loader

យុវជនស្រុកបារាយណ៍ទទួលបានចំណេះដឹងផ្នែកព័ត៌មានបន្ថែមមុនក្លាយជាយុវជនបង្គោល

កំពង់ធំ៖ យុវជនក្នុងឃុំចំនួន ៣ ស្ថិតក្នុងស្រុកបារាយណ៍​ ខេត្តកំបង់ធំ ចំនួន ១២នាក់ បានទទួលចំណេះដឹងបន្ថែមពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(MIL) ដែលបានបណ្តុះបណ្តាលកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។

សកម្មភាពគ្រូបង្គោលណែនាំសិក្ខាកាមពីរបៀបថតវីដេអូ។រូបភាព គឹម សុទ្ធី

វគ្គបណ្តុះបណ្តាលបន្ថែមរយៈពេល ៦ថ្ងៃ ដែលធ្វើឡើងនៅក្នុងបរិវេណវត្តបារាយណ៍ ភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ មានគោលបំណងរំលឹកឡើងវិញនូវមេរៀនចាស់ៗ(MIL) និងឈានទៅពង្រឹងសមត្ថភាពរបស់សិក្ខាកាមដើម្បីឱ្យពួកគេមានសមត្ថភាពក្លាយជាយុវជនបង្គោលអាចចែករំលែកទៅយុវជនក្នុងសហគមន៍បន្តនាថ្ងៃខាងមុខ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានសិក្សា និងឡើងបង្ហាញពីអំពីគោលការណ៍គ្រឹះនៃសារព័ត៌មាន ការផ្ចៀតផ្ទាត់ព័ត៌មានពិត សុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម ជំនាញសរសេរអត្ថបទខ្លី(5W1H) និងការថតវីដេអូ ព្រមជាមួយការលេងល្បែងកំសាន្តមួយចំនួនផងដែរ។

សកម្មភាពឡើងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាល។ រូបភាព គឹម សុទ្ធី

ជាការអង្កេត ក្នុងការបណ្តុះបណ្តាលរយៈពេល ៦ថ្ងៃនេះ សិក្ខាកាមទាំងអស់បានធ្វើបទបង្ហាញបានយ៉ាងល្អ និងបានអនុវត្តការថតវីដេអូបានកាន់តែប្រសើរជាងមុន ពិសេសពួកគេមានភាពក្លាហាន និងការជឿជាក់។

ចុងបញ្ចប់សិក្ខាកាមបានសម្តែងក្តីរីករាយ ដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានផ្តល់ឱកាសដល់យុវជនបានក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ យុវជនជាសិក្ខាកាមទាំង ១២នាក់បានប្តេជ្ញាថា នឹងប្រឹងប្រែងសរសេរព័ត៌មានពីសហគមន៍របស់ពួកគេរស់នៅដើម្បីកែលំអ និងការអភិវឌ្ឍន៍ក្នុងសហគមន៍។ ជាងនេះពួកគេ សន្យាថានឹងនាំយកចំណេះដឹងនេះទៅបង្ហាត់បង្រៀន ចែករំលែកបន្តទៅកាន់យុវជនឱ្យយល់ពីរបៀបសរសេរព័ត៌មាន ការបែងចែកព័ត៌មានពិត និងមិនពិតជាដើម។

ការងារជាក្រុមរបស់សិក្ខាកាម។ រូបភាព គឹម សុទ្ធី

សិក្ខាកាមទាំង ១២ នាក់នេះ នឹងត្រូវជ្រើសរើសចំនួន ៦ នាក់ដែលមានសក្តានុពល និងសមត្ថភាព ដើម្បីទៅចែករំលែកបន្តទៅកាន់យុវជន ក្នុងឃុំចំនួន ៣ មានឃុំបារាយណ៍ ឃុំបឹង និងឃុំឈូកខ្សាច់ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា ប​ច្ចុប្បន្នមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Medial Literacy) ដែលបានបណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន ៤៥នាក់៕  

ខាងក្រោមនេះជាសកម្មភាពបណ្តុះបណ្តាលរបស់គ្រូបង្គោលWMC ទៅកាន់យុវជនបង្គោលស្រុកបារាយណ៍។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រជាពលរដ្ឋខ្មែរឥស្លាមស្រុកបារាយណ៍ប្រារព្ធពិធីស្រាយបួស(រ៉ូយ៉ាហាជី)

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរឥស្[...]

របរដាក់លាន់រកអន្ទង់អ្នកភូមិបាណកអាចរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ

កំពង់ធំ៖ អ្នកស្រី ធីណា និងស្វាមី ជាប្រជាជនរស់[...]

ការចិញ្ចឹមមាន់យកស៊ុតលក្ខណៈគ្រួសារជារបររបស់ពលរដ្ឋស្រុកឈូកខ្សាច់

កំពង់ធំ: ការចិញ្ចឹមមាន់យកស៊ុត និងផលិតកូនមាន់ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត