loader

មន្រ្តីខេត្តព្រះសីហនុផ្តើមរំដោះផ្ទៃប្រឡាយនិងអូរពីអ្នកបំពានក្រោយបញ្ហាទឹកជំនន់

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងធ្វើសកម្មភាពចុះកាយដី និងសំណង់មួយចំនួនពីក្នុងប្រឡាយ និងអូរ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររំដោះទឹកភ្លៀងដែលជន់លិចនាពេលបច្ចុប្បន្ន នឹងទៅអនាគត។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃរសៀលថ្ងៃទី១១ ខែសីហា ម្សិលមិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលទើបមកកាន់ដំណែងលើកឡើងថា មានប្រជាពលរដ្ឋនិងការដ្ឋានសំណង់មួយចំនួនបានចាក់ដី សង់សំណង់ និងធ្វើផ្ទះរំលោភលើផ្ទៃប្រឡាយ និងអូរ ដែលជាមូលហេតុធ្វើឱ្យលំហូរទឹកមិនអាចដំណើរការបានល្អ។ លោកគូសបញ្ជាក់ថា អាជ្ញា ធរនឹងប្រើគ្រឿងចក្រកាយដីចេញពីផ្ទៃប្រឡាយ ហើយសំណង់ និងផ្ទះមួយចំនួននឹងត្រូវរុះរើចេញក្រោយការចរចា។

សកម្មភាពចុះស្តារប្រឡាយរបស់មន្ត្រីខេត្តព្រះសីហនុ។រូបភាពពីហ្វេសប៊ុក រដ្ឋបាលសាលាខេត្តព្រះសីហនុ

យ៉ាងណាលោក គួច ចំរើន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីរំដោះផ្ទៃប្រឡាយ និងអូរ បញ្ចៀសការរំលោភយកទាំងបំពាន និងសម្រួលដល់លំហូរទឹកបានលឿន។

លោកអភិបាលខេត្តព្រះសីហនុពុំទាន់អាចគូសបញ្ជាក់ពីលទ្ធផលដែលក្រុមការងារបានចុះស្តារប្រឡាយនៅឡើយទេ តែលោកអះអាងថា សាលាខេត្តមានគ្រឿងចក្រមួយចំនួនកំពុងប្រតិបត្តិការជាបណ្តើរហើយ។ លោកឱ្យដឹងថា នៅពេលប្រឡាយ និងអូរ ដែលជាប្រព័ន្ធរំដោះទឹកមួយយ៉ាងសំខាន់ត្រូវបានដោះស្រាយ នោះបញ្ហាជំនន់ទឹកភ្លៀងក៏ស្រក់លឿនជាងមុន។

នារយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុ និងខេត្តរតនគិរី បានជួបប្រទះបញ្ហាជំនន់ទឹកភ្លៀងយ៉ាងសាហាវមិនធ្លាប់មានដែលបណ្តាលពីឥទ្ធិពលព្យុះ ភ្លៀង ឆ្លងកាត់ប្រទេសកម្ពុជា វៀតណាម និងឡាវ។

បញ្ហាជំនន់ទឹកភ្លៀងបានបង្កឱ្យមនុស្ស ៣ នាក់ស្លាប់ក្នុងខេត្តព្រះសីហនុ ដែលពីរនាក់ជាប្តីប្រពន្ធជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិនក្នុងហេតុការណ៍បាក់របងសំណង់សង្កត់លើដោយសារទឹកហូរខ្លាំង។ហេតុការណ៍នេះកើតឡើងក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ សីហា។

ចំណែកបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តរតនគិរីវិញ បានបង្កឱ្យកុមារីជាសិស្សសាលាអាយុ ១៥ ឆ្នាំម្នាក់បាត់បង់ជីវិត។ បញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តទាំងពីរនេះ ក៏បណ្តាលឱ្យពលរដ្ឋប្រមាណ ២០០០ គ្រួសាររងផលប៉ះពាល់ ហើយផល​ដំណាំ ​ស្រែ​ចម្ការ ​សាលារៀន​ ផ្លូវ​ថ្នល់​ សត្វ​ពាហនៈ ប្រព័ន្ធទឹកស្អាត និងអគ្គិសនី ក៏រងផលប៉ះពាល់ផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត