loader

ធនាគារពិភពលោកព្រមានថាសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យបើសហភាពអឺរ៉ុបព្យួរEBA

ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួនមួយទៀត ប៉ុន្តែរបាយការណ៍នេះ មាន​​ចំណុច​មួយព្រមានថាសដ្ឋកិច្ចកម្ពុជាអាចជួបហានិភ័យនៅឆ្នាំខាងមុខ បើមិនអាចស្ដារ​ប្រព័ន្ធ​​អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺEBA បាននោះ។ តែយ៉ាងណាកន្លងមកសម្ដេច​នាយ​ក​រដ្ឋមន្ត្រីអះអាងថា បើកម្ពុជាគ្មាន EBA ក៏កម្ពុជាមិនស្លាប់ដែរ។

កញ្ញា ពៅ និកា រាយការណ៍៖

 

យោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មានក្នុងស្រុកមួយចុះផ្សាយលើគេហ ទំព័រស្ថាប័នព័ត៌មាននេះគឺថា សន្ទស្សន៍សេដ្ឋកិច្ច​កម្ពុជាអាចប្រឈមនឹង ហានិភ័យបើសហភាពអឺរ៉ុប ព្យួរEBA។

របាយការណ៍របស់ធនាគារពិភពលោក ដែលបានបង្ហាញដូចនេះ គឺនៅត្រង់​ចំណុចស្ដីពីហា​និភ័យ​​និងការប្រឈម។ត្រង់ចំណុចនេះ ធនាគារពិភពលោក បានបង្ហាញការវាយតម្លៃដូចនេះថា៖« ភាពមិនប្រាកដ​ប្រជា ដែលបន្តមាន បានធ្វើអោយហានិភ័យកាន់តែមានសភាពតានតឹង។កាលពីខែកុម្ភៈ សហភាពបានចាប់ផ្ដើមដំណើរការមួយ ដែលអាចនាំទៅដល់ការព្យួរបណ្ដោះអាសន្ន​នូវភាព​អនុគ្រោះ​សម្រាប់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះគឺគ្រប់មុខទំនិញ ទាំងអស់លើកលែងតែ អាវុធ-EBA។ បច្ចប្បន្ន ទីផ្សារក្នុងសហភាពអឺរ៉ុប មានចំណែកជាងមួយភាគបីនៃមុខទំនិញនាំ​ចេញ​សំខាន់ៗ​របស់កម្ពុជា។ វិនិយោគិនបរទេស អះអាងបញ្ជាក់ថា ថ្លៃពលកម្មថោក ប្រការ​លើកទឹកចិត្តខ្ពស់ផ្នែកពន្ធនិងភាពអនុគ្រោះនាំទំនិញចូលទីផ្សារអន្តរជាតិ គឺកត្តាទាំងនេះ ជា​មូល​ហេតុនាំអោយគេមកវិនិយោគនៅកម្ពុជា»។

ជាមួយគ្នានេះធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១ ដោយសារការនាំចេញ នៅមានកម្រិតមធ្យម។
ករណីដែលសហភាពអឺរ៉ុប កំពុងដំណើរការព្យួរការអនុគ្រោះពន្ធEBA ពីកម្ពុជា ក៏ធ្វើឱ្យ​អ្នក​ជំនួញនិងសហជីព មួយចំនួន ដាក់ការព្រួយបារម្ភអំពីការធ្លាក់ចុះកម្លាំងសេដ្ឋកិច្ចកម្ពុជា​ដែលពួកគេបានទទូចឱ្យមានដំណោះស្រាយករណីនេះ។

តែអ្វីដែលធ្វើអោយសហភាពអឺរ៉ុបចាត់វិធានការបែបនេះ គឺមកពីសហគមន៍អន្តរជាតិដ៏ធំនេះ ខកចិត្តចំពោះការធ្លាក់ចុះសេរីភាពនយោបាយ សិទ្ធិមនុស្ស និងប្រជាធីបតេយ្យ នៅកម្ពុជា បន្ទាប់ពី គណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ហើយរឹបអូសតូនាទីក្រុម​ប្រឹក្សាឃុំ​សង្កាត់របស់គណបក្សប្រឆាំងធំនេះជារបស់បក្សកាន់អំណាចនិងបក្សដទៃ។ជាមួយគ្នានេះ អ្នកនយោបាយជាន់ខ្ពស់របស់បក្សប្រឆាំងនេះ ហាមធ្វើនយោបាយ៥ឆ្នាំ។ ករណីនេះ សហ​ភាព​បានព្រមានថាត្រូវអោយបក្សនេះរស់ឡើងវិញ បើពុំនោះទេ EBAនឹងចូលជាធរ​មាន​នៅ​ប៉ុន្មាន​ខែទៀតនេះ។ចំណែកឯអាមេរិកក៏បានទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដែរ។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីតែងតែអះអាងថា បើទោះជាកម្ពុជា គ្មានEBA ក៏សេដ្ឋ​កិច្ច​កម្ពុជា​​អាចរស់ដោយខ្លូនឯងបានដែរ។តែទន្ទឹមនឹងនេះសម្ដេច ក៏បានថ្កោលទោស ការ​យកករណី EBA ជា ឧបករណ៏ដើម្បីគាបសង្កតផ្លូវនយោបាយ របស់កម្ពុជា ដែលកំពុងដើរ​ទៅមុខ។

សូមជំរាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុប មានជិត៦ពាន់់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ខណៈកម្ពុជានាំចេញទៅ​អឺរ៉ុបជាង៤ពាន់់លានដុល្លារ ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជា ជិត១ពាន់់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មថ្លែងអោយដឹងនៅក្នុងកម្មវិធី តាំងពិព័រណ៍អឺរ៉ុប កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

ដោយឡែក បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកម្ពុជាដោយព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA គឺកម្ពុជា ត្រូវខាតបង់ប្រាក់ពន្ធនេះ ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏កំពុងធ្វើពង្រាយច្បាប់ ដកប្រព័ន្ធអនុគ្រោះពន្ធGSPពីកម្ពុជាផងដែរ គឺមានប្រមាណ​៤០០​លាន​ដុល្លារ។

ទំនិញ ដែលកម្ពុជានាំចូលទីផ្សាររបស់ប្រទេសធំពីរនេះ ហើយទទួលការលើកលែងពន្ទ គឺ សម្លៀកបំពាក់  កង់ ស្ករស ជាដើម។ កម្លាំងពលកម្ម បម្រើសេវានេះ មានជិតមួយ​លាន​នាក់​ភាគច្រើនជាស្ត្រី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងការបរទេសពន្យល់អាមេរិកថាសម្ដេចហ៊ុនសែនជាប់ឆ្នោតតាមរយៈការបោះឆ្នោត

កាលពីថ្ងៃទី១៦កក្កដា ក្រសួងការបរទេសកម្ពុជាបានច[...]

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត