loader

ប្រវត្តិសាស្ត្រ៖ ហេតុអ្វីបានជាសំណាក់ព្រះបាទជ័យវរ្ម័នទី៧ កំបុតព្រះហត្ថ ឆែបព្រះកេសយ៉ាងនេះ?

ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដែលមានមហិទ្ធិឫទ្ធិខ្លាំងខ្លាក្នុងចំណោមព្រះរាជាទាំងអស់ក្នុងសម័យអង្គរ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់ និងជាសេ្តចអង្គអាចក្លាហានក្នុងសឹកសង្រ្គោម ពង្រីកទឹកដី ប្រទេសជាតិរុងរឿងថ្លៃថ្លា។  ក៏ប៉ុន្តែហេតុអ្វីបានជាអ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវវត្ថុបុរាណធ្វើកំណាយរូបសំណាក់ព្រះអង្គឃើញនៅក្នុងអណ្តូង ហើយកំបុតព្រះហត្ថ(ដៃ) និងឆែបព្រះកេស(ក្បាល)ទៅវិញ?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីអត្ថាធិប្បាយ៖

ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចដែលមានកត្តិនាមច្រើនជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ ហើយព្រះអង្គត្រូវបានគេចាត់ទុកជាស្តេចធំបង្អស់នៅក្នុងស្រុកខែ្មរ ព្រោះព្រះអង្គគឺជាស្តេចពង្រីកអាណាខេត្តដរាបដល់កម្រិតជាទីបំផុត។ នៅដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧  ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិនផងដែរ។

យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ​១១២០ ឬបើយ៉ាងហោចណាស់ក្នុងឆ្នាំ ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ព្រះអង្គគឺជាស្តេចដែលមានឬទ្ធាអំណាចខ្លាំងក្លា ព្រមទាំងជួយឲ្យអាណាចក្រខ្មែរនៅសម័យអង្គរ រុងរឿងស្ទើរគ្រប់វិស័យ មិនថាខាងផ្នែកសឹកសង្រ្គាម នយោបាយ ការពង្វាតទឹកដី សុខាភិបាល វិស័យសំណង់ អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ វប្បធម៌ អរិយធម៌ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃ តួយ៉ាងដូចជាប្រាសាទអង្គរធំ ប្រាសាទបាយ័នជាដើម។ ព្រះបាទជ័យវរ្ម័នទី៧ក៏ត្រូវបានគេចាត់ទុកថា ជាស្តេចដែលគិតពីផលប្រយោជន៍ជាតិជាធំ ស្រឡាញ់នឹង ដឹងពីសុខទុក្ខរបស់ប្រជាជនផងដែរតាមរយៈសិលា​ចារឹកមន្ទីរពេទ្យ​របស់​ព្រះអង្គ​បានចារថា៖ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​អាចធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​បាននោះ»

ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេដឹងថា បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវីមក ព្រះអង្គបានប្តូរពីការគោរពព្រាហ្មណ៏សាសនា មកជាព្រះពុទ្ធសាសនាមហាយានវិញ។ ការណ៍ទាំងនេះបានធ្វើឲ្យខ្សែររាជវង្សចាស់ៗដែលគោរពនូវព្រហ្មញ្ញសាសនានោះ កើតក្តីមិនពេញចិត្តឡើយចំពោះការប្តូរសាសនាមកព្រះពុទ្ធសាសនាមហាយាននេះ។

