loader

ប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត។ ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកជាច្រើនសារនៅក្នុងសម័យនោះ។ រាជធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត ស្ថិតនៅក្នុងខេត្តកំពង់ចាម, ចតុមុខ នៅរាជធានីភ្នំពេញ និងលង្វែកនៅខេត្តកំពង់ឆ្នាំង

បន្ទាយលង្វែក​ គឺជាទីតាំងប្រវត្តិសាស្រ្តខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ ជាកន្លែងយុទ្ធសាស្រ្តមួយមាន ទន្លេ បឹង ជាពិសេសព្រែក។ តែក្រោយមកដល់ឆ្នាំ១៥៩៣បន្ទាយនេះត្រូវបានសៀមវាយបំបែកយកទៅជាចំណុះរបស់ខ្លួនដែលរឿងនេះគឺត្រូវបានកើតឡើងនៅក្នុងរជ្ជកាលព្រះបាទសត្ថាទី១។

តើមូលហេតុអ្វីបានជាមានការបែកបន្ទាយលង្វែក?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីអត្ថាធិប្បាយ៖

សម័យលង្វែក គឺជាសម័យមួយដែលមានចម្បាំងជាច្រើនជាងគេនៅក្នុងចំណោមសម័យផ្សេងៗទាំងអស់ ព្រមទាំងមានការឈ្លានពានពីសំណាក់សៀមមកលើប្រទេសកម្ពុជាថែមទៀតផងដែរ។ ​​​​​       រាជធានីតែងមានការផ្លាស់ប្តូរជាច្រើនលើកជាច្រើនសារនៅក្នុងផ្ទៃប្រទេស។ យោងតាមសៀវភៅអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ បានចារជាអក្សរថា នៅក្នុងសម័យលង្វែកមានស្តេចចំនួន៥អង្គដែលបានគ្រប់គ្រងសោយរាជ្យ។ ទី១ គឺស្តេចកន (១៥១២-១៥២៥) ទី២ គឺអង្គចន្ទទី១ ឬពញាចន្ទ (១៥១៦-១៥៦៦) ទី៣ បរមរាជាទី៤ (១៥៦៦-១៥៧៦) ទី៤ គឺព្រះបាទសត្ថាទី១ ឬបរមរាជាទី៥ (១៥៧៦-១៥៨៦) និងព្រះជ័យជេដ្ឋាទី១ (១៥៨៦-១៥៩៤)។

ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែល​       ស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។​ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខេត្តពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។

បកត្រឡប់មកសម័យព្រះបាទសត្ថាទី១វិញ ដែលជាព្រះរាជាសោយរាជ្យបន្តពីព្រះបរមរាជា គឺជាសម័យមួយដែលបន្ទាយលង្វែកត្រូវបានបែកបាក់។  បន្ទាយលង្វែកគឺជារាជធានីមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ជាកន្លែងយុទ្ធសាស្រ្តមួយមាន ទន្លេ បឹង ជាពិសេសព្រែកបន្ទាយលង្វែកមានទទឹងប្រវែង ២ សហាតិមាត្រ និងបណ្ដោយប្រវែង ៣ សហាតិមាត្រ ហើយចំណាយពេលសាងសង់ ៣ ឆ្នាំ (១៥២៧ – ១៥២៩)។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម ៦ ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់ ១៤ ហត្ថ កម្រាស់ខ្នងលើ ១០ ហត្ថ ជើងទេរខាងក្រោម ២២ ហត្ថ ឯជ្រុងទី៤គឺទន្លេ។ មូលហេតុនេះហើយ​ ទើបព្រះចន្ទរាជាបញ្ជាអោយមន្រ្តីឧកញ៉ាសេនាបតីអោយកេណ្ឌរាស្រ្តកាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់បន្ទាយ​និង​រាជវាំង ទ្រង់បានអោយគេធ្វើកំពែងការពារ ៥ ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កម្រាស់ ២ សិន (១៦០) មានគូទឹក មានទ្វារ ៨ ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហានកាំភ្លើងវែង

ក្នុងកំពែងជាន់ទីមួយដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហាកាំភ្លើងធំ ហើយ នៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និង សាលាឧទ្ធរណ៍

ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហាអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។ កំពែងទី៤ ដាក់សុទ្ធ តែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។នៅក្នុងកំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំង កំពូលប្រាំបិទមាស និង លាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬ ព្រះត្រឡែងកែង និងព្រះគោចំនួន ១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។មានផ្ទះស្រីស្នំ ក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុកស្រូវ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តាវុធ។ ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិបន្ទាប់ពីអង្គរ

នៅក្នុងសម័យព្រះបាទសត្ថាទី១ ដែលជាសម័យមួយស្ថិតនៅក្នុងលង្វែកនោះ ជម្លោះនយោបាយត្រូវបានកើតឡើងជាបន្តបន្ទាប់ទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។

  • ចំពោះនយោបាយក្នុងប្រទេស

នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ ១១ ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។

  • ចំពោះនយោបាយក្រៅប្រទេសវិញ

កាលពីសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀតទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។ ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខែត្រនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ … ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។ នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។

ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។ នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វ‌ែ‌ក។ យោងតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ ដួង‌ ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា៣ថ្ងៃ។​ ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។
នៅឆ្នាំ ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ពួកសៀមបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក រួមជាមួយព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាតនិងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមថែមទៀតផង។

នៅពេលនោះព្រះបាទសត្ថាទី១ និងព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ បានភៀសព្រះកាយទៅនៅដែនដីលាវ ហើយក៏សោយទិវង្គតនៅទីនោះនៅក្នុងឆ្នាំ ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។
ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ …៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

2
បញ្ចេញមតិ

avatar
1 Comment threads
1 Thread replies
0 Followers
 
Most reacted comment
Hottest comment thread
2 Comment authors
អុិត សេរីវឌ្ឍនៈUn chengleang Recent comment authors
newest oldest most voted
Un chengleang
Guest
Un chengleang

ហើយបន្ទាប់មកស្តេចអង្គណាឡើយគ្រងរាជ្យបន្តបង
ហើយស្តេច សាគររាជ ជាអ្នកណា

អុិត សេរីវឌ្ឍនៈ
Editor

បើយោងតាមសៀវភៅត្រឹង ងារ ទំព័រ ៤០ បានលើកឡើងថា នៅក្នុងឆ្នាំ១៥៩៤ ក្នុងរាជព្រះបាទសត្ថាទី១ មានការជ្រែករាជមួយកើតឡើង ដោយញាតិរបស់ព្រះបាទសត្ថាទី១ ព្រះនាម ព្រះរាមជើងព្រៃ(១៥៩៤ ដល់ ១៥៩៦)។ ចំណែកឯស្តេចព្រះនាម សាគររាជ គឺជាឈ្មោះតួអង្គស្តេចម្នាក់នៅក្នុងរឿងព្រេងនៃប្រវត្តិខេត្តកែប។ សូមអរគុណ!

ព័ត៌មានទាក់ទង

នាទីប្រវត្តិសាស្រ្ត៖ តើខ្មែរមានជំនឿទៅលើអ្វី? (ភាគ១)

កាលពីយូរលង់ណាស់មកហើយ មនុស្សលោកតែងជួបប្រទះបាតុ[...]

នគរខ្មែរក្រោមរជ្ជកាលនៃព្រះបាទច័ន្ទរាជា គ្មាន ស្ដេចជ្រែករាជ្យទេ គឺមានតែវាយសៀមយកខេត្តមកវិញ

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្របានសោយរាជ្[...]

ប្រវត្តិសាស្ត្រ៖ ហេតុអ្វីបានជាសំណាក់ព្រះបាទជ័យវរ្ម័នទី៧ កំបុតព្រះហត្ថ ឆែបព្រះកេសយ៉ាងនេះ?

ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដែលមានមហិទ្ធិឫទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត