រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាទៅតុលាការដំបូងរាជធានីភ្នំពេញ ចាត់វិធានការតឹងរ៉ឹង ប្រឆាំងលោក សមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ករណី ប្រមាថអង្គព្រះមហាក្សត្រ។ តែសារលិខិតនោះ ពុំបានបង្ហាញភាពលំអិត ថាមានវិធានការបែបណានោះទេ ត្រូវចាត់ការទៅលើលោកសមរង្ស៊ី ដែលកំពុងនៅប្រទេសបារាំង ហើយ កំពុងរកពេលវេលា ជាថ្មីទៀតវិលចូលកម្ពុជាវិញ។កញ្ញាអុករមនា ជូនសេចក្ដីរាយការណ៍៖
នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន បញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ឲ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
តាមរយសារលិខិតផ្ញើជូនលោក ច្រឹង ខ្មៅ គឺលោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ ឈ្មោះសមរ ង្ស៊ី បានបង្ហោះសារតាមរយៈគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី ២០-១២-២០២០ ដែលមានខ្លឹមសារថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្ដេចទីងមោងផងដែរ»។
ក្នុងលិខិតនោះ បានបញ្ជាក់ថា ខ្លឹមសារនៃសារ ដែលឈ្មោះ សម រង្ស៊ី ដែលបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ក្រសួងយុត្តិធម៌ បានចាត់ទុកទង្វើនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៣៧ ស្ទួននៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ បានបញ្ជាឲ្យលោក ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន។ សារលិខិតនេះ ពុំបានលំអិតថាតើការចាត់វិធានការ តឹងរ៉ឹង លើលោកសមរង្ស៊ី ដែលកំពុងនៅប្រទេសបារាំងដោយ វិធីណាខ្លះនោះទេ ។ តែលោកសមរង្ស៊ី ជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ តែងតែរិះគន់ចំពោះអង្គព្រះមហាក្សត្រ និងមេដឹកនាំកំពូលៗនៃប្រទេសកម្ពុជា ។ លោកសមរង្ស៊ី មានរឿងក្ដីជាច្រើននៅតុលាការ កម្ពុជា ។ តុលាការបានកាត់សេចក្ដីអោយលោកមានទោស ច្រើន ឆ្នាំនិងច្រើនករណី។ តែលោកសមរង្ស៊ី ជាពលរដ្ឋខ្មែរសញ្ជាតិបារាំង ។ គេពុំដឹងថា កម្ពុជានឹងបារាំង មានបត្យាប័នជាមួយគ្នាដែរឬទេ ។ តែករណីដូចនេះ កម្ពុជាអាចស្នើអោយ រដ្ឋាភិបាលបារាំង ចាប់បញ្ជូនខ្លួនលោកសមរង្ស៊ី មកទទួលទោស នៅកម្ពុជា។ បែបណា លោកសមរង្ស៊ី បានប្រកាស ថា លោកកំពុងរកពេលវេលា ជាថ្មីម្ដងទៀត ដើម្បីវិល ចូលកម្ពុជាវិញ ទោះជាការវិលមកវិញរបស់លោកលើកនេះ ត្រូវបានអាជ្ញាធរកម្ពុជា រាំងខ្ទប់លោកក៏ដោយ។
លោកសមរង្ស៊ី បានខកខាននៃវិលចូលកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈ រដ្ឋាភិបាលកម្ពុជាព្រមាននិង ហាមក្រុមហ៊ុនយន្តហោះ ទាំងអស់ ដែល មកកាន់ប្រទេសកម្ពុជា កុំលក់សំបុត្រ នឹងដឹកលោក ។ លោកបាន មកដល់ប្រទេសម៉ាឡេស៊ី តែ គោលបំណងរបស់លោកគឺត្រូវមកប្រទេសថៃហើយដើរថ្មើងជើងឆ្លងព្រំដែនចូលកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ រាំងខ្ទប់ មិនអោយយន្តហោះណាដឹងលោកចូលក្រុងបាងកកឡើយ៕