យោងតាមលោកដេវីដ ឈែនដ្លឺរ អ្នកប្រវត្តិវិទូជនជាតិបារាំងបានលើកឡើងថា ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ សោយទិវង្គតប្រហែលជានៅក្នុងឆ្នាំ ១២១៥ នៃគ្រិស្តសករាជ ឯកសារខ្លះទៀតថានៅក្នុងឆ្នាំ១២១៨  នៅក្នុងព្រះជន្មាយុចន្លោះចាប់ពី ៨៥ ដល់ ៩០ ព្រះវស្សា។ លោក ដេវីដ ឈែនដ្លឺរ បានលើកឡើងថា ក្រោយពីព្រះបាទជ័យវរ្ម័នទៅ៧បានសុគតទៅ ជម្លោះសាសនាបានកើតឡើង ប្រភពដែលធំបំផុតគឺចេញពីខ្សែររាជវង្សដែលនៅតែប្រកាន់យកព្រហ្មញ្ញសាសនា។ បើពិនិត្យមើលទៅលើអង្គែទាំងអស់តាមកំពូលកំពែងជុំវិញក្រុងអង្គរ ក្នុងនោះគឺមានពុទ្ធបដិមាជាច្រើនអង្គ ក៏ប៉ុន្តែភាគច្រើននៃរូបពុទ្ធរូបទាំងនេះ ត្រូវបានគាស់ចេញ។ ងាកមករូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ក៏ដូច្នេះដែរ ក្រោយកំណាយរកឃើញ អ្នកកំណាយបានលើកឡើងថា រូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេកាប់បំផ្លាញឲ្យខូចនូវទ្រង់ទ្រាយដើម ដូចជាកំបុតព្រះហត្ថ ឆែបព្រះកេសរួចគេយកទៅបោះចូលក្នុងអណ្តូងថែមទៀតផង។

ទាក់ទងទៅនឹងការឆែបព្រះកេស កំបុតព្រះហត្ថរបស់ព្រះបាទជ័យវរ្ម័នទី៧នេះ មានអ្នកលើកឡើងនូវមតិផ្សេងៗគ្នាថា ព្រះបាទជ័យវរ្ម័នទី៧នេះកំបុតព្រះហត្ថ ឆែបព្រះកេសក៏ព្រោះតែព្រះអង្គមានជម្ងឺឃ្លង់ ហើយអ្នកខ្លះទៀតថាដោយសារសៀមវាយចូល ហើយវាយកំទេចរូប ដើម្បីបំបាត់ឥទ្ធិពលស្តេចចក្រព័ត្រ រីឯមតិរបស់ចៅគាំងវិញបានលើកឡើងថា គេហាមមិនឲ្យឆ្លាក់ពេញលេញ ព្រោះខ្លាចត្រូវរន្ទះបាញ់។ ទាំងនេះគឺជាគ្រាន់តែជាទស្សនៈបែបស្រមើរស្រមៃ ដោយគ្មានភស្តុតាងនឹងត្រឹមត្រូវរបស់មនុស្សតែប៉ុណ្ណោះ ក៏ប៉ុន្តែលោក ដេវីដ ឈែនដ្លឺរ បានធ្វើការស្រាវជ្រាវទៅលើរឿងនេះ ដោយបានលើកអំណះអំណាងចំនួន៣ យកមកធ្វើជាទឡ្ហីរករណ៍អំពីមូលហេតុនៃការកំបុតព្រះហត្ថ និងឆែបព្រះកេសរបស់ព្រះបាទជ័យវរ្ម័នទី៧។ ដោយទី១គឺគាត់បានធ្វើការសំណាងទៅលើបុព្វហេតុប្រវត្តិសាស្រ្ត៖ ដោយលើកឡើងថានៅពេលខ្មែររួចចាកផុតពីសង្រ្គាមខ្មែរយើងមានអ្នកអភិរក្សវត្ថុបូរាណនិងប្រវត្តិសាស្រ្តបានប្រទះឃើញរូបសំណាកបដិមានេះមានលក្ខណៈបាក់បែកស្រាប់ទៅហើយ (បាត់ព្រះហស្ថទាំង២ និងឆែបព្រះកេស) ដោយរកបំណែកនោះមកប៉ះប៉ូវវិញមិនបាន គេក៏សម្រេចទុកជាលក្ខណៈដើមទាំងស្រុងទៅ ។ ទី២ផ្អែកទៅលើបុព្វហេតុសាសនា ៖ កាលដើមឡើយព្រះបាទជ័យវរ្ម័ទី៧ កាន់សាសនាព្រាហ្មណ៍ មានឫទ្ធិអំណាចខ្លាំងក្រៃលែងប្រទេសជាតិមានការរីកចម្រើន ទំហំទឹកដីធំមហិមា ។​ ប៉ុន្តែក្រោយពីព្រះអង្គរៀបអភិសេកជាមួយព្រះនាងឥន្ទ្រទេវីមកព្រះអង្គបែរមកកាន់ពុទ្ធសាសនាមហាយានវិញលែងមានមហិច្ឆតាពង្រីកទឹកដី ទម្លាក់ដាវឈប់បង្ហូរឈាម បែរជាគ្រាន់តែការពារទឹកដី និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅវិញ ដែលជាហេតុធ្វើឱ្យកូនចៅព្រះអង្គដែលមានជំនឿស៊ប់លើព្រាហ្មណ៍សាសនានោះមិនសប្បាយចិត្ត ខឹងសម្បារនឹងព្រះអង្គ ក៏លួចវាយបំបាក់រាល់រូបសំណាក់ព្រះអង្គឱ្យដាច់បាត់ព្រះហស្ថទាំងសងខាង ដោយពួកគេយល់ថា​ ព្រះបាទជ័យវរ្ម័នទី៧លែងធ្វើសង្រ្គាមទៀតហើយ ទុកព្រះហស្ថធ្វើអ្វី កាត់ចោលទៅ ។ រីឯព្រះកេសឆែបវិញ គឺពួកគេយល់ថា ពីមុនពូកែគិត តែឥឡូវលែងចេះគិតហើយ ព្រោះតែស្រី ពួកគេក៏វាយឱ្យឆែបទៅ ។ នឹងទី៣ផ្អែកលើបុព្វហេតុសង្រ្គាម៖ នៅពេលមានសង្រ្គាមចម្បាំងម្តងៗ សត្រូវព្រះអង្គមានចាម ជ្វា លាវ សៀម មិនដែលយកឈ្នះលើព្រះអង្គឡើយ ពួកគេតែងចិញ្ចឹមចិត្តសងសឹកជាមួយព្រះអង្គ។ ជាអកុសលពេលដែលព្រះអង្គចូលទីវង្គត ពួកសត្រូវទាំងអស់នោះមកវាយប្រហារប្រទេសខ្មែរស្ទើរទាំងស្រុង ចំណែកឯរូបបដិមា ព្រះបាទជ័យវរ្ម័នទី៧ វិញពួកបានវាយបំបាក់ព្រះហស្ថទាំងសងខាង ព្រោះវាយល់ថា ព្រះហស្ថនេះហើយដែលធ្វើឱ្យពួកវាវាយចាញ់ និងសម្លាប់ពួកវាអស់ច្រើនណាស់ ដូច្នេះគួរតែកំចាត់ចោល ។ រីឯព្រះកេសវិញ ពួកវាបានវាយឱ្យឆែប ព្រោះយល់ថា ព្រះកេសនេះហើយពូកែគិត ពូកែល្បិចក្នុងសឹកសង្រ្គាមជាមួយពួកវា ដូច្នេះត្រូវតែកំទេចចោល។

បើទោះបីជា ក្រោយកំណាយបានរកឃើញថា រូបសំណាក់របស់ព្រះអង្គត្រូវបានបាត់បង់នូវសភាពដើម ដែលជាហេតុធ្វើឲ្យអ្នកប្រវត្តិវិទូ ពិបាកនៅក្នុងការកំណត់ពីរូបរាងរបស់ព្រះអង្គជារូបភាពដើមក៏ដោយ កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរដែលនេះជាចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាទីប្រវត្តិសាស្រ្ត៖ តើខ្មែរមានជំនឿទៅលើអ្វី? (ភាគ១)

កាលពីយូរលង់ណាស់មកហើយ មនុស្សលោកតែងជួបប្រទះបាតុ[...]

នគរខ្មែរក្រោមរជ្ជកាលនៃព្រះបាទច័ន្ទរាជា គ្មាន ស្ដេចជ្រែករាជ្យទេ គឺមានតែវាយសៀមយកខេត្តមកវិញ

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្របានសោយរាជ្[...]

ប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក

ប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក

ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត