loader

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី២១ ឧសភា នេះបានប្រាប់វិទ្យុស្រ្តីទាំងក្តីព្រួយបារម្ភថា ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារក្នុងខណ្ឌច្បារអំពៅ​នឹងអាចត្រូវបាត់បង់ ព្រោះក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន កំពុងបន្តបូមខ្សាច់ចាក់លើដីទំនាស់ទាំងយប់ បើទោះបីដីជម្លោះនោះមានដីការក្សាការពារពីតុលាការក៏ដោយ។ ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងរឿងនេះបានរុញច្រានដាក់គ្នាដោយមិនបំភ្លឺករណីនេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយបានកើតឡើងនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋចំនួន ៨ គ្រួសារជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន តាំងពីឆ្នាំ២០០៥ ហើយអូសបន្លាយរហូតមកទល់ពេលបច្ចុប្បន្ននេះ។ តំណាងប្រជាពលរដ្ឋអះអាងថា ផ្ទៃដីមាត់បឹងទំហំជិត ៤ ម៉ឺនម៉ែត្រការ៉េ(៣៨,៤៨៥ម៉ែត្រការ៉េ)នេះ ពួកគេបានអាស្រ័យផលដោយប្រកបរបបចិញ្ចឹម មាន់ ទា គោ ក្របី និងដំដាំណាំរួមផ្សំ និងខ្លះបានសង់រោង ផ្ទះតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ។ នេះបើតាមការគូសបញ្ជាក់ពីលោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋមានជម្លោះ ៨គ្រួសារ។

                                                          ​រូបភាពដីខ្សាច់របស់ក្រុមហ៊ុន ផានអ៊ីម៉ិច ចាក់លើដីទំនាស់។

 

លោកឱ្យដឹងថា មកដល់ឆ្នាំ២០០៥ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានដីរបស់ប្រជាពលរដ្ឋទាំង ៨ គ្រួសារនោះយកមកកាន់កាប់ ហើយភាគីក្រុមហ៊ុនអះអាងថា ដីទំនាស់នោះជាកម្មសិទ្ធិរបស់អ្នកស្រី ស៊ុយ សុផាន តាំងពីឆ្នាំ១៩៧៩មក។

ករណីទំនាស់នេះតុលាការក្រុងភ្នំពេញបានចេញដីការក្សាការពារកាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៨។ ហើយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមលោក រស់ ពិសិដ្ឋ បានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ហាមឃាត់អ្នកស្រី ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច មិនឱ្យលក់ ដូរ ជួល បញ្ចាំ ដាក់ធានា ធ្វើប្រទានកម្ម និងធ្វើជាអំណោយផ្សេងៗនិងក្នុងលក្ខខណ្ឌមួយចំនួនទៀត។

រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ភាគីខាងក្រុមហ៊ុនបានប្តឹងតវ៉ាដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់តុលាការក្រុងនេះ ដោយភាគីខាងក្រុមហ៊ុនអះអាងថា ក្រុមប្រជាពលរដ្ឋមិនភស្តុតាងណាមួយបញ្ជាក់ថាជាម្ចាស់លើដីទំនាស់នេះ តែខាងអ្នកស្រី ស៊ុយ សុផាន វិញទេដែលមានប័ណ្ណកម្មសិទ្ធិ។

នេះបើយោងតាមលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញផ្ញើជូនក្រសួងដែនដីឱ្យធ្វើការស្រាវជ្រាវករណីទំនាស់នេះ។

តែយ៉ាងណាក្នុងអំឡុងពេលវិវាទនេះ តំណាងប្រជាពលរដ្ឋលោក រៀល ណារិទ្ធិ បញ្ជាក់ថា កាលពីពេលថ្មីនេះ គឺនៅក្នុងខែមេសា ឆ្នាំ២០១៩នេះ ភាគីក្រុមហ៊ុនបានធ្វើសកម្មភាពបូមខ្សាច់បំពេញដីកំពុងមានទំនាស់ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ។

លោកអំពាវនាវឱ្យអាជ្ញាធរខ័ណ្ឌច្បារអំពៅជួយដោះស្រាយ និងទប់ស្កាត់សកម្មភាពរបស់ភាគីខាងក្រុមហ៊ុន ឱ្យឈប់ធ្វើសកម្មភាពនេះ​ ដោយរង់ចាំការដោះស្រាយ ឬការសម្រេចពីតុលាការ។

លោក រៀល ណារិទ្ធិ៖«យើងប្រជាជនអត់មានលុយកាសទៅប្តឹងតវ៉ាជាមួយគេទេ ចឹងអត់ឈ្នះគេទេ។​ អញ្ចឹងពូ!សូមសំណុំពរទៅអាជ្ញាធរដែនដី ដូចជាអភិបាលខ័ណ្ឌ លោក ចេង មុនីរ៉ា និងលោកអភិបាលរងលោក ណុប ផាត ជួយអន្តរាគមន៍ផង បើដឹងហើយ។ តែបើដឹងហើយនៅតែធ្វើមិនដឹងទៀត ប្រយ័ត្នមានបញ្ហាទៅ ថ្ងៃក្រោយថ្ងៃមុខមានរឿងអីថាប្រជាជនអត់មានប្រាប់ដំណឹង តែពូសុំបញ្ជាក់ថាចឹង! ទឹកដីខ័ណ្ឌច្បារអំពៅគាត់កាន់កាប់គាត់ដឹងហើយ មិនគាត់ធ្វើលិខិតហើយគាត់ធ្វើពុតដេកលក់ស្រួលអត់ដឹងទុក្ខលំបាករបស់ប្រជាជននោះទេ»

      រូបភាពលោក រៀល ណារិទ្ធិ និងក្រុមប្រជាពលរដ្ឋចេញតវ៉ា ពេលក្រុមហ៊ុនកំពុងបន្តចាក់ដីខ្សាច់លើដីទំនាស់។​រូបភាព កោះសន្តិភាព

 

វិទ្យុស្រ្តីបានទាក់ទងទៅលោក ចេង មុនីរ៉ា អភិបាលខ័ណ្ឌច្បារអំពៅ តែលោកសុំបង្វែរសំនួរទៅសួរអភិបាលរងវិញ ដោយលោកអះអាងថា លោកពុំសូវដឹងរឿងទំនាស់នេះច្បាស់នោះទេ ព្រោះលោកទើបមកកាន់តំណែង។ ចំណែកអភិបាលរងខ័ណ្ឌច្បារអំពៅលោក ណុប ផាត មិនទទួលទូរស័ព្ទឡើយ។

បើតាមការគូសបញ្ជាក់ ពីលោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋធ្លាប់គូសបញ្ជាក់ប្រាប់អ្នកសារព័ត៌ មានកាលពីគ្រាមុន និងប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះលោកថា អតីតអភិបាលខ័ណ្ឌច្បារអំពៅ និងមន្រ្តីក្រសួងដែនដី បានឃុបឃិតលួចធ្វើប័ណ្ណកម្មសិទ្ធឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច ដោយរំលោភលើច្បាប់តុលាការ។

ជាការកត់សម្គាល់ អ្នកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ជាមនុស្សមានឥទ្ធិពល និងមានមុខមាត់ក្នុងជួររដ្ឋាភិបាល។ ក្រុមហ៊ុន ផាន អ៊ីម៉ិច នេះធ្លាប់មានឈ្មោះអាស្រូវផងដែរ ក្នុងរឿងជម្លោះដីធ្លីនៅតំបន់បុរីកីឡា ដែលកាលនោះប្រជាពលរដ្ឋបានផ្ទុះហិង្សាតវ៉ាយ៉ាងខ្លាំង ខណៈក្រុមហ៊ុនបានប្រើកម្លាំងគ្រឿងចក្រឈូសឆាយលំនៅឋានប្រជាពលរដ្ឋទាំងមិនទាន់មានដំណោះស្រាយត្រឹមត្រូវ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាឃុំបារាយណ៍បញ្ចេញថវិកាមូលនិធិឃុំជាង ៩០លានរៀលជុសជុលផ្លូវជូនពលរដ្ឋ

កំពង់ធំ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជា[...]

ខេត្តកំពង់ធំ៖ ពលរដ្ឋភូមិមួយក្នុងស្រុកបារាយណ៍ប្រមូលថវិកាជុសជលផ្លូវខ្លួនឯង

កំពង់ធំ៖ ដោយមានការលំបាកក្នុងការធ្វើដំណើរគណៈកម[...]

ក្រសួងមានយន្ដការថ្មីសម្រាប់ជំនួសយន្ដការចាស់ក្នុងការអង្កេតការប្រឡងបាក់ឌុបឆ្នាំនេះ

(ភ្នំពេញ)៖ សេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត