loader

រដ្ឋមន្ដ្រីកសិកម្មស្នើធនាគារអភិវឌ្ឍអាស៊ីសិក្សាលទ្ធភាពផ្តល់ហិរញ្ញវត្ថុអភិវឌ្ឍវិស័យកសិកម្ម

ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានស្នើឱ្យធនាគារអភិវឌ្ឍអាស៊ី (ADB) គិតគូពិចារណា និង សិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតពីលទ្ធភាពនៃការផ្តល់ហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនានាដែលទាក់ទងនឹងវិស័យកសិកម្ម។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្ម ដែលបង្ហាញពីជំនួបរវាងរដ្ឋមន្ត្រីកសិកម្មកម្ពុជា និងនាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជាកាលពីថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

មានចំណុចសំខាន់ៗចំនួន៥ ដែលកម្ពុជាតាមរយៈរដ្ឋមន្ត្រីកសិកម្មកម្ពុជាលោក វេង សាខុន បានស្នើលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាម៉ាល់(Sunniya Durrani Jamal) នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា សិក្សាឱ្យបានស៊ីជម្រៅ ដើម្បីជួយពង្រឹកវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បើតាមលោក​ វេង សាខុន សំណើទាំង ៥ ចំណុចនោះរួមមាន ទី១-ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ មានជាអាទិ៍៖ ការពង្រឹងនិងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្អគាំទ្រនិងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់រក្សាផលិតផល និងការគ្រប់គ្រងទីផ្សារ ។ ចំណុចចង់សំដៅលើខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយពី A to Z ដើម្បីធានាបានទាំងបរិមាណផ្គត់ផ្គង់ គុណភាព អនាម័យ និងភូតគាមអនាម័យ (SPS)។

ទី២-លើកកម្ពស់វិស័យវារីវប្បកម្មឱ្យបានល្អទាំងទឹកប្រៃ និងទឹកសាប ធ្វើយ៉ាងណាកាត់បន្ថយការចាប់មច្ចជាតិពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ ក៏ដូចចំណូលសហគមន៍ ការកែច្នៃ និងនាំចេញផលិតផលទាំងនោះ។

ទី៣- ពង្រឹងវិស័យផលិតកម្មសត្វ តាមរយៈការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត)ដែលមានតម្លៃក្នុងទីផ្សារ អាចប្រឆាំងជំងឺនានា និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ជាដើម។

ទី៤-ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវពូជសុទ្ធល្អ ធានាគុណភាពល្អ និងទិន្នផលកើន។ ជាងនេះត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការនូវបរិមាណផ្គត់ផ្គង់ ធានាបាននូវការជឿទុកចិត្ត រក្សាតម្លៃ និងនិរន្តរភាពនៃការផលិត។

និងចំណុចចុងក្រោយគឺផលិតកម្មពោត ក៏ជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ក្នុងវិស័យផលិតកម្មចំណីសត្វផងដែរ ដែលទាមទារឱ្យធ្វើការយកចិត្តទុកដាក់លើការដាំដុះ ពូជ បច្ចេកទេសក្រោយប្រមូលផល ពិសេសគឺ(ឃ្លាំងស្តុក និងរោងសម្ងួត) ដើម្បីបង្កើនផលិតភាពផលិតកម្មពោត ធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារចំណីសត្វ កាត់បន្ថយការនាំចូល។​

                       ជំនួបរវាងលោករដ្ឋមន្រ្តីកសិកម្មកម្ពុជា និងលោកស្រីនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

 

ជាការឆ្លើយតប លោកស្រី សាន់នីយ៉ា បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានជម្រាបពីវត្ថុបំណងខាងលើ។ លោកស្រីនឹងយកសំណើនេះដើម្បីរៀបចំគម្រោងអភិវឌ្ឍវិស័យផ្សេងៗជារួម និងដោយឡែកវិស័យកសិកម្មដូចជាកសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងលើកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាពផលិតកម្មជាដើម។

លោកស្រីបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងសិក្សាលើតម្រូវការចាំបាច់ដែលត្រូវលើកយកមកពិភាក្សារួចដាក់ចេញនូវគម្រោងអភិវឌ្ឍឱ្យត្រូវតាមគោលនយោបាយរបស់ក្រសួង ជាពិសេសឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ឬអ្នកផលិត។

សូមរំលឹកថា​ កាលពីមីនាឆ្នាំ២០១៨ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥតសំណង​ ៣០ លាន​ដុល្លារ​បន្ថែម និង​កម្ចី​​ ១០ ​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​មូលនិធិ Green Climate Fund របស់​ធនាគារ​នេះ​។

មូលនិធិ​នេះ​នឹង​បន្ថែម​ទឹកប្រាក់​​ ៩០ ​លាន​ដុល្លារ​ដែល​ធនាគារ​នេះ​បាន​ផ្ដល់​កម្ចី​រួច​ហើយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ​កសិឧស្សាហកម្ម​មិន​ប៉ះពាល់​បរិសា្ថន​។

សេចក្ដី​ប្រកាស​ព័ត៌មានរបស់ADB ​បង្ហាញ​ថា មូលនិធិ​នេះ​នឹង​ផ្តល់​ដល់​ការកាត់បន្ថយ​វិស័យ​កាបូន​ក្នុង​វិស័យ​កសិកម្ម ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើន​ភាពធន់​របស់​ដំណាំ​កសិកម្ម​នឹង​ការប្រែប្រួល​អាកាសធាតុ​។

អង្គការ​សហប្រជាជាតិ​បានផ្ដល់​ចំណាត់​ថ្នាក់​ដដែល​ដល់​ប្រទេស​កម្ពុជា ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ឈាន​មុខ​គេ​ទាំង​ ១០ ដែល​ទំនង​ជា​ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការ​ប្រែប្រួល​ធាតុអាកាស​។

កាលពី​ឆ្នាំ ២០១៤ ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​អាមេរិក Standard & Poor បាន​ផ្ដល់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច និង​ទំនុកចិត្ត​របស់​កម្ពុជា​ជា​ប្រទេស​ងាយ​ទទួល​រងគ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​ ១១៦ ​ដែល​បាន​វាយតម្លៃ​៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនយល់ព្រមទិញអង្ករពីកម្ពុជាចំនួន ៤០ ម៉ឺនតោនតាមការសន្យា

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី២៧ មេសា ខ[...]

បទវិភាគ ៖ តើប្រាក់រៀលមានសារៈសំខាន់យ៉ាងណាសម្រាប់កម្ពុជា?

ភ្នំពេញ៖ មោទនភាពជាតិ គាំទ្រផលិតក្នុងស្រុក ឬស្[...]

ធនាគារជាតិចុះMoUជាមួយក្រសួងចំនួនពីរលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្រ្តីនិងសិស្ស

ភ្នំពេញ៖ ធនគារជាតិនៃកម្ពុជានៅថ្ងៃទី២៣ ខែមេសាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត