loader

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន នឹងមានបញ្ហានៅមុនថ្ងៃដែលលោកមកដល់កម្ពុជា ខណៈលោកថានេះដោយសារតែសម្ពាធអន្តរជាតិកាន់តែច្រើន ។ ជាទូទៅ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបង្ហាញអាកប្បកិរិយា មិនខ្វល់ជាមួយសម្ពាធអន្តរជាតិ និងមិនចរចា ។

តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

សូមស្ដាប់លោក សោម លាភ អធិប្បាយដូចតទៅនេះ៖

លោក សម រង្ស៊ី ជាអ្នកនយោបាយជើងចាស់មួយរូប ដែលអះអាងថាខ្លួនជាអ្នកទទូចឱ្យអន្តរជាតិ ដាក់សម្ពាធមកលើកម្ពុជា ហើយក៏ជាអ្នកដែលអះអាងថា មិនចង់ឃើញពលរដ្ឋកម្ពុជាទទួលរងសម្ពាធអន្តរជាតិទាំងនោះនោះទេ ខណៈលោកក៏ធ្លាប់អះអាងថា ប្រជាពលរដ្ឋសុខចិត្តទ្រាំដើម្បីលំបាកដោយសារទណ្ឌកម្មអន្តរជាតិ ដើម្បីឱ្យមានការដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ។

ជាងនេះទៅទៀតប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ក៏ជាអ្នកអះអាងម្ដងហើយម្ដងទៀតថា នឹងវិលចូលកម្ពុជាដើម្បីតស៊ូរើបម្រាស់កុំឱ្យមានការដាក់ទណ្ឌកម្មទៅវិញ ពោលគឺរក្សា EBA របស់សហភាពអឺ​រ៉ុប និង GSP របស់សហរដ្ឋអាមេរិក។

យ៉ាងណា ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបសម្រាប់កម្ពុជានាំចូលទំនិញក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ  EBA និងនាំចូលទំនិញទូទៅទៅសហរដ្ឋអាមេរិក GSP កំពុងតែឈានទៅដល់ដំណាក់កាលចុងក្រោយហើយ ដែលកម្ពុជាប្រឈមនឹងបាត់បង់ ។

មជ្ឈដ្ឋានជាច្រើនបង្ហាញក្ដីព្រួយបារម្ភចំពោះ ការបាត់បង់ការអនុគ្រោះពន្ធទាំងពីរនេះ ខណៈកម្ពុជាបានរបូតបាត់ទៅហើយនូវការអនុគ្រោះពន្ធអង្ករនាំចូលទៅសហភាពអឺរ៉ុប ។

មជ្ឈដ្ឋានទាំងអស់នោះ មានដូចជាក្រុមសហជីព ក្រុមថៅកែរោងចក្រ រួមទាំងអ្នកជំនួញ ព្រួយបារម្ភថា ការបាត់បង់ពន្ធអនុគ្រោះនេះ នឹងប៉ះពាល់ធំជាងគេដល់ប្រជាពលរដ្ឋកម្ពុជា រួមមានកម្មកររោងចក្រ និងសាច់ញាតិរបស់ពួកគាត់ រួមទាំងអ្នកទទួលបានផលប្រយោជន៍ដោយប្រយោលពីវិស័យនេះ ។

យ៉ាងណាក៏មានការបង្ហាញថា ផលវិបាកនៃការបាត់បង់ការអនុគ្រោះពន្ធនេះទៀតសោត គឺសេដ្ឋកិច្ចកម្ពុជាដែលសព្វថ្ងៃរក្សាបានក្នុងរង្វង់ ៧ % អាចនឹងមានការធ្លាក់ចុះ ហើយការព្យាករណ៍ថានឹងមានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏អាចនឹងមិនអាចទៅរួចផងដែរ ។

ជាការកត់សម្គាល់ ការបញ្ជាក់ជំហរនៃការដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានមតិចម្រុះពិសេសពីមន្ត្រីអតីតបក្សប្រឆាំងថា ជាការដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជា ខណៈភាគីរាជរដ្ឋាភិបាលអះអាងម្ដងហើយម្ដងទៀតថា មិនទទួលសម្ពាធពីអន្តរជាតិណាឡើយបច្ចុប្បន្ន ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីទទួលបន្ទុកតាមក្រសួងស្ថាប័ន ឬអង្គភាព តែងតែចេញមុខបកស្រាយថា ការដកការអនុគ្រោះពន្ធទាំងនេះ មិនមែនជាបញ្ហាដល់សេដ្ឋកិច្ចកម្ពុជានោះទេ ។ យ៉ាងណាក៏មានការលើកឡើងដែលមានភាពខុសគ្នាជារឿយៗ ដោយម្ដងថា អឺរ៉ុប និងអាមេរិកធ្វើបែបនេះដោយសារតែនយោបាយលំអៀងទៅខាងក្រុមលោក សម រង្ស៊ី មួយទៀតគឺថាដោយសារតែកម្ពុជារួចផុតពីប្រទេសក្រីក្រហើយទើបគេដកការអនុគ្រោះពន្ធ ។

ការដែលធ្វើឱ្យកម្ពុជាមិនជាចំណេញផ្នែកសេដ្ឋកិច្ចនេះ មិនមែនតែហេតុការណ៍តែមួយនោះទេ ដែលកើតឡើងក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍នៃការបោះឆ្នោតសភាជាតិ ដោយមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងចូលរួម ។ ប៉ុន្តែអ្វីដែលគេហៅថាសម្ពាធ ក៏មានទៀតដែរពីសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោក ពោលគឺការដំណើរការបង្កើតច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា ។ ច្បាប់នេះ នាពេលបច្ចុប្បន្ន កំពុងស្ថិតនៅតំណាក់កាលនៃព្រឹទ្ធសភាអាមេរិក បន្ទាប់ពីរដ្ឋសភាឯកឆន្ទលើសម្លេងពេញទាំងស្រុង ។

លទ្ធភាពនៃច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩​ នោះ នៅពេលចូលជាធរមាន នឹងអាចបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រីកម្ពុជាជាន់ខ្ពស់មួយចំនួន ដែលអាមេរិកយល់ថា ជាអ្នកចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ។

ក្រុមគណបក្សប្រឆាំង និងអ្នកមាននិន្នាការទៅលើអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគឺលោក សម រង្ស៊ី កាលពីថ្មីៗនេះបានអះអាង ថាតាមរយៈសម្ពាធទាំងនេះ នឹងធ្វើឱ្យមន្ត្រីក្នុងគណបក្សកាន់អំណាចបច្ចុប្បន្ន ជាពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជី អាចនឹងមានការបែកបាក់ និងមានការថ្កោលទោសទៅនាយករដ្ឋមន្ត្រីកម្ពុជា ។

ជាការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធកម្ពុជា ពួកគេថា​មិនខ្វល់ចំពោះច្បាប់អាមេរិកនេះនោះទេ ។ មន្ត្រីទាំងនោះអះអាងថា គ្មានលុយដាក់នៅធនាគារបរទេសទេ ។ យ៉ាងណាសម្ដេច ហ៊ុន សែន ពន្យស់ឱ្យអាមេរិក បង្កកទ្រព្យសម្បត្តិ ដោយមិនចាំបាច់មានច្បាប់ចូលជាធរមាននោះទេ ។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់តំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ កញ្ញា ក៏បានបើកសាវនៈការស្ដាប់ការផ្ដល់សក្ខីកម្មស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ។

សហរដ្ឋអាមេរិកដដែល តាមរយៈឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ដែលនឹងមកកម្ពុជាកាន់ដំណែងនៅរយៈពេលខ្លីខាងមុខនេះ បញ្ជាក់នឹងអះអាងតាមរយៈទំព័រហ្វេសបុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះថា ជំហរបស់លោកក្នុងការវិលចូលកម្ពុជា និងធ្វើឱ្យប្រទេសនេះរឹងមាំ មានប្រជាធិបតេយ្យ និងឯករាជ្យ ។

ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប និងអង្គការអន្តរជាតិធំៗមួយចំនួន ទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ កាលពីយប់ថ្ងៃទី ១២ កញ្ញា ប្រាប់វិទ្យុអាស៊ីសេរីដោយបង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានបញ្ហាមុនថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃមាតុភូមិនិវត្តន៍របស់លោក និងបក្សពួក ។

យ៉ាងណាលោក សម រង្ស៊ី ជាថ្មីម្ដងទៀត ថានាយករដ្ឋមន្ត្រីកម្ពុជា កំពុងតែទទួលសម្ពាធជាច្រើនពីអន្តរជាតិ ដោយលោកថា អាមេរិកចេញច្បាប់ថ្មីគាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់  ។

លោក សម រង្ស៊ីថា សម្ពាធនោះមិនមែនមានតែពីអន្តរជាតិនោះទេ ពោលគឺផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក៏មានដែរ ដែលលោកថា ដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជាចង់បំបែកក្រសួងមហាផ្ទៃជាពីរ និងចង់លើកកូនរបស់ខ្លួន និងបញ្ហាប្រទេសជិតខាងព្រួយបារម្ភចំពោះអ្វីដែលលើកលើងថា កម្ពុជាបើកឱ្យចិនដាក់មូលដ្ឋាទ័ព ។

អ្នកវិភាគថា ការកំណត់យកថ្ងៃទី ៩ វិច្ឆិកា ក្នុងការវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី គឺជាការគិតគូរយ៉ាងល្អិតល្អ ព្រោះជាការដល់ពេលដែលអន្តរជាតិធំៗ នឹងបង្ហាញពីជំហររបស់ខ្លួនក្នុងការសម្រេចបែបណាតាមរយៈការសិក្សា និងពិនិត្យមើលការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

មានមតិលើកឡើងថា ការមករបស់លោក សម រង្ស៊ីមកនៅថ្ងៃទី ៩ វិច្ឆិកា គឺជាការចាំមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជាជាមុនសិន ដែលមានការចំអក និងលើកសម្ដីលោក សម រង្ស៊ី ដែលថាមកចាប់សម្ដេចហ៊ុន សែន តែមិនមែនចាប់អ្វីផ្សេងនោះទេ គឺចាប់ដៃចរចាទៅវិញ ។

កន្លងមក ទាំងលោក សម រង្ស៊ី ទាំងសម្ដេច ហ៊ុន សែន ប្រកាសថាមិនមានថ្ងៃចរចានយោបាយជាមួយគ្នាជាដាច់ខាត ។

លោក សម រង្ស៊ី កាលពីថ្ងៃទី៥ ខែ​កញ្ញា បាន​សរសេរលិខិតមួយច្បាប់ផ្ញើជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​​ម៉ាឡេស៊ី ជួយ​សម្របសម្រួល​​ឲ្យ​មាន​ការ​ចរចារវាង​មេដឹកនាំបក្សកាន់អំណាច និង​មេដឹកនាំ​​បក្ស​ប្រឆាំង ដើម្បី​ផ្សះផ្សារជាតិ​ខ្មែរ ដែលកំពុង​ជាប់គាំង​ក្នុង​វិបត្តិ​នយោបាយជិត​ ២​ឆ្នាំ​មកនេះ ។

តែយ៉ាងណាលោក សម រង្ស៊ីបកស្រាយថា លិខិតទាំងនោះដែលផ្ញើទៅ គឺមិនមែនតែសម្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែម្នាក់នោះទេ តែសម្រាប់ប្រទេសទាំងអស់ដែលជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឱ្យទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជារកវិធីដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំង ។ លោកបញ្ជាក់បន្ថែមថា ការទទូចឱ្យមានការរកដំណោះនេះ គឺផ្អែកទៅលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ។

យ៉ាងណា មន្ត្រីកម្ពុជា តែងតែអះអាងថា គ្មានថ្ងៃចរចាទេ មានតែការចាប់ខ្លួនលោក សម រង្ស៊ី ពេលមានវត្តមានលោកតែប៉ុណ្ណោះ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត