loader

ប៉ាត់​ គឹមអុី​ ប្រើ​ជើង​សរ​សេរ​អក្សរ​ជំនួស​ដៃ ​ចង់​ឱ្យ​ក្តី​ស្រ​មៃ​ជា​«​គណ​នេយ្យ​ករ»​​ក្លាយ​ជា​កា​ពិត​

សំឡេង៖

ភ្នំពេញ​៖ ​ទោះ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​រស់​នៅ​ មិន​អាច​ប្រើ​ដៃ​ដើម្បី​សរ​សេរ​អក្សរ​និង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​បាន​ដូច​គេ​ ក៏​យុវតី​ពិការ​ដៃ​ទាំង​សង​ខាង​វ័យ ​២០ ​ឆ្នាំ ​ប៉ាត់ ​គឹមអុី​ ​តែង​ចិញ្ចឹម​ចិត្ត​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​គណ​នេយ្យ​ករ​មួយ​រូប​នៅ​ថ្ងៃ​អនាគត​។ ​ពិការ​ភាព​ មិន​មែន​ជា​ឧប​សគ្គ​រាំង​ស្ទះ​ក្តី​ស្រ​មៃ​ឡើយ​ ព្រោះ ​គឹមអុី​ ​បាន​កំណត់​គោល​ដៅ​និង​ឆន្ទៈ​ក្នុង​ជីវិត​ច្បាស់​ណាស់​ថា​ ខ្លួន​នឹង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជំនាញ​គណ​នេយ្យ​ឱ្យ​បាន​ជោគ​ជ័យ ​នឹង​ក្លាយ​ជា​ម្ចាស់​អាជី​វកម្ម​មួយ​នៅ​ថ្ងៃ​អនាគត​។​ តើ​មាន​មូល​ហេតុ​អ្វី​ជំរុញ​ឱ្យ​យុវតី​ប្រើ​ជើង​សរ​សេរ​អក្សរ​ជំនួស​ដៃ​រូប​នេះ​ ចង់​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​?​

1_kimey

ទោះ​បី​ជា​មាន​កាយ​សម្បទា​ពុំ​គ្រប់​លក្ខណៈដូច​​គេឯង​ ក៏ គឹមអុី​ ​ពុំ​បាន​ផ្ដេក​ផ្ដួល​តាម​ព្រេង​វាសនា​ឡើយ​ ព្រោះ​នាង​ព្យា​យាម​ធ្វើ​អ្វី​ៗ​ឲ្យ​បាន​ដូច​មនុស្ស​ធម្មតា​ ព្រម​ទាំង​ខំ​សិក្សា​ ហើយ​ទទួល​បាន​លទ្ធ​ផល​ល្អ​ទៀត​ផង​។ ​សព្វ​ថ្ងៃ ​យុវតី​មានការ​​​តស៊ូ​ក្នុង​ជីវិត​រូប​នេះ​ កំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជំនាញ​គណ​​នេយ្យ​ នៅ​វិទ្យា​ស្ថាន​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​ ​​(​IMD​)​ ឆ្នាំ​ទី ៣​ ស្ថិត​នៅ​ទី​រួម​ខេត្ត​ពោធិ៍​សាត់​។ ​ប៉ាត់ ​គឹមអុី​ ជា​កូន​ទី ​៤ ​ក្នុង​គ្រួសា​រត្រកូល​កសិករ​ និង​មាន​បង​​ប្អូន​ស្រី​ទាំង​អស់​​ ៤ ​នាក់ ​រស់​នៅ​ភូមិអូរ​អាចម៍​កុក​ ឃុំ​អូរ​សន្តាន់​ ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍​សាត់​។ ​បង​ស្រី​ទាំង​បី​នាក់​ ពុំ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ដូច​ គឹមអុី​​ ឡើយ​ ព្រោះ​តែ​ស្ថាន​ភាព​គ្រួសារ​ក្រីក្រ​។​

​និស្សិត​ពិការ​ដៃ​តែ​មិន​ពិការ​ចិត្ត ​គឹមអុី​​ បាន​និយាយ​ដោយ​ក្តី​សង្ឃឹម​ថា៖​ «​​ខ្ញុំ​ចង់​ឱ្យ​គោល​ដៅ​របស់​ខ្ញុំ​បាន​សម្រេច​ ព្រោះ​ការ​ងារ​គណ​នេយ្យ​ធ្វើ​ការ​នៅ​មួយ​កន្លែង​… ​យ៉ាង​ហោច​ណាស់​នៅ​ថ្ងៃ​អនា​គត​ខ្ញុំ​អាច​ក្លាយ​ជា​ម្ចាស់​អាជី​វ​កម្ម​អ្វី​មួយ​នៅ​ស្រុក​ភូមិ​របស់​ខ្ញុំ​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ខ្ញុំ​»​។​

kimey_cover

​យុវ​តី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍​សាត់​រូប​នេះ ​​បាន​បន្ត​រៀប​រាប់​ទៀត​ថា​៖ ​«​ខ្ញុំ​ពិការ​ដៃ​តាំង​ពី​កំណើត​ប្រើ​ជើង​ជំនួស​ ពេល​ខ្លះ​អន់​ចិត្ត​ ប៉ុន្តែ​ខ្ញុំ​អាច​ប្រើ​ជើង​សរ​សេរ​បាន​…​ ​ខ្ញុំ​អត់​មាន​ដៃ​ស្តាំ​ ហើយ​ដៃ​ឆ្វេង​របស់​ខ្ញុំ​មាន​តែ​ម្រាម​ពីរ​ទេ ​​​ហើយ​ប្រើ​ទៅ​អត់​មាន​កម្លាំង​ ប្រើ​ក៏​អត់​កើត​សូម្បី​តែ​កាន់​ប៊ិច​សរសេរ​ ប៉ុន្តែ​ខ្ញុំ​អាច​ជិះ​កង់​បាន​ដោយ​ខ្លួន​ឯង​ វាយ​កុំព្យូ​ទ័រ​ ព្រម​ទាំង​ធ្វើ​កិច្ច​ការ​ងារ​ផ្ទះ​បាន​ខ្លះ​ៗ​»​។​

​ទោះ​ជា​ជីវិត​ជួប​ការ​លំបាក​ធ្លាប់​បាក់​ទឹកចិត្ត ប៉ុន្តែ ​គឹមអុី​ ​បាន​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ថា ​​ភាព​រឹង​មាំ​ដែល​ខ្លួន​មាន​រហូត​មក​ដល់​ថ្ងៃ​នេះ​ មាន​ការ​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​ លោក​គ្រូ​អ្នក​គ្រូ​ ព្រម​ទាំង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។​

លោក​ លឹម​ សឹម​ អាយុ​ ៥១​ ឆ្នាំ​ជា​ឪពុក​របស់​ គឹមអុី​ ​បាន​ឱ្យ​ដឹង​ថា​៖ ​« ​ខ្ញុំ​និង​ភរិយា​តែង​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ឱ្យ​ខិត​ខំ​រៀ​ន​ជា​និច្ច​ ព្រោះ​ការ​សិក្សា​អាច​ឱ្យ​គេ​មាន​អនា​គត​នៅ​ថ្ងៃ​ខាង​មុខ​…​​ ​ខ្ញុំ​អត់​​មាន​​អ្វី​​ឱ្យ​​គេ​ទេ​​ មាន​តែ​ខំ​ជួយ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​មាន​។​ ខ្ញុំ​​ពិត​ជា​អាណិត​គេ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គោល​បំណង​របស់​កូន​នឹង​បាន​សម្រេច​តាម​រយៈ​ការ​តស៊ូ​ព្យា​យាម​របស់​គេ​រាល់​ថ្ងៃ​នេះ​»​។​

2_kimey

​លោក​ ​ម៉ែន​​ សិទ្ធី​ នាយក​វិទ្យា​ស្ថាន​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​ (IMD) ​ដែល​បាន​ផ្តល់​អាហា​រូបករណ៍​ដល់​យុវតី​ ប៉ាត់​ គឹមអុី​ ​សិក្សា​ជំនាញ​បរិញ្ញា​បត្រ​គណ​នេយ្យ​បាន​ប្រា​ប់មណ្ឌល​ព័ត៌​មាន​ស្ត្រី​ថា​ ការ​ផ្តល់​ឱកាស​ដល់​ជនពិការ​ឱ្យ​ទទួល​បាន​ការ​សិក្សា​ ការអប់រំ ​គឺ​ជា​ការ​ជួយ​ដល់​ជន​ពិការ​ឱ្យ​មាន​ក្តី​សង្ឃឹម​សម្រាប់​អភិវឌ្ឍ​សម​ត្ថ​ភាព​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ​។ ​«ការ​ផ្តល់​ឱកាស​សិក្សា​ដល់​កញ្ញា​ ប៉ាត់ ​គឹមអុី​ ​នៅ​ពេល​នេះ​ គ្រាន់​តែ​ជំហ៊ាន​ដំបូង​នៃ​ការ​ចាប់​ផ្តើម​របស់​យុវតី​ពិការ​ម្នាក់​នេះ​តែ​ប៉ុណ្ណោះ​ តាម​ពិត​ទៅ​នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​ លោក​គ្រូ​អ្នក​គ្រូ​ មិត្ត​ភក្តិ​ជំរុញ​និង​ជួយ​លើក​ទឹក​ចិត្ត​រួច​​ស្រេច​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និង​អ្នក​ដទៃ​ទៀត​ចង់​បាន​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ពិការ​ ខ្ញុំ​ចង់​ឱ្យ​មាន​ស្ថាប័ន​ការ​ងារ​ អង្គ​ភាព​ការ​ងារ​ ឬ​ស្ថា​ប័ន​ការ​ងារ​រដ្ឋ​ណា​មួយ​ផ្តល់​ឱកាស​ការ​ងារ​ដល់​ជន​ពិការ​នៅ​ថ្ងៃ​ខា​ង​មុខ​។​ អ្នក​ពិការ​គាត់​មាន​ក្តី​សង្ឃឹម​ហើយ​ តែ​សូម​ជួយ​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​គាត់​បន្ត​ទៀត​ តាម​រយៈ​ការ​ផ្តល់​ការ​ងារ​សម​ស្រប​ណា​មួយ​ដល់​គាត់​»​។ ​

3_kimey

​តាម​ការ​ឱ្យ​ដឹង​ពី​យុវតី​ខាង​លើ​នេះ​ កាល​រៀន​នៅ​វិទ្យា​ល័យ​មាន​​អង្គ​ការ​មួយ​ចំនួន​បាន​ជួយ​ផ្តល់​សម្ភារៈ​សិក្សា​មាន​សៀ​វ​ភៅ​ ប៊ិច​ជា​ដើម​ ប៉ុន្តែ​នៅ​ពេល​រៀ​ន​ថ្នាក់​មហា​វិ​ទ្យា​ល័យ​ពុំ​មាន​អង្គ​ការ​ណា​ជួយ​ឡើយ​ លើក​​លែង​តែ​លោក​នាយក​វិទ្យា​ស្ថាន​គ្រប់​គ្រង​និង​អភិ​វឌ្ឍន៍ ​បាន​ផ្ដល់​ឱ្យ​សិក្សា​ដោយ​ពុំ​បាច់​បង់​ប្រា​ក់ ​ក្រៅពី​នេះ​ជា​​បន្ទុក​របស់​គ្រួសារ​។​

​ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្លួន​រាល់​ថ្ងៃ​សៅរ៍​ អាទិត្យ​ គឹមអុី​ ​ត្រូវ​ចំងាយ​ផ្លូវ​ ៣០ ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ឡើ​ង​មក​ទី​រួម​ខេត្ត​ដើម្បី​សិក្សា​បរិញ្ញា​បត្រ​គណ​នេយ្យ​​ដែល​ខ្លួ​ន​ស្រឡាញ់។​ ក្នុង​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ប្រាក់​ ១ ម៉ឺនរៀល​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក​​តាម​រថ​យន្ត​ឈ្នួល​ ហើយ​ជា​ទូ​ទៅ​ត្រូវ​ចំណាយ​អស់​ ៥ ​ម៉ឺន​រៀល​សម្រាប់​រយៈ​ពេល​ ២ ​ថ្ងៃ ​ក្នុង​មួយ​សប្តាហ៍​។​

​ចុង​ក្រោយ​និស្សិត​​ពិ​ការ​ដៃ​ទាំង​សង​ខាង​កំពុង​សិក្សា​ជំនាញ​គណ​នេយ្យ​រូបនេះ​ និយាយ​ដោយ​ជឿក​ជាក់​ចំពោះ​ខ្លួន​ឯង​ថា​៖​ «​ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ​ ហើយ​ខ្ញុំ​នឹង​តស៊ូ​រ​ហូត​ដល់​ទី​បញ្ចប់​ ព្រោះ​នៅ​ពេល​ដែល​បាន​រៀន​នៅ​មហា​វិទ្យា​ល័យ​ខ្ញុំ​មាន​ការ​យល់​ដឹង​រឿង​រ៉ាវ​ច្រើន​នៅ​ក្នុង​សង្គម​ និង​រៀន​ពី​សង្គម​បាន​ច្រើន​… ​ខ្ញុំ​នៅ​តែ​ត្រូវ​ការ​ ការ​គាំទ្រ​ ការ​លើក​ទឹក​ចិត្ត ​ទើប​អាច​សម្រេច​បំណង​មួយ​នេះ​បាន​»​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត