loader

បទ​សម្ភាសន៍​៖​ «​របរ​រៀបចំ​ជំនូន​ក្នុង​ពិធី​មង្គលការ​ ជា​មុខរបរ​ងាយស្រួល​ចិញ្ចឹមជីវិត​សម្រាប់​ស្ត្រី​»

Jum-noon-ka-cover
ភ្នំពេញ​៖​ មុខរបរ​រៀបចំ​ជំនូន​ក្នុង​ពិធី​មង្គលការ​ ជា​របរ​មួយ​ដែល​មនុស្ស​តិច​ណាស់​ចាប់អារម្មណ៍​ធ្វើ​និង​បាន​បង្កើត​ឡើង​ដើម្បី​រក​ស្វែង​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​។​ លោកយាយ​ នាង​ សុខ​ ជា​ស្ត្រី​មួយ​រូប​មានបទពិសោធន៍​ក្នុង​ការងារ​នេះ​ជាង​ ១០​ ឆ្នាំ​ព្រមទាំង​ជោគជ័យ​ក្នុង​មុខរបរ​នេះ​នា​ពេល​បច្ចុប្បន្ន​ បានឱ្យ​ដឹង​ថា​ មុខរបរ​រៀបចំ​ជំនូន​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ អាច​រក​ចំណូល​ងាយស្រួល​បំផុត​ សម្រាប់​ជួយ​ជីវភាព​គ្រួសារ​ ប្រសិនបើ​ចេះ​ជំនាញ​នេះ​ពិតប្រាកដ​។​ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​មុខរបរ​មួយ​នេះ​ លោកយាយ​ នាង​ សុខ​ វ័យ​ ៧២​ ឆ្នាំ​ បាន​បញ្ជាក់​ថា​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​លោកយាយ​ជោគជ័យ​ក្នុង​របរ​រៀបចំ​ជំនូន​ការ​រហូត​មក​ដល់​សព្វថ្ងៃ​។​

​ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​ជុំវិញ​រឿង​នេះ​ ខាងក្រោម​ជា​បទ​សម្ភាសន៍​រវាង​លោក​ ម៉ៅ​ សំណាង​ អ្នក​យក​ព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ (WMC) និង​លោកយាយ​ នាង​ សុខ​ ម្ចាស់​មុខរបរ​ជំនូន​ការ​យីហោ​ «​យាយ​សុខ​ រៀប​ជំនូន​»​ ដូច​តទៅ​៖

WMC៖​ តើ​មូលហេតុ​អ្វី​បានជា​លោកយាយ​ចាប់​យកមុខ​របរ​រៀប​ជំនូន​?

​លោកយាយ​ នាង​ សុខ​៖​ ការ​ចាប់​យកមុខ​របរ​រៀបចំ​ជំនូន​ក្នុង​ពិធី​មង្គលការ​មក​ធ្វើ​ជា​របរ​អាជីព​ បំណង​ធំ​បំផុត​គឺ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ព្រោះ​របរ​មួយ​នេះ​ជា​មុខរបរ​មួយ​ងាយស្រួល​សម្រាប់​ស្ត្រី​ មិនមែន​ជា​

neang-sok
លោកយាយ​ នាង​ សុខ​ ពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នក​យក​ព័ត៌មាន​របស់​ WMC
ការងារ​លី​សែង​ប្រើ​កម្លាំង​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​។​ របរ​មួយ​នេះ​ ថ្វី​ត្បិត​តែ​ត្រូវ​ដើរទៅ​ច្រើន​កន្លែង​នៅ​តាម​រោងការ​ ប៉ុន្តែ​ចំណូល​ដែល​បាន​មក​ ក៏​បាន​គួរសម​មិន​ចាញ់​មុខរបរ​ផ្សេងៗ​ទៀត​ឡើយ​។​ របរ​នេះ​ជា​មធ្យម​អាច​រក​ចំណូល​បាន​ប្រហែល​ពី​ ៥០០​ ទៅ​ ៦០០​ ដុល្លារ​ក្នុង​មួយ​ខែ​។​

​របរ​រៀប​ជំនូន​ការ​ ជា​ការងារ​ផ្ទាល់ខ្លួន​មួយ​គ្មាន​សម្ពាធ​បង្ខិតបង្ខំ​ដូច​ការងារ​មួយ​ចំនួន​ ធ្វើ​តាម​លទ្ធភាព​និង​សមត្ថភាព​របស់​ខ្លួន​ មាន​ពេលវេលា​ច្រើន​សម្រាប់​បំពេញការងារ​ ព្រមទាំង​អាច​ស្គាល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សង្គម​។​ «​ម្យ៉ាងវិញទៀត​ខ្ញុំ​មានបទពិសោធន៍​ក្នុង​ការងារ​មួយ​នេះ​ជាង​ ១០​ឆ្នាំ​ហើយ​រហូត​មក​ដល់​ពេល​នេះ​។​ មុន​ដំបូង​ឡើយ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ ឱ្យ​ថៅ​របស់ខ្ញុំ​រយៈពេល​ ៨​ ឆ្នាំ​…​ ខ្ញុំ​ចេះ​ដឹង​ពី​គាត់​។​ ប៉ុន្តែ​រយៈពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ខ្ញុំ​បាន​ចាប់​មុខរបរ​នេះ​ជា​អាជីព​រៀបចំ​ជំនូន​ការ​ជាប់លាប់​ ហើយ​ក៏​បាន​បន្ត​ឱ្យ​កូនស្រី​ទាំង​បី​នាក់​របស់ខ្ញុំ​ធ្វើ​បន្ត​ពី​ខ្ញុំ​»​។​

​វា​ក៏​ជា​ការងារ​ចូលរួម​ចំណែក​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​នៅ​ក្នុង​ពិធី​មង្គលការ​របស់​ខ្មែរ​មួយ​ដែរ​ ព្រោះ​មនុស្ស​តិច​ណាស់នា​ពេល​បច្ចុប្បន្ន​យល់​ពី​របៀប​នៃ​ការ​រៀបចំ​ជំនូន​ និង​សម្ភារៈ​ជំនូន​ក្នុង​ពិធី​មង្គលការ​។​ ការ​រៀបចំ​ជំនូន​ មិនមែន​ចេះ​តែ​រៀបចំ​បង្គ្រប់កិច្ច​ឱ្យ​រួចពីដៃ​នោះ​ទេ​ មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ រៀបចំ​ឱ្យ​មាន​ភាព​ទាក់ទាញ​ចិត្ត​ ត្រឹមត្រូវ​ ស្អាត​ល្អ​ ទើប​មានការ​គាំទ្រ​ពី​អតិថិជន​ ហើយ​សាក​សមជា​ជំនូន​ដូច​មាននៅ​ក្នុង​ប្រពៃណី​មង្គលការ​របស់​ខ្មែរ​។​

WMC៖​ តើ​មូលហេតុ​អ្វី​ គេ​ចាំបាច់​ត្រូវការ​សេវាកម្ម​រៀបចំ​ជំនូន​ការ​?

​លោកយាយ​ នាង​ សុខ​៖​ រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​ របរ​មួយ​នេះ​មានការ​គាំទ្រ​ច្រើន​ ព្រោះ​នៅ​ក្នុង​ពិធី​មង្គលការ​នា​ពេល​បច្ចុប្បន្ន​ ម្ចាស់​កម្មវិធី​តែង​ត្រូវការ​អ្នកមាន​ជំនាញ​ខាង​រៀបចំ​ជំនូន​ចេះ​ច្បាស់លាស់​ រៀបចំ​ស្អាត​ល្អ​ ដើម្បី​លើ​កក​ត្តិ​យស​ដល់​ម្ចាស់​កម្មវិធី​ និង​ធ្វើ​ឱ្យ​កម្មវិធី​អាពាហ៍ពិពាហ៍​កាន់តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​។​ ការ​រៀបចំ​ជំនូន​នៅ​ក្នុង​មង្គលការ​មាន​ផ្លែ​ឈើ​ច្រើន​គូ​អាស្រ័យ​លើ​ការ​ចង់បាន​របស់​ម្ចាស់​កម្មវិធី​ ព្រមទាំង​អាស្រ័យ​លើ​កម្រិតជីវភាព​របស់​ម្ចាស់​កម្មវិធី​។​ ទោះ​តិច​គូ​ឬ​ច្រើន​គូ​គឺ​ត្រូវ​ពឹង​ទាំងស្រុង​លើ​អ្នក​រៀបចំ​ជំនូន​។​
151016 - Samnang-Interview-Yay Sok FB (4)
WMC៖​ ជា​ទូទៅ​ការ​រៀបចំ​ជំនូន​ក្នុង​ពិធី​មង្គលការ​មួយ​ តើ​ម្ចាស់​កម្មវិធី​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​?

​លោកយាយ​ នាង​ សុខ​៖​ ជា​ការ​ពិត​ការ​ចំណាយ​ គឺ​ផ្អែក​ទៅ​តាម​ការ​ចង់បាន​របស់​ម្ចាស់​កម្មវិធី​។​ តើ​ម្ចាស់​កម្មវិធី​ចង់បាន​ផ្លែ​ឈើ​ប៉ុន្មាន​គូ​?​ បើសិនជា​ចង់បាន​ច្រើន​គូ​ ទំហំ​នៃ​ការ​ចំណាយ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ​។​ ជា​ទូទៅ​ចំនួន​គូ​នៃ​ផ្លែ​ឈើ​រាប់​ចាប់ពី​ ៣៦​ គូ​ រហូត​ដល់​ ១២៦​ គូ​ជា​ចំនួន​ដែល​ច្រើន​បំផុត​នៅ​ក្នុង​ជំនូន​នៃ​អាពាហ៍ពិពាហ៍​។​ «​សម្រាប់​សេវាកម្ម​របស់ខ្ញុំ​ ជំនូន​ ៣៦​ គូ​ រៀបចំ​ក្នុង​តម្លៃ​ ១២០​ ដុល្លារ​ហ្នឹង​គិតតែ​ថ្លៃ​រៀបចំ​ទេ​ ហើយ​ជំនូន​គូ​ច្រើន​ជាង​នេះ​ តម្លៃ​កើន​ជា​ហ្នឹង​បន្តិច​ ដោយឡែក​សម្រាប់​ជំនូន​ ១២៦​ គូ​ រៀបចំ​ក្នុង​តម្លៃ​ ៤៥០​ ដុល្លារ​»​។​ តម្លៃ​ទាំងនេះ​ សម្រាប់​តែ​ការ​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ​ ចំណែក​នៅ​តាម​បណ្តា​ខេត្ត​ គិត​ក្នុង​តម្លៃ​ផ្សេង​អាច​ខ្ពស់​ជាង​នេះ​បន្តិច​។​

​ក្នុង​នោះ​ដែរ​ផ្លែ​ឈើ​ដែល​ត្រូវ​រៀបចំ​មាន​ពី​ ១៥​ ទៅ​ ២០​ មុខ​ មាន​ក្បាល់​ជ្រូក​ ភ្លៅ​ជ្រូក​ មី​ ស្ពៃ​ យី​ហឺ​ក្រៀម​ ព្រមទាំង​មាន​គ្រឿង​រណ្តាប់​មួយ​ចំនួន​ដូច​ជា​ទៀប​កូនមហា​ ថង់រង​ ស្លា​ពាន់​ម្លូរ​ពាន់​ តែលាវ​ ផ្តិល​អង្ករ​ជ័យ​ មាន​ប្រ​អស់​ខោអាវ​ និង​មាន​កន្ត្រក់​ផ្កា​ជាដើម​។​

WMC៖​ តើ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​ក្នុង​ការ​រៀបចំ​ជំនូន​របស់​លោកយាយ​ ធ្វើ​ឱ្យ​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​?​

​លោកយាយ​ នាង​ សុខ​៖​ «​ជា​ទូទៅ​ការងារ​នេះ​ ខ្ញុំ​អាច​ទទួល​បាន​ពី​ ២​ ទៅ​ ៣​ រោង​បាន​ក្នុង​មួយ​ថ្ងៃ​ ។​ លក្ខណៈ​ពិសេស​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​ទី​១​ គឺ​ផ្អែក​លើ​ទឹកដៃ​នៃ​ការ​រៀបចំ​ល្អ​ ស្អាត​ មាន​របៀបរៀបរយ​ត្រឹមត្រូវ​។​ ទី​២​ ការ​រៀបចំ​មានការ​យកចិត្តទុកដាក់​ មិន​ខ្ជះខ្ជាយ​ និង​ធានា​ថា​ត្រឹមត្រូវ​គ្រប់​ចំនួន​តាម​ការ​ចង់បាន​របស់​អតិថិជន​។​ ទី​៣​ ភាព​ស្មោះត្រង់​ អាច​បំពេញតម្រូវការ​គ្រប់​ទាន់​ពេល​យល់​ពី​ទឹកចិត្ត​អតិថិជន​បាន​ល្អ​ និង​ទី​៤​ គឺ​ទាក់ទង​នឹង​បញ្ហា​តម្លៃ​។​ តម្លៃ​ ត្រូវ​កំណត់​ឱ្យ​សមរម្យ​ទៅ​តាម​កម្រិត​មួយ​ដែល​អតិថិជន​អាច​ទទួលយក​បាន​ ធ្វើការ​ដោយ​មិន​ប្រកាន់វណ្ណៈ​ខ្ពស់​ទាប​ សំខាន់​អ្នក​មក​រក​សេវាកម្ម​យើង​ សុទ្ធតែ​ជា​អតិថិជន​របស់​យើង​ទាំងអស់​»​។​

​ការងារ​មួយ​នេះ​ មិន​លំបាក​នោះ​ទេ​ ប្រសិនបើ​ចេះ​ច្បាស់លាស់​ពី​របៀប​នៃ​ការ​រៀបចំ​ ព្រោះ​សម្ភារៈ​និង​ផ្លែ​ឈើ​ត្រូវ​ទិញ​មក​ពី​តាម​ហាង​មាន​ស្រាប់​ ហើយ​ត្រូវ​ជ្រើសរើស​យក​ផ្លែ​ឈើ​ល្អៗ​ មក​រៀបចំ​។​ ក្រៅពី​រៀប​ជំនូន​ក្នុង​ពិធី​មង្គលការ​ មានការ​រៀបចំ​លម្អ​ឡើង​គេហ​ដ្ឋា​ ពិធីបុណ្យ​ទាន​ផ្សេងៗ​ ដូច​ជា​រៀប​នំ​សម្រាប់​ទទួលភ្ញៀវ​ រៀប​សម្រាប់​ប្រគេន​ព្រះសង្ឃ​ជាដើម​។​ ក្រៅពី​ទីក្រុង​ភ្នំពេញ​ កន្លង​ទៅ​ធ្លាប់​បាន​ទៅ​រៀបចំ​ជំនូន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ខេត្តបាត់ដំបង​ ក្រចេះ​ សៀមរាប​ កំពង់ចាម​ តាកែវ​ កំពង់ឆ្នាំង​ ព្រោះ​ខេត្ត​ទាំងនោះ​មាន​អ្នកគាំទ្រ​ច្រើន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។​ «​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​មុខរបរ​នេះ​រហូត​ បើ​ទោះបី​ពេល​នេះ​មាន​វ័យ​ចំណាស់​ ហើយ​សព្វថ្ងៃ​ ខ្ញុំ​បានឱ្យ​កូនស្រី​ទាំង​បី​នាក់​របស់ខ្ញុំ​ចាប់​យកមុខ​របរ​រៀបចំ​ជំនូន​ការ​នេះ​ ដើម្បី​ចិញ្ចឹមជីវិត​»​។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត