​បាន​ប្ដេជ្ញា​ចិត្ត​ប្រែក្លាយ​ជីវិត​ពី​យុវតី​ម្នាក់​មិន​ចាប់អារម្មណ៍​រឿងរ៉ាវ​នយោបាយ​ ក្លាយជា​ស្ត្រី​ម្នាក់​មានជីវិត​រឹង​មាំ​ រហូត​មាន​គោលបំណង​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនយោបាយ​ស្ត្រី​នៅ​ថ្ងៃ​អនាគត​។​

​តើ​មាន​យុវតី​ ឬ ​ស្រី្ត​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ហ៊ាន​និយាយ​ និង​ ចង់​ក្លាយ​ខ្លួន​ជា​អ្នកនយោបាយ​?​ កញ្ញា​ តាន់​ គឹ​ម​ហេង​ បាន​និយាយ​អម​ដោយ​ស្នាមញញឹម​ថា​៖​ «​បើ​និយាយ​រឿង​នយោបាយ​ស្ត្រី​មួយ​ចំនួន​នៅ​ក្នុង​សង្គម​កម្ពុជា​ពុំ​សូវ​ចូល​ចិត្ត​ ឬ​ ចង់​ដឹង​ឮ​ច្រើន​នោះ​ទេ​ ព្រោះពួកគេភាគ​ច្រើន​គិត​ថា​រឿង​នយោបាយ​ រឿងរ៉ាវ​កើតឡើង​នៅ​ក្នុង​សង្គម​ ជា​រឿង​របស់​បុរស ​ហើយរឿងទាំងអស់នោះ​មាន​អ្នក​ដោះស្រាយ​រួច​ទៅ​ហើយ​ ។ ពួកគេ​សុខចិត្ត​យក​ពេល​ទៅ​គិត​និង​ជជែក​រឿង​ផ្សេង​ជំនួស​វិញ​…​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​រឿង​នយោបាយ​ ហេតុការណ៍​កើត​មាននៅ​ក្នុង​សង្គម​ បើ​មាន​អ្នក​ជជែក​ មាន​អ្នក​និយាយ​ ខ្ញុំ​ចូល​ចិត្ត​ណាស់​ ព្រោះ​ការ​ជជែក​ពិភាក្សា​អាច​ធ្វើ​ឱ្យ​យើង​មានគំនិត​ថ្មី​ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​…»​។​

កញ្ញា តាន់ គីមហេង ចូលរួមក្នុងកម្មវិធីជជែកពិភាក្សាជាមួយយុវជននៅតាមសហគមន៍
កញ្ញា តាន់ គីមហេង ចូលរួមក្នុងកម្មវិធីជជែកពិភាក្សាជាមួយយុវជននៅតាមសហគមន៍

​មុន​នឹង​ គឹ​ម​ហេង​ ក្លាយជាមនុស្សជីវិត​រឹង​មាំ​ដូច​ពេល​ច​ប្ចុប្បន្ន​ យុវតី​ម្នាក់​នេះ​បាន​រំលឹក​ពី​ប្រវត្តិ​របស់​ខ្លួន​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​ ១២​ នៅ​ឆ្នាំ​ ២០១១​ កញ្ញា​ពុំ​បាន​បន្ត​ការ​សិក្សា​មហាវិទ្យាល័យ​ភ្លាមៗ​បាន​នោះ​ទេ​។​ មុន​នឹង​បញ្ចប់​បាក់​ឌុ​ប​ ឪពុក​របស់​ គឹ​ម​ហេង​ ក៏​បាន​ទទួលមរណៈភាព​ ម្តាយ​ក្លាយជា​ស្ត្រី​មេម៉ាយ​ ហើយ​បន្ទុកគ្រួសារ​មួយ​ចំនួន​ត្រូវ​ធ្លាក់​ទៅ​លើ​ គឹ​ម​ហេង​ ជា​អ្នករ៉ាប់រង​។​

ឆ្នាំ​ ២០១២​ គឹ​ម​ហេង​ បាន​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយ​បងប្រុស​។​ បន្ទាប់​មក​បងប្រុស​បាន​ជំរុញ​លើកទឹកចិត្ត​រូបគេ​ ឱ្យ​ចូល​រៀន​វគ្គ​សិក្សា​ខ្លី​មួយ​ឈ្មោះ​ «​អភិវឌ្ឍ​ខ្លួន​»​ របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​។​ ក្រោយ​ពេល​សិក្សា​ចប់​ ភាព​ទន់ខ្សោយ​ ឥរិយាបថ​មិនសូវ​ចេះ​និយាយ​ស្តី​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ ច​រឹត​មិន​ចូល​ចិត្ត​តាមដាន​ព័ត៌មាន​ មិន​ហ៊ាន​ជជែក​រឿងរ៉ាវ​សង្គម​ ហាក់​រសាត់បាត់​ពី​ខ្លួន​ ហើយ​ក៏​ចាប់ផ្តើម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ បង្កើត​ក្រុម​យុវជន​ពិភាក្សា​ ព្រមទាំង​បាន​ចុះ​បង្រៀន​ដល់​យុវជន​នៅ​តាម​បណ្តា​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​នានា​។​

«​ពេល​ដែល​ខ្ញុំ​ចូលរួម​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​ និង​ផ្តើម​យល់​ដឹង​ពី​បញ្ហា​សង្គម​ ខ្ញុំ​សង្កេត​ឃើញ​ថា​ សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​តែ​ស្វែងរក​ដំណោះស្រាយ​។​ បញ្ហា​ទាំងនោះ​ រួម​មាន​ ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មាន​ស្ថានភាព​យឺតយ៉ាវ​ ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​មាន​កម្រិត​ទាប​ បញ្ហា​សុខាភិបាល​ បញ្ហា​ចំណាកស្រុក​ ការ​គិត​គួរ​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ ព្រមទាំង​បញ្ហា​យុវជន​កម្ពុជា​នៅ​មាន​សមត្ថភាព​ចំណេះដឹង​ ជំនាញ​ នៅ​មាន​កម្រិត​នៅឡើយ​»​។​

គឹ​ម​ហេង​ បាន​បន្ត​និយាយ​ទៀត​ថា​ បញ្ហា​ទាំងអស់​ខាងលើ​សុទ្ធតែ​អាច​ដោះស្រាយ​បាន​ប្រសិនបើ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​។​ «​ប្រសិនបើ​ខ្ញុំ​មាន​តួនាទី​នៅ​ក្នុង​ការ​សម្រេចចិត្ត​ ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​បាន​ ព្រោះ​ខ្ញុំ​បាន​សិក្សា​ស្វែង​យល់​ពី​វា​តាម​រយៈ​ការ​មើលឃើញ​ដោយ​ផ្ទាល់​ ការ​ទទួល​បាន​ព័ត៌មាន​ និង​បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន​ពី​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​ ដែល​ខ្ញុំ​ធ្លាប់​ទៅ​»​។​
150909-Samnang-Feature-01-KimOan-pix-3ទន្ទឹម​នឹង​ការ​មើលឃើញ​បញ្ហា​មួយ​ចំនួន​ខាងលើ​ កញ្ញា​ តាន់​ គឹ​ម​ហេង​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ក្នុង​នាម​ជា​ស្ត្រី​ត្បិត​កម្លាំង​ទន់ខ្សោយ​មិន​ដូច​បុរស​ ប៉ុន្តែ​សមត្ថភាព​របស់​ស្ត្រី​មិន​ប្រាកដ​ថា​ចាញ់​បុរស​នោះ​ទេ​ ហើយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ ចំណេះដឹង​របស់​ខ្លួន​ឱ្យ​មានការ​រីក​ចម្រើន​ ស្ត្រីត្រូវក្តាប់​ព័ត៌មាន​ទូលំទូលាយ​ ស្ត្រី​ខ្លួនឯង​ត្រូវ​តែ​ចាំ​ផ្តើម​ឱ្យ​តម្លៃ​ខ្លួនឯង​ជា​មុន​សិន​។​

នៅ​ក្នុង​កិច្ចការ​សង្គម​ ស្ត្រី​ត្រូវ​ចេះ​ជំរុញ​ចិត្ត​ខ្លួនឯង​ឱ្យ​ស្រឡាញ់​សកម្មភាព​ឬអ្វី​ដែល​ខ្លួនឯង​យល់​ថា​ល្អ​ និង​ពេញចិត្ត​ធ្វើ​កិច្ចការ​ទាំងនោះ​ ពេល​នោះ​ភាពរឹងមាំ​ក្នុង​ជីវិត​ ការ​គិត​វិជ្ជមាន​ នឹង​មាន​សម្រាប់​ស្ត្រី​។​ លើស​ពី​នេះ​ ដើម្បី​ឱ្យ​ខ្លួនឯង​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ មាន​គោល​ជំហរ​រឹងប៉ឹង​បាន​ កត្តា​គ្រួសារ​ មិត្តភក្តិ​ ក្រុមការងារ​ បរិយាកាស​ជុំវិញ​ខ្លួន​ ព្រមទាំង​ការ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ ឬ​យុវតី​ឱ្យ​បញ្ចេញមតិ​យោបល់​របស់​ខ្លួន​ នឹង​ធ្វើ​ឱ្យ​ស្ត្រី​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​ឆាប់​បំផុត​។​ គឹ​ម​ហេង​ បាន​បញ្ជាក់​ថា​ សូ​ម្បី​តែ​កញ្ញា​ផ្ទាល់​ក៏​មាន​បងប្រុស​ជួយ​ជ្រោមជ្រែង​ លើកទឹកចិត្ត​ទើប​គ្រប់ពេល​ដែរ​។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​ដូច្នេះ​ បងប្រុស​កញ្ញា​ តាន់​ គឹ​ម​ហេង​ លោក​ តាន់​ គឹ​ម​ហុង​ បានឱ្យ​ដឹង​ថា​ ការ​ជំរុញ​លើកទឹកចិត្ត​ប្អូនស្រី​ ឱ្យ​ចូលរួម​សិក្សា​ស្វែង​យល់​ពី​រឿងរ៉ាវ​ផ្សេងៗ​នៅ​ក្នុង​សង្គម​ តាម​រយៈ​អង្គការ​ ស្ថាប័ន​មួយ​ចំនួន​ គឺជា​ការ​ផ្តល់​ឱកាស​មួយ​ឱ្យ​ប្អូនស្រីមានឱកាស​រៀនសូត្រ ​ទទួលយក​របៀប​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ក្នុង​សង្គម​ជារឿងសំខាន់ ។ ស្ត្រីមាន​សមត្ថភាព​ ទេព​កោសល្យ​​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ​។

«​ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​ដែល​ប្អូនស្រី​អាច​ចូលរួម​ធ្វើ​ការងារ​សង្គម​បាន​ ស្គាល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សង្គម​ អាច​ដើរ​បាន​ច្រើន​ប្រទេស​ ជា​ពិសេស​ជីវិត​របស់​គេ​អាច​រឹង​មាំ​បាន​ច្រើន​ រួម​ទាំង​ការ​សម្រេចចិត្ត​ផ្សេងៗ​…​ ។ កន្លង​ទៅ​ខ្ញុំ​មានបទពិសោធន៍​នៅ​ពេល​មិន​បាន​ធ្វើ​ការងារ​សង្គម​អ្វី​ ពិបាក​រក​ការងារ​ធ្វើ​ណាស់​ ព្រោះ​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ គេ​សួរ​ថា​ តើ​មានបទពិសោធន៍​អស់​?​ អ៊ីចឹង​ដើម្បី​បាន​បទ​ពិសោធន៍​ការងារ​ ទាល់តែ​យើង​រៀន​ហ្វឹកហាត់​ខ្លួន​ ជាមួយ​សង្គមមនុស្ស​ខាងក្រៅ​ឱ្យ​បាន​ច្រើន​ជា​មុន​សិន​»​។​ នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​របស់​លោក​ តាន់​ គឹ​ម​ហុង​ បងប្រុស​កញ្ញា​ គឹ​ម​ហេង​ ពី​មូលហេតុ​ដែល​លោក​លើកទឹកចិត្ត​ប្អូនស្រី​ឱ្យ​ចូលរួម​ការងារ​ស្ម័គ្រ​ក្នុង​សង្គម​។​

គីមហេង ចូលរួមក្នុងវេទិកាយុវជនអាស៊ានក្នុងឆ្នាំ ២០១៥ នៅប្រទេស ឥណ្ឌូណេស៊ី
គីមហេង ចូលរួមក្នុងវេទិកាយុវជនអាស៊ានក្នុងឆ្នាំ ២០១៥ នៅប្រទេស ឥណ្ឌូណេស៊ី

​កន្លង​មក​ គឹ​ម​ហេង​ បាន​ចូលរួម​ក្នុង​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​សង្គ្រោះ​បឋម​ ក្នុង​ពេល​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ ។​ រូបគេ​ធ្លាប់​ចុះ​បណ្ដុះបណ្តាល​ដល់​យុវជន​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ក្នុង​ខេត្ត​ជា​ច្រើន​ ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ចំណាកស្រុក​ ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​អង្គការ​ស្នាមញញឹម​នៃ​កុមារ​ (PSE)​ បង្រៀន​និង​លើកទឹកចិត្ត​ដល់​ក្មេងៗ​ ហើយ​បច្ចុប្បន្ន​កំពុង​ចូលរួម​ធ្វើ​គម្រោង​និង​សកម្មភាព​ការងារ​ផ្សេងៗ​ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​មួយ​ចំនួន​។​ គឹ​ម​ហេង​ ជា​សមាជិក​ស្នូល​ម្នាក់​របស់​បណ្តាញ​ស្ត្រី​វ័យក្មេង​និង​ភាព​ជា​អ្នកដឹកនាំ​ ដែល​ធ្វើការ​លើកកម្ពស់​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​ ហើយ​កន្លង​ទៅ​ធ្លាប់ធ្វើការងារ​ជា​យុវជន​សកម្ម​ម្នាក់​តំណាង​ឱ្យ​យុវជន​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ វេទិកា​យុវជន​អាស៊ាន​ ទៅ​ចំនួន​ ៧​ ប្រទេស​ រួម​មាន​ប្រទេស​ថៃ​ ឡាវ​ វៀតណាម​ មី​យ៉ា​ន់​ម៉ា​ កូរ៉េ​ខាងត្បូង​ ឥណ្ឌា​ និង​ឥណ្ឌូ​ណេ​ស៊ី​។​

​អ្នកស្រុក​កំពង់បាយ​ ខេត្តកំពត​ រូប​នេះ​ មាន​បងប្អូន​ស្រី​ប្រុស​ទាំងអស់​ចំនួន​ ៤​ នាក់​ មាន​បងប្រុស​ម្នាក់​និង​ប្អូនស្រី​ ២​ នាក់​។​ បច្ចុប្បន្ន​ គឹ​ម​ហេង​ ជា​និស្សិត​ឆ្នាំ​ទី​ ៤​ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ កំពុង​បំពេញការងារ​ក្នុង​តួនាទី​ជា​ជំនួយការ​ប្រធាន​នៅ​សមាគមយុវជន​ខ្មែរ​ (KYA)​ ។​ កញ្ញា​ តាន់​ គឹ​ម​ហេង​ ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​ថា​ ថ្ងៃ​អនាគត​រូបគេ​នឹង​ក្លាយជា​អ្នកនយោបាយ​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​កម្ពុជា​ ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយជា​ប្រទេស​មួយ​មាន​សន្តិភាព​ មាន​គេ​ស្គាល់​លើ​ឆាក​អន្តរជាតិ​កាន់តែ​ច្រើន​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត