loader

លោកសម រង្ស៊ីថាសប្បាយចិត្តខ្លាំងដោយជិតបានមកកម្ពុជា

ភ្នំពេញ៖ លោកសម រង្ស៊ីថា លោកមានសេចក្ដីសប្បាយចិត្តជាមុនយ៉ាងខ្លាំងព្រោះជិតបានជួបពលរដ្ឋកម្ពុជា ដែលលោកថាលោករងចាំយូរមកហើយ ។ យ៉ាណារាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរដដែលដែលថា នឹងចាប់ក្រុមលោក សម រង្ស៊ី ។ អ្នកវិភាគថា អ្វីដែលពលរដ្ឋចង់បាន គឺជាការចរចាគ្នា ។

រាយការណ៍ដោយ លោក សោម លាភ

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងវិដេអូបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ៤ វិច្ឆិកានេះថា​ លោកសប្បាយចិត្តទុកមុនយ៉ាងខ្លាំង ព្រោះជិតបានជួបពលរដ្ឋកម្ពុជា ដែលលោកថាលោកចាំយូរមកហើយ ខណៈលោកថា ស្ថានភាពអំណោយផលសម្រាប់មាតុភូមិនិវត្តន៍របស់លោក និងបក្សពួក ។

លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជា មានការបារម្ភចំពោះដំណើរមាតុភូមិនិវត្តន៍របស់លោក ទើបគម្រាមកំហែង និងចាប់មនុស្សរបស់អតីតគណបក្សសង្គ្រោះជាតិ ។

លោកសម រង្ស៊ីថាពិភពលោកមិនយល់ថាហេតុអ្វីបានជានាយករដ្ឋមន្ត្រីកម្ពុជាខ្លាចលោកដូចនេះ ខណៈលោកថាលោកគ្មានអាវុធ​ និងគ្មានលុយជាដើម ។

លោក សម រង្ស៊ីថា នៅថ្ងៃទី ៩ វិច្ឆិកា នៅពេលដែលមានអ្នកស្នេហាប្រជាធិបតេយ្យជាច្រើននាក់រួមដំណើរជាមួយលោកដោយអហឹង្សា នឹងគ្មានកម្លាំងណាបង្ក្រាបឡើយ ។

ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះបន្ថែមថា កងកម្លាំងប្រដាប់អាវុធ នឹងមិនប្រឆាំងនឹងពលរដ្ឋអមដំណើរជាមួយលោកនោះទេ ខណៈលោកថា ពួកគាត់ទាំងនោះក៏សុទ្ធតែជាខ្មែរដូចគ្នា ។

លោកសម រង្ស៊ី អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធម្ដងទៀត ឱ្យងាកមកនៅខាងប្រជាពលរដ្ឋ ប្រឆាំងនឹងរាជរដ្ឋាភិបាល ។

 យ៉ាងណាបើទោះបីជាបែបណាក្ដី ក្រុមមន្ត្រីរាជរដ្ឋាភិបាល តែងតែអះអាងថា ការប្រកាសវិលចូលកម្ពុជាពីក្រុមលោក សម រង្ស៊ី គឺជាការប្រកាសធ្វើរដ្ឋប្រហារយ៉ាងច្បាស់ មិនមែនជាសកម្មភាពស្វែងរកលទ្ធិប្រជាធិបតេយ្យនោះទេ ខណៈមន្ត្រីទាំងនោះថា ប្រជាធិបតេយ្យនៅកម្ពុជាមានស្រាប់ហើយ ។

ខណៈពេលដែលថ្ងៃកំណត់វិលចូលមាតុភូមិននិវត្តន៍របស់ក្រុមលោក សម រង្ស៊ី ជិតនឹងចូលមកដល់ មន្ត្រីកម្ពុជាក៏បានព្រមានដល់ក្រុមហ៊ុនហោះហើរដឹកអ្នកដំណើរ បើហ៊ានដឹកក្រុមលោក សម រង្ស៊ី នោះឈ្មោះថាជាអ្នកប្រព្រឹត្តបទល្មើស ។ ចំពោះករណីនេះ អតីតគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានដោយថ្កោលទោសការហាមឃាត់បែបនេះ ។

ពាក់ព័ន្ធទៅនឹងបំណងនៃការវិលត្រឡប់ចូលមកកម្ពុជាពីក្រុមលោក សម រង្ស៊ី និងការអះអាងថានឹងចាប់លោក សម រង្ស៊ីយកមកអនុវត្តន៍ទោស ឬនឹងបង្រ្កាបផ្សេងៗ គឺមានការអះអាងពីភាគីទាំងសងខាងថា ដើម្បីជាការថែរក្សាប្រជាធិបតេយ្យនៅកម្ពុជា និងរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយជាដើម ។

អ្នកវិភាគថា ចេតនារក និងរក្សាសន្តិភាព ស្ថេរភាព និងប្រជាធិបតេយ្យពីអ្នកនយោបាយគឺជាការល្អសម្រាប់ជាតិ ។

ប៉ុន្តែដូចករណីបក្សកាន់អំណាចប្រកាសថា កំទេច និងប្រឆាំងក្រុមលោក សម រង្ស៊ី ខណៈក្រុមលោក សម រង្ស៊ីថានឹងមកទម្លាក់នាយករដ្ឋមន្ត្រី មិនមែនជាការណ៍ល្អសម្រាប់ស្ថានភាពកម្ពុជានាពេលនេះទេ ។

លោក ហង្ស វិទូ ប្រាប់វិទ្យុស្ត្រីថា ប្រជាពលរដ្ឋចង់ឃើញអ្នកនយោបាយចរចាគ្នា ដើម្បីរកប្រយោជន៍រួមជូនជាតិ ។

គួររំលឹកថា ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃដែលក្រុមលោក សម រង្ស៊ី ថានឹងវិលចូលកម្ពុជាឱ្យខានតែបាន ដោយសម្រេចយកព្រំដែនថៃកម្ពុជា ដើម្បីដើរឆ្លងកាត់ ។ យ៉ាងណា កម្ពុជាបានបញ្ជូនដីការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងចំនួន ៩ រូប ហើយបញ្ជូនមកកម្ពុជា ។ កន្លងមកថៃ បានមិនអនុញ្ញាតឱ្យអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ គឺលោក ស្រី មូរ សុខហួរចូលឡើយ ។

មន្ត្រីបក្សប្រឆាំងថា នឹងចរចាកាទូតជាមួយថៃ សុំការអនុញ្ញាតឆ្លងកាត់ប្រទេសនេះចូលមកកម្ពុជា ៕

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដោះលែងអ្នកគាំទ្រលោក​សម រង្ស៊ីឱ្យនៅក្រៅឃុំ ខណៈការដកEBA ជិតមកដល់

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានបង្គាប់ឱ្យរដ្ឋមន្[...]

កម្ពុជាសល់ពេលតែមួយខែទៀតប៉ុណ្ណោះថាតើត្រូវការEBAឬមិនត្រូវការ

គណៈកម្មការនៃសហភាពអឺរ៉ុបបានបញ្ចេញរបាយការណ៍របស់[...]

លោកកឹមសុខាត្រូវបានផ្ដល់សេរីភាពដំណាក់កាលទី២តែហាមធ្វើសកម្មភាពនយោបាយ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត