loader

តើអ្នកលក់ត្រូវទទួលខុសត្រូវបែបណាខ្លះ ចំពោះអ្នកទិញប្រសិនបើមានបញ្ហា?

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុងកិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧ ។

សូមស្ដាប់លោក សោម លាភ ធ្វើសេចក្ដីអធិប្បាយដូចតទៅ៖

កិច្ចសន្យាលក់ទិញ គឺជាកិច្ចសន្យាមួយដែលកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីយកិច្ចផ្ទេរនូវកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀត​លើទ្រព្យសម្បត្តិឱ្យទៅភាគីម្ខាងទៀតហៅថាអ្នកទិញ ហើយអ្នកទិញមានករណីយកិច្ចត្រូវចេញថ្លៃជាប្រាក់ឱ្យទៅភាគីអ្នកលក់វិញ ។ កិច្ចសន្យាលក់ទិញ គឺជាកិច្ចសន្យាដែលយកតម្លៃថ្នូរ និងជាកិច្ចសន្យាទ្វេភាគី ។  

ករណីយកិច្ចទី ១ គឺករណីយកិច្ចពន្យល់

បើយោងតាមមាត្រា ៥២៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ បានចែងថា អ្នកលក់មានករណីយកិច្ចក្នុងការពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនង​គតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ។ ក្នុងករណីលក់ទិញអចលន​វត្ថុ អ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុ​ជាអាទិ៍ ។ ការធ្វើបែបនេះ ដើម្បីជាការចៀសវាងនូវការកើតឡើងនូវវិវាទនាពេលអនាគត ដើម្បីឱ្យមានភាពច្បាស់លាស់រវាងភាគីទាំងពីរ ។ អ្នកលក់ត្រូវតែពន្យល់ជាដាច់ខាត នូវព័ត៌មានពិត ប្រសិនបើបំពានករណីយកិច្ចនេះ ត្រូវតែមានការទទួលខុសត្រូវចំពោះការខូចខាតដែលអាចនឹងកើតមានឡើង ។ ប្រសិនបើមានការផ្ដល់ជាព័ត៌មានមិនពិតដល់អ្នកទិញពីសំណាក់អ្នកលក់ នោះកិច្ចសន្យានោះនឹងត្រូវទទួលរងនូវការលុបចោល ។

ករណីយកិច្ចទី ២ គឺករណីយកិច្ចរក្សាវត្ថុដែលជាកម្មវត្ថុនៃការលក់

បើយោងតាមមាត្រា ៥៣០ នៃក្រមដដែលចែងដម្ដៅថា អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវ​ប្រគល់វត្ថុនោះ ព្រមទាំងប្រគល់លិខិតផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់នូវសិទ្ធិ ចំពោះអ្នកទិញតាមកិច្ចសន្យា ។ ក្នុងករណីនេះ ប្រសិនបើអ្នកលក់ធ្វើឱ្យបាត់បង់ ឬធ្វើឱ្យខូចខាតវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញដោយសារការធ្វេសប្រហែសរបស់ខ្លួន អ្នកលក់ត្រូវតែទទួលខុសត្រូវជួសជុលការខូចខាតនេះ ។ តែយ៉ាងណា ប្រសិនបើការខូចខាតនេះ កើតឡើងដោយសារតែប្រធានសក្តិ ឬករណីដែលគេមិនអាចមើលឃើញ ដឹងមុន និងមិនអាចទប់ស្កាត់បាន ដូចជារញ្ជួយដីជាដើម នោះមិនមានការទទួលខុសត្រូវទេ ។

ករណីយកិច្ចទី ៣ គឺករណីយកិច្ចនៃការផ្ទេរសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកលក់

អនុលោមតាមមាត្រា ៥៣១ ចែងថា អ្នកលក់មានករណីយកិច្ចត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញ ។ ប្រសិនបើកម្មវត្ថុនៃការលក់ទិញជាសិទ្ធិរបស់អ្នកដទៃ អ្នកលក់ត្រូវទទួលសិទ្ធិនោះ ហើយត្រូវផ្ទេរសិទ្ធិនោះទៅ​ឲ្យអ្នកទិញ ។

ប្រសិនបើអ្នលក់មិនអាចផ្ទេរសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញបានទេ អ្នកទិញអាច​រំលាយកិច្ចសន្យាបាន ។​ ក្នុងករណីនេះ ប្រសិនបើអ្នកទិញមិនបានដឹង នៅពេលធ្វើកិច្ចសន្យាទេថា សិទ្ធិនោះមិន​មែនជាសិទ្ធិរបស់អ្នកលក់ទេ អ្នកទិញអាចទាមទារសំណងនៃការខូចខាតបាន ។

បើយោងតាមមាត្រា ៥៣២ អ្នកលក់ការអាចរំលាយកិច្ចសន្យាលក់ទិញបានដែរ ។  ប្រសិនបើអ្នកលក់មិន​បានដឹងថា សិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ មិនមែនជារបស់ខ្លួន នៅពេលធ្វើកិច្ចសន្យាទេនោះ ហើយមិនអាច​ទទួលយកសិទ្ធិនោះទៅផ្ទេរឲ្យអ្នកទិញបានទេ អ្នកលក់អាចរំលាយកិច្ចសន្យានោះបាន តែត្រូវសងការខូចខាត ។

ម្យ៉ាងវិញទៀត ក្នុងករណីដែលអ្នកទិញ បានដឹងថា សិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ មិនមែនជាសិទ្ធិរបស់​អ្នកលក់  នោះអ្នកលក់អាចរំលាយកិច្ចសន្យានោះបាន ដោយមិនចាំបាច់សងការខូចខាតឡើយ ។

ករណីយកិច្ចទី ៤ គឺករណីយកិច្ចនៃការផ្ទេរសិទ្ធិចំពោះអចលនវត្ថុ និងចលនវត្ថុ

ចំពោះអចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវបានលុះត្រាតែសំបុត្រ​លក់​នោះមានសេចក្តីបញ្ជាក់ និងប្រថាប់ត្រា ។ ចាប់តាំងពីថ្ងៃដែលសំបុត្រនោះមានសេចក្តីបញ្ជាក់ និងប្រថាប់​ត្រា តតិយជនមិនអាចជំទាស់បានឡើយ  ។

ចំពោះចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវបាន ហើយតតិយជនជំ​ទាស់លែងបាន ចាប់តាំងពីពេលប្រគល់វត្ថុនោះដល់ដៃអ្នកទិញ លើកលែងតែការលក់ ត្រូវធ្វើសំបុត្រ មានសេចក្តី​បញ្ជាក់ ។ ករណីការលក់ទិញត្រូវធ្វើជាសំបុត្រ ឬសេចក្ដីបញ្ជាក់ នោះតតិយជនឬជនដែលមិននៅក្នុងកិច្ចសន្យាលក់ទិញនោះមិនអាចជំទាស់បាន ចាប់តាំងពីថ្ងៃដែលសំបុត្រ ឬសេចក្តី​បញ្ជាក់រួចរាល់ ។​

យ៉ាងណា អ្នកលក់ត្រូវធានាដល់អ្នកទិញ ចំពោះការរំខានពីអ្នកដទៃ ដូចជាការគម្រាមថា នឹងប្តឹងឲ្យដកហូតវត្ថុពីអ្នកទិញ ​។ ប្រសិនបើមានជនណាផ្សេងទៀត គម្រាមថានឹង ប្តឹងឲ្យដកហូត អ្នកទិញអាចទៅហៅអ្នកលក់ឲ្យមក​ធានារ៉ាប់រងបានភ្លាម ព្រោះជាការទទួលខុសត្រូវរបស់អ្នកលក់ ។ អ្នកលក់ត្រូវដោះស្រាយបញ្ហានេះ ដើម្បីឲ្យជនទីបីនោះ បញ្ឈប់ការប្ដឹងនិងការគម្រាមកំហែងនោះ ។ ប្រសិនបើអ្នកលក់មិនអាចដោះស្រាយបញ្ហានេះបានទេ អ្នកលក់មិនត្រឹមតែបង្វិលថ្លៃទាំងអស់ដែលខ្លួនបានទទួលឲ្យទៅអ្នកទិញវិញ តែត្រូវសងថ្លៃជម្ងឺចិត្ត និងសងថ្លៃប្រាក់បង់ខាតបង់ក្នុងការធ្វើកិច្ចសន្យា និងប្រាក់ចំណាយផ្សេងៗដែលអ្នកទិញគិត​បញ្ចូលទៅក្នុងវត្ថុនោះតាំងពីថ្ងៃលក់ ។ តែប្រសិនបើអ្នកលក់ស្លាប់ កាតព្វកិច្ចនៃការទទួលខុសត្រូវ ទាំងបេះ ត្រូវធ្លាក់ទៅ​លើទាយាទទាំងអស់នៃអ្នកលក់ ។

ជាងនេះ អ្នកលក់ក្នុងកិច្ចសន្យាប្រភេទនេះ ក៏ត្រូវធានា និងទទួលខុសត្រូវចំពោះកម្មវត្ថុនៃការលក់ទិញដែលមានវិការៈ ។ វិការៈគឺសម្ដៅទៅលើការប្រែចាកពីភាពប្រក្រតី ។ វិការៈមាន វិការៈដោយមានការភាន់ច្រឡំ, វិការៈដោយការឆបោក, វិការៈដោយព័ត៌មានមិនពិត, វិការៈដោយការរំលោភលើស្ថានភាព, និងវិការៈនៃការគម្រាមកំហែងជាដើម ។

ក្នុងករណីដែលវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញមានវិការៈដែលស្ថិតនៅក្នុងស្ថានភាពមួយណានៃវិការៈខាងលើនេះ ទោះបីដឹងច្បាស់ក្រោយពេលការខូចខាតក៏ដោយ ក៏អ្នកលក់ត្រូវទទួលខុសត្រូវ តាមរយៈការប្រគល់វត្ថុជំនួស ការជួសជុលវិការៈទាំងនោះវិញ ការរំលាយកិច្ចសន្យា​ ឬការ​បន្ថយតម្លៃដែលមាននៅក្នុងកិច្ចសន្យាជាដើម ។        

ក៏ប៉ុន្តែប្រសិនបើអ្នកទិញបានដឹង ឬមិនបានដឹងអំពីវិការៈទាំងនោះ ដោយសារកំហុសធ្ងន់ធ្ងររបស់ខ្លួន ទៅលើវត្ថុដែលជា​កម្មវត្ថុនៃការលក់ទិញនៅពេលធ្វើកិច្ចសន្យាលក់ទិញ អ្នកលក់មិនត្រូវទទួលខុសត្រូវជួសជុលការខាតបង់ ឬខូចខាតនោះទេ ។​

ករណីយកិច្ចចុងក្រោយនោះ គឺអ្នកលក់ត្រូវប្រគល់វត្ថុដែលគ្មានវិការៈឱ្យទៅអ្នកទិញ ។ មាត្រា ៥៣៩ កំណត់សន្មតថាការប្រគល់វិត្ថុមានវិការៈប្រសិនបើ៖ ការប្រគល់វត្ថុនោះ មិនស្របតាមចំនួន គុណភាព និងលក្ខណៈដែលមិនស្របតាមកិច្ចសន្យា ។ វត្ថុនោះមានភាពផ្សេងគ្នា ពីគម្រូដែលអ្នកលក់បានបង្ហាញឱ្យអ្នកទិញមើលចំពោះចំនួន គុណភាព និងលក្ខណៈ ។ វត្ថុនោះមិនស្របទៅនឹងវិធីប្រើធម្មតាទៅនឹងវត្ថុផ្សេងទៀត ដែលមានប្រភេទដូចគ្នា ។ យ៉ាងណា ច្បាប់ក៏អនុញ្ញាតឱ្យអ្នកលក់មានឱកាសក្នុងការជួសជុលនូវវិការៈទាំងនោះ ក្នុងពេលកំណត់ណាមួយ បើការជួសជុលនោះ មិនប៉ះពាល់ដល់ផលប្រយោជន៍អ្នកទិញហួសហេតុ ។ តែយ៉ាងណា អ្នកទិញនៅតែមានសិទ្ធិទាមទារឱ្យអ្នកលក់អនុវត្តន៍ការសងថ្លៃខូចខាតដដែល ៕

ព័ត៌មានទាក់ទង

ស៊ីជីងភីង វាយតម្លៃខុសអំពីទឹកចិត្តប្រជាជនក្រុងហុងកុង

លោកប្រធានាធិបតីចិន ស៊ីជីនភីងហាក់ ស្ថាត់មាត់ឈឹ[...]

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩

សង្គមកម្ពុជា មិនទាន់ទប់ស្កាត់បានល្អប្រសើរនៅឡើ[...]

រលកសង្គ្រាមលើឈូងសមុទ្រពែក្សដើរដល់ចំណុចប្រកាសអាសន្នតែអាមេរិកស៊ីអ៊ីរ៉ង់ដោយរបៀបណា?

រលកសង្គ្រាមលើឈូងសមុទ្រពែក្សកំពុងដើរដល់ចំណុចប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត