loader

ព្រះបាទជ័យរវ្ម័នទី២ និង ការកសាងចក្រភពអង្គរ

ដើមគ្រឹស្ដសករាជទី៩ ស្ដេចមួយអង្គព្រះនាមជ័យរវ្ម័នទី២ ធ្លាប់ដិតដាមនូវអនុស្សា នារដ្ឋជ្វាតែបានត្រឡប់​មកបង្រួបបង្រួមជាតិនាមាតុភូមិកំណើតរបស់ទ្រងវិញថែមរំដោះប្រទេសចេញពីជ្វា រួចចាក់ឬស ចាក់គល់កសាងនូវចក្រភពមួយដ៏មានឥទ្ធិពលមហិមា និង រឹងមាំ ឱ្យបានក្លាយជាសករាជមាស នៃប្រវត្តិសាស្រ្ដខ្មែរ។​ ក្រៅពីជាបិតាសម័យអង្គរ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្ដកត់ត្រាជាស្ដេចចក្រ អវតាអាទិទេព លុះតាមលំអានសំខាន់ជាស្នាព្រហស្ថក្នុងរជ្ជកាលទ្រង់។

តទៅនេះ កញ្ញា ឆោមពៅនិកា​សូមជូនសេចក្ដីអត្ថាធិប្បាយ៖

បើនិយាយអំពីចក្រភពអង្គរដ៏រុងរឿង គេត្រូវតែដឹងឱ្យជាក់ច្បាស់ និង ចងចាំ នូវចម្លើយ ថាតើនរណាជា ស្ថាបនិក?  ព្រោះចក្រភពអង្គរ មាននូវរចនាសម្ព័ន្ធដឹកនាំប្រកបដោយយុទ្ធសាស្រ្ដជោគជ័យ និង ត្រឹមត្រូវបំផុត។ ព្រះបាទជ័យរម្ម័នទី២ ជាស្ដេចមាននូវមហិទ្ធិឬទ្ធិ ទ្រង់ជារាជាដឹកនាំអង្គរដំបូងគេបង្អស់ បន្ដតាមសន្ដតិវង្ស ព្រះបាទកៅណ្ឌិន្យ។ ឯកសារប្រវត្តិសាស្រ្ដហាក់មានភាពខ្វែងគ្នាខ្លះនៃការឡើងសោយរាជ្យរបស់ទ្រង់ ដែលខ្លះថា ទំនងកំឡុង គ.ស ៨០២ ដល់ គ.ស ៨៥០ ឯខ្លះសង្ស័យនៅឆ្នាំ គ្រឹស្ដសករាជ ៧៧០ ដល់ គ្រឹស្ដសករាជ៨៣៥ទៅវិញទេ។ តែយ៉ាងណា ព្រះអង្គមានបរមនាមក្រោយទទួលរាជសម្បត្តិថា  ធូលី ព្រះបាទធូលីជើង គម្ដែង អញ ស្រីជ័យ ពម៌្មទេព។​រួចក្រោយមក គឺក្រោយរជ្ជកាលដ៏អស្ចារ្យជាអធិរាជលោកិយ៍នេះ ព្រះអង្គត្រូវបានទទួលស្គាល់ថា ជាស្ដេចចក្រ។

សាវតារព្រះបាទជ័យវរ្ម័នទី២

ព្រះបាទជយវម៌្មទី២ ត្រូវជាចៅមីងព្រះបាទបុគ្ករាក្សៈ ដែលជាព្រះរាជាទី១ នៃសម្ភុបុរៈ ឬ ចេនឡាទឹកលិច នេះបើគិតទៅតាមខ្សែខាងម្តាយ។

កាលប្រទេស​ខ្មែរ​នៅ​សតវត្សរ៍​ទី​៨​នោះ ក៏​ជា​ដំណាក់​កាល​មួយ​ដែល​គ្មាន​ស្ថិរភាព​នយោបាយ និង​ជា​សម័យ​កាល​ដែល​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ដំណំ​ថែម​ទៀត​ផង។ ឆ្លៀតក្នុងឱកាសនោះ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា ដែល​ជិះ​នាវា​ធំៗ​លឿនៗ បាន​ចូល​មក​រាតត្បាត​ឆ្នេរ​សមុទ្រ និង​ពាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត។ ​ចោរ​សមុទ្រ​ជ្វា ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ គឺព្រោះ​ពេល​នោះ​រាជវង្ស​សៃលេន្ទ្រៈ ដែល​សោយរាជ្យ​នៅ​កោះ​ជ្វា មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ក្លា ហើយ​បាន​ផ្សាយ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

អ្វីដែលកត់សម្គាល់នោះ មានមតិសម្ដែងថា ព្រះអង្គនិង រាជវង្ស ក្នុងពេលកើតហេតុកលិយុគ វឹកវរពាសផ្ទៃប្រទេសនៃសម័យចេនឡាបែកបាក់កាន់តែខ្លាំងនោះ ប្រហែលជាទ្រង់ភៀស ព្រះកាយទៅរស់នៅកោះជ្វា ឬ ទ្រង់ត្រូវបានជ្វាចាប់ជាឈ្លើយនាំទៅទីនោះ។​នៅឯ កោះជ្វា កាលនោះ ព្រះអង្គនៅជាកុមារភាពនៅឡើយ។ ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជាទាំងក្នុងសាសនា ទាំងក្នុងការរៀបចំនគរ ដើម្បីស្វែងយល់អំពីមូលដ្ឋានទាំងឡាយណាដែលបានជំរុញធ្វើអោយប្រទេសជ្វា ក្លាយទៅជាមហាអំណាចពោលគឺអធិរាជដែនដីសៃលេន្រ្ទ មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ការបង្រួបបង្រួមចេនឡាប្រឆាំងនឹងការឈ្លានពានរបស់អធិរាជសៃលេន្រ្ទ

តទៅទៀត  ទំនងក្នុងគ.ស ៨០០ ព្រះបាទជយវរ្ម័នទី២ បានភៀសព្រះកាយមកស្រុកខ្មែរជាមួយនឹង នាយម៉ឺនមន្រ្ដីទុកចិត្តបាន។ ក្នុងដំណើរដ៏វែងឆ្ងាយ គឺដំបូងឡើយ ព្រះអង្គបានតាំងទីមូលដ្ឋាននៅ ខេត្តក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានី ឝម្ភុបុរនិង ស្រុកត្បូងឃ្មុំ។ តរៀងមក គេចាប់ផ្ដើមសន្មតថា កន្លែងនោះមានឈ្មោះថា ឥន្រ្ទបុរ ដែលគេចាត់ទុកជាព្រះរាជធានីមួយ ក្នុងរជ្ឋកាលព្រះអង្គ។

ឧបនិស្ស័យជាស្ដេចដ៏មានរឹទ្ធីអំណាច ព្រះអង្គមានអំណាចពិសេសពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិ វង្សា នុវង្ស នាម៉ឺនមន្ត្រីមេទ័ព និង ស្តេចដែលធ្លាប់ចំណុះនគរចេនឡាទឹកលិចអោយសុខចិត្តសុខកាយ យល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា​។ ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជា្វ ព្រះបាទជ័យវម្ម័នទី២  មានសហការីពូកែចំណានចំណាប់មានវិជ្ជា និង សមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រោះជ្រៅ ជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ វ្រឹទិ្ធឥន្រ្ទវម៌្មដែលបានរំដោះបង្ក្រាប​ និង​រៀនចំនគរដែលស្ថិតនៅនគរភាគខាងត្បូង ខេត្តបាត់ដំបង អោយមានសនិ្តភាពសន្តិសុខ។ បើនិយាយពីផ្នែកយុទ្ធសាស្រ្តវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជា្វនិង​ ចាមទន្លេមេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។

ដំណើរបង្រួបបង្រួមជាតិ និង​ផ្សព្វផ្សាយនូវជ័យជម្នះជាច្រើនលើពួកជ្វា បានធ្វើឱ្យទ្រង់ចេញផុតពី ការគង់នៅហរិហរាល័យ ស្រុករលួស និង បន្ដស្ថាបនាតំបន់អង្គរ ដោយ ទ្រង់ក៏បានសោយរាជ្យ នៅភាគខាងជើងបឹងទន្លេសាប នៃបារាយណ៍ទឹកថ្លា ដែរ ទំនងមានឈ្មោះថា រាជធានីអមរេន្ទ្របុរ។

ទីបំផុត  តាមសិលាចារឹកមួយមកពីប្រាសាទស្ដុកកក់ធំបានរៀបរាប់ថានៅលើកំពូលភ្នំដ៏ពិសិដ្ឋ មហេន្រ្ទបវ័ត បច្ចុប្បន្នដែលគេស្គាល់ថា ជាភ្នំគូលែន ព្រះបាទជ័យវរ្ម័នទី២ បានបញ្ជាឱ្យព្រាហ្មណ៍នាម ហិរណ្យទាម ធ្វើពិធីទេវរាជ រួចអភិសេកទ្រង់ជា ចក្រវរ្តិន ស្ដេចចក្រឬ ស្ដេចទេវរាជ។ ​ស្របទៅតាមពិធីសក្ការៈបូជា​គោរព​ថ្វាយ ចំពោះ​ព្រះ​ទេវរាជ​នៅ​ភ្នំ​គូលែន ក្នុង គ.ស ៨០២ និង អាចទាំង​ចាត់​ទុក​ជា​ទិវា​ខ្មែរ​ឯករាជ្យ​រំដោះ​ចាក​ផុត​ពី​អាណានិគម​ជ្វា​ និង​ក៏​ជា​ថ្ងៃ​ដែល​ខ្មែរ​បាន​ប្រកាស​អនុវត្ត​គោរព ទ្រឹស្ដី គោលការណ៍ នយោបាយ​ថ្មី​សំរាប់​កសាង​ប្រទេសជាតិ​ដែរ​។

ព្រះបាទជ័យវរ្ម័នទី២ នៃលទ្ធិទេវរាជ​ និង​ការស្ថាបនាចក្រភពអង្គរ

នៅលើកំពូលភ្នំដែលតំណាងឱ្យស្ថាននៃអាទិទេព ឬ ជាភ្នំព្រះសុមេរុ ព្រះបាទជ័យវរ្ម័នទី២ បានបង្ហាញ អំពីភាពអច្ឆរិយនៃលទ្ធិទេវរាជក្នុងគោលការណ៍នៃមាគ៌ាដឹកនាំទ្រង់។ គោលការណ៍នៃលទ្ធិទេវរាជត្រូវបាន ព្រាហ្មណ៍ នាម៉ឺនធំយសមុខមន្រ្ដីយកទៅចងក្រង សំដៅឱ្យមាននូវ៖

  ១. ការ​បែងចែក​អំណាច ៖ ព្រះមហាក្សត្រ ជាទេវរាជ ជា​អ្នក​យក​ច្បាប់​យក​គោលគំនិត ទ្រឹស្ដី​នយោបាយ ទាំង​នោះ​មកបដិបត្តិ​។ បើ​យើង​និយាយ និង​ប្រើ​តាម​ភាសា​ទំនើប​ថ្មី ព្រះរាជាមាននូវក្រុម​ព្រាហ្មណ៍​បុរោហិត ដែល​តំណាង​ដោយ​ព្រាហ្មណ៍​សិវកៃវល្យ ជា​អ្នក​ធ្វើ​ច្បាប់ ឬ ជា​រដ្ឋសភា​។ ចំណែកព្រះមហាក្សត្រ ស្ថិតនៅ​ក្រោម​អំណាច​ច្បាប់​ ឬហៅក្នុងភាសាទំនើបថា ព្រះអង្គ​ជាតំណាងអំណាច​នីតិប្រតិបត្តិ​។ ដូច្នេះក្នុង​ការ​រៀបចំ​គ្រប់គ្រង​ប្រទេសកម្វុជទេស អ្នក​គ្រប់គ្រង​ឬ អ្នក​ដឹកនាំ​ខ្មែរ ជំនាន់ព្រះបាទ​ជយវម៌្ម​ទី២ បាន​បែងចែក​អំណាច​ជា​ពីរ៖ អំណាចនីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។ របៀប​បែងចែក​អំណាច​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ ធ្វើ​សច្ចាប្រណិធាន​ថា​គោរព​អនុវត្ត​ធ្វើតាម​តរៀងទៅ​អនាគត​។ នេះ​គឺជា​មូលដ្ឋាន និង​ជា​គ្រឹះ​នគរ​ខ្មែរ​។

    ២. ការ​រៀបចំ​ស្ថាប័នជាតិ៖ ការ​បែងចែក​អំណាច​នាំមក​នូវ​ការរៀបចំ​ស្ថាប័ន​។ ស្ថាប័ននេះ​មាន​ទាក់ទង​ទៅ​នឹង​ការកំណត់ មុខងារ​កិច្ចការ​របស់​ក្រុម​ព្រាហ្មណ៍​បុរោហិត និង​ព្រះមហាក្សត្រ​។ ក្រុម​ព្រាហ្មណ៍ មាន​ភារកិច្ច​ក្នុង​ការ​គោរព​រៀបចំ និង​ត្រួតពិនិត្យ​ពិធីបុណ្យ ឲ្យ​បាន​ត្រឹមត្រូវទៅ​តាម​ច្បាប់​វិន័យ ថែមអប់រំ​បង្ហាត់បង្រៀន ព្រះរាជវង្សានុវង្ស និង​ផ្ដល់​យោបល់​គោលគំនិត​ល្អ​ដល់​ព្រះមហាក្សត្រ​។ រួមសេចក្ដី​មក ក្រុម​ព្រាហ្មណ៍​ជា​អ្នកថែរក្សា​ការពារ​ច្បាប់ ធម៌​វិន័យ​ក្រឹត្យក្រម​ក្បួនខ្នាត​គម្ពីរ​របស់​ខ្មែរ​។  ចំណែកស្ថាប័ន​ដែល​ជាប់ទៅនឹង​ព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបត្តិ យើង​ឃើញ​មាន​ការ​បង្កើត​ក្រុម​នាម៉ឺន​មន្ត្រី ការរៀបចំ​សង្គម ការបែងចែក​រៀបចំ​ទឹកដី​ភូមិ​ស្រុក និង​ការបែងចែក​ធនធាន​។

    ៣. ការស្ថាបនា​ជាតិ ក្នុង​ទ្រឹស្ដី​ទេវរាជ​ក្នុង​សិលាចារឹក​ស្តុកកក់ធំ ពាក្យ​ស្ថាបនា​ជា​ពាក្យ​សំខាន់​មាន​តំលៃ និង​អត្ថន័យ​ធ្ងន់​ធំ​ទូលំទូលាយ​ជាងគេ​។ ពាក្យ​ស្ថាបនា​ជា គន្លឹះ​ធំ​ក្នុង​ទិសដៅ​នយោបាយ​កសាង​ជាតិ​របស់​ខ្មែរ​។ អ្នកដឹកនាំ​ខ្មែរ ត្រូវ​ស្ថាបនា​ធ្វើ​ដូចម្ដេច​ឲ្យ​ប្រទេស​ចំរុងចំរើន​ឲ្យ​ពលរដ្ឋ មាន​បាន​សំបូរសប្បាយ​ចាក​ផុត​ពី​ភាព​ទុគ៌ត ក្រីក្រ​តោកយ៉ាក​ព្រាត់ប្រាស​ក្រុម​ញាតិ​គ្រួសារ​។ សិលាចារឹកបន្ដលើកឡើងថា ការស្ថាបនា​នេះ​ស្ថិតនៅ​លើ​ការ​គាស់​ឆ្ការព្រៃ​ទឹកដី​ថ្មី ឲ្យ​ក្លាយទៅជា​ស្រែចំការ​ជា​ស្រុក​ភូមិ​ថ្មី សំរាប់​បង្កបង្កើន​ភោគផល​សម្បត្តិ សង្គមជាតិ​។ ដូច្នោះព្រះមហាក្សត្រ និង​អ្នកដឹកនាំ​ខ្មែរ បាន​ជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយ​មាន​ចែក​ទឹក​ចែក​ដី​ទ្រព្យ​ធនធាន​សត្វ​ពាហនៈ គោក្របី​ប្រដាប់ប្រដា​ឧបករណ៍​កសិកម្ម និង​ខ្ញុំ​កំដរ​ទាសាទាសី​។

អំណឹះតរៀងមក គោលការណ៍ដឹកនាំនៃលទ្ធិទេវរាជបានបន្ដអស់ជាច្រើនឆ្នាំនៃរជ្ជកាលស្ដេចសម័យអង្គរ សបញ្ជាក់ឱ្យដឹងថា សាសនាមានឥទ្ធិពលជាខ្លាំងក្នុងការដឹកនាំ។ ក្រៅពីព្រះបាទជ័យវរ្ម័នទី២  លុះតាមច្បាប់ ក្រឹត្យក្រមវិន័យមុនៗ ធ្វើឱ្យអង្គរក្លាយជាចក្រភពមាសក្រាំងទុកក្នុងប្រវត្តិសាស្រ្ដដ៏វែងអន្លាយរបស់កម្ពុជា ហើយនាំមកនូវសម័យមួយដែលមានប្រាសាទសិលាក្នុងអត្ថន័យវិសេសវិសាល តម្រាទុកជាសក្ខីភាពយ៉ាង ប្រត្យក្ស នៃភាពរុងរឿងមហស្ចារ្យនេះ៕

អត្ទបទដោយឆោមពៅនិកា បាន ស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ របស់អ្នកនិពន្ធ អាដេម៉ាឡឺក្លេ រ៉េស៊ីដង់បារាំងប្រចាំកម្ពុជា និង អ្នកនិពន្ធ ត្រឹងងា ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើចិនដកខ្លួនមិនរួចពីរបបផ្ដាច់ការវេណេហ្សូអេឡា​មែនឬ បានជាបន្ត ប្ដេជ្ញាគាំទ្រលោកម៉ាឌូរ៉ូ?

បំណុលចិន នៅក្នុងរបបផ្ដាច់ការនៅវេណេហ្សូអេឡាដែល[...]

សាយ អឹងវ៉េង ជាស្រ្ដីមេដឹកនាំតៃវ៉ាន់ម្នាក់គត់ហ៊ានប្រឈមមុខបុរសខ្លាំងចិនស៊ីជីងភីង

រដ្ឋាភិបាលរបស់លោកស្រី សាយ អឹងវ៉េងបានបញ្ជាទិញស[...]

ពលរដ្ឋកម្ពុជាគួរវិនិយោគភាគហ៊ុន ហើយភាគីពាក់ព័ន្ធត្រូវពង្រឹងតម្លាភាព

តាមរយៈសាររបស់អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត