loader

ប្រធានាធិបតី​ និង​ប្រមុខ​កងទ័ព​មី​យ៉ា​ន់​ម៉ា​ អបអរសាទរ​ចំពោះ​លោកស្រី​ ស៊ូ​ជី​

Cover-លោកស្រីស៊ូជី ត្រូវបានបោះឆ្នោតឱ្យជាប់សម្រាប់អសនៈលោកស្រីនៅសភាជាន់ទាប កាលពីថ្ងៃពុធ
លោកស្រី ស៊ូជី ត្រូវបានបោះឆ្នោតឱ្យជាប់សម្រាប់អសនៈលោកស្រីនៅសភាជាន់ទាប កាលពីថ្ងៃពុធ

​ក្រុងយ៉ាំងហ្គោន៖ ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ លោក​ ថេ​ន​ សេន​ (Thein​ Sein)​ និង​ប្រមុខ​កងទ័ព​ដ៏​មាន​អំណាច​របស់​ប្រទេស​មួយ​នេះ​ បាន​អបអរសាទរ​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​គណបក្ស​របស់​លោកស្រី​នៅ​តែ​កំពុង​ឆ្ពោះទៅ​រក​ការ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃអាទិត្យ​ ទី​៨​ វិច្ឆិកា​ កន្លង​ទៅ​នោះ​។​

​លោក​ ថេ​ន​ សេន​ បាន​និយាយ​ថា​រដ្ឋាភិបាល​នឹង​ទទួលស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត​ ហើយ​​បាន​សន្យា​ថា​នឹង​មានការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព​ ស្រប​តាម​លទ្ធផល​បោះ​ឆ្នោត​ដែល​គ្រោង​នឹង​ប្រកាស​នា​ពេល​ខាង​មុខ​។​

​បើ​តាម​ការ​បង្ហោះ​នូវ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ពុធ​ បានឱ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​សព្វថ្ងៃ​ បាន​សម្ដែង​ការ​សាទរចំពោះ​លោកស្រី​ ស៊ូ​ជី​ ថា​៖​ «​អបអរសាទរ​ចំពោះ​លោកស្រី​ប្រធាន​ អ៊ុ​ង​សាន​ ស៊ូ​ជី​ និង​គណបក្ស​របស់​លោកស្រី​ ចំពោះ​ការ​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​នេះ​»​។​

«​រដ្ឋាភិបាល​នឹង​គោរព​ ហើយ​និង​ធ្វើ​តាម​ការជ្រើសរើស​និង​ការ​សម្រេចចិត្ត​របស់​ប្រជាជន​ ព្រមទាំង​ធ្វើការ​ផ្ទេ​រ​អំណាច​ដោយ​សន្តិភាព​តាមពេល​​កំណត់​ខាង​មុខ​»​។​ សេចក្ដីថ្លែងការណ៍​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​ លោក​ប្រធានាធិបតី​នឹង​ «​ធ្វើការ​ជាមួយ​មនុស្ស​គ្រប់​គ្នា​»​ ដើម្បី​ធានា​ពី​ស្ថិរភាព​នៅ​ក្រោយ​ពេល​​បោះ​ឆ្នោត​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នោះ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ លោក​ឧត្តមសេនីយ៍​ មិន​ អ៊ុ​ង​ ឡា​ង​ (Min​ Aung​ Hlaing)​ ជា​មេបញ្ជាការ​យោធា​ ដែល​បាន​គ្រប់គ្រង​ប្រទេសនេះ​ប្រមាណ​កន្លះ​សតវត្សរ៍​មក​ហើយ​នោះ​ បាន​សម្ដែង​នូវការ​អបអរសាទរ​ចំពោះ​គណបក្សប្រឆាំង​របស់​លោកស្រី​ ស៊ូ​ជី​ គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD)​ ចំពោះ​ជ័យជម្នះ​បោះ​ឆ្នោត​លើ​រដ្ឋ​ភាគច្រើន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ លោកស្រី​ ស៊ូ​ជី​ បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​ទាំង​ពីរ​ ក៏​ដូច​ជា​លោក​ ​ស្វេ​ ម៉ា​ន់​ (Shwe​ Mann)​ អ្នកនាំពាក្យ​សភា​ជាន់​ទាប​ ឱ្យ​ជួប​ប្រជុំ​គ្នា​ស្ដី​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ ដែល​លោកស្រី​ថា​៖​ «​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​តាម​ឆន្ទៈ​របស់​ប្រជាជន​ប្រកបដោយ​សន្តិភាព​សម្រាប់​ផលប្រយោជន៍​របស់​ប្រទេស​»​។​

​ជា​ការ​ឆ្លើយ​តប​ លោក​ ថេ​ន​ សេន​ បាន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី​ ចំពោះ​ការ​ពិភាក្សា​ដើម្បី​បង្រួបបង្រួម​ជាតិ​ បើ​ទោះជា​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​សម្រេច​យល់ព្រម​ពី​ពេលវេលា​ និង​ទីកន្លែង​ក្នុង​ការ​ចរចា​នោះ​។​

​ចំណែក​ប្រមុខ​កងទ័ព​ ក៏​បាន​និយាយ​ថា​លោក​នឹង​ជួប​លោកស្រី​ ស៊ូ​ជី​ ក្រោយ​ពី​លទ្ធផល​ផ្លូវការ​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២២​ វិច្ឆិកា​ នេះ​ ដោយ​អា​ជ្ងា​ធ​របោះ​ឆ្នោត​។​ ឯ​លោក​ ស្វេ​ ម៉ា​ន់​ វិញ​ ក៏​បាន​យល់ព្រម​ថា​លោក​គ្រោង​នឹង​ជួប​លោកស្រី​នៅ​
ស​ប្ដា​ហ៍​ក្រោយ​ តែ​ព័ត៌មាន​ពិស្ដារ​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ​។​

​បើ​គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ លទ្ធផល​បោះ​ឆ្នោត​ចុង​ក្រោយ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ គណបក្ស​ NLD​ របស់​លោកស្រី​ស៊ូ​ជី​ បាន​ឈ្នះ​ ១៧៩​ អ​សនៈ​ លើ​ ២១៦​ អ​សនៈ​ នៅ​សភា​ជាន់​ទាប​ ហើយ​ឈ្នះ​ ៧៧​ អ​សនៈ​ លើ​ ៨៣​ អ​សនៈ​ នៅ​សភាជាតិ​ខ្ពស់​។​

​ទន្ទឹម​នឹង​នោះ​ គណៈកម្មការ​បោះ​ឆ្នោត​សហភាព​បានឱ្យ​ដឹង​ថា​លោកស្រី​ ស៊ូ​ជី​ ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​ បាន​ឈ្នះ​អ​សនៈ​សម្រាប់​គណបក្ស​របស់​ខ្លួន​ ប៉ុន្តែ​លោកស្រី​មិន​អាច​ក្លាយជា​ប្រធានាធិបតី​បាន​ទេ​ ក្រោម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​ ដោយសារ​លោកស្រី​បាន​រៀប​ការ​ស្វាមី​ជា​ពលរដ្ឋ​អង់គ្លេស​ និង​មានកូន​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​ផង​ដែរ​។​ តែ​ទោះជា​យ៉ាងណា​លោកស្រី​បាន​និយាយ​ថា​ វា​នឹង​មានការ​ផ្លាស់​ប្ដូរ​ចំពោះ​បញ្ហា​នេះ​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ Al​ Jazeera

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្រ្ដីពុករលួយនៃប្រទេសបូលីវៀរត់ចោលប្រទេសបន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានទាញទម្លាក់ពីអំណាច

ចាប់តាំងពីប្រធានធិបតីអ៊ីវ៉ូ ម៉ូរ៉េឡេសនៃប្រទេស[...]

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត