loader

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​ប្រតិកម្មនឹង ​លោក សម រង្ស៊ី ប្រធានស្ដីទីនៃ​អតីត​គណបក្សសង្រ្គោះជាតិ ដែល​បាន​ប្រើពាក្យ​រិះគន់ មកលើ​ព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ សម្ដេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​។

ក្រសួងព្រះបរមរាជវាំងបានចេញសេចក្ដីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី១៣កញ្ញានេះ គឺភ្លាមៗ បន្ទាប់ពី លោក សមរង្ស៊ីបាននិយាយនៅក្នុងបទសម្ភាសជាមួយ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃព្រហស្បតិ៍​ទី១២​កញ្ញា។

សម្រង់សំដីដើម របស់លោក សមរង្ស៊ីដូចនេះថា គ្មាន​នរណា​អាច​ប្រៀបធៀប​ជាមួយ​ព្រះ​នរោត្តម សីហនុ  បានទេ ។ ព្រះអង្គប្រជុំរកដំណោះស្រាយនយោបាយ កាលពីព្រះអង្គនៅមានព្រះជន្ម ​។ ខ្ញុំ​ជឿថា​ឥឡូវនេះ មានតែ​សហគមន៍​អន្តរជាតិ​ទេ ពីព្រោះ​អ្នក​ដែល​រស់​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បីតែ​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ។ ដូច្នេះ​លោកអត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់​រក្សា​រា​ជប​ល្ល័​ង​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់ ហ៊ុន សែន បានទេ​​»​។​

សេចក្ដីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង បានប្រកាសដូចនេះថា៖«សូម​ប្រកាស​ដាច់អហង្កា​ថ្កោលទោស​ចំពោះ​លោក សម រង្ស៊ី ដែល​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ខ្ពង់ខ្ពស់​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​»​។​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ បាន​ចែងថា «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិនអាច​កាន់អំណាច​ឡើយ ។ ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​អស់មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។ 

​ប៉ុន្តែមាត្រា​ ៨​.-បានចែងថា ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា ៤៣៧ ស្ទួន​ បាន​ចែងថា​៖ ការប្រមាថ គឺជា​វាចារ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ។​ 

លោក សម រង្ស៊ី គឺជាប្រធានស្ដីទីនៃ ​អតីត​បក្សសង្រ្គោះជាតិ ដែល​កំពុង​និរទេស​ក្រៅប្រទេស។

អ្នក​នយោបាយ រូបនេះ  បាន​រង​បណ្តឹង​ពីស​ម្ដេច ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល មានជាង​១០បណ្ដឹង​ ​ក្នុងនោះ បណ្តឹងចំនួន​៨ ត្រូវបាន​ជំនុំជម្រះ​រួច ចំណែក២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​ ក្នុងនោះ ក៏មានបណ្ដឹងមួយ ប្ដឹងដោយរាជរដ្ឋាភិបាល ដែលប្ដឹងលោកពីបទប្រមាថព្រះមហាក្សត្រ។ ក្នុងបណ្ដឹងទាំងនោះ មានបណ្ដឹងរបស់នាយករដ្ឋមន្ត្រី បណ្ដឹងរបស់ប្រធានរដ្ឋសភា និងបណ្ដឹងរបស់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ សម្រាប់​លោក​សមរង្ស៊ី មិនទទួលយកការ​ប្ដឹងទាំង​នោះ​ទេ ដោយលោកចាត់ទុកថា ការប្ដឹងលោកក្រោម​ប្រព័ន្ធ​តុលា​ការមួយ ដែលក្រោម​ឥទ្ធិពល​នយោ​បាយ គឺមិនអាចធានាយុត្តិធម៌សម្រាប់រូបលោកឡើយ។ ទោះជារងបណ្ដឹងច្រើនយ៉ាងនេះ  ក៏លោក​សមរង្ស៊ី​នៅ​​​តែប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩នេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត