loader

លីកាដូ​រក​ឃើញ​ពី​ភាព​ទន់​ខ្សោយ​ធ្ងន់​ធ្ងរ​របស់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ ករណី​ហិង្សា​ផ្លូវ​ភេទ​លើ​ស្រ្ដី​និង​ក្មេង​ស្រី​

licadho-cover
របាយការណ៍​មួយ​របស់​លី​កាដូ​ ស្ដី​ពី​៖​ «​ការ​រួចខ្លួន​ពី​បទល្មើស​៖​ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​»​ ចំនួន​៣៦​ទំព័រ​ បាន​រក​ឃើញ​ពី​ភាព​ទន់ខ្សោយ​យ៉ាងធ្ងន់ធ្ងរ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដូច​ជា​ កំហុសឆ្គង​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ដ្រី​ និង​ក្មេង​ស្រី​ ការ​បកស្រាយ​ច្បាប់​ខុស​ និង​ការ​ខ្វះ​ធនធាន​ ដែល​នាំ​ឲ្យ​ប្រព័ន្ធ​នៃ​និទណ្ឌភាព​មានការ​រីក​ដុល​ដាល​ និង​ស្ថិតស្ថេរ​។​

​អង្គការ​លី​កាដូ​បាន​បង្ហាញ​ភស្ដុ​តាង​ នៃ​ការ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រួ​វ​ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ស៊ើបអង្កេត​ ផ្ដន្ទាទោស​ឲ្យ​បាន​ត្រឹមត្រូវ​ ចំពោះ​ករណី​នៃ​បទល្មើស​រំលោភ​សេព​សន្ធ​វៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ជាដើម​។​

​យោង​របាយការណ៍​របស់​អង្គការ​លី​កាដូ​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ២០១២​ ឆ្នាំ​២០១៣​ និង​ ឆ្នាំ​ ២០១៤​ អង្គការ​នេះ​ បាន​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ ជុំវិញ​ករណី​ហិង្សា​ផ្លូវភេទ​ លើ​ស្ដ្រី​និ​ ង​ក្មេង​ស្រី​នៅ​រាជធានី​ និង​ខេត្ត​ចំនួន​១២​ ឃើញ​ថា​ ក្នុង​ចំណោម​ករណី​រក​ឃើញ​នេះ​មាន​ ២២៥​ករណី​ ពាក់ព័ន្ធ​នឹង​ស្ត្រី​ ដែល​មាន​អាយុ​១៨​ឆ្នាំ​ ឬ​លើស​ពី​នេះ​ ចំណែក​ ៥៣៧​ ករណី​ទៀត​ពាក់ព័ន្ធ​នឹង​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​។​

​របាយការណ៍​លី​កាដូ​ដដែល​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​ចំណោម​ជន​រង​គ្រោះ​អាយុ​ក្រោម​ ១៨​ឆ្នាំ​ មាន​ ១០​ ភាគរយ​ ជា​កុមារ​ក្រោម​អាយុ​ក្រោម​ ៦​ ឆ្នាំ​ ៣២​ ភាគរយ​អាយុ​ពី​ ៦​ ដល់​ ១១​ ឆ្នាំ​ និង​ ៥៨​ ភាគរយ​អាយុ​ពី​ ១២​ ដល់​ ១៧​ ឆ្នាំ​។​

​របាយការណ៍​បន្ដ​ថា​ ក្នុង​ចំណោម​ ៧៦២​ ករណី​នេះ​ មាន​ ៤២៤​ ករណី​ ត្រូវ​បាន​បិទ​នៅ​ពេល​កំពុង​សរសេរ​របាយការណ៍​ ក្នុង​នោះ​១​ភាគ​៣​គឺ​បាន​បិទ​បញ្ចប់​មុន​ពេល​បើក​សវនាការ​ ដោយ​ការ​បង់ប្រាក់​សំណង​បញ្ចប់រឿង​ក្តី​ពី​ជនល្មើស​ ជូន​ដល់​ជន​រង​គ្រោះ​ ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្តឹង​ ។​ ករណី​ខ្លះ​ទៀត​ ពួក​គេ​បាន​បញ្ចប់រឿង​ ដោយ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជន​រង​គ្រោះ​ និង​ជនសង្ស័យ​ ។​

​របាយការណ៍​បន្ថែម​ថា​ មួយ​ភាគ​បី​ នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ដែល​បាន​បិទ​បញ្ចប់​ ដោយ​មានការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ​ ឬ​សម្រេច​ថា​មិន​មានទោស​នោះ​ គឺ​មាន​ករណី​ខ្លះ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ផ្តន្ទាទោស​ពី​បទ​ប្រទូស​កេរ្តិ៍ខ្មាស​ (​បៀតបៀន​កេរ្តិ៍ខ្មាស​)​ ហើយ​ករណី​មួយ​ចំនួន​ទៀត​ត្រូវ​បិទ​បញ្ចប់​ដោយ​ដាក់​ទណ្ឌកម្ម​ស្រាល​ជាង​ ទណ្ឌកម្ម​ដែល​មាន​ចែង​នៅ​ក្នុង​ ក្រមព្រហ្មទណ្ឌ​ទៅ​វិញ​។​

​របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ករណី​ជា​ច្រើន​ត្រូវ​បាន​បិទ​ ដោយ​កំហុសឆ្គង​ជា​ច្រើន​ខុសៗ​គ្នា​ កើត​ចេញពី​អំពើ​ពុក​រលួយ​ផង​ដែរ​ រាប់​តាំងពី​ការ​បញ្ចប់​ដោយ​ប្រាក់​សំណង​ចរចា​នៅ​ប៉ុស្តិ៍​នគរបាល​ រហូត​ដល់​នីតិវិធី​បើក​សវនាការ​ ។​

​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ តប​ចំពោះ​របាយការណ៍​ខាងលើ​នោះ​ឡើយ​ ដោយ​លោក​ បញ្ជាក់​ថា​ របាយការណ៍​លី​កាដូ​ខាងលើ​ជា​របាយការណ៍​ក្ដោប​រួម​ ហើយ​មិន​មាន​ទិន្នន័យ​និង​មូលដ្ឋាន​ស្រាវជ្រាវ​។​
«​បាន​ន័យ​ថា​ គាត់​អាច​ឃើញ​បញ្ហា​មួយ​ពីរ​ គាត់​យក​ទៅ​ធ្វើ​ជា​ទូទៅ​ ធ្វើ​ជាបញ្ញាត្តិ​ទូទៅ​ ដែល​កំណត់​ ពី​អំពើ​ពុក​រលួយ​ បញ្ហា​អនុវត្ត​ខុស​នីតិវិធី​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​ ហើយ​មែនទែន​ ខ្ញុំ​អត់​ដឹង​ថា​ របៀបការ​ស្រាវជ្រាវ​ ការ​ប្រមូល​ភស្ដុ​តាង​របស់​គាត់​ហ្នឹង​របៀប​ម៉េច​ទេ​ មាន​លក្ខណៈ​ជា​វិទ្យាសាស្ដ្រ​ គ្រប់គ្រាន់​ឬ​ក៏​អត់​ទេ​។​ អ៊ីចឹង​ខ្ញុំ​មិន​មាន​យោបល់​អ្វី​ទៅ​លើ​របាយការណ៍​របស់​គាត់​ទេ​ លើ​ការ​រក​ឃើញ​របស់​ គាត់​ហ្នឹង​ទេ​»​។​

​ជាមួយ​គ្នា​នេះ​ លោក​ជិន​ម៉ា​លី​ន​បន្ថែម​ថា​ បើសិនជា​មាន​ករណី​រក​ឃើញ​ណាមួយ​ ដែល​ជា​ការ​ រំលោភសិទ្ធិ​ទៅ​លើ​ជន​រង​គ្រោះជា​ស្ដ្រី​ ឬ​មួយ​ការ​អនុវត្ដ​ខុស​នីតិវិធី​ ឬ​មួយ​ក៏​មាន​ភាព​មិន​ ប្រក្រតី​ ដូច​ជា​អំពើ​ពុក​រលួយ​ ឬ​ការ​រំលោភសិទ្ធិ​ជន​រង​គ្រោះ​នោះ​ លោក​ស្នើ​ឲ្យ​អង្គការ​លី​កាដូ​ ធ្វើ​ជា​បណ្ដឹង​ ដែល​មាន​ភស្ដុ​តាង​ច្បាស់លាស់​ ជាក់ស្ដែង​ ពី​ពេលវេលា​ ពី​អ្នក​ដែល​ពាក់ព័ន្ធ​ នឹង​អ្នក​ដែល​ប្រព្រឹត្ត​ រួច​ហើយ​ប្ដឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដូច​ជា​ ក្រសួងយុត្តិធម៌​ ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម​ ឬ​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​ជាង​ធ្វើការ​សរុប​ ហើយ​បកស្រាយ​បញ្ហា​ជា​ប្រព័ន្ធ​បែប​នេះ​ ។​

​ភ្ជាប់​និង​ការ​លើក​ឡើង​របស់​លោក​ជិន​ម៉ា​លី​ន​ដែរ​ នាយិកា​អង្គការ​លី​កាដូ​លោកស្រី​ ណា​លី​ ពី​ឡូ​ក​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ គ្រប់ពេល​ដែល​ជន​រង​គ្រោះ​មក​ទាក់ទង​មន្ត្រី​សាធារណៈ​ អ្នក​ទាំងនោះ​ហាក់ដូចជា​ត្រូវ​តែ​បង់ប្រាក់​ក្រៅច្បាប់​ ហើយ​ប្រសិនបើ​ជនសង្ស័យ​មាន​ប្រាក់​ជន​នោះ​អាច​នឹង​ទិញ​នូវ​សេរីភាព​របស់​ខ្លួន​មក​វិញ​បាន​៕​

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត