loader

ប្រវត្តិសាស្រ្ត ៖ តើប្រវត្តិភ្នំពេញ ពិតជាមានពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរឬយ៉ាងណា?

ភ្នំពេញគឺជាឈ្មោះរាជធានីដ៏ចំណាស់មួយ ដែលបានកសាងឡើងដោយព្រះរាជាពញាយ៉ាតក្នុងឆ្នាំ១៤៣២នៃ គ ស  តែ ភ្នំពេញត្រូវ បានបោះបង់ វិញដោយព្រះរាជបុត្រទ្រង់។ ក្រោយមក រាជធានីនេះក៏ត្រូវបានពិនិត្យពិច័យកសាងឡើងវិញដោយព្រះបាទនរោត្តមក្នុងឆ្នាំ១៨៦៥។ប្រវត្តិរាជធានីភ្នំពេញ ទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន ក៏ដូចជា នឹងរឿងព្រេងដែលគេនិទានតៗគ្នា។យ៉ាងណា គេពុំឃើញមានឡើយបញ្ជាក់អំពី ឈ្មោះអ្នកនិពន្ធ ប្រភព ភស្តុតាង កាលអាកាស ឬក៏កំណត់ហេតុណាមួយដែលសរសេររៀបរាប់ច្បាស់លាស់ទាក់ទងទៅនឹងប្រវត្តិនៃការកកើតភ្នំនេះនោះទេ។ បែបនេះទាញឱ្យមានចំណោទថាតើភ្នំនេះអាចជាភ្នំដែលមានស្រាប់ ឬក៏ប្រជាជនជាអ្នកពូនវាឡើង?

អត្ថាធិប្បាយដោយ​ កញ្ញាអ៊ុំ ច័ន្ទលក្ខិណា

ភ្នំពេញ គឺជាឈ្មោះរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ជំរឿនឆ្នាំ២០០៨ បានឱ្យដឹងថា ភ្នំពេញមានប្រជាជន១៦៧៧០០០នាក់​​ ។ រាជធានីនេះមានទីតាំងស្ថិតនៅតំបន់កណ្តាលខាងត្បូងនៃកម្ពុជា និងព័ន្ធជុំវិញដោយខេត្តកណ្តាល លើផ្ទៃដី758 សហតិមាត្រការ៉េ គ្របដណ្ដប់ដោយរចនាសម្ព័ន្ធរដ្ឋបាលនៃខណ្ឌចំនួន១៤រួមមាន ខណ្ឌចំការមន ដង្កោ ដូនពេញ ទួលគោក ប្រាំពីរមករា ពោធិ៍សែនជ័យ មានជ័យ ឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌច្បារអំៅ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌបឹងកេងកង និង ខណ្ឌកំបូល។ទល់នឹងបម្រែបម្រួលនគរូបនីយកម្មយ៉ាងសម្បើមក្នុងពេលបច្ចុប្បន្ន យើងត្រូវដឹងថារាជធានីភ្នំពេញនេះមានប្រវត្តិស្មុគស្មាញមិនគួរ​អោយជឿយូរលង់ណាស់មកហើយ។

 ប្រវត្តិភ្នំពេញតាម​ឯកសារប្រវត្តិសាស្រ្ដខ្មែរ

ក្រុងចតុមុខមង្គល សកលកម្ពជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ឬ ហៅ ឱ្យងាយស្ដាប់ថា រាជធានីភ្នំពេញ ត្រូវបានកសាងដំបូងនៅក្នុងសតវត្សន៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយាពណ៌ ដែលត្រូវបានគេស្គាល់ថាជា ព្រះបាទពញ្ញាយ៉ាត ដែលជាព្រះបុត្រារបស់ព្រះបាទស្រីសុរិយាវង្ស ហើយក៏ជាព្រះរាជាមួយអង្គដែលបានរំដោះក្រុងអង្គរជាលើកទី២ ពីកណ្តាប់ដៃសៀម បន្ទាប់ពីព្រះបិតារបស់ទ្រង់ជាអ្នករំដោះលើកទី១។ មុននឹងឈានដល់ការសម្រេចចិត្តតាំងទីនៅភ្នំពេញ ព្រះអង្គបានចុះចាកពីរាជធានីអង្គរដ៏សែនស្កឹមស្កៃនេះកាលពីថ្ងៃទី១៣រោច ខែមិគសិរ ឆ្នាំជូត ចក្វាស័ក ព.ស ១៩៧៦ គ.ស ១៤៣២ មកតាំងនគរនៅបន្ទាយទាហានចាស់របស់ព្រះបិតាទ្រង់ គឺនៅទួលបាសានក្នុង ខេត្តស្រីសរឈរ ដែលសព្វថ្ងៃនេះគេហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកឯក្រុងថ្មីនៅទីនោះត្រូវបានទ្រង់ប្រទាននាមឲ្យថា« ក្រុងស្រីសន្ធរបវររាជធានី»។  

នេះបើយោងតាមឯកសារសៀវភៅប្រវត្តិសាស្រ្តដែលសរសេរចងក្រងឡើងដោយលោក អាដេម៉ារឡឺក្លែ ដែលជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជាបានសរសេររៀបរាប់ថា ការចុះចាកពីរាជធានីអង្គរនេះ ក៏ព្រោះតែព្រះអង្គយល់ថាជិតប្រទេសសៀមខ្លាំងពេក ហើយខេត្តមួយចំនួនរបស់ខ្មែរដែលស្ថិតនៅក្បែរតំបន់អង្គរ ក៏ត្រូវបានសៀមទន្រ្ទានយកអស់ ជាពិសេសេនៅពេលដែលមានសង្រ្គមជាមួយសៀមម្តងៗ គឺបានធ្វើឲ្យប្រជារាស្រ្តខ្មែរជាច្រើនអ្នកត្រូវបានស្លាប់ ដែលជាហេតុធ្វើឲ្យប្រជារាស្រ្តខ្មែរនៅសល់ចំនួនតិចតួច ពិបាកក្នុងការគ្រប់គ្រង និងការពារក្រុងអង្គរដ៏ធំល្វីងល្វើយនេះ។ ហេតុដូច្នេះ បើសិនជាពួកសៀមចង់ធ្វើការឈ្លានពានសារជាថ្មីក៏ត្រូវតែឆ្លងកាត់ខេត្តមួយចំនួនជាមុនសិន មុននឹងមកដល់រាជធានីនគរ។ ចំណែកឯ នៅក្នុងឯកសារផ្សេងទៀតក៏បានសរសេររៀបរាប់ថា នៅក្នុងសម័យនោះគឺមានគ្រោះរាំងស្ងួត ដែលធ្វើឲ្យស្ទឹងអង្គរនៅសម័យនោះស្រកចុះដល់ទៅ២ម៉ែត្រកន្លះ បារាយទឹក អាងទឹកធំៗត្រូវរីងស្ងួតហួតហែង ដែលជាហេតុធ្វើឲ្យពិបាកក្នុងការបង្កបង្កើនផលផ្នែកកសិកម្មដើម្បីផ្គត់ផ្គង់មនុស្សទាំងមូលនៅក្នុងអាណាចក្រនេះ ទើបព្រះអង្គសម្រេចចិត្តចាកចេញពីក្រុងអង្គរ ហើយទៅតាំងទីនៅទួលបាសានវិញ ដោយដាក់ឈ្មោះរាជធានីថ្មីនោះថា«ព្រះវាំងថ្មី»។ តែការតាំងទីនៅនគរបាសាននេះបានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ព្រះអង្គក៏បានរើរាជធានីទៅតាំងតាមបណ្តាយទន្លេមេគង្គ កាលពីថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក ព.ស ១៩៨១ គ.ស១៤៣៧ ដែលនៅទីនោះត្រូវបានគេស្គាល់ថា ភ្នំពេញ។ ចំណែកឯទន្លេចតុម្មុខដែលស្ថិតនៅជិតព្រះបរមរាជវាំងនោះត្រូវបានព្រះអង្គប្រទាននាមថា «ទន្លេចតុម្មុខមង្គលសកលកម្ពុជាធិបតី»។ ក៏ប៉ុន្តែការតាំងព្រះបរមរាជវាំងនៅភ្នំពេញនេះពុំមានភាពស្ថិតស្ថេរនោះទេ។ បន្ទាប់ពីតាំងទីបានរយៈពេល ៦៣ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៤៣៤ ដល់ ១៤៩៧ រាជធានីក៏មានការផ្លាស់ប្តូរត្រឡប់ទៅទួលបាសានវិញ ក្រោយមកក៏ប្តូរទៅពោធិ៍សាត់ ចេញពីពោធិ៍សាត់ទៅបរិបូរណ៍ ហើយប្តូរពីបរិបូរណ៍ទៅលង្វែក ចេញពីលង្វែកក៏មកតាំងទីនៅឧត្តុង្គ ក្រោយពីតាំងទីនៅឧត្តុង្គក៏ត្រឡប់មក កសាងព្រះរាជវាំងនៅភ្នំពេញសារជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី៤កើត ខែបុស្ស ឆ្នាំឆ្លូវ សប្តស័ក ព.ស ២៤០៩ គ.ស ១៨៦៥។ រាជធានីភ្នំពេញចាប់ផ្តើមមានស្ថេរភាពនៅអំឡុងសតវត្សន៍ទី១៩ ក្នុងរជ្ជកាលព្រះបាទនរោត្តម រហូតមកដល់បច្ចុប្បន្ននេះ។ ទាក់ទងនឹងកំណើតនៃការកកើតនៃឈ្មោះទីក្រុងនេះ យើងក៏បានសង្តេតឃើញថាមានប្រវត្តិរឿងព្រេងទាក់ទងនឹងដូនម្នាក់ឈ្មោះថា ពេញ និង ចលនាពពូនភ្នំ មួយដែលបច្ចុប្បន្នហៅថាវត្តភ្នំ ដែល ចំជាបេះដូងនៃរាជធានីភ្នំពេញ។

តើភ្នំដូនពេញនេះពិតជាចេញមកពីការយកដីពូនភ្នំឬ?

រឿងរ៉ាវនៃឈ្មោះរបស់រាជធានីនេះ ត្រូវបានគេដំណាលតៗគ្នាថា ពាក្យថាភ្នំពេញដែលយើងបានហៅបច្ចុប្បន្ននេះគឺមានដំណាលមកពីរឿងព្រេងមួយដែលនិយាយអំពី ស្រ្តីចំណាស់មេម៉ាយម្នាក់ដែលមានឈ្មោះថាយាយពេញ។ ដែលពាក្យថាភ្នំពេញសព្វថ្ងៃនេះត្រូវបានក្លាយមកពីពាក្យភ្នំដូនពេញ។

តើឈ្មោះនេះពិតជាបានក្លាយមកពីពាក្យភ្នំដូនពេញមែនឬយ៉ាងណា?

កាលពីយូរលង់ណាស់មកហើយ ដែលទំនងជានៅក្នុងគ្រិស្តរាជ ១៣៧២ មានដូនចាស់ម្នាក់ដែលមានឈ្មោះថា «ពេញ» ដែលជាស្រ្តីមេម៉ាយអ្នកមានទ្រព្យស្កុកស្តម្ភម្នាក់តាំងទីលំនៅនៅត្រើយខាងលិចនៃទន្លេច្រាបឈាម ដែលសព្វថ្ងៃនេះគេហៅថា ទន្លេចតុមុខ។ នៅសម័យថ្ងៃមួយ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឲ្យមានទឹកជំនាន់នៅក្នុងប្រទេសឡាវ ដែលជាហេតុធ្វើឲ្យបាក់ច្រាំងរលំដើមគគីរជាច្រើន។ ដើមគគីរទាំងនោះក៏បានអណ្តែតតាមបណ្តោយទន្លេមេគង្គ ហូររហូតដល់ទន្លេចតុមុខ។ ជួនជាពេលនោះដូនចាស់បានចុះទៅកំពង់ទឹក ស្រាប់តែប្រទះឃើញដើមគគីរធំមួយអណ្តែតវិលវល់នៅក្បែរមាត់ច្រាំង។ ក្រោយមកដូនចាស់ក៏បានអំពាវនាវឲ្យអ្នកជិតខាងឲ្យមកជួយស្រង់ដើមគគីរនោះឡើង។ នៅពេលដែលស្រង់ដើមគគីរនោះមកដល់លើគោកហើយ គេក៏បានប្រទះឃើញ ព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងរូបបដិមាមួយទៀតធ្វើអំពីថ្មមានលក្ខណៈជាព្រាហ្មណ៍នៅក្នុងប្រហោងឈើដើមគគីរនោះ។ ទេវរូបនោះទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្គព្រះកេសាបួង។ ដូន និងអ្នកជិតខាងឃើញដូច្នេះក៏មានចិត្តត្រេកអរ ហើយនាំគ្នាដង្ហែនាំយកព្រះពុទ្ធរូបទាំង៤អង្គ ព្រមជាមួយទេវរូប១អង្គនោះទៅផ្ទះយាយពេញទុកធ្វើជាគ្រឿងសក្ការៈបូជា ហើយក៏នាំគ្នាសង់ខ្ទមតូចមួយសម្រាប់តម្កល់ពុទ្ធរូប និងទេវរូបទាំងនោះជាបណ្តោះអាសន្នសិន។ ក្រោយមកយាយពេញក៏បានប្រមូលអ្នកភូមិឲ្យមកជួយលើកដីពូនជាភ្នំនៅខាងលិចផ្ទះយាយពេញ ហើយនាំគ្នាអារឈើគគីរនោះទុកធ្វើជាសសរវិហារសម្រាប់តម្កល់ព្រះពុទ្ធរូបទាំង៤អង្គនៅលើកំពូលភ្នំនោះ។ ចំណែកឯទេវរូបថ្មមួយអង្គទៀតត្រូវបានគេដង្ហែទុកនៅលើអាសនៈមួយនៅជើងភ្នំខាងកើត។ ហើយត្រូវបានគេសម្មត់នាមឲ្យថា  «អ្នកតាព្រះចៅ» ក៏ព្រោះតែពួកគាត់យល់ថាទេវរូបនេះអណ្តែតមកពីឡាវ។ នៅពេលដែលសង់វិហារនោះរួចគេក៏និមន្តព្រះសង្ឃឲ្យមកគង់លើជើងភ្នំខាងលិច ដែលគេហៅថា «វត្តភ្នំដូនពេញ» តែក្រោយមកក៏ហៅកាត់ត្រឹម «វត្តភ្នំ» វិញ។ ចំណែកឯ ភ្នំនោះត្រូវបានគេប្រសិទ្ធនាមឲ្យថា «ភ្នំដូនពេញ» ក៏ព្រះតែយាយពេញជាអ្នកប្រទះឃើញកំណាត់ឈើគគីរ ព្រមទាំងជាអ្នកប្រទះឃើញព្រះពុទ្ធរូប៤អង្គនោះមុនគេ ហើយក៏ជាអ្នកផ្តួចផ្តើមឲ្យអ្នកភូមិពូនភ្នំសង់ជាវិហារផងដែរ ទើបបានជាគេដាក់ឈ្មោះភ្នំនោះថាជាភ្នំដូនពេញ តែក្រោយមកក៏ក្លាយមកត្រឹមពាក្យ «ភ្នំពេញ» រហូតដល់បច្ចុប្បន្ន។ ដោយឡែកនៅក្នុងឯកសាររឿងរបស់ ពុទ្ធសនបណ្ឌិត បានសរសេររៀបរាប់ថា​យាយពេញមានផ្ទះនៅក្បែរមាត់ច្រាំងទន្លេ៤មុខ។ ដែលផ្ទះរបស់គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ក្រោយពីឃើញពុទ្ធរូប និង បរិមាករ ពេលនោះអ្នកភូមិក៏បានពូនកូនភ្នំនៅខាងលិចផ្ទះយាយពេញឲ្យបានក្លាយជាភ្នំធំមួយដល់សព្វថ្ងៃ។ ហើយបើយោងទៅតាមសង្ឃដីការដែលបានបានសកស្រង់ចេញពីឯកសាររបស់ លោកឡឺក្លែ ដែលជាការអះអាងរបស់ ព្រះសង្ឃ ចាន់ ជាបាឡាត់ ឧណ្ណាលោម មានសង្ឃដីកាថា តេជោក្រហមកជាអ្នកពូនកូនភ្នំនេះឡើងនៅក្នុងឆ្នាំ ១៦០៥។ រួចក៏សង់ចេតិយពីរ៉ាមីតមួយនៅលើកំពូលភ្នំនោះ។ តែបើយើងក្រឡេកទៅមើលឯកសាររាជពង្សាវតារខ្មែរវិញ យើងឃើញថា ចេតិយដែលស្ថិតនៅពាយ័ព្យនោះ គឺជាចេតិយរបស់ព្រះបាទពញ្ញាយ៉ាត។

សរុបមក យើងនៅតែមិនអាចសន្និដ្ឋានបានថា ប្រវត្តិនៃភ្នំនេះពិតជាការប្រើកម្លាំងរបស់អ្នកភូមិនៅសម័យនោះលើកពូនដីជាភ្នំ ឬយ៉ាងណាពិតប្រាកដនោះទេហើយ បើសិនជាការលើកដីពូនជាភ្នំមែននោះ តើអ្នកភូមិនៅសម័យនោះនឹងទៅជីកដីនៅកន្លែងណា? ព្រោះបើយោងទៅតាមឯកសារប្រវត្តិសាស្រ្តរបស់លោក ឡឺក្លែរ បានសរសេររៀបរាប់ថា ព្រះបាទពញាយ៉ាតរៀបនឹងតាំងរាជធានីនៅភ្នំពេញ ព្រះអង្គបានបញ្ជាឲ្យឧកញ៉ា តេជោ កេណ្ឌកម្លាំងមនុស្សជាច្រើនដើម្បីជីកដីនៅកន្លែងមួយ ដើម្បីរែកដីទាំងនោះយកទៅចាក់បំពេញ នៅមាត់ទន្លេខាងកើត និងខាងត្បូងភ្នំ។ ហើយកន្លែងដែលគេជីកយកនោះក៏បានក្លាយជា បឹងមួយដែលមានឈ្មោះថា«បឹងតេជោ» ជាប់ឈ្មោះរហូតដល់សព្វថ្ងៃនេះ។

ដូច្នេះ បើសិនជាអ្នកភូមិនៅសម័យនោះ លើកដីពូនភ្នំមែននោះ ហេតុអីក៏មិនមានរណ្តៅ ដែលជាសំណល់នៃការជីកយកដីទៅពូនជាភ្នំដែលមានកម្ពស់រហូតទៅដល់ ២៧ម៉ែត្រនេះ?

តើប្រវត្តិភ្នំពេញ ពិតជាមានពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរឬយ៉ាងណា?

ជាទូទៅ តំបន់ប្រវត្តិសាស្រ្ដសំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជាតែងត្រូវបានអ្នកនិពន្ធខ្លះយកមកផ្សាភ្ជាប់ជារឿងព្រេងនិទាន។ រឿងព្រេងនិទានគឺជាទម្រង់អក្សរសិល្បិ៍ និង​គតិអប់រំមួយដែលមានភាពមហស្ចារ្យម្យ៉ាងសម្រាប់ពន្លេចឥន្រ្ទីយារម្មណ៍ ​អោយកុមារមានការស្រមើស្រមៃបានខ្ពស់ក្នុងពិភពមួយដ៏ស្រស់ស្អាត។ តែសម្រាប់ប្រវត្តិឈ្មោះរាជធានីភ្នំពេញ ដោយឈរលើតែមូលដ្ឋាននៃឈ្មោះដូនពេញ មិនអាចបញ្ជាក់ថារាជធានីនេះកើតមកដោយដូចនេះបានទេ។ ទៀតសោត ព្រោះពាក្យពេញនេះភ្នំនេះ អាច​សន្មតមួយយ៉ាងទៀតបើកាលណាយ៉ាងដឹងអំពីទំហំផ្ទៃក្រឡានៃរាជធានីភ្នំពេញនាសម័យកាលព្រះបាទពញាយ៉ាត។ បានន័យយ៉ាងណា បានន័យថា បើភ្នំពេញមានវិសាលភាពធំជាងនេះ រួមបញ្ចូលទាំងអាណាខេត្តក្បែរខាងដូចកំពង់ស្ពឺ កណ្ដាល ព្រៃវែង មានន័យថា ពាក្យភ្នំពេញនេះកើតមកអំពីភ្នំធម្មជាតិដែលដុះចេញពីចលនាពំនើងភ្នំនៃភូគព្ភសាស្រ្ដយ៉ាងពិតប្រាកដ។

ភ្នំពេញនាសម័យបច្ចុប្បន្ន


ភ្នំពេញ គឺជាឈ្មោះរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ជំរឿនឆ្នាំ២០០៨ បានឱ្យដឹងថា ភ្នំពេញមានប្រជាជន១៦៧៧០០០នាក់​​ ។ រាជធានីនេះមានទីតាំងស្ថិតនៅតំបន់កណ្តាលខាងត្បូងនៃកម្ពុជា និងព័ន្ធជុំវិញដោយខេត្តកណ្តាល លើផ្ទៃដី758 សហតិមាត្រការ៉េ គ្របដណ្ដប់ដោយរចនាសម្ព័ន្ធរដ្ឋបាលនៃខណ្ឌចំនួន១៤រួមមាន ខណ្ឌចំការមន ដង្កោ ដូនពេញ ទួលគោក ប្រាំពីរមករា ពោធិ៍សែនជ័យ មានជ័យ ឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌច្បារអំៅ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌបឹងកេងកង និង ខណ្ឌកំបូល។ទល់នឹងបម្រែបម្រួលនគរូបនីយកម្មយ៉ាងសម្បើមក្នុងពេលបច្ចុប្បន្ន យើងត្រូវដឹងថារាជធានីភ្នំពេញនេះមានប្រវត្តិស្មុគស្មាញមិនគួរ​អោយជឿយូរលង់ណាស់មកហើយ។

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា កែសម្រួលដោយពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៩

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរ[...]

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុ[...]

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត